Feeds:
ប្រកាស
មតិ

សត្វ​ត្រយង​យក្ស ឬ សត្វ​ឪលើក

ត្រយងយក្ស ឬ ឪលើក ជា​ប្រភេទ​សត្វ​ទឹកធំ​មួយ​ក្នុង​ចំណោម​សត្វ​ទឹក​ដទៃ​ទៀត​ដែល​រស់នៅ​រកស៊ី​តាម​ត្រពាំង​ក្នុង​ព្រៃ​របោះ​ដែល​មាន​ទឹក​រាក់ៗ​ ។ ពួកវា​ចិញ្ចឹម​ជីវិត​ដោយ​សត្វ​កង្កែប​តូចៗ​និង​អន្ទង់ ក៏ដូចជា​សត្វ​ល្អិត​ដទៃទៀត​ដែល​វា​អាច​រក​បាន​នៅ​តាម​ដីភក់​នៃ​ត្រពាំង​នោះ ។ វា​មាន​ចំពុះ​កោង​ស្ដើង​វែង ដែល​អាច​ឲ្យ​វា​ចាក់​ចូល​តាម​គន្លៀត​ដី​ប្រែះ និង ក្នុង​ល្បាប់ភក់​​បាន​ជ្រៅ ដម្បី​ចាប់​យក​ចំណី​របស់​វា​ដូចដែល​បាន​រៀបរាប់​ខាង​លើ ។ សត្វនេះ​កំពុង​ចាត់ចូល​ក្នុង​ប្រភេទ​កម្រ​របស់​ពិភពលោក ហើយ​ការ​គម្រាមកំហែង​ចំពោះ​ពួកវា​នោះ​គឺ​បាត់បង់​ទីជម្រក ។ វត្តមាន​របស់​សត្វ​នេះ​ពី​មុន​មាន​នៅ លាវ, ថៃ, និង​ ឥណ្ឌូចិន តែ​ពេល​ផុត​ពូជ​នៅ​ ថៃ និង វៀតណាម កុំពុង​ជិត​ផុត​ពូជនៅ ​លាវ និង កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន សត្វ​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​ច្រើន​ជាង​គេ ហើយ​អាចចាត់​ថា​ជា​ប្រភេទ​ដែល​មាន​នៅ​តែ​កម្ពុជា​នា​អនាគត ។ សត្វនេះ​ក៏​ត្រូវ​បាន​កំណត់​ជា​សត្វស្លាប​តំណាង​កម្ពុជា​ក្រោម​ព្រះរាជក្រឹត្យ​​ក្នុង​ឆ្នាំ​២០០២? (ចាំ​មិន​ច្បាស់) ។ វត្តមាន​សត្វ​នេះ​មាន​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ប្រមាណ ២០០ ក្បាល (ឆ្នាំ​២០១២) និង សៀមប៉ាង​នៃ​ខែត្រ​ស្ទឹងត្រែង​ប្រមាណ ១០០ ក្បាល​ ប៉ុណ្ណោះ ហើយ​កន្លែង​ទាំង​ពីរ​នេះ​ជា​ជម្រក​ធំ​ជាង​គេ​ដែល​នៅ​សេសសល់​ ។

ថ្ងៃ​នេះ​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​មាន​ភ្ញៀវទេសចរ​មួយ​គូរ​បាន​មក​ផ្ដល់​វិភាគទាន​ដល់​មជ្ឈមណ្ឌល សំ វាសនា សម្រាប់​ការ​អភិរក្ស​សត្វព្រៃ ចំនួន ៤០ ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការ​យាម​សំបុក​សត្វ​ខ្សឹប​នៅ​ក្នុង​ខែ​មីនា ខាង​មុខ​នេះ ។ ថវិកា​នេះ​អាច​ជួយ​បាន​សំបុក​សត្វ​ចំនួន​០៣ ក្នុង​រយៈពេល ០៣​ខែ នៃ​រដូវ​បន្តពូជ​របស់​សត្វ​ប្រភេទ​នេះ ។ ប្រសិនជា​មាន​នរណា​ស្ម័គ្រចិត្ត សុំ​ជួយ​ថែម​ទៀត​ពី​លើ​នេះ​រឹត​តែ​ល្អ ។🙂

អង្គការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​និង​អ្នក​អភិរក្ស​ស្ម័គចិត្ត​មួយ​ចំនួន​ធំ បាន​នាំ​សម្រេច​ធ្វើ​ការ​ចុះ​ស្ថិតិ​សត្វស្លាប​ទឹក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នាចុង​ខែ​មករា ២០១៣ នេះ ដើម្បី​ធ្វើ​សមទិនទិន្នន័យ​សត្វស្លាប​ទឹក​ដែល​មាន​ស្រាប់​ប្រចាំ​ឆ្នាំ​មក​ហើយ​នោះ ។
អង្គការ​ដែល​ផ្ដួផ្ដើម​កម្មវិធី​នេះ​គឺ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS
សមាជិក​និង​អ្នក​ស្ម័គ​ចិត្ត​មាន៖
1. Birdlife
2. Sam Veasna Center for Wildlife Conservation (SVC)
3. Angkor Center for Conservation of Biodiversity (ACCB)
និង​អ្នក​ស្ម័គ​ចិត្ត​ជា​ច្រៀន​រូប​ទៀត ។

ឈ្មោះភាសាខ្មែរ៖ ត្មាតភ្លើង

ឈ្មោះអង់គ្លេស៖ Red-Headed Vulture

ឈ្មោះវិទ្យាសាស្ត្រ៖ Aegypius calvus

ត្មាតភ្លើង Red Headed Vulture

ត្មាតភ្លើងគឺជាប្រភេទស្លាបមួយប្រភេទដែលស៊ីសាច់ឆៅជាចំណី ។ ចំនួនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោកនៃសត្វត្មាតដែលរងគ្រោះបំផុតទាំងបីប្រភេទគឺនៅតែមាននៅឡើយក្នុងភាគពាយព្យ និងភាគឦសាននៃប្រទេសកម្ពុជានោះគឺ៖ ត្មាតភ្លើង Red-headed Vulture (Aegypius calvus), សត្វត្មាតប្រផេះ White-rumped Vulture (Gyps bengalensis), និង ត្មាតត្នោត Slender-billed Vulture (Gyps tenuirostris). ប្រភេទទាំងនេះបានទទួលរងនូវការធ្លាក់ចុះគួរឲ្យបារម្ភក្នុងកម្រិត 95-99% នៅលើអនុទ្វីបឥណ្ឌៀ ដោយសារតែពុលថ្នាំ ដាយខ្លូហ្វ៊ីណែក Diclofenac ដែលគេប្រើលើសត្វគោក្របីក្នុងរោគសន្លាក់ ហើយមានផ្ទុកលើសាកសពសត្វ ។ ប៉ុន្តែថ្នាំនេះមិនត្រូវបានគេប្រើនៅអាស៊ីអាគ្នេយ៍ទេ ប៉ុន្តែចំនួនរបស់វាក៏បានថយចុះនៅទីនោះដែរ ប្រហែលដោយសារតែខ្វះចំណី ដែលបង្កដោយការថមថយចំនួនសត្វមានក្រញាំ (គោ, ក្របី, សេះ, រមាំង ។ល។) ។ ចំនួនដែលនៅសេសសល់នោះគឺនៅតិចតួចណាស់, ដែលមានចំនួនត្រឹមតែពីរបីរយទីទៃពីគ្នាប៉ុណ្ណោះ ។ ចំនួនត្មាតក្រាបពងក្នុងប្រទេសកម្ពុជាត្រូវបានឧបត្ថម្ភដោយការកាប់គោក្របីស្រុក តាមរយៈការរួមអង្កេតពីអង្គការ WWF (World Wildlife Fund), WCS (Wildlife Conservation Society) និង BirdLife International ។ ដោយសារតែគ្មានថ្នាំ ដាយខ្លូហ៊្វីណែក ចំនួនត្មាតនៅអាស៊ីអាគ្នេយ៍មានសារសំខាន់បំផុតសម្រាប់ការរស់រាននៃជំពូកត្មាតទាំងបីនេះក្នុងទូទាំងសកលលោក ។

ត្មាតភ្លើងមានទំហំមិនខុសពីក្ងានប៉ុន្មានទេប្រភេទសត្វនេះបច្ចុប្បន្នអាចទៅមើលបាននៅខែត្រស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង និងនៅខែត្រព្រះវិហារ ក្នុងស្រុកឆែប ឋិតក្នុងសហគមន៍ព្រៃការពារ ដងផ្លិត ដែលមានចម្ងាយប្រមាណ ១០០គ.ម ពីត្បែងមានជ័យ ខែត្រព្រះវិហារ ។

ឈ្មោះភាសាខ្មែរ៖ សត្វទទា

ឈ្មោះភាសាអង់គ្លេស៖ Chinese Francolin

ឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus

ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក ។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut) ។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។

ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា តុក កាតត ក្ដតា យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច ។ ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម. ។

របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius ។

អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។

បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ។

ទទាទ្រូងលឿង

Orange-Necked Partridge:

Arborophila davidi

 សត្វទទាទ្រូងលើងគឺជាសត្វសំខាន់នៃខែត្រមណ្ឌលគិរី ដោយគ្មានផ្នែកណាផ្សេងនៃប្រទេសកម្ពុជាអាចរកឃើញសត្វមួយនេះទេ ។ សត្វនេះសណ្ឋានប្រហាក់ប្រហែលគ្នានឹងមាន់ព្រៃដែរ ហើយការរកស៊ីរបស់វាក៏ដូចគ្នាដែរ ។ វារកស៊ីសត្វល្អិតនៅលើដីដូចជាស្រមោច កណ្ដៀរ ។ល។  តែវាដេកលើដើមឈើដូចមាន់ដែរ ។ សត្វនេះត្រូវបានក្រុមស្រាវជ្រាវរកឃើញនៅមណ្ឌលគិរីក្នុងស្រុកកែវសីមាកាលពីឆ្នាំ២០០២ ហើយក៏បាត់ដំណឹងសូន្យដោយសារការប្រែប្រួលលើទីជម្រកនិងការរំខានពីមនុស្ស ។ រហូតមកដល់ខែមករា ឆ្នាំ២០១២ ទើបបានក្រុមស្រាវជ្រាវនៃ មជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ កំណត់ទីតាំងសារជាថ្មីនៅក្នុងភូមិសាស្ត្រដដែលនេះ ហើយមានមនុស្សដែលមានសំណាងបានឃើញវាមិនច្រើនជាង ១០ នាក់ទេ (ក្នុងនោះគ្មានរូបខ្ញុំទេ )។ មូលហេតុដែលបណ្ដាលឲ្យខ្ញុំដាក់ប្រកាសនេះ គឺព្រោះចង់ឲ្យជនរួមជាតិយើងបានយល់ដឹងពីសម្បត្តិធម្មជាតិខ្មែរ និងរួមគ្នាការពារការកាប់បំផ្លាញព្រៃឈើ ដែលវាបង្កការប៉ះពាល់ខ្លាំងទាំងទៅលើជម្រកសត្វព្រៃ និងការកើនឡើងកម្ដៅផែនដីដែលបង្កដោយកាបោនឌីអុកស៊ីត ។ រួមគ្នាការពារសម្បត្តិធម្មជាតិយើងដោយប្រឆាំងលើការជួញដូរព្រៃឈើ និងការជួញដូរសត្វព្រៃ ។ ប្រសិនជាអ្នកមិនទិញ អ្នកកាប់និងបរបាញ់ក៏នឹងផុតរលត់ដែរ ។ សាច់ព្រៃវាមិនឆ្ងាញ់អីជាងសាច់គោ មាន់ ទាក្នុងស្រុកយើងទេ ។ តទៅនេះជាការអធិប្បាយខ្លះនៃការធ្វើអត្តសញ្ញាណកម្មសត្វប្រភេទនេះ ៖

ការអង្កេត៖ ទំហំ ២៧ស.ម ។ មានតែមួយប្រភេទ ។ សត្វពេញវ័យ៖ ដូចគ្នានឹង Bar-backed Partridge តែមានឆ្នូតដិតខ្មៅធំជាងកាត់ភ្នែក បន្តតាមចំហៀងកចុះមកកខាងមុខ (បង្កើតជាសំរងក), ផ្នែកផ្សេងទៀតនៃកមានពណ៌ទឹកក្រូចនិងសសៃខ្មៅៗចុះមកកញ្ចឹងក, ឆ្នូតចិញ្ចើមសធំក្រាស់ជាងនៅខាងក្រោយភ្នែក (ចំហៀងកខាងមុខរៀងប្រផេះ), ភាគច្រើនមានប្រផេះនៅលើទ្រូងនិងដើមពោះ ព្រមទាំងចំហៀងខ្លួនមានពណ៌ខ្មៅនិងអង្កត់ពណ៌ស ។ សត្វជំទង់៖ មិនទាន់មានកត់ត្រា ។ សំឡេង៖ សំឡេងការពារទីតាំងគឺមានជាស៊េរីពីទាបទៅខ្ពស់ឮ ព្រូៗៗ ហើយប្ដូរទៅជារន្ថើនជាប់គ្នា និងមានសូរខ្លាំង, និងប្ដូរទៅជាសូរកម្សត់ ភ្វីៗៗ រហូតដល់ ៧០ដង (មានរយៈពេលរហូតដល់ ២៣វិ.) ជួនកាលក៏មានជា វី វូ ដែរ ។ ទីជម្រក៖ ព្រៃស្រោងបៃតងជានិច្ច, ព្រៃពាក់កណ្ដាលស្រោង, ព្រៃឫស្សី, ព្រៃដុះលើកទីពីរ ។ រយៈកម្ពស់៖ ១៤០-៦០០ម. ។ របាយ៖ ដោយតំបន់ ។ រស់នៅពីមិនសូវសម្បូណ៌រហូតដល់សាមញ្ញនៅតំបន់ព្រំប្រទល់ភាគឦសាននៃប្រទេសកម្ពុជារហូតដល់ភាគឦសាននៃកូសាំងស៊ីន ។ បន្តពូជ៖ គ្មានឯកសារ ។

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ មានក្រុមអ្នកទស្សនាសត្វស្លាបមួយក្រុមមកពីប្រទេសថៃ និងមានអ្នកអង្កេតសត្វស្លាបម្នាក់ពីមជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ បានប្រទះឃើញសត្វស្លាបមួយប្រភេទឋិតក្នុងអម្បូរ “ក្រលីងក្រឡូង” នៅក្នុងតំបន់ការពារ អាង ត្រពាំងថ្ម ឋិតក្នុងខែត្របន្ទាយមានជ័យ ដែលសត្វនេះមិនដែលមានហើយក៏មិនទាន់មានឈ្មោះជាភាសាខ្មែរនៅឡើយដែរ ។ សត្វនេះ មានឈ្មោះជាភាសាអង់គ្លេសថា Rosy Starling និងឈ្មោះវិទ្យាសាស្ត្រជា Sturnus roseus ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគនិងជំនាញសត្វស្លាបនៅលើពិភពលោក ។ យើងបានថតរូបសត្វនេះដើម្បីជាភស្តុតាងទើបគេជឿថាវាពិតជាបង្ហាញខ្លួនលើប្រទេសកម្ពុជាមែន ។ ជាធម្មតាសត្វមាននៅ៖ (អាស៊ីអាគេ្នយ៍) ធ្លាប់ឃើញនៅប្រទេសថៃផ្នែក ខាងលិច, ពាយ័ព្យ, ខាងត្បូង និងផ្នែកកណ្ដាល និងនៅ ភាគពាយ័ព្យនៃជ្រោយម៉ាឡាយូ, សិង្ហបូរី, និងតុងកឹងខាងកើត ។ របាយ៖ បន្តពូជនៅ Palearctic ខាងលិច (អាគ្នេយ៍), ភាគកណ្ដាលផ្នែកខាងត្បូង, ប្រទេសអ៊ីរ៉ង់, អាហ្វហ្កានីស្ថាន, ភាគពាយ័ព្យនៃប្រទេសចិន, ក្នុងរដូវរងារមានឃើញនៅ អូម៉ែន, ប្រទេសឥណ្ឌាភាគខាង លិច, កណ្ដាល, និងខាងត្បូង, ព្រមទាំងក្នុងប្រទេសសិរីលង្ការ ។

រូបភាពខាងក្រោមបានមកពី OBC

%d bloggers like this: