តោ​ថ្ម​នៅ​ឈរ​ក្នុង​ព្រៃ

អនិច្ចា​តោ​ថ្ម​ឈរ​កណ្ដាល​ព្រៃ​​យ៉ាង​ស្ងាត់​ជ្រងំ ។ ខ្ញុំ​ឆ្ងល់​ថា​ហេតុអី​គេ​មិន​យក​ទៅ​តម្កល់​ទុក​នៅ​អភិរក្សដ្ឋាន ។

ជា ស៊ីម មិនអាចជួយ សម រង្ស៊ី ឲ្យចូលស្រុកបាន

ប្រធាន ​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​បដិសេធ​មិន​ជួយ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដក​ពាក្យ​បណ្ដឹង និង​ប្រគល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី តាម​ការ​ស្នើ​សុំ​របស់​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា គណបក្ស សម រង្ស៊ី នឹង​បន្ត​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម មិន​យល់​ព្រម​ជួយ​អន្តរាគមន៍​លោក សម រង្ស៊ី។

ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ស្នើ​លិខិត​ទៅ​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ដោយ​បញ្ជាក់​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។ អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ និង​ដាច់​ចេញ​ពី​នីតិប្បញ្ញតិ។

ការ​បដិសេធ​របស់​លោក ជា ស៊ីម ធ្វើ​ឡើង​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ស្នើ​ឲ្យ​លោក​ជួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១០ បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ក្តី​រឿង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ ដោយ​សម្រេច​ផ្ដន្ទា​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ជាតិ​សាសន៍ ទាក់ទង​ជាមួយ​ការ​ដក​បង្គោល​ព្រំដែន​លេខ ១៨៥ នៅ​ព្រំដែន​កម្ពុជា-​វៀតណាម។

លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា ករណី​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដូច្នោះ​ត្រូវ​មាន​ដំណោះ​ស្រាយ​នយោបាយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង។

នាយក​​គណៈកម្មកាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ឲ្យ​ដឹង​ថា ករណី​របស់​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដែល​គួរ​តែ​ត្រូវ​មាន​ការ​សម្របសម្រួល​នយោបាយ​មួយ។ លោក​ថា ការ​ដក​បង្គោល​ព្រំដែន គ្រាន់​តែ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​លោក សម រង្ស៊ី នោះ​ទេ។

លោក គល់ បញ្ញា បន្ត​ទៀត​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ បាន​នោះ​ទេ។ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ លោក សម រង្ស៊ី ក្រោម​បទ​ចោទ​ប្រកាន់​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ផែនទី ដែល​បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយរៀង កន្លង​មក គឺ​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ចំនួន ២០០​ម៉ែត្រ ទៅ​ជាង ៥០០​ម៉ែត្រ។ លទ្ធផល​នៃ​សវនាការ​តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

មន្ត្រីអភិរក្សប្រកាសជូនរង្វាន់ដល់អ្នកផ្ដល់ព័ត៌មានពីអ្នកបាញ់សម្លាប់ដំរី

មន្ត្រី ​​អភិរក្ស​ជីវចម្រុះ​​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ២​លាន​រៀល ចំពោះ​អ្នក​ភូមិ​ដែល​ផ្ដល់​ព័ត៌មាន អាច​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​សម្លាប់​សត្វ​ដំរី​ផើម​មួយ​ក្បាល។

អនុ​ប្រធាន​អភិរក្ស​ជីវចម្រុះ​កែវសីម៉ា លោក ប៉ែត ភ័ក្រ្តា មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ថា ក្រុម​មន្ត្រី​អភិរក្ស​បាន​ប្រឹងប្រែង​ស្វែង​តាម​រក​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​បាន​សម្លាប់​ដំរី​ផើម​មាន​កូន​ក្នុង​ពោះ​មួយ​ក្បាល កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ប៉ុន្តែ​ការ​ព្យាយាម​ជា​ច្រើន​ថ្ងៃ​មក​នេះ នៅ​តែ​មិន​ទាន់​មាន​តម្រុយ​អាច​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​នៅ​ឡើយ។

លោក ប៉ែត ភ័ក្រ្តា បាន​អំពាវនាវ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​ឡាយ​ណា​ដែល​ដឹង​អំពី​ជន​សង្ស័យ សូម​មេត្តា​មក​រាយការណ៍​ជូន​សមត្ថកិច្ច​លោក នោះ​ក្រុម​សមត្ថកិច្ច​នឹង​រក្សា​ការសម្ងាត់​ជូន ព្រម​ទាំង​ផ្ដល់​ជូន​នូវ​ប្រាក់​រង្វាន់​ចំនួន ២​លាន​រៀល។

លោក ប៉ែត ភ័ក្រ្តា បាន​ដាក់​ការ​សង្ស័យ ២​យ៉ាង​ទៅ​លើ​ការ​បាញ់​សម្លាប់​ដំរី​ផើម​មួយ​ក្បាល​នេះ​ថា ៖ «ទី ១ ជន​ល្មើស​បាញ់​ដំរី​នេះ​ដើម្បី​ការងារ​អាជីវកម្ម ហើយ​ការ​សន្និដ្ឋាន​ទី​២ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​រវាង​ដំរី និង​មនុស្ស ព្រោះ​អី​កាល​ពី​១​ខែ​មុន ខ្ញុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​គាត់​ធ្វើ​ចម្ការ​ដាំ​ដំឡូង​ដាំ​អី​នៅ​ជុំវិញ​តំបន់​ហ្នឹង​ច្រើន​ថា សត្វ​ដំរី​ដែល​រស់​នៅ​តំបន់​ហ្នឹង​ឧស្សាហ៍​ទៅ​បំផ្លាញ​ដំឡូង​គាត់​មាន​ទំហំ ធំ អ៊ីចឹង​គាត់​ចេះ​តែ​ប្ដឹង​មក​យើង។ អ៊ីចឹង​ខ្ញុំ​អាច​ថា ទី​១ ទាក់ទង​នឹង​រឿង​ការ​ជួញ​ដូរ ហើយ​ទី​២ ទាក់ទង​នឹង​រឿង​កំហឹង​ប្រជាពលរដ្ឋ​ដែល​គាត់​ខឹង​ហ្នឹង អាច​ខឹង​ខ្លាំង​ទៅ គាត់​អាច​ប្រើប្រាស់​អាវុធ​ពី​អ្នក​ណា ឬ​គាត់​សហការ​ជាមួយ​កម្លាំង​ណា ក៏​យើង​អត់​ទាន់​ច្បាស់​ដែរ​ចំណុច​នេះ»

លោក​បាន​បន្ត​ថា ក្រុម​មន្ត្រី​អភិរក្ស​កំពុង​តាម​រក​មុខ​សញ្ញា​ជន​សង្ស័យ​ដោយ​មិន​បញ្ឈប់​ ឡើយ ព្រោះ​ករណី​នេះ​ជនល្មើស​នឹង​មាន​ទោស​ធ្ងន់ធ្ងរ​ណាស់។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា បាន​ថ្លែង​ថា ដំរី​ផើម​មួយ​ក្បាល​នេះ ត្រូវ​គេ​បាញ់​ចំនួន ៤​គ្រាប់ ហើយ​គេ​ពន្លះ​យក​ស្បែក​មួយ​ចំហៀង​ខ្លួន និង​កាត់​យក​ប្រមោយ​មួយ​កំណាត់ ព្រម​ទាំង​ចែ​របស់​វា​ទាំង​សង​ខាង និង​កាត់​យក​កន្ទុយ​ទៅ​បាត់​រហូត​ដល់​ពេល​ធំ​ក្លិន​ស្អុយ ទើប​អ្នក​ចម្ការ​ជិត​នោះ​ប្រទះ​ឃើញ​ថា មាន​ដំរី​ត្រូវ​គេ​បាញ់​ងាប់។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ៖ «កូន​ដំរី​ហ្នឹង​គេ​ភ្លើយ​ស្បែក មេ​ហ្នឹង​ទៅ​វា​ធ្លាយ​ចេញ​មក​ក្រៅ។ កូន​ដំរី​នោះ​វា​នៅ​ល្បាក់​ប្រហែល​ជា​បី​ខែ​អី​ទៀត​កើត​ហើយ។ ពីរ​ករណី​ហើយ​បាញ់​ដំរី​នោះ កាល​ពី​ឆ្នាំ​ទៅ​មួយ​នោះ​មួយ​ដែរ។ មនុស្ស​ប្រព្រឹត្ត​មិន​មែន​ជា​ប្រជាពលរដ្ឋ​អ្នក​ប្រមាញ់​ទេ ព្រោះ​ប្រជាពលរដ្ឋ​អត់​មាន​កាំភ្លើង​ទេ»

ជា​ទូទៅ​ដំរី​តែង​រង​គ្រោះ​ថ្នាក់​ដោយ​ការ​សម្លាប់​របស់​ព្រាន ដើម្បី​យក​ស្បែក និង​បំណែក​សរីរាង្គ​ខ្លះ​ទៀត ទៅ​ផ្សំ​ធ្វើ​ជា​ថ្នាំ​បុរាណ​ចិន ចំណែក​ឯ​ភ្លុក និង​ចែ​ដំរី​វិញ គេ​ច្រើន​យក​ទៅ​ស្រោប​មាស ឬ​ប្រាក់ ដាក់​តាំង​លម្អ​នៅ​ក្នុង​គេហដ្ឋាន​ធំៗ​ស្កឹមស្កៃ​នៃ​ពួក​អភិជន។

ដំរី​ផើម​មួយ​ក្បាល​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ចំណុច​អូរថ្មដា មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា។

មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​ឲ្យ​ដឹង​ថា នៅ​ចំណុច​អូរថ្មដា​តែ​មួយ​នេះ មាន​ដំរី ២​ក្បាល​ហើយ​បាន​ងាប់។ ក្នុង​នោះ​កាល​ពី​ឆ្នាំ​២០០៩ មាន​មួយ​ក្បាល​បាន​ងាប់​ដោយ​រអិល​ធ្លាក់​ចូល​ក្នុង​ទី​ជម្រៅ​អូរ​ដោយ​ខ្លួន​ ឯង និង​មួយ​ក្បាល​ទៀត គឺ​ដំរី​ផើម​ដែល​ត្រូវ​គេ​បាញ់​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ភូមិ​បាន​រាយការណ៍​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ មាន​ដំរី​ញី​មួយ​ក្បាល​ផ្សេង​ទៀត ត្រូវ​គេ​បាញ់​ចំនួន ៩​គ្រាប់​ពី​កន្លែង​ផ្សេង ហើយ​បាន​រត់​មក​ងាប់​នៅ​ក្រោយ​សាលារៀន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​អូរអាម​ផង​ដែរ។

របាយការណ៍​របស់​ក្រុម​អភិរក្ស​ឆ្នាំ​២០០៨ នៅ​ក្នុង​តំបន់​អភិរក្ស​កែវសីមា មាន​សត្វ​ដំរី​ព្រៃ​ចំនួន ១១៦​ក្បាល ដោយ​ឡែក​ចំពោះ​ដំរី​ស្រុក​វិញ តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មាន ៦៩​ក្បាល ហើយ​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​រក​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍៕

អាជ្ញាធរគ្រោងលើកតម្កល់រូបសំណាកតេជោ ដាំ ឌឹន នៅប៉ៃលិន

អាជ្ញាធរ ​ខេត្ត​ប៉ៃលិន គ្រោង​នឹង​លើក​តម្កល់​រូប​សំណាក​តេជោ ដាំ ឌឹន ដែល​​ជា​អតីត​វីរបុរស​ខ្មែរ​មួយ​អង្គ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​ នាំ​កង​ទ័ព​ធ្វើ​សឹក​សង្គ្រាម​ការពារ​ទឹក​ដីខ្មែរ នៅ​ថ្ងៃ​២១ ខែ​កញ្ញា ខាង​មុខ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន។

រូប​សំណាក​តេជោ ដាំ ឌឹន ដែល​ជា​អតីត​មេទ័ព​ខ្មែរ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​នាំ​កងទ័ព​ធ្វើ ​សឹក​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ច្បាំង​ជាមួយ​ខ្មាំង​សត្រូវ​ឈ្លាន​ពាន កាល​ពី​សម័យ​ដើម និង​ត្រូវ​គេ​ប្រារព្ធ​ពិធី​លើក​តម្កល់​ដាក់​តាំង​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ ប៉ៃលិន ដែល​អតីត​តំបន់​ភូមិសាស្ត្រ​ប្រយុទ្ធ​យ៉ាង​ស្វិតស្មាញ កាល​ពី​សម័យ​របស់​កង​ខ្មែរ​ក្រហម​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ថៃ។

អភិបាល​រង​ខេត្ត​ប៉ៃលិន លោក តាត់ សុហ៊ុម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា​ថា រូប​ចម្លាក់​តេជោ ដាំ ឌឹន នឹង​ត្រូវ​តម្កល់​ឡើង​នៅ​បរិវេណ​វត្ត​ប៉េង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង ២ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​មាន​មនុស្ស​ជិត ១​ពាន់​នាក់​ចូល​រួម។

លោក តាត់ សុហ៊ុម មាន​ប្រសាសន៍​ថា ៖ «យើង​ធ្វើ​ក្នុង​នាម​រៀបចំ​រូប សំណាក ដោយ​យោង​តាម​សេចក្ដី​ណែនាំ​ពី​ថ្នាក់​ជាតិ ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត ហើយ​យើង​មាន​ការ​ប្រឡង​ប្រណាំង​គ្នា​ទូទាំង​ប្រទេស​ផង ទាំង ២៤​ខេត្ត​ក្រុង»

លោក​អភិបាល​រង​ខេត្ត​បន្ត​ថា រូប​សំណាក​តេជោ ដាំ ឌឹន ជិះ​លើ​ខ្នង​សេះ មាន​បណ្ដោយ ២,៩​ម៉ែត្រ និង​កម្ពស់ ៣,៣​ម៉ែត្រ ត្រូវ​បាន​គេ​យក​ថ្មម៉ាប​សូន​ចេញ​ជា​រូបរាង ដូច​រូប​ពិត ដើម្បី​ដាក់​តាំង​បង្ហាញ និង​រំឭក​ដល់​គុណ​បំណាច់​នៃ​វីរបុរស​ខ្មែរ ដែល​មាន​វីរភាព​អង់អាច​ក្លាហាន​ក្នុង​ការ​ពុះពារ​ច្បាំង​ជាមួយ​ខ្មាំង​ សត្រូវ ដើម្បី​ការពារ​ទឹក​ដី​ខ្មែរ។

លោក តាត់ សុហ៊ុម បន្ថែម​ដូច្នេះ ៖ «និយមន័យ​វា​តំណាង​ឲ្យ​ស្តេចក្រាញ មេទ័ព​តំបន់​ណា​មួយ​ដែល​យើង​និយម​ថា ស្តេចក្រាញ មេទ័ព​ក្លាហាន​ក្នុង​តំបន់។ បើ​និយមន័យ និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​ឲ្យ​ទៅ​ឯកឧត្តម អ៊ី ឈាន ក្នុង​ហ្នឹង​គាត់​តំណាង​ឲ្យ​មេទ័ព​តំបន់​នេះ ការពារ​បូរណភាព​ទឹក​ដី​ហ្នឹង»

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប: ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ពិធី​លើក​រូប​សំណាក​តេជោ ដាំ ឌឹន ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មាន​រៀបចំ​លេង​ភ្លេង​ពិណពាទ្យ​ប្រគំ​ថ្វាយ​ជូន រំឭក​គុណ​ដល់​បណ្ដា​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្មែរ​ផង​ដែរ ៖ «ធ្វើ នេះ ដើម្បី​យើង​ការពារ​ទឹក​ដី​ប៉ែក​ខាង​លិច ដើម្បី​កុំ​ឲ្យ​សត្រូវ​ឈ្លាន​ពាន​មក។ ជំនាន់​គាត់​ខ្លាំង​ពូកែ​ណាស់ ដូច​ថា កងទ័ព​ដែល​យើង​ការពារ​ទឹក​ដី​បាន​ទូទាំង​ប្រទេស​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: លោក ហ៊ឹម ឆែម បាន​មាន​ប្រសាសន៍​ថា រូប​សំណាក​តេជោ ដាំ ឌឹន ដែល​ជា​មេទ័ព​ខ្មែរ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ត្រូវ​លើក​ដាក់​តម្កល់​តាំង​ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន​មុន​គេ ខណៈ​ដែល​នៅ​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​មាន​ដាក់​តាំង​នៅ​ឡើយ ៖ «ជា​រឿង​ប្រវត្តិសាស្ត្រ រឿង​តេជោ ដាំ ឌឹន​ហ្នឹង សៀវភៅ​ក៏​មាន​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​យើង​ដែរ ជា​មេទ័ព​របស់​យើង»

មន្ត្រី​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា ក្រៅ​ពី​ការ​លើក​ដាក់​តាំង​រូប​សំណាក​មេទ័ព​តេជោ ដាំ ឌឹន នៅ​ក្នុង​បរិវេណ​វត្ត​ប៉េង នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០​នេះ ក្រុម​អាជ្ញាធរ​ក៏​កំពុង​ធ្វើការ​រៀបចំ​កសាង​រូប​សំណាក់​លោក​យាយ យ៉ាត មួយ​បន្ថែម​ទៀត នៅ​ក្នុង​ទី​រួម​ខេត្ត​ប៉ៃលិន​នេះ​ដែរ៕

កម្ពុជាបដិសេធការចោទថាមានការបញ្ជូនឃាតកទៅធ្វើឃាត អាភីស៊ិត

មន្ត្រី ​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​យោធា​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ការពារ​ជាតិ និង​ប៉ូលិស​ថៃ​ថា ឃាតក​ដែល​បាន​បណ្ដុះបណ្ដាល​ជំនាញ​យោធា​នៅ​កម្ពុជា មាន​គម្រោង​ធ្វើ​ឃាត​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ និង​មន្ត្រី​ថៃ​សំខាន់​ៗ​មួយ​ចំនួន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា បាន​សម្ដែង​​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ថៃ ដែល​បាន​លើក​ឡើង​ថា មាន​គម្រោង​ធ្វើ​ឃាត​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដោយ​ឃាតក​មាន​សម្លៀក​បំពាក់​ខ្មៅ ​មាន​ដើម​កំណើត​ជា​ជនជាតិ​​វៀតណាម ​ដែល​បញ្ជូន​មក​ពី​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ ក្រោយ​ពេល​ដែល​កាសែត​ថៃ ឌឹ ណេសិន (The Nation) បាន​ដក​ស្រង់​​សម្ដី​របស់​មន្ត្រី​ថៃ ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​កំពុង​តាម​ដាន​អ្នក​ជំនាញ​ខាង​អាវុធ ដែល​បាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា ដែល​អាច​នឹង​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ។ កាសែត​ដដែល​បាន​ផ្សាយ​បន្ថែម​ថា អ្នក​ចម្បាំង​កម្ពុជា​ជា​ច្រើន ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម ហើយ​បាន​ហាត់​ហ្វឹកហ្វឺន​យោធា និង​ជា​អ្នក​បាញ់​ស៊ីប​ចំណាន ត្រូវ​បាន​បញ្ជូន​មក​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នៅ​ប្រទេស​ថៃ។

លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ចោទ​ប្រកាន់​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​មាន​ចេតនា​ចង់​វាយ​ប្រហារ​​កម្ពុជា និង​វៀតណាម​ថា ជា​ប្រទេស​ផ្ដល់​កន្លែង​​បណ្ដុះបណ្ដាល​ភេរវជន។

លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា កម្ពុជា​គ្មាន​ទី​កន្លែង​បណ្ដុះបណ្ដាល​ភេរវជន​នោះ​ទេ។ហើយ​កម្ពុជា​ប្រឆាំង​ ជាដាច់ខាត​ចំពោះ​អំពើ​ភេរវកម្ម។ លោក​ថា ជា​ភស្តុតាង​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ភេរវជន​ថៃ ចំនួន​ពីរ​នាក់​ទៅ​ថៃ​វិញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ។ ជនជាតិ​ថៃ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ការ​វាយ​ប្រហារ​គ្រាប់​ទៅ​លើ​ទីស្នាក់ការ​គណបក្ស​ ផុំចៃថៃ (Bhumjai Thai) ជា​គណបក្ស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ា។

ឧត្ដមសេនីយ៍​ផ្កាយ​៤ លោក ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ថៃ​ផង​ដែរ។

លោក ជា តារា បន្ថែម​ទៀត​ថា ថៃ​នៅ​តែ​បន្ត​មហិច្ចតា​របស់​ខ្លួន​ក្នុង​ការ​ចង់​បាន​ទឹក​ដី​របស់​កម្ពុជា​ ដដែល ទើប​បាន​ជា​ថៃ នៅ​តែ​បន្ត​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​កងទ័ព​ថៃ ចំនួន ១០​នាក់​នៅ​តែ​កំពុង​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា ក្នុង​ការ​ឈ្លាន​ពាន​របស់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​សម្ដី​អនុ​លេខា​របស់​ក្រសួង​ការពារ​ជាតិ​ថៃ លោក បានាវិត ខេនគ្រិន (Bannawit Kengrien) ដែល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទោះ​បី​លោក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់​ក៏ដោយ ប៉ុន្តែ​លោក​ត្រូវ​តែ​ព្រមាន​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ អំពី​របាយការណ៍​គម្រោង​ធ្វើ​ឃាត​លោក ហើយ​ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ធ្វើឃាត មុខ​មាត់​ប្រទេស​នឹង​ត្រូវ​បាត់​បង់។

មន្ទោទរី​ថៃ​ម្នាក់​ឲ្យ​ដឹង​ដែរ​ថា គ្រូ​ហ្វឹកហាត់​ឃាតក​កំពុង​តែ​លាក់​ខ្លួន​នៅ​ថៃ ប៉ុន្តែ​ប៉ូលិស​បាន​ស្គាល់​ឈ្មោះ​គ្រូ​ហ្វឹកហាត់​ឃាតក និង​កន្លែង​លាក់​ខ្លួន​គាត់​រួច​ហើយ។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​បន្ត​ទៀត​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុម​សម្លៀក​បំពាក់​ខ្មៅ​នោះ​ទេ។

ការ​ចោទ​ប្រកាន់​របស់​ថៃ ធ្វើ​ឡើង​មួយ​សប្ដាហ៍​មុន​ជំនួប​ទ្វេ​ភាគី​រវាង​នាយក​រដ្ឋមន្រ្ដី​ថៃ និង​កម្ពុជា នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​មេ​ដឹកនាំ​ទាំង​ពីរ​មាន​គម្រោង​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-​ ថៃ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​ថៃ នឹង​មិន​ប៉ះពាល់​ដល់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​ទេ។

ការ​លើកឡើង​អំពី​គម្រោង​ធ្វើ​ឃាត​លោក អាភីស៊ិត វេតឆាឈីវ៉ា​នេះ ក្រោយ​ពេល​ដែល​កម្ពុជា បាន​ទិញ​រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​សៅរ៍ ទី​១៨ ខែ​កញ្ញា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ដែរ​ថា រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង បាន​ដឹក​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ។ សម្ភារៈ​យោធា​នឹង​ដឹក​មក​ភ្នំពេញ ក្នុង​រយៈ​ពេល ៣ ឬ​ក៏ ៤​ថ្ងៃ​ទៀត។

មន្រ្ដី​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ទិញ​សម្ភារៈ​យោធា​ថ្មី​សម្រាប់​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ហើយ​មិនមែន​ជា​ការ​បញ្ចេញ​សាច់​ដុំ​ដាក់​ថៃ មុន​ការ​ចរចា​នោះ​ទេ៕

ចិនជំរុញឲ្យមានចំណងមិត្តភាពខាងវិស័យយោធាជាមួយកម្ពុជាបន្ថែមទៀត

ក្រុម ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ចិន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា កងទ័ព​ចិន មាន​ឆន្ទៈ​បង្កើន​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ថែម​ទៀត​ជាមួយ​សម​ភាគី​កម្ពុជា​របស់​ខ្លួន។

ការ​ជំរុញ​ឲ្យ​មាន​ចំណង​មិត្តភាព​យ៉ាង​ស្អិតល្មួត​ខាង​វិស័យ​យោធា​រវាង​ កម្ពុជា និង​ចិន​នេះ ធ្វើ​ក្នុង​កំឡុង​ជំនួប​រវាង​ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​កម្ពុជា លោក ទៀ បាញ់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក លាំង គួងលី (Liang Guanglie) ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ពេល​ថ្មីៗ​នេះ។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ីនហួ (Xinhua) បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក លោក លាំង គួងលី ដែល​ថា លោក​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​សម្រាប់​កិច្ច​ប្រឹង​ប្រែង ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន កាន់​តែ​រឹង​មាំ​ថែម​ទៀត និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខាង​ភាគី​កម្ពុជា លោក ទៀ បាញ់ បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​គាំទ្រ​របស់​ចិន ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​នឹង​ការ​ផ្សា​ភ្ជាប់​នៃ​ចំណង​មិត្តភាព​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ ​ផង​ដែរ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទំនាក់ទំនង​យោធា រវាង​មហា​អំណាច​ចិន ដែល​ប្រកាន់​របប​កុម្មុយនីស្ត និង​កម្ពុជា​នេះ អាច​ធ្វើ​ឲ្យ​អន់​ខ្សោយ​ដល់​ទំនាក់ទំនង​របស់​កម្ពុជា ជាមួយ​នឹង​មហា​អំណាច​អាមេរិក ខាង​លោក​សេរី​នោះ​យ៉ាង​ណា​ទេ៕

មន្ត្រីខ្មែរព្រមានប្រើកម្លាំងទ័ពបើថៃចូលមកជួសជុលប្រាសាទតាមាន់ធំ

មន្ត្រី ​យោធា​ជាន់​ខ្ពស់​​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ការពារ​ព្រំដែន​ខាង​លិច​ជាប់​ប្រទេស​ថៃ បាន​ព្រមាន​ថា កម្ពុជា​នឹង​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ ប្រសិន​បើ​​​ថៃ ចូល​មក​ជួស​ជុល​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ខ្មែរ បាន​ច្រាន​ចោល​គម្រោង​របស់​ប្រទេស​ថៃ ដែល​មាន​បំណង​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ​ថា គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ ធ្វើ​ដូច្នេះ​បាន​ទេ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា​ថា កម្ពុជា​មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​ថា ប្រាសាទ​តាមាន់​ធំ​គឺ​ជា​របស់​ខ្មែរ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រសួង​ការបរទេស​ថៃ​រួច​ហើយ តាំង​ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ ជា​លើក​ដំបូង កាល​ពី​អំឡុង​​ឆ្នាំ​២០០១​ម្ល៉េះ​ថា ថៃ​មិន​អាច​ប៉ះពាល់​ប្រាសាទ​តាមាន់​ធំ​បាន​ទេ ប្រសិន​បើ​ថៃ​ព្យាយាម​ចូល​មក​ជួស​ជុល​​ប្រាសាទ​នោះ​ពេល​ណា​ កម្ពុជា​នឹង​រៀបចំ​ឯកសារ​ប្ដឹង​តាម​ផ្លូវ​ច្បាប់។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​ទេ! យើង​អត់​អនុញ្ញាត​ឲ្យ​ទេ។ ប្រាសាទ​តាមាន់​ធំ​ជា​ប្រាសាទ​របស់​ខ្មែរ វា​នៅ​ជិត​បង្គោល​ព្រំដែន​លេខ ២៣ នេះ​វា​នៅ​ជិត​គ្នា​ណាស់ មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ អា​ហ្នឹង​បារាំង​ដាក់​នៅ​ក្នុង​ខាង​ជើង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន​រួច ចំណែក​តាមាន់​តូច និង​តាមាន់ ដាក់​នៅ​ខាង​ត្បូង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន នៅ​ក្នុង​ហ្នឹង​វា​គូស​ច្បាស់​ផង​គេ មាន​ផែនទី យើង​ឲ្យ​ទាំង​ថៃ ថៃ​ក៏​មាន យើង​ក៏​មាន»

ប្រតិកម្ម​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​ពី​ទីក្រុង​បាងកក បាន​ផ្សព្វផ្សាយ​ថា ប្រទេស​ថៃ​មាន​គម្រោង​នឹង​ធ្វើការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ដងរែក នៃ​ខេត្ត​សុរិន្ទ​របស់​ថៃ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

កាសែត​ថៃ​ឈ្មោះ​បាងកក ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​មក បាន​ផ្សព្វផ្សាយ​ថា នាយកដ្ឋាន​វិចិត្រ​សិល្បៈ​របស់​ថៃ កំពុង​រិះរក​ពេល​វេលា​ដែល​អាច​បន្ត​ការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ​​ទៅ​បាន ហើយ​ប្រសិន​បើ​ពេល​វេលា​ពិត​ជា​កើត​មាន គេ​សង្ឃឹម​ថា នឹង​អញ្ជើញ​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួល​ជុល​នោះ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ផ្កាយ​បួន ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ព្រមាន​ថា ថៃ​មិន​អាច​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ​បាន​ទេ បើ​ថៃ​ចង់​ជួសជុល គឺ​ត្រូវ​ធ្វើ​ចំពោះ​ប្រាសាទ​ដែល​នៅ​ក្នុង​ទឹក​ដី​ថៃ។

លោក​ឧត្ដមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ថៃ​មិន​មាន សិទ្ធិ​អំណាច​ណា​មក​ជួស​ជុល​ប្រាសាទ​របស់​កម្ពុជា​ទេ។ ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា ឈ្លាន​ពាន បើ​ឈ្លាន​ពាន​ហើយ សិទ្ធិ​ស្វ័យ​ការពារ​ត្រូវ​តែ​ដោះស្រាយ​ដ៏​បន្ទាន់ ហើយ​និង​មាន​ប្រសិទ្ធភាព»

លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ ក្រសួង​វប្បធម៌​របស់​ថៃ​ធ្លាប់​បាន​ចូល​មក​អភិរក្ស​ប្រាសាទ​តាមាន់​ធំ​ម្តង​ មក​ហើយ ប៉ុន្តែ​នៅ​ពេល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទី​នោះ លោក​បាន​ប្រាប់​ឲ្យ​បញ្ឈប់ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ៕

កម្ពុជាទិញរថក្រោះនិងរថពាសដែក៩៤គ្រឿង

កម្ពុជា ​បាន​បញ្ជា​ទិញ​រថក្រោះ​និង​រថពាសដែក​ចំនួន​ជិត​១០០​ដើម្បី​ ពង្រឹង​វិស័យ​ការពារ​ជាតិ។ រថក្រោះ និង​រថពាសដែក​ទាំងនេះ​នឹង​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅក្នុង​សប្តាហ៍​ ក្រោយ​នេះ។ មន្ត្រី​យោធា​នៃ​ក្រសួង​ការពារជាតិ​បដិសេធ​មិន​និយាយ​អំពី​ចំនួន​ទឹកប្រាក់​ ដែល​ត្រូវ​បាន​ចំណាយ​ទៅលើ​ការ​ទិញអាវុធ​សង្គ្រាម​ទាំងនេះ​ឡើយ។

រដ្ឋាភិបាល ​កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួនជាង៩០​គ្រឿង​ពី​ប្រទេស​មួយ​នៃ​អឺរ៉ុប​ខាងកើត។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​រូប បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះធុន​T៥៥​ចំនួន​៥០​គ្រឿង និង​រថពាសដែក​ចំនួន​៤៤​គ្រឿង។ ហើយ​ថា រថក្រោះ​និង​រថពាសដែក​ទាំងនេះ​ ប្រហែល​ជា​នឹង​អាច​ត្រូវ​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ ទី​១៨ខែ​កញ្ញា​សប្តាហ៍​ក្រោយ​នេះ។ ប្រភព​មន្ត្រី​យោធា​ដដែល​បាន​អត្ថាធិប្បាយ​ថា ការ​បញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ។

ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ព័ត៌មាន​សម្ងាត់​យោធា មន្ត្រី​យោធា​កម្ពុជា​បាន​បដិសេធ​មិន​ប្រាប់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ ត្រូវបាន​ចំណាយ​សម្រាប់​ការ​ទិញ​រថក្រោះ និង​រថពាសដែក​ទាំងនេះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា កម្ពុជា​ទិញ​រថក្រោះ​ទាំងនេះ​ពី​ប្រទេស​ណាមួយ​ពិតប្រាកដ​ពី​អឺរ៉ុប​ខាងកើត​ នោះ​ដែរ។

រថក្រោះ និង​រថពាសដែក​ថ្មី​ទាំងនេះ​នឹង​មក​ដល់​កម្ពុជា ចំ​ពេល​ដែល​កម្ពុជា​កំពុង​ហ្វឹកហ្វឺន​កម្លាំង​យោធា​នៃ​កង​រថក្រោះ និង​រថពាសដែក​ជាង​៨០០​នាក់។ តាំងពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ កម្ពុជា​រឹតតែ​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួនកាន់​តែខ្លាំង ទាំង​សម្ភារៈ និង​ថវិការ។ រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ថវិកា​ជាតិ​ទៅលើ​វិស័យ​ការពារជាតិ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា ទាហាន​កម្ពុជា​មាន​អាវុធ​ទំនើប និង​ថ្មី​ជាច្រើន​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន​ពី​បរទេស។

កាល​ពី​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិលមិញ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជា​បាន​ចេញ​ដំណើរ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ ផ្លូវការមួយ នៅ​ប្រទេស​ចិន​រយៈពេល​៧ថ្ងៃ។ ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ដែលជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​អោយ​ដឹង​ថា លោក​ទៀ បាញ់​នឹង​ត្រូវ​អញ្ជើញ​អោយ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​សម្ភារៈ​ យោធា​របស់​ប្រទេស​ចិន។ ប្រទេស​ចិន​ដែល​ធ្លាប់​បាន​ផ្តល់កម្ចី​ដល់​កម្ពុជា​សម្រាប់​ទិញ​នាវា​ល្បាត​ សមុទ្រ និង​ផ្តល់​ជំនួយ​ជា​រថយន្ត​ដឹកជញ្ជូន​របស់​យោធា​ជាង​២០០​គ្រឿង៕

ផ្ដៅកម្ពុជាកំពុងតែរំកិលចូលក្នុងទីផ្សារអន្ដរជាតិ!

បណ្ដាសហគ្រិនផ្ដៅកម្ពុជាកំពុងតែតាំងបង្ហាញនូវផលិតផលផ្ដៅរបស់ខ្លួន
ដល់អ្នកជំនួញជាង៤ម៉ឺន៥ពាន់នាក់ មកពីគ្រប់ទិសទីក្នុងសកលលោក
ដែលអញ្ជើញចូលរួមនៅក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិ Spoga
នៅក្នុងក្រុង Cologne នៃប្រទេសអាល្លឺម៉ង់ ។
នៅក្នុងការចូលរួមការតាំងពិព័រណ៍នេះ សហគ្រិនផ្ដៅកម្ពុជាទាំងនោះបាន
ទទួលជំនួយពីមូលនិធិសត្វព្រៃពិភពលោក ដែលមានបំណងលើកស្ទួយ
ផលិតផលផ្ដៅ ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សម្រាប់ទីផ្សារអឺរ៉ុប។
លោកលិប ជាង ប្រធានសមាគមផ្ដៅកម្ពុជានិយាយថា ផលិតករទាំងឡាយ
រំពឹងថា នឹងសិក្សារៀនសូត្រអំពីវិធីសាស្រ្តនិងគុណភាពនៃផលិតផលដទៃទៀត
ជាពិសេសផលិតផលដែលធ្វើពីឈើនិងអនុផលព្រៃឈើ។
លោកបន្តទៀតថា បើសិនជាផលិតករទាំងឡាយ អាចលើកកម្ពស់បច្ចេកទេស
នៃការកែច្នៃរបស់ខ្លួនបាននោះ ពួកគេនឹងមានលទ្ធភាពបំពេញទៅតាមតម្រូវ
ការនៃទីផ្សារអន្តរជាតិជាក់ជាមិនខានឡើយ៕
(ប៊ុន ឡឺវីសីដា)