កម្ពុជាបដិសេធការចោទថាមានការបញ្ជូនឃាតកទៅធ្វើឃាត អាភីស៊ិត


មន្ត្រី ​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​យោធា​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ការពារ​ជាតិ និង​ប៉ូលិស​ថៃ​ថា ឃាតក​ដែល​បាន​បណ្ដុះបណ្ដាល​ជំនាញ​យោធា​នៅ​កម្ពុជា មាន​គម្រោង​ធ្វើ​ឃាត​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ និង​មន្ត្រី​ថៃ​សំខាន់​ៗ​មួយ​ចំនួន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា បាន​សម្ដែង​​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ថៃ ដែល​បាន​លើក​ឡើង​ថា មាន​គម្រោង​ធ្វើ​ឃាត​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដោយ​ឃាតក​មាន​សម្លៀក​បំពាក់​ខ្មៅ ​មាន​ដើម​កំណើត​ជា​ជនជាតិ​​វៀតណាម ​ដែល​បញ្ជូន​មក​ពី​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ ក្រោយ​ពេល​ដែល​កាសែត​ថៃ ឌឹ ណេសិន (The Nation) បាន​ដក​ស្រង់​​សម្ដី​របស់​មន្ត្រី​ថៃ ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​កំពុង​តាម​ដាន​អ្នក​ជំនាញ​ខាង​អាវុធ ដែល​បាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា ដែល​អាច​នឹង​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ។ កាសែត​ដដែល​បាន​ផ្សាយ​បន្ថែម​ថា អ្នក​ចម្បាំង​កម្ពុជា​ជា​ច្រើន ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម ហើយ​បាន​ហាត់​ហ្វឹកហ្វឺន​យោធា និង​ជា​អ្នក​បាញ់​ស៊ីប​ចំណាន ត្រូវ​បាន​បញ្ជូន​មក​អនុវត្ត​គម្រោង​ធ្វើ​ឃាត​នៅ​ប្រទេស​ថៃ។

លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ចោទ​ប្រកាន់​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​មាន​ចេតនា​ចង់​វាយ​ប្រហារ​​កម្ពុជា និង​វៀតណាម​ថា ជា​ប្រទេស​ផ្ដល់​កន្លែង​​បណ្ដុះបណ្ដាល​ភេរវជន។

លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា កម្ពុជា​គ្មាន​ទី​កន្លែង​បណ្ដុះបណ្ដាល​ភេរវជន​នោះ​ទេ។ហើយ​កម្ពុជា​ប្រឆាំង​ ជាដាច់ខាត​ចំពោះ​អំពើ​ភេរវកម្ម។ លោក​ថា ជា​ភស្តុតាង​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ភេរវជន​ថៃ ចំនួន​ពីរ​នាក់​ទៅ​ថៃ​វិញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ។ ជនជាតិ​ថៃ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ការ​វាយ​ប្រហារ​គ្រាប់​ទៅ​លើ​ទីស្នាក់ការ​គណបក្ស​ ផុំចៃថៃ (Bhumjai Thai) ជា​គណបក្ស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ា។

ឧត្ដមសេនីយ៍​ផ្កាយ​៤ លោក ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ថៃ​ផង​ដែរ។

លោក ជា តារា បន្ថែម​ទៀត​ថា ថៃ​នៅ​តែ​បន្ត​មហិច្ចតា​របស់​ខ្លួន​ក្នុង​ការ​ចង់​បាន​ទឹក​ដី​របស់​កម្ពុជា​ ដដែល ទើប​បាន​ជា​ថៃ នៅ​តែ​បន្ត​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​កងទ័ព​ថៃ ចំនួន ១០​នាក់​នៅ​តែ​កំពុង​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា ក្នុង​ការ​ឈ្លាន​ពាន​របស់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​សម្ដី​អនុ​លេខា​របស់​ក្រសួង​ការពារ​ជាតិ​ថៃ លោក បានាវិត ខេនគ្រិន (Bannawit Kengrien) ដែល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទោះ​បី​លោក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់​ក៏ដោយ ប៉ុន្តែ​លោក​ត្រូវ​តែ​ព្រមាន​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ អំពី​របាយការណ៍​គម្រោង​ធ្វើ​ឃាត​លោក ហើយ​ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ធ្វើឃាត មុខ​មាត់​ប្រទេស​នឹង​ត្រូវ​បាត់​បង់។

មន្ទោទរី​ថៃ​ម្នាក់​ឲ្យ​ដឹង​ដែរ​ថា គ្រូ​ហ្វឹកហាត់​ឃាតក​កំពុង​តែ​លាក់​ខ្លួន​នៅ​ថៃ ប៉ុន្តែ​ប៉ូលិស​បាន​ស្គាល់​ឈ្មោះ​គ្រូ​ហ្វឹកហាត់​ឃាតក និង​កន្លែង​លាក់​ខ្លួន​គាត់​រួច​ហើយ។

កាសែត​ថៃ ឌឹ ណេសិន បាន​ផ្សាយ​បន្ត​ទៀត​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុម​សម្លៀក​បំពាក់​ខ្មៅ​នោះ​ទេ។

ការ​ចោទ​ប្រកាន់​របស់​ថៃ ធ្វើ​ឡើង​មួយ​សប្ដាហ៍​មុន​ជំនួប​ទ្វេ​ភាគី​រវាង​នាយក​រដ្ឋមន្រ្ដី​ថៃ និង​កម្ពុជា នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​មេ​ដឹកនាំ​ទាំង​ពីរ​មាន​គម្រោង​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-​ ថៃ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​ថៃ នឹង​មិន​ប៉ះពាល់​ដល់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​ទេ។

ការ​លើកឡើង​អំពី​គម្រោង​ធ្វើ​ឃាត​លោក អាភីស៊ិត វេតឆាឈីវ៉ា​នេះ ក្រោយ​ពេល​ដែល​កម្ពុជា បាន​ទិញ​រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​សៅរ៍ ទី​១៨ ខែ​កញ្ញា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ដែរ​ថា រថក្រោះ និង​រថពាស​ដែក​ចំនួន ៩៤​គ្រឿង បាន​ដឹក​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ។ សម្ភារៈ​យោធា​នឹង​ដឹក​មក​ភ្នំពេញ ក្នុង​រយៈ​ពេល ៣ ឬ​ក៏ ៤​ថ្ងៃ​ទៀត។

មន្រ្ដី​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ទិញ​សម្ភារៈ​យោធា​ថ្មី​សម្រាប់​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ហើយ​មិនមែន​ជា​ការ​បញ្ចេញ​សាច់​ដុំ​ដាក់​ថៃ មុន​ការ​ចរចា​នោះ​ទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s