ជា ស៊ីម មិនអាចជួយ សម រង្ស៊ី ឲ្យចូលស្រុកបាន


ប្រធាន ​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​បដិសេធ​មិន​ជួយ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដក​ពាក្យ​បណ្ដឹង និង​ប្រគល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី តាម​ការ​ស្នើ​សុំ​របស់​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា គណបក្ស សម រង្ស៊ី នឹង​បន្ត​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម មិន​យល់​ព្រម​ជួយ​អន្តរាគមន៍​លោក សម រង្ស៊ី។

ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ស្នើ​លិខិត​ទៅ​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ដោយ​បញ្ជាក់​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។ អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ និង​ដាច់​ចេញ​ពី​នីតិប្បញ្ញតិ។

ការ​បដិសេធ​របស់​លោក ជា ស៊ីម ធ្វើ​ឡើង​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ស្នើ​ឲ្យ​លោក​ជួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១០ បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ក្តី​រឿង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ ដោយ​សម្រេច​ផ្ដន្ទា​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ជាតិ​សាសន៍ ទាក់ទង​ជាមួយ​ការ​ដក​បង្គោល​ព្រំដែន​លេខ ១៨៥ នៅ​ព្រំដែន​កម្ពុជា-​វៀតណាម។

លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា ករណី​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដូច្នោះ​ត្រូវ​មាន​ដំណោះ​ស្រាយ​នយោបាយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង។

នាយក​​គណៈកម្មកាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ឲ្យ​ដឹង​ថា ករណី​របស់​លោក សម រង្ស៊ី ជា​ករណី​នយោបាយ ដែល​គួរ​តែ​ត្រូវ​មាន​ការ​សម្របសម្រួល​នយោបាយ​មួយ។ លោក​ថា ការ​ដក​បង្គោល​ព្រំដែន គ្រាន់​តែ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​លោក សម រង្ស៊ី នោះ​ទេ។

លោក គល់ បញ្ញា បន្ត​ទៀត​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ បាន​នោះ​ទេ។ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ លោក សម រង្ស៊ី ក្រោម​បទ​ចោទ​ប្រកាន់​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ផែនទី ដែល​បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយរៀង កន្លង​មក គឺ​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ចំនួន ២០០​ម៉ែត្រ ទៅ​ជាង ៥០០​ម៉ែត្រ។ លទ្ធផល​នៃ​សវនាការ​តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s