កម្ពុជាទិញរថក្រោះនិងរថពាសដែក៩៤គ្រឿង


កម្ពុជា ​បាន​បញ្ជា​ទិញ​រថក្រោះ​និង​រថពាសដែក​ចំនួន​ជិត​១០០​ដើម្បី​ ពង្រឹង​វិស័យ​ការពារ​ជាតិ។ រថក្រោះ និង​រថពាសដែក​ទាំងនេះ​នឹង​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅក្នុង​សប្តាហ៍​ ក្រោយ​នេះ។ មន្ត្រី​យោធា​នៃ​ក្រសួង​ការពារជាតិ​បដិសេធ​មិន​និយាយ​អំពី​ចំនួន​ទឹកប្រាក់​ ដែល​ត្រូវ​បាន​ចំណាយ​ទៅលើ​ការ​ទិញអាវុធ​សង្គ្រាម​ទាំងនេះ​ឡើយ។

រដ្ឋាភិបាល ​កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួនជាង៩០​គ្រឿង​ពី​ប្រទេស​មួយ​នៃ​អឺរ៉ុប​ខាងកើត។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​រូប បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះធុន​T៥៥​ចំនួន​៥០​គ្រឿង និង​រថពាសដែក​ចំនួន​៤៤​គ្រឿង។ ហើយ​ថា រថក្រោះ​និង​រថពាសដែក​ទាំងនេះ​ ប្រហែល​ជា​នឹង​អាច​ត្រូវ​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ ទី​១៨ខែ​កញ្ញា​សប្តាហ៍​ក្រោយ​នេះ។ ប្រភព​មន្ត្រី​យោធា​ដដែល​បាន​អត្ថាធិប្បាយ​ថា ការ​បញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ។

ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ព័ត៌មាន​សម្ងាត់​យោធា មន្ត្រី​យោធា​កម្ពុជា​បាន​បដិសេធ​មិន​ប្រាប់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ ត្រូវបាន​ចំណាយ​សម្រាប់​ការ​ទិញ​រថក្រោះ និង​រថពាសដែក​ទាំងនេះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា កម្ពុជា​ទិញ​រថក្រោះ​ទាំងនេះ​ពី​ប្រទេស​ណាមួយ​ពិតប្រាកដ​ពី​អឺរ៉ុប​ខាងកើត​ នោះ​ដែរ។

រថក្រោះ និង​រថពាសដែក​ថ្មី​ទាំងនេះ​នឹង​មក​ដល់​កម្ពុជា ចំ​ពេល​ដែល​កម្ពុជា​កំពុង​ហ្វឹកហ្វឺន​កម្លាំង​យោធា​នៃ​កង​រថក្រោះ និង​រថពាសដែក​ជាង​៨០០​នាក់។ តាំងពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ កម្ពុជា​រឹតតែ​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួនកាន់​តែខ្លាំង ទាំង​សម្ភារៈ និង​ថវិការ។ រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ថវិកា​ជាតិ​ទៅលើ​វិស័យ​ការពារជាតិ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា ទាហាន​កម្ពុជា​មាន​អាវុធ​ទំនើប និង​ថ្មី​ជាច្រើន​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន​ពី​បរទេស។

កាល​ពី​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិលមិញ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជា​បាន​ចេញ​ដំណើរ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ ផ្លូវការមួយ នៅ​ប្រទេស​ចិន​រយៈពេល​៧ថ្ងៃ។ ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ដែលជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​អោយ​ដឹង​ថា លោក​ទៀ បាញ់​នឹង​ត្រូវ​អញ្ជើញ​អោយ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​សម្ភារៈ​ យោធា​របស់​ប្រទេស​ចិន។ ប្រទេស​ចិន​ដែល​ធ្លាប់​បាន​ផ្តល់កម្ចី​ដល់​កម្ពុជា​សម្រាប់​ទិញ​នាវា​ល្បាត​ សមុទ្រ និង​ផ្តល់​ជំនួយ​ជា​រថយន្ត​ដឹកជញ្ជូន​របស់​យោធា​ជាង​២០០​គ្រឿង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s