មន្ត្រីអភិរក្សប្រកាសជូនរង្វាន់ដល់អ្នកផ្ដល់ព័ត៌មានពីអ្នកបាញ់សម្លាប់ដំរី


មន្ត្រី ​​អភិរក្ស​ជីវចម្រុះ​​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ២​លាន​រៀល ចំពោះ​អ្នក​ភូមិ​ដែល​ផ្ដល់​ព័ត៌មាន អាច​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​សម្លាប់​សត្វ​ដំរី​ផើម​មួយ​ក្បាល។

អនុ​ប្រធាន​អភិរក្ស​ជីវចម្រុះ​កែវសីម៉ា លោក ប៉ែត ភ័ក្រ្តា មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ថា ក្រុម​មន្ត្រី​អភិរក្ស​បាន​ប្រឹងប្រែង​ស្វែង​តាម​រក​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​បាន​សម្លាប់​ដំរី​ផើម​មាន​កូន​ក្នុង​ពោះ​មួយ​ក្បាល កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ប៉ុន្តែ​ការ​ព្យាយាម​ជា​ច្រើន​ថ្ងៃ​មក​នេះ នៅ​តែ​មិន​ទាន់​មាន​តម្រុយ​អាច​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​នៅ​ឡើយ។

លោក ប៉ែត ភ័ក្រ្តា បាន​អំពាវនាវ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​ឡាយ​ណា​ដែល​ដឹង​អំពី​ជន​សង្ស័យ សូម​មេត្តា​មក​រាយការណ៍​ជូន​សមត្ថកិច្ច​លោក នោះ​ក្រុម​សមត្ថកិច្ច​នឹង​រក្សា​ការសម្ងាត់​ជូន ព្រម​ទាំង​ផ្ដល់​ជូន​នូវ​ប្រាក់​រង្វាន់​ចំនួន ២​លាន​រៀល។

លោក ប៉ែត ភ័ក្រ្តា បាន​ដាក់​ការ​សង្ស័យ ២​យ៉ាង​ទៅ​លើ​ការ​បាញ់​សម្លាប់​ដំរី​ផើម​មួយ​ក្បាល​នេះ​ថា ៖ «ទី ១ ជន​ល្មើស​បាញ់​ដំរី​នេះ​ដើម្បី​ការងារ​អាជីវកម្ម ហើយ​ការ​សន្និដ្ឋាន​ទី​២ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​រវាង​ដំរី និង​មនុស្ស ព្រោះ​អី​កាល​ពី​១​ខែ​មុន ខ្ញុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​គាត់​ធ្វើ​ចម្ការ​ដាំ​ដំឡូង​ដាំ​អី​នៅ​ជុំវិញ​តំបន់​ហ្នឹង​ច្រើន​ថា សត្វ​ដំរី​ដែល​រស់​នៅ​តំបន់​ហ្នឹង​ឧស្សាហ៍​ទៅ​បំផ្លាញ​ដំឡូង​គាត់​មាន​ទំហំ ធំ អ៊ីចឹង​គាត់​ចេះ​តែ​ប្ដឹង​មក​យើង។ អ៊ីចឹង​ខ្ញុំ​អាច​ថា ទី​១ ទាក់ទង​នឹង​រឿង​ការ​ជួញ​ដូរ ហើយ​ទី​២ ទាក់ទង​នឹង​រឿង​កំហឹង​ប្រជាពលរដ្ឋ​ដែល​គាត់​ខឹង​ហ្នឹង អាច​ខឹង​ខ្លាំង​ទៅ គាត់​អាច​ប្រើប្រាស់​អាវុធ​ពី​អ្នក​ណា ឬ​គាត់​សហការ​ជាមួយ​កម្លាំង​ណា ក៏​យើង​អត់​ទាន់​ច្បាស់​ដែរ​ចំណុច​នេះ»

លោក​បាន​បន្ត​ថា ក្រុម​មន្ត្រី​អភិរក្ស​កំពុង​តាម​រក​មុខ​សញ្ញា​ជន​សង្ស័យ​ដោយ​មិន​បញ្ឈប់​ ឡើយ ព្រោះ​ករណី​នេះ​ជនល្មើស​នឹង​មាន​ទោស​ធ្ងន់ធ្ងរ​ណាស់។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា បាន​ថ្លែង​ថា ដំរី​ផើម​មួយ​ក្បាល​នេះ ត្រូវ​គេ​បាញ់​ចំនួន ៤​គ្រាប់ ហើយ​គេ​ពន្លះ​យក​ស្បែក​មួយ​ចំហៀង​ខ្លួន និង​កាត់​យក​ប្រមោយ​មួយ​កំណាត់ ព្រម​ទាំង​ចែ​របស់​វា​ទាំង​សង​ខាង និង​កាត់​យក​កន្ទុយ​ទៅ​បាត់​រហូត​ដល់​ពេល​ធំ​ក្លិន​ស្អុយ ទើប​អ្នក​ចម្ការ​ជិត​នោះ​ប្រទះ​ឃើញ​ថា មាន​ដំរី​ត្រូវ​គេ​បាញ់​ងាប់។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ៖ «កូន​ដំរី​ហ្នឹង​គេ​ភ្លើយ​ស្បែក មេ​ហ្នឹង​ទៅ​វា​ធ្លាយ​ចេញ​មក​ក្រៅ។ កូន​ដំរី​នោះ​វា​នៅ​ល្បាក់​ប្រហែល​ជា​បី​ខែ​អី​ទៀត​កើត​ហើយ។ ពីរ​ករណី​ហើយ​បាញ់​ដំរី​នោះ កាល​ពី​ឆ្នាំ​ទៅ​មួយ​នោះ​មួយ​ដែរ។ មនុស្ស​ប្រព្រឹត្ត​មិន​មែន​ជា​ប្រជាពលរដ្ឋ​អ្នក​ប្រមាញ់​ទេ ព្រោះ​ប្រជាពលរដ្ឋ​អត់​មាន​កាំភ្លើង​ទេ»

ជា​ទូទៅ​ដំរី​តែង​រង​គ្រោះ​ថ្នាក់​ដោយ​ការ​សម្លាប់​របស់​ព្រាន ដើម្បី​យក​ស្បែក និង​បំណែក​សរីរាង្គ​ខ្លះ​ទៀត ទៅ​ផ្សំ​ធ្វើ​ជា​ថ្នាំ​បុរាណ​ចិន ចំណែក​ឯ​ភ្លុក និង​ចែ​ដំរី​វិញ គេ​ច្រើន​យក​ទៅ​ស្រោប​មាស ឬ​ប្រាក់ ដាក់​តាំង​លម្អ​នៅ​ក្នុង​គេហដ្ឋាន​ធំៗ​ស្កឹមស្កៃ​នៃ​ពួក​អភិជន។

ដំរី​ផើម​មួយ​ក្បាល​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ចំណុច​អូរថ្មដា មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា។

មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​ឲ្យ​ដឹង​ថា នៅ​ចំណុច​អូរថ្មដា​តែ​មួយ​នេះ មាន​ដំរី ២​ក្បាល​ហើយ​បាន​ងាប់។ ក្នុង​នោះ​កាល​ពី​ឆ្នាំ​២០០៩ មាន​មួយ​ក្បាល​បាន​ងាប់​ដោយ​រអិល​ធ្លាក់​ចូល​ក្នុង​ទី​ជម្រៅ​អូរ​ដោយ​ខ្លួន​ ឯង និង​មួយ​ក្បាល​ទៀត គឺ​ដំរី​ផើម​ដែល​ត្រូវ​គេ​បាញ់​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ភូមិ​បាន​រាយការណ៍​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ មាន​ដំរី​ញី​មួយ​ក្បាល​ផ្សេង​ទៀត ត្រូវ​គេ​បាញ់​ចំនួន ៩​គ្រាប់​ពី​កន្លែង​ផ្សេង ហើយ​បាន​រត់​មក​ងាប់​នៅ​ក្រោយ​សាលារៀន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​អូរអាម​ផង​ដែរ។

របាយការណ៍​របស់​ក្រុម​អភិរក្ស​ឆ្នាំ​២០០៨ នៅ​ក្នុង​តំបន់​អភិរក្ស​កែវសីមា មាន​សត្វ​ដំរី​ព្រៃ​ចំនួន ១១៦​ក្បាល ដោយ​ឡែក​ចំពោះ​ដំរី​ស្រុក​វិញ តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មាន ៦៩​ក្បាល ហើយ​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​រក​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s