មន្ត្រីខ្មែរព្រមានប្រើកម្លាំងទ័ពបើថៃចូលមកជួសជុលប្រាសាទតាមាន់ធំ


មន្ត្រី ​យោធា​ជាន់​ខ្ពស់​​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ការពារ​ព្រំដែន​ខាង​លិច​ជាប់​ប្រទេស​ថៃ បាន​ព្រមាន​ថា កម្ពុជា​នឹង​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ ប្រសិន​បើ​​​ថៃ ចូល​មក​ជួស​ជុល​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ខ្មែរ បាន​ច្រាន​ចោល​គម្រោង​របស់​ប្រទេស​ថៃ ដែល​មាន​បំណង​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ​ថា គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ ធ្វើ​ដូច្នេះ​បាន​ទេ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា​ថា កម្ពុជា​មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​ថា ប្រាសាទ​តាមាន់​ធំ​គឺ​ជា​របស់​ខ្មែរ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រសួង​ការបរទេស​ថៃ​រួច​ហើយ តាំង​ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ ជា​លើក​ដំបូង កាល​ពី​អំឡុង​​ឆ្នាំ​២០០១​ម្ល៉េះ​ថា ថៃ​មិន​អាច​ប៉ះពាល់​ប្រាសាទ​តាមាន់​ធំ​បាន​ទេ ប្រសិន​បើ​ថៃ​ព្យាយាម​ចូល​មក​ជួស​ជុល​​ប្រាសាទ​នោះ​ពេល​ណា​ កម្ពុជា​នឹង​រៀបចំ​ឯកសារ​ប្ដឹង​តាម​ផ្លូវ​ច្បាប់។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​ទេ! យើង​អត់​អនុញ្ញាត​ឲ្យ​ទេ។ ប្រាសាទ​តាមាន់​ធំ​ជា​ប្រាសាទ​របស់​ខ្មែរ វា​នៅ​ជិត​បង្គោល​ព្រំដែន​លេខ ២៣ នេះ​វា​នៅ​ជិត​គ្នា​ណាស់ មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ អា​ហ្នឹង​បារាំង​ដាក់​នៅ​ក្នុង​ខាង​ជើង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន​រួច ចំណែក​តាមាន់​តូច និង​តាមាន់ ដាក់​នៅ​ខាង​ត្បូង​ខ្សែ​បែង​ចែក​ទឹក​ខ្សែ​ព្រំដែន នៅ​ក្នុង​ហ្នឹង​វា​គូស​ច្បាស់​ផង​គេ មាន​ផែនទី យើង​ឲ្យ​ទាំង​ថៃ ថៃ​ក៏​មាន យើង​ក៏​មាន»

ប្រតិកម្ម​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​ពី​ទីក្រុង​បាងកក បាន​ផ្សព្វផ្សាយ​ថា ប្រទេស​ថៃ​មាន​គម្រោង​នឹង​ធ្វើការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ដងរែក នៃ​ខេត្ត​សុរិន្ទ​របស់​ថៃ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

កាសែត​ថៃ​ឈ្មោះ​បាងកក ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​មក បាន​ផ្សព្វផ្សាយ​ថា នាយកដ្ឋាន​វិចិត្រ​សិល្បៈ​របស់​ថៃ កំពុង​រិះរក​ពេល​វេលា​ដែល​អាច​បន្ត​ការ​ជួសជុល​ប្រាសាទ​តាមាន់​ធំ​​ទៅ​បាន ហើយ​ប្រសិន​បើ​ពេល​វេលា​ពិត​ជា​កើត​មាន គេ​សង្ឃឹម​ថា នឹង​អញ្ជើញ​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួល​ជុល​នោះ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ផ្កាយ​បួន ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ព្រមាន​ថា ថៃ​មិន​អាច​ចូល​មក​ធ្វើការ​ជួល​ជុល​ប្រាសាទ​តាមាន់​ធំ ដែល​នៅ​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ​បាន​ទេ បើ​ថៃ​ចង់​ជួសជុល គឺ​ត្រូវ​ធ្វើ​ចំពោះ​ប្រាសាទ​ដែល​នៅ​ក្នុង​ទឹក​ដី​ថៃ។

លោក​ឧត្ដមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ថៃ​មិន​មាន សិទ្ធិ​អំណាច​ណា​មក​ជួស​ជុល​ប្រាសាទ​របស់​កម្ពុជា​ទេ។ ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា ឈ្លាន​ពាន បើ​ឈ្លាន​ពាន​ហើយ សិទ្ធិ​ស្វ័យ​ការពារ​ត្រូវ​តែ​ដោះស្រាយ​ដ៏​បន្ទាន់ ហើយ​និង​មាន​ប្រសិទ្ធភាព»

លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ ក្រសួង​វប្បធម៌​របស់​ថៃ​ធ្លាប់​បាន​ចូល​មក​អភិរក្ស​ប្រាសាទ​តាមាន់​ធំ​ម្តង​ មក​ហើយ ប៉ុន្តែ​នៅ​ពេល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទី​នោះ លោក​បាន​ប្រាប់​ឲ្យ​បញ្ឈប់ ពីព្រោះ​ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ៕

Leave a comment