អ្នកស្រុកសម្បូរយល់ដឹងតិចតួចអំពីសំណើសាងសង់ទំនប់វារីអគ្គិសនីមេគង្គ


សំណើ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ខ្នាត​ធំមួយ​​កាត់​ទន្លេ​មេគង្គ បាន​កំណត់​​​យក​​កោះ​រងៀវ​​​ជា​​ផ្នែក​មួយ​នៃ​អាង​ស្តុក​ទឹក​របស់​ទំនប់​នេះ ហើយ​ការណ៍​នេះ​​អាច​គម្រាម​ដល់​​ជីវភាព​រស់​នៅទាំ​មូល​របស់​អ្នក​នាង។ អ្នក​នាង​សួស វេ​បាន​ដឹង​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន ដោយ​សារ​តែ​ក្នុង​ឆ្នាំ​ ២០០៧ ក្រុម​អ្នក​វាស់​ស្ទង់​សណ្ឋាន​ដី​​ជន​ជាតិ​ចិន​​បាន​ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ។

«ខ្ញុំ​សួរ​គេ​ថា​​គេ​ធ្វើ​ហ្នឹង​ធ្វើ​អី គេ​វាស់​ធ្វើ​អី​ គេ​ស្ទង់​ធ្វើ​អី រួច​ទៅ​ គេ​ថា​ មាន​ក្រុមហ៊ុន​គេ​ហ្នឹង​មក​ធ្វើ​ទំនប់ ធ្វើ​វារី​អគ្គិសនី​ហ្នឹង​ណា៎។ ​​រួច​ទៅ​គេ​សុំ​​កាប់​ដើម​សង្កែ ហើយ​គេ​មក​កាប់​ហើយ​ក៏​បោះ​បង្គោល​នៅត្រង់​ហ្នឹង។ ខួង​ចប់​ហ្នឹង​ បាន​​យើង​ដឹង​តៗ​គ្នា​ថា​ហ្នឹង​ជា​ការ​សិក្សា​​របស់​ក្រុមហ៊ុន ធ្វើ​ទំនប់​វារីអគ្គិសនី​​ហ្នឹង​ណា។ ហ្នឹង​ជា​គេ​សិក្សា​ទេ តែ​ចំពោះ​គេ​ធ្វើ​មិន​ធ្វើ​យើង​អត់​ដឹង។ ហើយ​ពួក​អ្នក​ស្រុក​យើង​ ចាប់​ផ្តើម​ព្រួយ​បារម្ភ​ហើយ​ថា​​មិន​ដឹង​គេ​មក​ធ្វើ​នៅ​ថ្ងៃ​ណា​ ខែ​ណា។»

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​គួរ​មាន​ការ​បារម្ភ​បែប​នេះ​ទេ ពីព្រោះ​សំណើ​សាង​សង់​នេះ​ គ្រាន់​តែ​​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន​ដែល​គេ​​បាន​យក​មក​​ ពិចារណា។

គម្រោង​ទំនប់​វារី​អគ្គិសនី​សម្បូរ​ ដែលកំពុង​ត្រូវ​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ China Southern Power Grid Co. ស្ថិត​នៅ​ក្នុង​ចំណោម​ទំនប់​​​កាត់​ទន្លេ​មេ​គង្គ​ចំនួន​១១​ដែល​ត្រូវ​ស្នើ​ ឡើង​ដោយ​ប្រទេស​កម្ពុជា លាវ និង​ថៃ។

បើ​តាម​អ្នក​ជំនាញ​ ការ​សាង​សង់​​ទំនប់​វារីអគ្គីសនី​ធំ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​លំបាក​ ច្រើន​ដល់​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​នេះ​​ជា​ប្រទេស​នៅ​ក្រោម​គេ​​និង​មាន​សណ្ឋាន​ដី​រាប​ស្មើ​ជាង​ គេ​ ក្នុង​ចំណោម​ប្រទេស​ទាំង​បី ហើយ​បើ​សាង​សង់ ​ត្រូវ​កសាង​​​ទំនប់​ដែល​ធំ​និង​​មាន​អាង​ស្តុក​ទឺក​វែង​ទៀត​ផង ​ទើប​អាច​ឲ្យ​​ទំនប់​​​នោះ​មាន​ដំណើរការ​បានល្អ។

ហេតុ​ដូច្នេះ​បើ​គេ​សាង​សង់​ទំនប់​​សម្បូរ​នេះ វា​ត្រូវ​មាន​បណ្តោយ​រហូត​ដល់​១៨​គ.ម. និង​​ ប្រវែង​អាង​ស្តុក​ទឹក​​រហូត​ដល់​៨៦​គ.ម.។

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពី​អ្នក​ជំនាញ​ ថា​ទំនប់​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដ៏​មហន្តរាយ​ដល់​វិស័យ​ជលផល​និង​ប្រព័ន្ធ ​​បរិស្ថាន​របស់​ទន្លេ​មេគង្គ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​អ្នក​រស់​នៅ​ក្នុង​មូលដ្ឋាន​និយាយ​ថា​ពួក​គាត់​មាន​ការ​បារម្ភ​ជានិច្ច។

«ហើយ​ពាក្យ​ចេះ​តែ​សួរ​គ្នា​ឮ​តៗ គ្នា​ គេ​ថា​ទំនប់​ គេ​សិក្សា​ឃើញ​អស់​ហើយ បើ​សិន​គេ​មក​ធ្វើ​ទំនប់​ហ្នឹង​មាន​ខ្នាត​ធំ​បំផុត ហើយ​មាន​កម្ពស់​ដល់​ទៅ ៥៦​ម៉ែត្រ​ពី​ផ្ទៃ​យើង​ឡើង​ទៅ។​​ អញ្ចឹង​ពួក​អ្នក​ស្រុក​យើង​ ពួក​ភូមិ​យើង​ យើង​គិត​ថា​នៅ ពេល​នោះ​យើង​នឹង​រើ​ទី​លំនៅ​ហើយ។ អញ្ចឹង​ពួក​យើង​ចាប់​​ផ្តើម​ព្រួយ​ចិត្ត​មិន​ដឹង​គេ​មក​ធ្វើ​នៅ​អង្កាល អញ្ចឹង​វា​អត់​ប្រាកដ​ថា​គេ​មក​ធ្វើ​អង្កាល​ អត់​ដឹង។ ទោះ​បីសួរ​អ្នក​ណា​ក៏​មិនដឹង​ដែរ​។»

លោក​អ៊ិត​ ប្រាំង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ឋាមពល បាន​មាន​ប្រសាសន៍​ថា ការ​ភិត​ភ័យ​ទាំង​នេះ​ មិន​សម​ហេតុ​ផល​ទេ​ដោយ​លោក​លើក​ឡើង​ថា​ការ​​ចុះ​សិក្សាអំពី​សក្តានុពល​ វារីអគ្គិសនី​​នៅ​តំបន់​សម្បូរ​នេះ​មាន​ជា​ច្រើន​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៤​​​មក​ម៉្លេះ។ ម៉្យាង​ទៀត​​ ការ​សិក្សា​ចុង​ក្រោយ​នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​បឋម​ប៉ុណ្ណោះ។

«ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់​សម្រេច​ថា​ធ្វើ​ស្អី​ទេ យើង​រង់​ចាំ​ថា​ការ​សិក្សា​នោះ​វា​យ៉ាង​ម៉េច ដែល​ថា​ ​ កាល​ពី​មុន​មក ថា​អា​ហ្នឹង​មាន​សក្តានុពល​អាច​​ធ្វើ​វារីអគ្គិសនី​នោះ​បាន​ហ្នឹង ធ្វើ​បាន​​មែន​ឬ​អត់? ហើយ​ប៉ះ​ពាល់អី​ប៉ុន្មាន?»

លោក​ខាំ ខឿន អភិបាល​ខេត្ត​ក្រចេះ​ បាននិយាយ​​ប្រាប់​វីអូអេ​សំឡេង​​សហរដ្ឋ​អាមេរិក​​​ថា​ លោក​បាន​ដឹង​ថា​មាន​ការ​សិក្សា​​នៅ​ស្រុក​សម្បូរ​នេះ តែ​លោក​មិន​បាន​ដឹង​ពី​កម្រិត​នៃ​ការ​សិក្សា​នេះ​ទេ។​ លោក​​បាន​យល់​ស្រប​នឹង​លោក​អ៊ិត ​ប្រាំង ​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​សួរ​អំពី​​គម្រោង​នេះ​ទេ​ព្រោះ​ការ​សិក្សា​ នៅ​កំពុង​បន្ត។

ចាប់​តាំង​ពី​​អ្នក​នាង​សួស​ វេ​ បាន​ដឹង​ពីការ​សិក្សា​​គម្រោង​​ទំនប់​វារីអគ្គិសនី​នេះ​មក អ្នក​នាង​បាន​ខិត​ខំស្វែង​យល់​អំពីគម្រោង​នេះ​ ដោយ​គាត់​ធ្លាប់​បាន​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​អញ្ជើញ​ចូល​រួម​សិក្ខាសាលា ​អំពីគម្រោង​នេះ ព្រម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគីរី ​ដើម្បី​ឃើញ​ផ្ទាល់​ភ្នែក​នូវ​​ផល​ប៉ះពាល់​​​របស់​ទំនប់​យ៉ាលី​របស់​វៀតណាម​ មក​​លើ​សហគមន៍​នៅទីនោះ។ អ្នក​នាង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ដែល​ដឹង​ច្រើន​ជាង​គេ​អំពើ​សំណើ​ សាង​សង់​នេះ។

នៅ​ក្នុង​​ផ្សារ​ត្រី​​របស់​ទី​រួម​ស្រុក​សម្បូរ អ្នក​ស្រុក​មាន​ការ​យល់​ដឹង​តិច​តួច​ណាស់​អំពី​សំណើ​ឲ្យ​មាន​ការ​សាង​សង់​ ទំនប់​វារីអគ្គីសនី​នេះ។ បើ​តាម​ផែន​ទី​នៃ​ការ​សិក្សា​កន្លង​មក ផ្សារ​សម្បូរ​​នឹង​ត្រូវ​ស្ថិត​​​​នៅ​ក្បែរ​នឹង​​ជើង​ទំនប់​​វារី​អគ្គិសនី​ ​ដែល​គេ​ស្នើ​ឡើង​​នេះ​តែ​ម្តង។

អ្នក​លក់​ត្រី​អាយុ​៣៣​ឆ្នាំ​ម្នាក់​ ដែល​បាន​ហៅ​ខ្លួន​ឯង​ថា អាឌីក បាន​ប្រាប់​វីអូអេ​​សំឡេង​សហរដ្ឋ​អាមេរិក​​​ថា ​នាង​មិន​ដែល​ធ្លាប់​ឮ​អ្វីសោះអំពី​គម្រោង​ទំនប់​កាត់​ទន្លេ​មេគង្គ​នេះ។

អ្នក​មីង ញូង សុខឃីម អាយុ​៥៤​ឆ្នាំ ជា​កសិករ​និង​ជា​អ្នក​លក់​ត្រី​នៅ​ក្បែរ​នោះ​ដែរ​ បាន​មាន​ប្រសាសន៍​ថា អ្នក​មីង​បាន​ឃើញ​អ្នក​ជំនាញ​ចិន​ចុះ​មក​វាស់​វែង​នៅ​ស្រុក​សម្បូរ​នេះ​ តែ​គាត់​ក៏បាន​សម្តែង​នូវ​ការ​រសាយ​ចិត្ត​ចំពោះ​ការ​ខ្វះ​ខាត​នូវ​ព័ត៌មាន​ អំពើ​គម្រោង​នេះ។

«មាន​តែ​ឃើញ​ចិន​​ហើយ​និង​សម្ភារៈ​ឧបករណ៍​វា​ ប៉ុន្តែ​ដំណើរ​ការ​ធ្វើ​ ដូច​អត់​មាន​ឃើញ​ទេ។ មិន​ដឹង​ជា​សម្ភារៈ​អី​​ឃើញ​​​វា​ដឹក​​ជា​ដែក​ជា​ស្អី នៅ​ហ្នឹង​សម្បូណ៌​យើង​ហ្នឹង នៅ​ខាង​លើ​វត្ត​ហ្នឹង។ សួរ​អ្នក​ណា​ក៏​អ្នក​ណា​មិន​ដឹង អាជ្ញាធរ​​ក្នុង​ស្រុក​ហ្នឹង​​ក៏​អត់​ដឹងទៀត​មិន​ដឹង​ផែន​ការ​មក​ពី​កន្លែង​ ណា។​»

ភាព​ស្ងាត់​ស្ងៀម​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​កាន់​ តែ​មាន​ក្តីបារម្ភ។ បទ​សម្ភាសន៍​មួយ​របស់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក ជាមួយ​នឹង​លោក​ហេង សុថា អភិបាល​ស្រុក​សម្បូរ​ បាន​បញ្ជាក់​ថា អាជ្ញាធរ​ថ្នាក់​ស្រុក​ប្រហែល​​​ជា​កាន់​តែ​មិន​ដឹង​ពីរឿង​នេះ​ទៅទៀត។

«បញ្ហា​រឿង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ ក៏​ខ្ញុំ​អត់​ទាន់​​បាន​ក្តាប់​ព័ត៌មាន​ច្បាស់​​ពិត​ប្រាកដ​នៅ​ឡើយ​ដែរ គ្រាន់​តែ​ឮ​ពាក្យ​ប្រជាជន​គាត់​និយាយ​តៗ​គ្នា​ទេ​​ ប៉ុន្តែ​មិន​ទាន់​មាន​ឯកសារ​​ណា​មួយ​បញ្ជាក់​ជា​ផ្លូវ​ការ​​ឲ្យ​ខ្ញុំ​មាន​ វិធានការ​យ៉ាង​ម៉េច​នោះ​ អត់​ទាន់​មាន​នៅ​ឡើយ​ទេ។»

អ្នក​សង្កេត​ការណ៍​​របស់​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ថា អ្នក​​​សិក្សា​និង​អ្នក​រៀប​គម្រោង​ មិន​បាន​យក​មតិ​និង​ការ​បារម្ភ​របស់​ប្រជាជន​មូលដ្ឋាន​ទៅពិចារណា​ទេ ហើយ​នៅ​ពេល​ដែល​ការ​សិក្សា​ចប់​ ពួក​គាត់​មិន​មាន​អំណាច​អ្វី​ក្នុង​ការ​បញ្ឈប់​គម្រោង​នេះ​ទេ។

លោក​អ៊ិត​ ប្រាំង​ ​បាន​បដិសេធ​នូវ​ទស្សនៈ​បែប​នេះ​ ដោយ​លោក​មាន​ប្រសាសន៍​​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​​ជា​ពិសេស​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំង​ឡាយ​ មុន​នឹង​សម្រេច​ថា​ត្រូវ​ឬ​មិន​ត្រូវ​សាង​សង់​នោះ។ លោក​បាន​អះអាង​ផង​ដែរ​ថា​នា​ពេល​កន្លង​មក ក្រសួង​របស់​លោក​ធ្លាប់​បាន​អញ្ជើ​ញ​អាជ្ញាធរ​មូលដ្ឋាន​មក​ចូល​រួម​ សិក្ខាសាលា​ដើម្បី​ស្វែង​យល់​ពី​សំណើ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ។

បើ​តាម​របាយការណ៍​ពង្រាង​​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​​ពាក់​កណ្តាល​ខែ​ឧសភា​ អាង​ស្តុក​ទឺក​របស់​ទំនប់​វារី អគ្គិសនី​​សម្បូរ​នេះ​ ត្រូវ​គេ​គិត​ថា​នឹង​អាច​មាន​ចម្ងាយ​រហូត​ដល់​៨៦​គ.ម. ​ដល់​ជិត​នឹង​ខេត្ត​ស្ទឹង​ត្រែង ហើយ​​មាន​ផ្ទៃ​លិច​លង់​​​រហូត​ដល់​៦២០​គ.ម.​ការ៉េ ដោយ​រួម​ទាំង​ផ្ទៃ​ដី​កសិកម្ម​ចំនួន​៣.៣៦៩​ហិកតា​ផង។

គណៈកម្មការ​ទន្លេ​មេគង្គ​បាន​អះអាង​ថា ​ព័តមាន​នៅ​ក្នុង​របាយការណ៍​នេះ​ផ្អែក​ទៅ​លើ​ការ​សិក្សា​របស់​ក្រុមហ៊ុន​ចិន ​នេះ ហើយ​របាយការណ៍​ជា​ផ្លូវ​ការ​នឹង​ចេញផ្សាយ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

សម្រាប់​អ្នក​នាង​សួស​ វេ​ វិញ ការ​រង់ចាំ​និង​ភាពស្ងៀម​ស្ងាត់​នៅ​តែ​បន្ត​ ហើយ​អ្នក​នាង​មិន​ដឹង​ថា​​តើ​នាង​នឹង​មានសិទ្ធិ​សម្រេច​ខ្លះ​ឬ​ទេ ឬ​ ពេល​​នាង​នឹង​មាន​សិទ្ធិ​សម្រេច​​​ខ្លះ​ក្នុង​រឿង​នោះ។ ក៏ប៉ុន្តែ​អ្វី​ដែល​នាង​ដឹង​ច្បាស់គឺថា​៖

«រាល់​ថ្ងៃ​ហ្នឹង​ លែង​ចង់​បាន​ភ្លើង​ ​បាន​អី​ហើយ ​បើ​​ឮ​ថា​រើ​ទី​លំនៅ​ ឧទាហរណ៍​ថា​ទី​លំនៅ​យក​ទៅ​បាន​ តែ​ដូច​ឆ្អឹង​ដូន​តា​​យើង​ពី​មុន​ម៉ោ​ដែល​កប់​នៅ​នឹង​ដី​ហើយ យើង​យក​ទៅ​ណា? តែ​ធ្វើ​ហ្នឹង​លិច​ទឹក​​ហើយ រួច​​យើង​គោរព​បូជា​រាល់​ឆ្នាំ។ បើ​សិន​ជា​ទឹក​លិច​ទៅ​វា​អស់​រលីង​រលត់​ហើយ​គ្មាន​សល់​អី។»

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s