កិច្ច​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ពូជ ​ស្រូវ​នៅ​កម្ពុជា

ដោយ វោហារ ជាតិ

កាល​ពី​ពេល​ថ្មីៗ​នេះ លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​មាន​ផែន​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​ចាប់​ពី​ ឆ្នាំ​២០១៥ ទៅ។ ក៏​ប៉ុន្តែ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​អះអាង​ថា ផែនការ​នេះ​អាច​​សម្រេច​ជោគជ័យ​ទៅ​បាន ​អាស្រ័យ​ដោយ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​ការ​ច្រើន​ថែម​ទៀត។

RFA/Danh Hong

វាល​ស្រែ​នៅ​ខេត្ត​តាកែវ

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​មក​ពី​អង្គការ​នានា​ដូច​ជា អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ ហៅ​កាត់​ថា FAO និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម​មួយ​ចំនួន​ទៀត កាល​ពី​ថ្មីៗនេះ បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​ ស្ដី​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ ជា​ពិសេស​ពូជ​ស្រូវ​នៅ​កម្ពុជា ដើម្បី​ផលិត​អង្ករ​នាំ​ចេញ។

ក្រុម​មន្ត្រី​បាន​អះអាង​ថា ការ​ពិភាក្សា​នេះ បាន​ផ្ដោត​លើ​ការ​សម្រិត​សម្រាំង​ពូជ​ដំណាំ​នៅ​កម្ពុជា ជា​ទូទៅ​ដូច​ជា​គ្រាប់​ពូជ​បន្លែ​ផ្លែ​ឈើ​កម្ពុជា ក៏​ប៉ុន្តែ ក៏បាន​ពិភាក្សា​អំពី​ការ​បង្កាត់ និង​ផលិត​ពូជ​ស្រូវ​ឲ្យ​មាន​គុណ​ភាព​ល្អ​ តាម​និយាម​អន្តរជាតិ ដែល​អាច​នាំ​ចេញ​ទៅ​លក់​លើ​ផ្សារ​អន្តរ​ជាតិ ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​បាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​កម្មវិធី​របស់ អង្គការ​ស្បៀង និង​កសិកម្ម​សហ​ប្រជា​ជាតិ ហៅ​កាត់​ជា​ភាសា បរទេស​ថា FAO លោក ពេជ្រ រម្យនា មាន​ប្រសាសន៍​ថា ដើម្បី​នាំ​អង្ករ​ចេញ​លក់​នៅ​ទី​ផ្សារ​បរទេស​បាន កម្ពុជា​ត្រូវ​ការ​ឯកសារ​ច្បាប់​ច្រើន​ទៀត​ដូច​ជា ច្បាប់​កម្មសិទ្ធិ​ពូជ​ដំណាំ ជា​ពិសេស​ពូជ​ស្រូវ​កម្ពុជា​ជា​ដើម ៖ «ការពារ ​សិទ្ធិ​អ្នក​បង្កាត់ពូជ​នឹង ​​ឧទាហរណ៍​ដូច​គាត់​បង្កាត់​ពូជ​ណា​ម្នាក់​នៅ​ស្រុក​ខ្មែរ ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា​បង្កាត់​ពូជ​អ៊ីចឹង គឺ​កុំ​ឲ្យ​គេ​លួច​របស់​គាត់ ដូច​ជា​សិទ្ធិ​អ្នក​និពន្ធ​បទ​ចម្រៀង​អ៊ីចឹង គេ​មាន​សិទ្ធ​រក្សា បើ​សិន​គាត់​បង្កាត់​ពូជ​អី​មួយ​បាន​អ៊ីចឹង គាត់​យក​ទៅ​ចុះ​បញ្ជី​ដើម្បី​រក្សា​សិទ្ធិ​កុំ​ឲ្យ​គេ​លួច ឧបមា​ថា ​ប្រទេស​ណា​មួយ​យក​ពូជ​ស្រូវ​ខ្មែរ​យើង​ថា ​ផ្កា​រំដួល​អ៊ីចឹង​ទៅ​ចុះ ស្រាប់​តែ​មាន​ប្រទេស​ណា​មួយ​យក​ពូជ​យើង​ទៅ​ដាំ​រួច​ដាក់​ឈ្មោះ​គេ រួច​យើង​ពិនិត្យ​ឃើញ​ថា​ពូជ​ស្រូប​មក​ខ្មែរ​យើង យើង​អាច​​មាន​សិទ្ធិ​ប្ដឹង ​អា​នឹង​វា​អាច​មាន​សិទ្ធិ​គ្រប់គ្រង​ការ​បង្កាត់​ពូជ​វា​អាច​ការពារ​អ្នក​ បង្កាត់​ពូជ អ៊ីចឹង​ណា»

ក្រៅ​ពី​ការ​រក្សា​សិទ្ធិ​បញ្ញា​ផលិត​ ឬ​បង្កាត់​ពូជ​ដំណាំ និង​ស្រូវ​ លោក​បន្ត​ថា កិច្ច​ពិភាក្សា​នេះ​ក៏​បាន​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​កសិករ​ផង​ដែរ ដែល​លោក​ថា កសិករ​ក៏​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ផល​ប្រយោជន៍ នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ​នេះ​ផង​ដែរ គឺ​កសិករ ​មាន​ទំនុក​ចិត្ត ហើយ​ ទទួល​ទិន្នផល និង​គុណភាព​ ផលិតផល​ខ្ពស់ អាច​លក់​បាន​ថ្លៃ​លើ​ទី​ផ្សា ៖ «យើង​ធានា​ថា​ អ្នក​ដែល​ផលិត​គ្រាប់​ពូជ​ សិទ្ធិ​ផលិត​គ្រាប់​ពូជ​ដំណាំ​ សិទ្ធិ​គ្រប់​គ្រង​គ្រាប់​ពូជ​ដំណាំ​​យើង​ធានា​គ្រាប់​ពូជ​ដំណាំ​នឹង ដែល​មុន​ដល់​ដៃ​កសិករ​គ្រាប់​ពូជ​ទាំង​អស់​នឹង​គឺ​វា​មាន​គុណភាព វា​ជួយ​ដល់​កសិករ កុំ​ឲ្យ​កសិករ​គាត់​ខាត​បង់ បើ​គាត់​ចំណាយ​លុយ ​ទិញ​គ្រាប់​ពូជ​ដាំដុះ​ទៅ វា​អាច​ជួយ​ធានា​ថា អាច​ដុះ​វា​ជួយ​បង្កើន​ទិន្នផល​អញ្ចឹង»

ក្រុម​មន្ត្រី​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​ផ្នែក​មួយ ជួយ​ជំរុញ​ក្នុង​ការ​ផលិត និង​នាំ​អង្ករ​ចេញ ​ដែល​មាន​គុណភាព​តាម​និយាម​អន្តរ​ជាតិ​ផង​ដែរ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក​ថា ប្រទេស​កម្ពុជា គ្រោង​នាំ​អង្ករ​ចេញ​លក់​ទៅ​បរទេស ឲ្យ​បាន​ មួយ​លាន​តោន ចាប់​តាំងពី​ឆ្នាំ​២០១៥ ទៅ។

ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​នេះ​នឹង​លើក​ទឹក​ចិត្ត និង​ទាក់ទាញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​គ្រាប់​ពូជ​កម្ពុជា​ផង​ដែរ​ ខណៈ​ដែល នា​បច្ចុប្បន្ន​នេះ គុណភាព​កសិផល​កម្ពុជា​នៅ​មិន​ទាន់​មាន​គុណភាព​នៅ​ឡើយ។ មន្ត្រី​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ​ពូជ​ស្រូវ​ចំនួន​ប្រហែល​១០​មុខ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ផលិត​នាំ​ចេញ។

ប្រធាន​ក្រុម​ហ៊ុន​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​ឈ្មោះ អាគីព (AQIP) លោក គង់ វីតាណៈ បាន​អបអរ​ការ​រៀបចំ​ឲ្យ​មាន​ច្បាប់​កម្មសិទ្ធិ​ពូជ​ដំណាំ​កសិកម្ម​កម្ពុជា​ នេះ ហើយ​លោក​រំពឹង​ថា នឹង​ជួយ​កាត់បន្ថយ​ការ​នាំ​ចូល​ពូជ​ដំណាំ​កសិកម្ម​ពី​ប្រទេស​ជិត​ខាង ដែល​កំពុង​តែ​បង្ក​បញ្ហា​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ៖ «យើង ​មាន​បញ្ហា​ថា​ ដោយ​សារ​តែ​គ្រាប់​ពូជ​ដែល​មិន​បាន​ពិនិត្យ​ត្រឹម​ត្រូវ វា​ហូរ​ចូល​មក​ស្រុក​យើង ហើយ​ទី​២​ទៀត បើ​សិន​ស្រុក​យើង​ចង់​នាំ​អង្ករ​ចេញ​ទៅ​បរទេស ​វា​ចាំ​បាច់​ណាស់​ត្រូវ​តែ​មាន​ពូជ​មួយ​ដែល​ដើម្បី​គ្រប់​គ្រង ​អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​អត់​មាន​ច្បាប់​ពូជ​ផ្សេងៗ វា​ចេញ​ចូល​មក​ស្រុក​យើង​ស្រេច​ចិត្ត បើ​មិន​មាន​ការ​គ្រប់​ត្រឹម​ត្រូវ​តែ វា​អាច​នាំ​ជំងឺ និង​កត្តា​ចង្រៃ​ផ្សេងៗ ​ក៏​អាច​មក​តាម​គ្រាប់​ពូជ​នឹង​បាន​ដែរ»

មន្ត្រី​កសិកម្ម​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រិះគន់​ថា គ្រាប់​ពូជ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​ នៅ​មិន​មាន​គុណភាព តាម​និយាម​អន្តរជាតិ​នៅ​ឡើយ​ទេ ដូច្នេះ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នៅ​ទន់​ខ្សោយ​នៅ​ឡើយ។

ក៏​ប៉ុន្តែ គង់​ វី​តាណៈ ប្រធាន​ក្រុម​ហ៊ុន​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​ឈ្មោះ អាគីព (AQIP) ដែល​ជា​ក្រុមហ៊ុន​លក់​ពូជ​ដំណាំ​កសិកម្ម​តែ​មួយ​គត់​នៅ​ក្នុង​ស្រុក​នោះ បាន​ជំទាស់ ៖ «យើង​បាន​ប្រឹង​ប្រែង​ដោយសារ​មុខ​របរ​របស់​យើង​មួយ​ដែល​ ត្រូវ​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​គុណភាព អ៊ីចឹង​ចាំ​បាច់​ណាស់ គឺ​ផលិត​ផល​របស់​យើង​ដែល​បាន​កំណត់​ដោយ​ក្រុម​ហ៊ុន​របស់​យើង ហើយ​សូម​ជម្រាប​ផង​ដែរ​ថា ស្តង់ដារ​យើង​នេះ​យើង​អាច​ចាត់​ទុក​ថា ជា​ស្តង់ដារ​អន្តរជាតិ​ចុះ​ ពី​ព្រោះ​ខ្ញុំ​បាន​ឆែក​មើល​ស្តង់ដារ​​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ប្រទេស​​ ហ្វីលីពីន (Philippines) ស្តង់ដារ​ខារឌី (CARDI) របស់​យើង​ហ្នឹង គឺ​ស្តង់ដារ​យើង​​ស្ថិត​នៅ​ក្នុង​រង្វង់​ស្តង់ដារ​ដែល​អាច​ទទួល​យក​បាន គឺ​ស្ថិត​នៅ​ក្នុង​ស្តង់ដារ​អន្តរ​ជាតិ»

យ៉ាង​ណា​ក្ដី លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​អង្ករ​កម្ពុជា រំលឹក​ថា គុណភាព​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​កម្ពុជា នៅ​ទាប​ឡើយ ជាពិសេស ពូជ​ស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ការ​នាំ​ចេញ ដែល​គេ​ត្រូវ​ជ្រើសរើស​ពូជ​ឲ្យ​បាន​ត្រឹមត្រូវ ៖ «យើង​ជួប​បញ្ហា​នឹង​ហើយ ដែល​យើង​ថា​ ដូច​បរិមាណ​សល់​រាប់​លាន​តោន​ តែ​វា​ច្រើន​មុខ អ៊ីចឹង​ការ​កំណត់​ទី​ផ្សារ​ដែល​គេ​មក​ទិញ​គេ​ត្រូវ​ការ​​ប្រភេទ​គ្រាប់​វែង ទន់​ ក្រអូប​ឆ្ងាញ់​ គេ​ត្រូវ​ការ​ច្រើន​តម្លៃ​ខ្ពស់ តែ​ដល់​យើង​អត់​មាន​អង្ករ​ទន់ ក្រអូប ឆ្ងាញ់ ពូជ​មិន​សុទ្ធ​យើង​បាន​តម្លៃ​ទាប​ជាង​គេ។ អ៊ីចឹង យើង​ចង់​បាន​ចំណុច​អ៊ីចឹង ចំណុច​ខ្ពស់​គុណភាព​ដូច​គេ អា​ហ្នឹង ​យើង​ត្រូវ​កែប្រែ​ពូជ​ និង​ការ​ផលិត​បច្ចេកទេស​ដល់​កសិករ ដើម្បី​យើង​ជួយ​ជំរុញ​ដល់​គាត់​ ដើម្បី​យើង​បាន​ទទួល​ផល​នាំចេញ»

លោក​បន្ត​ថា ពូជ​ស្រូវ​ដែល​មាន​តម្លៃ​នៅ​ទីផ្សារ​អន្តរ​ជាតិ​សព្វ​ថ្ងៃ​នេះ មាន​ដូច​ជា ពូជ​ស្រូវ​ក្រអូប ឈ្មោះ ផ្កា​រំដួល សែន​ពិដោរ សូម៉ាលី និង​រាំង​ជ័យ​ ជាដើម លោក ភូ ពុយ បន្ថែម ៖ «លក្ខណៈ​ពូជ​នឹង​ខ្ញុំ​គិត​ថា គួរ​តែ​ប្រើ​ពូជ​ ដែល​ត្រូវ​នឹង​ទីផ្សារ ​​ហើយ​បរិមាណ​ច្រើន​ កសិករ​ធ្វើ​បាន​លុយ​ច្រើន អា​នឹង​យើង​ត្រូវ​ជំរុញ ជំរុញ​ពីរ​មុខ ឬ​បី​មុខ។ ប៉ុន្តែ ពូជ​ផ្សេង​ទៀត​ដែល​គាត់​ធ្វើ​ ចង់​មាន​ច្រើន​មុខ​ក៏​ដោយ​គាត់​ធ្វើ​ក្នុង​ចំនួន​ណា​មួយ​។ ប៉ុន្តែ ចំនួន​ដែល​ត្រូវ​ការ​ចាំបាច់​ត្រូវ​ជំរុញ​គាត់​ឲ្យ​គាត់​ខំ​ផលិត ដើម្បី​ទទួល​ទី​ផ្សារ​មួយ​ច្បាស់​លាស់ ហើយ​គាត់​ក៏​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​មួយ​របស់​​គាត់​ក៏​កើន​ជាង​មុន​ដែរ អា​ហ្នឹង​ជា​ចំណុច​សំខាន់»

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​បាន​សម្រេច​បង្កើត​ជា​សេចក្ដី​ព្រាង​មួយ​ស្ដី​អំពី​គោល​ នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ​កម្ពុជា ហើយ​​ដាក់​ជូន​ឲ្យ​ក្រសួង​កសិកម្ម សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ៕

លោក ហ៊ុន សែន សន្យា​ថា​នឹង​ស៊ើប​អង្កេត​ក្រុម​អាវ​ក្រហម​ថៃ

ដោយ គឹម ពៅ

បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​មិន​ទាន់​មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​ជួប​ជា​មួយ​និង​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ីត (Abhisit Vijajiva) កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ហាណូយ នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក៏​ដោយ។

AFP Photo

ពី​ឆ្វេង: នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)

http://flash-mp3-player.net/medias/player_mp3_maxi.swfនៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ រយៈ​ពេល ១៥​នាទី ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៧ នៅ​ទីក្រុង​ហាណូយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សន្យា​ថា កម្ពុជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​របាយ​ការណ៍​ស្ដី​អំពី​ក្រុម​អាវ​ ក្រហម​ថៃ ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មាន​ប្រសាសន៍​នៅ​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍ ប្រមុខ​រដ្ឋាភិបាល​ថៃ លោក អាភីស៊ីត វីចាជីវ៉ាក់ ដែល​ត្រូវ​គេ​ស្រង់​សំដី បាន​បញ្ជាក់​ថា លោក​បាន​ជជែក​អំពី​បញ្ហា​នេះ​ហើយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សន្យា​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​គាំទ្រ​នៅ​ពេល​ដែល​មាន​សំណើ​ជា​ផ្លូវ​ការ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញ្ញារីទ្ធិ បាន​បញ្ជាក់​បន្ថែម​អំពី​ព័ត៌មាន​នោះ​ថា ៖ «ថៃ​ក្រហម ខ្ញុំ​ឃើញ​ពី​អា​ការ​ប៉េ​មក​វិញ ថា​សម្ដេច​នឹង​ទទួល​ក្នុង​ការ​ស៊ើប​អង្កេត។ ធម្មតា នៅ​ពេល​ដែល​គេ​លើក​មក​យើង​ស៊ីប​អង្កេត​ទៅ មាន​ទាស់​អី»

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​ពិសេស​របស់​ថៃ ហៅ​កាត់​ថា ឌី​អេស​អាយ (DSI) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា មាន​សមាជិក​ក្រុម​អាវ​ក្រហម​ថៃ​មួយ​ក្រុម បាន​រត់​គេច​មក​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​ដីកា​តាម​ចាប់​របស់​តុលាការ​ថៃ ហើយ​និង​កំពុង​តែ​ហាត់​រៀន​ក្បួន​យុទ្ធ​សាស្ត្រ​យោធា​ប្រឆាំង​នឹង​ រដ្ឋាភិបាល​ថៃ​ផង​ដែរ។

ដំណឹង​នេះ ត្រូវ​បាន​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ច្រាន​ចោល​ម្តង​រួច​ទៅ​ហើយ។

ជំនួប​ក្រៅ​ផ្លូវ​ការ​រវាង​មេ​ដឹក​នាំ​ខ្មែរ និង​មេ​ដឹក​នាំ​ថៃ នៅ​ប្រទេស​វៀតណាម មិន​បាន​ជជែក​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ដូច​ការ​រំពឹង​ទុក​របស់​មន្ត្រី​ ជាន់​ខ្ពស់​ខ្មែរ ដែល​បាន​សន្យា​នៅ​មុន​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ចេក​ចេញ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ទេ។

ប្រភព​ពី​កាសែត​ដឹ​ណេ​សុន (The Nation) បាន​ឲ្យ​ដឹង​ថា លោក អាភីស៊ីត បាន​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ដោយ​បាន​រំលឹក​អំពី​ការ​ប្រឹង​ប្រែង​របស់​ថៃ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង MOU ឆ្នាំ​២០០០។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី បាន​សំដែង​ការ​ខក​ចិត្ត​ជា​ថ្មី​ចំពោះ​ការ​ពន្យារ​ពេល ក្នុង​ការ​ជជែក​អំពី​រឿង​នេះ។ លោក​អះអាង​ថា ភាគី​ថៃ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ទេ ដែល​ត្រូវ​ខាត​បង់ បើ​សិន​ជា​គេ​នៅ​តែ​ពន្យារ​ពេល​ដោះ​ស្រាយ ៖ «ដូច្នេះ យើង​ខាត​ធំ​មែនទែន បញ្ហា​ហ្នឹង។ យើង​ត្រូវ​តែ​បញ្ចប់​បញ្ហា​ព្រំដែន​ហ្នឹង ដើម្បី​ឲ្យ​ប្រមូល​ធន​ធាន​ពេល​វេលា ដើម្បី​កសាង​កម្លាំង​សេដ្ឋកិច្ច»

លោក​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ បាន​សំដែង​នូវ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សន្យា​របស់​ភាគី​ថៃ ថា​សភា​ថៃ​នឹង​ផ្ដល់​សច្ចាប័ន​ទៅ​លើ​កិច្ច​ព្រមព្រៀង ដែល​គេ​បាន​ជួប​ចរចា​គ្នា​ចំនួន​បី​លើក​រួច​មក​ហើយ ដែល​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។

គណៈកម្មការ​ព្រំដែន​ខ្មែរ-ថៃ (JBC) បាន​បង្កើត​ឡើង​ដើម្បី​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង MOU នៅ​ឆ្នាំ​២០០០ ក៏​ប៉ុន្តែ​គណៈកម្មការ​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​អាស្រ័យ​ទៅ​លើ​ការ​អនុម័ត​ ទទួល​ស្គាល់​របស់​សភា​ថៃ។

កាសែត The Nation បាន​និយាយ​ទៀត​ថា ក្រុម​សម្ពន្ធភាព​ប្រជា​ជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​ព្រមាន​ថា ពួក​គេ​នឹង​ដង្ហែ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ការ​អនុម័ត និង​ពិនិត្យ​ជា​ថ្មី​លើ​ឯកសារ JBC៕

អាជ្ញាធរ​ខេត្ត​សៀមរាប​ដាក់​កម្លាំង​​ជាង​១​ពាន់ ​នាក់​ការពារ​សន្តិសុខ ហ៊ីឡារី គ្លិនតុន

ដោយ ហង្ស សាវយុត

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រាយ​បណ្ដាក់​កម្លាំង​ការពារ​សន្តិសុខ​ជាង ១​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ និង​គោលដៅ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ការពារ​សន្តិសុខ​​​សម្រាប់​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​ សហរដ្ឋ​អាមេរិក ដែល​នឹង​អញ្ជើញ​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ។

AFP PHOTO

២២-កក្កដា-២០១០: រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ការពារសន្តិសុខ​បាន​ឲ្យ​ដឹង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពិសេស ចេញ​ពី​ប្រទេស​វៀតណាម មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​វេលា​យប់​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ ឆ្នាំ​២០១០​នេះ ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បូរាណ មុន​ពេល​ដែល​លោកស្រី​នឹង​​បន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ ភ្នំពេញ ទៀត​នោះ។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការពារ​សន្តិសុខ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​អាមេរិក ដែល​មក​កាន់​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹង​មក​ដល់​ខេត្ត​សៀមរាប នៅ​វេលា​ថ្ងៃ​នេះ ៖ «ម៉ោង ៩​យប់»

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​រូប​ទៀត នៅ​រង់ចាំ​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សហរដ្ឋ​អាមេរិក ដែល​នឹង​មក​ដល់​ទឹក​ដី​ក្រោម​ការ​គ្រប់គ្រង​​របស់​លោក។

លោក ស៊ូ ភិរិន្ទ បន្ត​ទៀត​ថា ៖ «មក​ពី​ទីក្រុង​ហាណូយ (ប្រទេស​វៀតណាម) មក តាម​យន្តហោះ​ពិសេស​របស់​គាត់ ​ចុះ​នៅ​ខេត្ត​យើង​ហ្នឹង ថ្ងៃ​៣០ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​​សៀមរាប។ ខ្ញុំ​ទៅ​ទទួល​គាត់​ជាមួយ​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ឯកឧត្តម អ៊ុច បូរិទ្ធ និង​មន្ត្រី​មួយ​ចំនួន​ទៀត»

ការ​រៀបចំ​ផែន​សន្តិសុខ​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក មក​ខេត្ត​សៀមរាប​នោះ គឺ​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រើ​​កង​កម្លាំង​ការពារ​សន្តិសុខ​រហូត​ដល់​ទៅ​ជាង ១.០០០​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្នាក់នៅ​ខេត្ត​សៀមរាប ចំនួន ២​ថ្ងៃ ដើម្បី​ទស្សនា​ប្រាសាទ​បូរាណ លោកស្រី ហ៊ីល​​​​​ឡារី គ្លិនតុន នឹង​បន្ត​ទស្សនកិច្ច​ផ្លូវការ​ទៅ​​កាន់​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​គម្រោង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ និង​ជួប​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ ដើម្បី​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក និង​មាន​គម្រោង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ព្រមទាំង​មាន​គម្រោង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​​និង​ក្រុម​និស្សិត​មួយ​ចំនួន ក៏​នឹង​ជួប​ជាមួយ​សមាជិក​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ ដែរ៕

ការ​បកប្រែ​នៅ​លើ​ហ្វេសប៊ុក​មិនទាន់​ត្រឹមត្រូវ​នៅ​ឡើយទេ!!!

ខ្ញុំ​ទើប​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក​ជា​ភាសា​ខ្មែរ គិត​ថា​ចង់​ចូលរួម​យោបល់​នឹងគេ​តែ​វា​មិន​ព្រម​ឲ្យ​សោះ ដោយ​ចេញ​សារ​ជា​ភាសា​ខ្មែរ​ហើយ​អាន​មិន​យល់​ថា​ចង់​មាន​ន័យ​យ៉ាង​ម៉េច​ទើប​ប្ដូរ​ទៅ​អង្គ្លេស​វិញ ទើ​ប​បាន​យល់ ។ ខ្ញុំ​ឆ្ងល់​ថា​ជ្រុល​ជា​បក​ហើយ ម៉េច​មិន​បក​ឲ្យ​ស្ដាប់​យក​បន្តិច​ទៅ វា​មិន​ចាំបាច់​ថា​បក​វែង​ឬ​ខ្លី​ទេ ឲ្យ​តែ​មាន​ន័យ​គ្រប់គ្រាន់​យល់​បាន ។ សូម​មើល​ខាង​ក្រោម៖

ខ្ញុំ​មិនអាច​ចូល​ទៅ​ចរចា​ក្នុង​ហ្វេសប៊ុក​បាន​ទើប​ដាក់​ប្រកាស​នេះ​ដើម្បី​ឲ្យ​គ្រប់​គ្នា​ជួយ​ពិនិត្យ​ហើយ​យក​ទៅ​ប្រាប់​ក្រុម​បកប្រែ​ក្នុង​ហ្វេសប៊ុក​តាម​ការ​គួរ​ផង​ចុះ ។

តាម​គំនិត​ខ្ញុំ យើង​គួរ​ប្រែ​បែប​នេះ​វិញ៖

ប្រសិនជា​យល់ស្រប សូម​យក​ទៅ​ពិភាក្សា​ផង​ចុះ ផ្ទុយទៅវិញ​ប្រសិនជាមិន​ស្រប សូម​រក​ការ​ប្រែសម្រួល​ណា​ឲ្យ​ល្អ​ជាង​ការ​បកប្រែ​ដែល​មាន​សព្វថ្ងៃ​ហ្នឹង​ទៅ!

ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ដី​ដែល​ ប៉ះពាល់​ពី​ការ​បោះ​បង្គោល​ព្រំដែន

ដោយ ឱ ភារិទ្ធ

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​លិខិត​តវ៉ា​ ទាមទារ​ឲ្យ​ដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដី​ប្រកប​អាជីវកម្ម​ជា​ច្រើន​ហិកតា នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​ជា​ដី​​កេរ​ពី​ដូនតា កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លោក ទូច សារឹត ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង បាន​អះអាង​ថា ដី​លោក​ប្រមាណ​មួយ​ហិកតា​កន្លះ​នៅ​​​តំបន់​ស ​បច្ចុប្បន្ន​ បន្ទាប់​ពីបាន​​បោះ​​តម្រុយ​បង្គោល​ព្រំដែន​លេខ​១០៩ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដី​របស់​គាត់​បាន​ក្លាយ​ជា​ដី​របស់​វៀតណាម​ទៅ​វិញ ធ្វើ​ឲ្យ​លោក​បាត់បង់​ដី​ធ្វើ​អាជីវកម្ម​ផ្សេងៗ។

លោក ទូច សារឹត បន្ថែម​ថា ៖ «អា​តំបន់​ស​ហ្នឹង​នៅ​ខាង​វៀតណាម​ហើយ​ឥឡូវ ​ហ្នឹង តំបន់​ស​គេ​ការពារ​តាំង​ពី​មិន​ទាន់​បោះ។ ​ឥឡូវ​នេះ​ ពេល​គេ​បោះ​​បង្គោល​ព្រំដែន​ចូល​ហួស​តំបន់​ស​ទៀត ចូល​​ដល់​ទឹក​ដី​​ប្រជាពលរដ្ឋ​តំបន់​ដំរីផុង ​ឆ្ងាយ​ពី​តំបន់​ស​ជិត ២០០​ម៉ែត្រ…»។

អ្នកស្រី ហាវ ឈឿន ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ដែរ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ដី​ដាំ​ដើម​ស្វាយចន្ទី​ចំនួន​ពីរ​ហិកតា​នៅ​ក្បែរ​តំបន់​ស ដែល​កាល​ពី ៥​ឆ្នាំ​មុន​វៀតណាម​តែងតែ​​ដេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ស្រែ​ចម្កា​ទេ តែ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​បោះ​បង្គោល​ព្រំដែន​ចំ​ដី​អ្នកស្រី​ទាំង​អស់។

អ្នកស្រី ហាវ ឈឿន ឲ្យ​ដឹង​ទៀត​ថា ៖ «ជាប់​តំបន់​ស ៥០​ម៉ែត្រ ពី​តំបន់​ស​មក​ចម្ការ​ខ្ញុំ ឥឡូវ​ហ្នឹង​គេ​ឡើង​មក ២០០​ម៉ែត្រ​ពី​លើ​ហ្នឹង​តែម្ដង។ គេ​ដាក់​ហើយ​បង្គោល​ឈើ​លេខ​១០៩ គេ​ដាក់​វៀតណាម​ម្ខាង កម្ពុជា​ម្ខាង។ ខ្ញុំ​បារម្ភ ពិបាក​ចិត្ត ​អស់​ដី​អស់​ធ្លី គ្មាន​អី​ឲ្យ​កូន​ចៅ​ហូប​ទេ។ ដី​ខ្ញុំ​នៅ​ខាង​ត្បូង​បង្គោល​​ចូល​ទៅ​ខាង​យួន​ហ្នឹង។ ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ហ្នឹង​ខ្ញុំ​បាន​ធ្វើ​វិញ​ផង»

លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម បាន​បំភ្លឺ​ពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា យើង​គោរព​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ទទួល​ស្គាល់​ផែនទី​ដែល​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ ដូច​ការ​បោះ​បង្គោល​លេខ​៩៥ ដី​វៀតណាម មាន​ចូល​មក​ខាង​យើង ហើយ​គេ​បាន​កាប់​ចេញ​ជា​ច្រើន​ហិកតា ឯ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​យើង​មិន​ដេញ​ទៅ​ណា​ទេ។

លោក ហ៊ុន ណេង មាន​ប្រសាសន៍​ទៀត​ថា ៖ «ទី​មួយ​យើង​គោរព​រដ្ឋធម្មនុញ្ញ​ របស់​យើង ​ក្នុង​ទឹក​ដី​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា ហើយ​យើង​ទទួល​ស្គាល់​ផែនទី ១/១០០.០០០ ដែល​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ អ៊ីចឹង​ខេត្ត​កំពង់ចាម វា​មាន​ថ្នល់​ជាតិ​លេខ​៧ វា​គ្មាន​អ្នក​ណា​លើក​ថ្នល់​ចេញ​បាន​ទេ បើ​ឆ្ងល់​ច្រើន​ទាញ​ខ្សែ​វាស់​មក ប៉ុន្តែ​ឥឡូវ​នេះ​យើង​បោះ​ទៅ​តាម​ហ្នឹង ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ប្រទេស​ទាំង​ពីរ យើង​អនុវត្ត​​ទៅ​តាម​ច្បាប់ យើង​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ»

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​ថា គណៈកម្មការ​បាន​ទៅ​បោះ​តម្រុយ​ព្រំដែន បើ​ធ្វើ​ឲ្យ​បាត់​ដី​របស់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​គណៈកម្មការ​បង្ហាញ​និយាមកា​​ពិត​ប្រាកដ។

លោក ម៉ៅ មុនីវណ្ណ បន្ត​ថា ៖ «បើ​ផ្ទៃ​ដី​ស្រុក​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ការ៉េ យើង​ប្រាប់​និយាមកា​មក គេ​យក​ទៅ​ដាក់​ក្នុង​ផែនទី​ទៅ​ឃើញ​ហើយ​ថា បង្គោល​​ព្រំដែន​ហ្នឹង​​វា​រត់​នៅ​លើ​បង្គោល​ព្រំដែន​ពិត​ប្រាកដ​មែន បើ​សិន​ជា​រត់​លើ​បង្គោល​ព្រំដែន ហើយ​វា​បាត់​បង់​ដី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​រក​ដី​សម្បទាន​កន្លែង​ណា​មួយ​យក​មក​ជូន​ប្រជាពលរដ្ឋ​ បង្កបង្កើន​ផល ដើម្បី​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​ជីវិត​ទៅ​អនាគត»

លោក ម៉ៅ មុនីវណ្ណ បាន​បន្ថែម​ថា រាល់​ការ​បោះ​បង្គោល​ព្រំដែន ប្រមុខ​រដ្ឋាភិបាល​តែងតែ​អះអាង​ថ្វាយ​ព្រះមហាក្សត្រ​ថា ពុំ​មាន​ការ​បាត់បង់​ដី​ឡើយ តែ​លោក​តែងតែ​ទទួល​បាន​ពាក្យ​តវ៉ា​ជានិច្ច​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ ព្រំដែន បន្ទាប់​ពី​មាន​ការ​បោះ​បង្គោល ឬ​តម្រុយ​ព្រំដែន៕

តើ​ទេសចរណ៍​ដែល​មាន​ការ​ទទួលខុសត្រូវ​ជា​អ្វី?

តើ​ទេសចរណ៍​ដែល​មាន​ការ​ទទួលខុសត្រូវ​ជា​អ្វី? What is the Responsible Tourism? ថ្ងៃ​នេះ​បាន​ទៅ​ចូលរួម​សិក្ឋាសាលា​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​មួយ​នៅ​ខេត្ត​សៀមរាប ។ គេ​បាន​ដាក់​សំណួរ​ដូច​មាន​នៅ​ខាង​លើ​ស្រាប់​ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​ផ្ដល់​និយមន័យ ។ តើ​អ្នក​គិត​និង​យល់​យ៉ាងណា​ដែរ​ចំពោះ​អត្ថន័យ​របស់​វា?

មូលហេតុ​អ្វី​ទើប​ចាស់ៗ​ចូលចិត្ត​ជេរ​កូនថា…..?

មូលហេតុ​អ្វី​បាន​ជា​ចាស់ៗ​ចូលចិត្ត​ជេរ​កូន​ថា “មីក្យួន អាក្យួន” ពេល​ដែល​ក្មេង​ហ្នឹង​កាច ឆ្នាស់ កំណាញ់ និង​លោភលន់​ដណ្ដើម​អ្នក​ដទៃ? ហេតុអ្វី​មិន​ជេរ​ថា “អាក្សៀម មីក្សៀម” ផង​ទៅ?

តើ​ផ្លែឈើ​អ្វី​ដែល​យើង​ញ៉ាំ​តែ​សម្បក?

ល្ងាចមិញ​ដើរ​កាត់​ផ្សារ​បាន​ឮ​ក្រុម​ណូគា​គេ​កំពុង​ឃោសនា​ទូរស័ព្ទ​ម៉ាក Nokia C3 ហ្នឹង​សួរ​សំណួរ​ថា “តើ​ផ្លែឈើ​អ្វី​ដែល​យើង​ញ៉ាំ​តែ​សម្បក?” អត់​មាន​នរណា​ម្នាក់​ឆ្លើយ​ត្រូវ​ទេ ខ្លះ​ថា​ម៉ាក់ប្រេងម៉ាក់ប្រាង ខ្លះ​ថា​ព្រីង ។ល។ ខ្ញុំ​ក៏​អត់​ដឹង​ដែរ ។ តើ​បងប្អូន​ណា​អាច​ឆ្លើយ​បាន?

បំណកប្រែ​របស់​ក្រុមហ៊ុន​Microsoftមិន​ត្រឹមត្រូវ​ទេ!!!!!!!!!!!!

ភាសា​ខ្មែរ​នៅ​ក្នុង​វីសដូស៍​វីស្តា​និង​​៧ មិន​មាន​ភាព​ត្រឹម​ត្រូវ​ទេ ។ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​អ្នក​បញ្ចូល​ទិន្នន័យ​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទាំង​ពីរ​ហ្នឹង! ពាក្យ​”សឺមី​”ហ្នឹង​ខ្ញុំ​ដូច​មិន​សូវ​គាំទ្រ​ប៉ុន្មាន​ទេ ។ ខ្ញុំ​គាំទ្រ​ពាក្យ​ដែល​ប្រើ​ក្នុង​លីនុច​ជាង ហើយ​ពាក្យ​ដែល​ប្រែ​ដោយ​ក្រុម​ខ្មែរ​អូអែស​ដូច​ជា​ស្រួល​យល់​ជាង​សម្រាប់​ខ្ញុំ ។ ចូរ​មើល​កំហុសឆ្គង​មួយ​ចំនួន​ដែល​មាន​ក្នុង Windows7:

Empty Recycle Bin :គួរតែ​ប្រែ​ថា “ជម្រះ​ធុង​សម្រាម​” វិញ​ទៅ​ទេ​ដឹង?

“ផ្សេងទៀត” គេ​សរសេរ “ផ្សេងទឿត”

ខ្ញុំ​គាំទ្រ​ណាស់​ដែល​មាន​ភាសា​ជាតិ​ខ្លួន​ក្នុង​កុំព្យូទ័រ​តែ​ប្រសិនជា​ប្រែ​មក​ដូច​ក្មេងលេង​អ៊‍ីចឹង​ដដែល មិន​បាច់​ធ្វើ​វិញ​វា​ល្អ​ជាង ។

អាជ្ញាធរ​ក្រុង​សៀមរាប​បិទ​មិន​ឲ្យ​លក់​សាំង​តាម​ចិញ្ចើម​ថ្នល់!

ជួ​យគិត​គ្នា​បន្តិច នៅ​ខេត្ត​សៀមរាប​អាជ្ញាធរ​បាន​បិទ​មិន​ឲ្យ​មាន​លក់​សាំង​ដប​តាម​ចិញ្ចើម​ថ្នល់​ឬ​នៅ​ត្រង់​ណា​ក៏ដោយ ។ ខ្ញុំ​យល់ថា​វា​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ​ដែល​គាត់​ស៊ី​តិចតួច​គ្រាន់​បំពេញ​ក្រពះ​គាត់​ហ្នឹង​ច្រើន​ណាស់ ។ អាជ្ញាធរ​បាន​ព្រមាន​ថា ប្រសិនជា​ឃើញ​មាន​លក់ គេ​នឹង​ដក​ទាំងសាំង​ថែមទាំង​ចាប់​អ្នកលក់​ទៅ​ពិន័យ​ណែនាំ​ទៀត ។ អ្នក​ប្រើ​ម៉ូតូ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ទេ ព្រោះ​ពួកគេ​ពិបាក​រក​កន្លែង​ចាក់ និង​មួយ​ទៀត អ្នក​រត់​ម៉ូតូឌុប​គាត់​រអ៊ូ​ថា​សាំង​នៅ​ស្ថានីយ៍​ថ្លៃ​ធ្វើ​ពួកគាត់​រក​កម្រៃ​មិន​បាន ។ តើ​នៅ​ខេត្ត​ផ្សេង​និង​ភ្នំពេញ​ដូច​គ្នា​ឬ​អត់? គេ​ថា​ខ្លាច​ផ្ទះ​កើត​អគ្គីភ័យ​ដូច​នៅ​ភ្នំពេញ​លើក​មុន​ផ្ទុះ​ឡាន​ដឹក​ប្រេង​ហ្នឹង ។ តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា?

តើ​យើង​អាច​កែ​ពី​ហៅ​ថា ប៉ូលីស មក​ជា​នគរបាល​ឬ​តម្រួត​បាន​ឬ​អត់?

តាម​សិលាចារឹក​បាន​កត់ត្រា​ពាក្យ តម្រួត (តែ​សរសេរ​ជា តម្រួច) នេះ​នៅ​ខ្លោងទ្វារ​ចូល​ប្រាសាទ​វិមានអាកាស ។ សៀម​បាន​ខ្ចី​ពាក្យ​នេះ​ទៅ​ប្រើ​ដោយ​សរសេរ​តាម​សំណេរ​ខ្មែរ​ទាំង​អស់​តែ​អាន​ថា “តាំរួត” ។ ខ្ញុំ​ធ្លាប់​ប្រើ​ពាក្យ​នេះ​កាល​ពី​មុន ហើយ​ក្រោយ​មក​ប្ដូរ​មក​ជា​ “នគរបាល​” តាម​គេ តែ​ថ្មី​នេះ​ត្រូវ​ដូរ​តាម​គេ​មក​ជា​ “ប៉ូលីស​” ទៀត ។ តើ​យើង​អាច​ដូរ​ទៅ​ពាក្យ “តម្រួត” ឬ “នគរបាល” ហ្នឹង​វិញ​បានទេ?

សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ (ត​ចប់)

សង្គ្រាម​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត ។ ពួក​បិសាច​បាន​សម្ដែង​ឫទ្ធិ​ដំឡើង​កាយ​ធំ​ប៉ុនៗ​ភ្នំ មាន​ជិះ​រាជសីហ៍ ដំរី ខ្លា ដៃ​កាន់​អាវុធ​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ។ ព្យោមា​ស្រែក​សន្ទាប់​ស្ទើរ​រញ្ជួយ​ត្រៃភព​ កក្រើក​ភ្នំព្រះសុមេរុ បណ្ដាល​ឲ្យ​នាគ​នៅ​ខាង​ក្រោម​ភ្នំ​ហោះ​ចេញ​មក​ព័ទ្ធព័ន្ធ​ទ័ព​បិសាច​របស់​ព្រះវិស្ណុ ។

កាល​នោះ​ គ្រុឌ ដែល​ជា​​​​​ជំនិះ​ដ៏​អស្ចារ្យ​របស់​ព្រះវិស្ណុ​បាន​យល់​ស្មាន​ថា ពួក​យក្ស​ប្រើ​នាគ​មក​ច្បាំង ក៏​ទទះ​ស្លាប​ស្រែក​ហៅ​គ្នីគ្នា​ឲ្យ​ចេញ​មក​ពី​ត្របក​ខាង​ក្រោម​នៃ​ផ្កាឈូក​ពិភព​ ហោះ​សំដៅ​ចំណី​ដ៏​ឆ្ងាញ់​របស់​ខ្លួន ។ ព្រះវិស្ណុ​ផ្លុំ​ស័ង្ខ​លាន់ឮ​គ្រលួច​បណ្ដាល​ឲ្យ​កងពល​ទាំង​សងខាង​ភ័ន្តភាំង​ស្មារតី ជាមួយ​គ្នា​នោះ ទ្រង់​ក៏​លែង​កងចក្រ​ឲ្យ​ទៅ​ប្រហារ​ពួក​យក្ស​ តែ​កងចក្រ​របស់​ទ្រង់​បាន​ក្លាយ​ជា​​កម្រង​ផ្កា​ដ៏​ស្អាត​សម្រាប់​អសុរ​ទាំង​បី​ទៅ​វិញ ។ អស់​ចំណេះ ព្រះវិស្ណុ​ក៏​ប្រមូល​ទ័ព​ឲ្យ​ចូល​នគរ​វិញ ។

ព្រះវិស្ណុ​បាន​ទូល​ប្រាប់​ព្រះឥន្ទ្រ​ថា៖ សញ្ញា ឧម ដែល​នៅ​ឰដ៏​ថ្ងាស​នៃ​មហា​យក្ស​ទាំង​បី ជា​សញ្ញា​សម្រាប់​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា ពួក​អសុរ​ជា​សិវៈ​សាសនិក ។ វា​គោរព​ព្រះសិវៈ​ណាស់​ បើ​ចង់​ឈ្នះ​វា​ យើង​ត្រូវ​រក​មធ្យោបាយ​អ្វី​មួយ​ដើម្បី​ទាញ​ជំនឿ​វា​ឲ្យ​ឈប់​មាន​ទៅ​លើ​ព្រះសិវៈ​ទៀត​ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​ពួក​យក្ស​ឈប់​ជឿ​ព្រះសិវៈ​ទើប​យើង​អាច​ធ្វើ​សង្គ្រាម​ឈ្នះ​វា !” ។ ពោល​ហើយ​ព្រះវិស្ណុ​ក៏​ជប​មនុស្ស​ម្នាក់ (ព្រះ​កាម​ទេព​ឬ​កាមា) រួច​ទ្រង់​បញ្ជា​ឲ្យ​ជន​នោះ​ធ្វើ​ដំណើរ​ជាមួយ​មហាឫសី​មួយ​អង្គ​ឈ្មោះ នារទ ទៅ​កាន់​វិមាន​អណ្ដែត​នៃ​ពិភព​ត្រី​បុរី ។ ឫសី​ នារទ ប្រើ​មធ្យោបាយ​ដ៏​ប៉ិនប្រសប់​បំផុត​​ក្នុង​ការ​បង្វែរ​សតិ​ពួក​អសុរ​ឲ្យ​ផ្លាស់ប្ដូរ​ជំនឿ​ទៅ​លើ​ព្រះសិវៈ ​ព្រម​ទាំង​​ពន្យល់​ថា ទ្រឹស្ដី​គម្ពីរ​វេទ​ទាំង​ប៉ុន្មាន​សុទ្ធតែ​ខុស​ ពុំ​ត្រឹមត្រូវ​ឡើយ ។នារទ ពន្យល់​យក្ស​ឲ្យ​ជឿ​ថា ជីវិត​ទៅ​អនាគត​ក៏​គ្មាន​ដែរ ហើយ​វត្ថុ​គ្រប់​បែបយ៉ាង​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សាបសូន្យ​ទាំងអស់! ។ល។ ពួក​អសុរ​ក្រោយ​ពី​បាន​ជឿ​ស៊ុប​ទៅ​លើ​ការ​ឃោសនា​របស់​ឥសី​ នារទ និង (មនុស្ស​​ជប​របស់​ព្រះវិស្ណុ) តំណាង​ព្រះ​កាមទេព ក៏​នាំ​គ្នា​សេព​មេថុន​ពាសពេញ​ទី​កន្លែង​ទាំងអស់ ។ មនុស្ស​ជប​បាន​ដើរ​រួម​សំវាស​ជាមួយ​ស្ត្រី​ទាំងឡាយ​នៅ​ត្រី​បុរី​រហូត​បណ្ដាល​ឲ្យ​ស្ត្រី​ទាំងអស់​ឈ្លក់​នឹង​កាមគុណ​​ ឈប់​គោរព​ព្រះ​សិវៈ ។ មិនតែប៉ុណ្ណោះ​សោត សិវលិង្គ ដែល​ជា​និមិត្តរូប​ព្រះសិវៈ ត្រូវ​ស្ត្រី​ទាំង​នោះ​យក​ជា​គ្រឿង​បម្រើ​កាមគុណ​របស់​ខ្លួន​ដែរ ។

លុះ​បាន​ដឹង​ថា​ពួក​អសុរ​ចុះ​ទៅ​ក្នុង​ភាព​ឱន​ខ្សោយ​ហើយ ​​​ព្រះវិស្ណុ​និង​ព្រះឥន្ទ្រ​ក៏​យាង​ទៅ​ក្រាបទូល​ព្រះសិវៈ​នៅ​ឯ​ភ្នំ ​កៃលាស

ដល់​ហើយ​កំពូល​អាទិទេព​ទាំង​ពីរ​អង្គ ​ក៏​បាន​ទូល​ពី​ភាព​មិន​បរិសុទ្ធ​នៃ​ផែនដី​ ពី​សង្គ្រាម​រវាង​ទេវ​នឹង​អសុរ​​នៅ​ត្រី​បុរី​ ព្រមទាំង​ទូល​ពី​សេចក្ដី​ប្រមាថ​របស់​ពួក​អសុរ​និង​ស្រីៗ​នៅ​នគរ​ត្រី​បុរី​ចំពោះ​សិវលិង្គ ។

ព្រះសិវៈ​កំពូល​អាទិទេព «ត្រី​នេត្រ» ក្រោយ​ដែល​បាន​ទ្រង់​ព្រះ​សណ្ដាប់​​នូវ​ពាក្យពេចន៍​​របស់​ទេវ​សព្វ​ប្រការ​ហើយ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ថា៖

យើង​នឹង​ចេញ​ទៅ​ដាក់​ទណ្ឌកម្ម​​ដល់​មហាយក្ស​នៃ​វិមាន​អណ្ដែត​ឲ្យ​សម​នឹង កំហុស​របស់​ពួក​វា! ។ តែ​ឥឡូវ​នេះ ដោយសារ​យើង​កំពុង​ធ្វើ​តបធម៌ ហើយ​ម្យ៉ាង​ទៀត ស្បែក​ម្រឹគ​ដែល​ហ៊ុមព័ទ្ធ​កាយ​របស់​​យើង​ជា​សក្ខីភាព​នៃ​សេចក្ដី​ស្ងប់​នោះ ពុំ​ព្រម​ឲ្យ​យើង ដាក់​ទណ្ឌកម្ម​​ឬ​ធ្វើ​សង្គ្រាម​ជាមួយ​សិវ​សាសនិក​ឡើយ! ។ យើង​ចង់​ចេញ​ទៅ​ជួយ​ដោះ ទុក្ខ ពិភពលោក​និង​ឋានសួគ៌​ណាស់​ តែ​យើង​គ្មាន​ព្រះរាជ​រថ​និង​គ្រឿង​អាវុធ​សោះ

ពេល​នោះ​ ព្រះធរណី​​ក៏​ចូល​បង្គំ​សុំ​ទទួល​ខ្លួន​ស្ម័គ្រ​ធ្វើ​​ជា​រាជ​រថ​​ជូន​ព្រះអង្គ ។ ព្រះអាទិត្យ​និង​ព្រះចន្ទ​ស្ម័គ្រ​ធ្វើ​ជា​កង់​រាជរថ​ គម្ពីរ​វេទ​ធ្វើ​ជា​សេះ​ទាញ​រាជរថ ភ្នំព្រះសុមេរុ ពស់​ឈ្មោះ «វាសុកិ» ដែល​ធ្លាប់​ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​ការ​កូរ​​យក​ទឹក​អម្រឹត​ម្ដង​មក​ហើយ ព្រមទាំង​ព្រះវិស្ណុ​ដែល​ជា​អាទិទេព​ទ្រទ្រង់​លោក​នោះ​ ក៏​បាន​ស្រុះស្រួល​គ្នា​ក្លែង​ភេទ​ជា ​ធ្នូ ខ្សែ​ និង​ព្រួញ​ ថ្វាយ​ព្រះសិវៈ ។ ឯ​ចំណែក​ទេព្ដា​ដទៃ​ទៀត​​​ក៏​បាន​ប្រែ​ព្រះ​កាយ​ជា​អាវុធ​ផ្សេងៗ​សម្រាប់​ព្រះសិវៈ​ដែរ ។

ព្រះសិវៈ កាល​ទ្រង់​ប្រដាប់​ដោយ​អាវុធ​គ្រប់គ្រាន់​ហើយ ក៏​ឡើង​គង់​លើ​ព្រះ​រាជ​រថ​ ។ ព្រះអង្គ​ទត​ឃើញ​អសុរ​នៃ​វិមាន​ត្រី​បុរី​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ទ្រង់ ព្រះ​អាទិទេព​ស្ដេច​នៃ​​ពិធី «យោគ » ទ្រង់​អាក់អន់​ព្រះទ័យ​ជា​ខ្លាំង ។

ព្រះសិវៈ​ទ្រង់​ទត​ឃើញ​ព្រះ​រាជវាំង​មាស ប្រាក់ និង​ដែក ដែល​កើត​ដោយ​ការ​និម្មិត​សឹង​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​សេព​មេថុនធម្ម ។ ម្យ៉ាង​ទៀត​ទ្រង់​ទត​ឃើញ​ប្រឡាយ​ទឹក​ដែល​ជា​ហូរ​ជា​ស្ទឹង​សុទ្ធសឹងតែ​ជា​ទឹក​កាម ដែល​ស្ត្រី​ៗ​​ទាំងឡាយ​នាំ​គ្នា​ធ្វើ «សិវរាត្រី» ទៅ​លើ​លិង្គ​ដែល​ជា​និមិត្តរូប​របស់​ព្រះអង្គ​ផ្ទាល់ ។

គេ​មិន​អាច​យល់​ពី​ព្រះទ័យ​របស់​ព្រះអង្គ​នៅ​ពេល​នោះ​បាន​ឡើយ ។ ព្រះអាទិទេព​ត្រី​នេត្រ​ញញឹម​ចំអក​ចំពោះ​ភាព​អពមង្គល​នេះ ។ រំពេច​នោះ​ស្រាប់តែ​វិមាន​ទាំង​បី​របស់​យក្ស​ឆេះ​ខ្ទេចខ្ទី​អស់​ ។ ព្រះសិវៈ​បាន​ថ្លែង​សរ​ដែល​ព្រះ​វិស្ណុ​និម្មិត​ព្រះ​កាយ​រម្លាយ​​យក្ស​ត្រី​បុរី​និង​វិមាន​ទិព្វ​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អសុរ​​​ទាំង​បី​ដែល​ភ្លេចភ្លាំង​វង្វេង​សតិ​របស់​ខ្លួន​ទៅ​ហើយ​នោះ បាន​ខំ​ប្រឹង​សម្ដែង​​ឫទ្ធិ​ធំ​ស្កឹមស្កៃ ។ វា​មើល​ឃើញ​រាជរថ​របស់​ព្រះសិវៈ​ប៉ុន​សត្វ​រុយ អសុរ​ក៏​ហា​មាត់​លេប​ចូល​ទៅ​ក្នុង​ពោះ​វា ។ រថ​ព្រះសិវៈ​ភ្លឺ​ដូច​គ្រាប់​ពេជ្រ​ បាន​ក្លាយ​ទៅ​ជា​តំណក់​ទឹក​អម្រឹត​រសាត់​ទៅ​ទម្លុះ​ទម្លាយ​រាងកាយ​យក្ស​ឲ្យ​ដាច់​ជា​កំណាត់​​ៗ​ហើយ​រលាយ​ជា​ខ្យល់​រសាត់​បាត់​អស់​ទៅ ។

ពេលនោះ ទេវ​ទាំងអស់​ក៏​ប្រែ​ព្រះ​កាយ​មក​ជា​ធម្មតា​វិញ​ ហើយ​មួយ​អង្គ​​ៗ​មាន​សេចក្ដី​រីករាយ​ឥត​ឧបមា ។ តែ​ផ្ទុយ​ទៅ​វិញ ទេវ​ទាំង​អស់​បាន​ឃើញ​ឫសី​ នារទ និង​ព្រះ «កាមា» ដែល​បាន​ទៅ​បោក​បញ្ឆោត​យក្ស​ឲ្យ​ដើរ​ខុស​ផ្លូវ​សាសនា​កំពុង​ត្រូវ​ភ្នំ​មួយ​សង្កត់​ពី​លើ​ជាប់ ។

ឃើញ​ដូច្នេះ ព្រះសិវៈ​ក៏​មាន​ព្រះ​បន្ទូល​ថា៖

អ្នក​ដែល​បាន​បោក​បញ្ឆោត​ជន​ដទៃ​ឲ្យ​ឈប់​គោរព​យើង ជា​អំពើ​បាប​ធ្ងន់​ណាស់ បើ​​ចង់​ឲ្យ​រួច​ពី​ទុក្ខ​ទោស​ទាំងអស់​នេះ​ ត្រូវ​អ្នក​នាំ​គ្នា​ទៅ​កាន់​ កញ្ជី​បុរី​ ហើយ​សាង សិវលិង្គ​គោរព​បូជា​ឲ្យ​បាន​ហ្មត់ចត់​ អ្នក​នឹង​បាន​រួច​ចាក​ពី​ទុក្ខទោស​នេះ​មិន​ខាន ។

ពោល​ហើយ​ព្រះសិវៈ​ក៏​ភៀស​ព្រះអង្គ​បាត់​ទៅ ឯ​ចំណែក​ឫសី​ នារទ​ និង​​កាមទេព​ ដោយ​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​​​ដ៏​ធ្ងន់ធ្ងរ​នេះ​ក៏​នាំ​គ្នា​យាង​ទៅ​កញ្ជី​បុរី ។ ដល់​ហើយ​គេ​នាំ​គ្នា​សាង​ព្រះវិហារ​មួយ​ព្រមទាំង​តម្កល់​សិវលិង្គ​គោរព​រាល់​ថ្ងៃ ។ គេ​បាន​ប្រសិទ្ធិនាម​ទី​នោះ​ថា «កៃលាស​នាថ» (ម្ចាស់​ភ្នំ​កៃលាស) ហើយ​ឲ្យ​ឈ្មោះ​អាស្រម​នៅ​កញ្ជី​បុរី​ថា​ភ្នំ «ភ្នំ​សំឡី» ព្រោះ​ក្រោយ​ដែល​បាន​កសាង​សិវលិង្គ​រួច​​ ភ្នំ​ដែល​សង្កត់​លើ​ព្រះ​កេស​ឫសី​ នារទ និង​​ព្រះ​កាមទេព បាន​ស្រាល​ដូច​សម្លី​ទៅ​វិញ ។ ក្រោយ​ពី​បាន​បំពេញ​តបធម៌​យ៉ាង​តឹងរ៉ឹង​ជាទី​បំផុត​ ព្រះសិវៈ​ក៏​បាន​បង្ហាញ​ព្រះអង្គ​​ដល់​​ជន​រងគ្រោះ​​ទាំង​ពីរ​អង្គ ។ កាលនោះ​ ឫសី​នារទ និង​ព្រះ​កាមទេព​ បាន​សារភាព​ពី​កំហុស​ដែល​ខ្លួន​បាន​លះបង់​ពី​ជំនឿ​ទៅ​លើ​ព្រះអង្គ​ ហើយ​បាន​សុំ​ឲ្យ​ព្រះសិវៈ​ព្រះរាជទាន​ទោស​ដល់​ពួកគេ​ទាំង​ពីរ​​​ផង ។

ព្រះសិវៈ​មាន​ព្រះបន្ទូល​ថា៖

បុគ្គល​ណា​បាន​បោក​បញ្ឆោត​សិវ​សាសនិក​ឲ្យ​ចេញ​ពី​សុ​មាគ៌ា​របស់​គេ​ ត្រូវ​មាន ទោស​ធ្ងន់ ណាស់ ! ប៉ុន្តែ​ដោយ​អ្នក​ទាំង​ពីរ​បាន​មក​ដល់​ក្រុង​កញ្ជី​បុរី​ដែល​ជា កន្លែង ពិសិដ្ឋ​ហើយ​ អំពើ បាប​នឹង​បាន​ធូរស្រាល​ខ្លះ តែ​ស្រម​អឺយ! (ពាក្យ​ហៅ អ្នក​តាំង​តបធម៌​ក្នុង​អាស្រម) បើ​អ្នក​ចង់​រួច ជ្រះស្រឡះ​​ពី​បាប នោះ​អ្នក​ត្រូវ ចាប់​កំណើត​ជា​ច្រើន​ដង! ឥឡូវ​នេះ ដោយ យើង​ពេញចិត្ត​នឹង​តបធម៌​របស់​អ្នក យើង​​​នឹង​សម្រាល​ទោស​អ្នក​ទៀត យើង​នឹង​ធ្វើ​ទ្វារ​ព្រះវិហារ​នេះ​ឲ្យ​ក្លាយ​​ទៅ​ជា តូច​ ។ ចូរ​អ្នក​ចូល​តាម​ទ្វារ​ធំ​ ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​​ព្រះវិហារ ​​រួច​ចេញ​តាម​ទ្វារ​ម្ខាង ទៀត ។ ការ​ធ្វើ​យ៉ាង​នេះ​ម្ដង អាច​ធ្វើ​ឲ្យ​អ្នក​រួច​ផុត​ពី​​ការ​​ចាប់​កំណើត​និង​ការ​ស្លាប់ ម្ដង​ដែរ ។ ចូរ​អ្នក​ចូល​ទៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ឲ្យ​បាន​​ច្រើន​ដង​តាម​ចិត្ត​អ្នក​ចង់ ។

កិច្ច​វត្ត​នេះ បើ​អ្នក​ប្រព្រឹត្ត​បាន​យ៉ាង​ត្រឹមត្រូវ យើង​យល់​ថា​ អ្នក​នឹង​បាន​ជ្រះ​ស្រឡះ អស់​កម្ម​ ព្រមទាំង​បាន​ឡើង​ទៅ​កាន់​ឋានសួគ៌​វិញ​មិន​ខាន!

មហាឫសី​នារទ​និង​ព្រះ​កាមទេព​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​មាគ៌ា​តបៈ​​អស់​កាល​ជា​យូរ​ឆ្នាំ រហូត ទាល់​តែ​ព្រះសិវៈ​ប្រទាន​ពរ​ឲ្យ​ពួក​គេ​បាន​ត្រឡប់​ទៅ​កាន់​ឋានសួគ៌​វិញ​ដោយ​សុវត្ថិភាព៚

ហេតុ​អ្វី​គេ​មិន​គោរព​ថ្ងៃ​២៣​តុលា នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស?

មាន​សំណួរ​ជា​ច្រើ​ន​បាន​លើកឡើង​អំពី​បញ្ហា​នេះ តែ​ចម្លើយ​វិញ​ត្រូវ​បាន​ឆ្លើយ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ភាព​សុក្រិត​ទេ ។ លោក​ជៀម​យាប និយាយ​ថា ប្រសិនជា​គ្មាន​ថ្ងៃ​៧​មករា​ទេ ពួក​យើង​ក៏​មិន​អាច​រស់​បាន​ដែរ ។ អ្នក​ស្រី​ភង់ ឈីវ​កិច និយាយ​ថា​ថ្ងៃ​២៣ តុលា​សំខាន់​ជាង ព្រោះ​វា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​និង​បង្រួបបង្រួម​ប្រទេស​ឡើង​វិញ ។ សម្រាប់​ខ្ញុំ​វិញ ប្រសិនជា​គ្មាន​ថ្ងៃ​២៣ តុលា​ទេ កងទ័ព​យួន​កុម្មុយនិស្ត​មិន​ព្រម​ដក​ចេញ​ដាច់​ខាត​ហើយ ។ ៧​មករា​សំខាន់​ហើយ តែ​នាំ​យួន​ចូល​ស្រុក នេះ​ជា​តថភាព អត់​មាន​និយាយ​បំផ្លើស​ទេ ។ សួរ​មិត្ត​យើង​វិញ​តើ​យល់​យ៉ាង​ម៉េច​ដែរ? (សូម​បញ្ជាក់​ថា នេះ​ទស្សនៈ​ខ្ញុំ​ដែល​អព្យាក្រឹត មិន​មាន​និន្នាការ​ខាង​ណា​ទេ ពេញ​ចិត្ត​សម្រាប់​អ្វី​យើង​មាន​រាល់​ថ្ងៃ តែ​ចង់​វែកញែក​ការ​ពិត​កុំ​ឲ្យ​គេ​លាប​ពណ៌​ច្រឡំ​គ្នា​អស់​ចឹង) ។

ទៅ​ព្រែកទាល់​ថ្ងៃ​នេះ!

សួស្ដី​អ្នក​ភូមិ​យើង! ថ្ងៃ​នេះ​ចូល​យឺត​បន្តិច​ហើយ​ដោយសារ​រវល់​នាំ​ក្រុម​កម្មសិក្សាការី​មក​ពី​សាលា​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ទៅ​សិក្សា​អំពី​បរិស្ថាន​និង​ផល​ប៉ះពាល់​ទៅ​បរិស្ថាន​នៃ​បឹង​ទន្លេសាប​ព្រមទាំង​ក្រុម​កុមារា​កុមារី​នៃ​បឋមសិក្សា​ក្នុង​ភូមិ​ព្រែកទាល់​ទៅ​អប់រំ​អំពី​បរិស្ថាន​និង​ជីវិត​សត្វ​ព្រៃ​ព្រមទាំង​ផលប្រយោជន៍​នៃ​ការ​ថែទាំ​បរិស្ថាន​ទាំង​មូល ។ វា​ពិត​ជា​ទទួល​បាន​ជោគជ័យ​សម្រាប់​បេសកកម្ម​ខ្ញុំ​ថ្ងៃ​នេះ​ដោយ​ទទួល​បាន​ការ​វាយតម្លៃ​និង​ពេញចិត្ត​ជា​ខ្លាំង​ពី​សំណាក់​គ្រូ​បរទេស​ក៏ដូចជា​អ្នក​សម្របសម្រួល​ជនជាតិ​ខ្មែរ​យើង​ព្រមទាំង​អ្នកគ្រូ​តាម​ការ​វាយតម្លៃ​លើ​ក្រដាស​ស្ទង់មតិជា​សម្ងាត់ ។ សូម​មើល​រូប​ភាព​ខាង​ក្រោម៖

សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ (ភាគ​បន្ត)

ដោយ​ធន់​ទ្រាំ​​នឹង​ភាព​អពមង្គល​ក្រខ្វក់​តទៅទៀត​ពុំ​បាន ព្រះ​នាង​​ធរណី​ក៏​ហោះ​ទៅ​កាន់​ទេវស្ថាន​នៃ​ស្ដេច​ទេវតា ទូល​សូម​ឲ្យ​ព្រះអង្គ​ជួយ​សម្រាល​ទុក​របស់​ព្រះនាង ។ ព្រះឥន្ទ្រ​ក្រោយ​ដែល​បាន​ស្ដាប់​ពាក្យបណ្ដឹង​របស់​ទេពធីតា​ធរណី​ហើយ ក៏​មាន​ព្រះទ័យ​ក្ដៅក្រហាយ​ព្រះទ័យ​ជាមួយ​ស្ដេច​យក្ស​​ដែល​បាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​បណ្ដាល​ឲ្យ​ចលាចល​ពេញ​ផ្ទៃ​ដី ព្រមទាំង​ឲ្យ​ពួក​ទេព្ដា​និង​ទេពធីតា​ជា​ច្រើន​អង្គ​អស់​​នូវ​ភាព​បរិសុទ្ធ ។

ពេល​នោះ​ព្រះឥន្ទ្រ​បាន​ថ្លែង​ប្រាប់​នាង​ទេពធីតា​ថា ទ្រង់​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​មហា​យក្ស​ទាំង​បី​​នា​ពេល​ឆាប់ៗ​នេះ ។ ពេល​ដែល​ព្រះ​នាង​ធរណី​យាង​ចុះ​ទៅ​កាន់​ផែនដី​វិញ​ហើយ ព្រះឥន្ទ្រ​ក៏​ចាត់​ឲ្យ ​លោកបាល​ ទូងភេរី​ហៅ​ទេពនិករ​ទាំងអស់​ឲ្យ​ប្រមូល​ទ័ព​​ដើម្បី​លើក​ព្យុហយាត្រា​​​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​យក្ស ។

នៅ​ក្នុង​ព្រះរាជ​ដំណើរ គេ​ឃើញ​ព្រះឥន្ទ្រ​គង់​លើ​ដំរី ឰរាវ័ណ ក្បាល​បី​ទ្រង់​ប្រដាប់​​​ដោយ​អាវុធ​ធ្វើ​ដោយ​ពេជ្រ​ហៅ​ថា វជ្រាវុធ មាន​សរ មាន​ព្រះខ័ន មាន​គទា មាន​គ្រឿង​ប្រដាប់​ជា​ខ្សែ​អង្គប់​សម្រាប់​ចាប់​សត្រូវ​​ ព្រមទាំង​និម្មិត​ព្រះ​កាយ​​​​ធំ​ប៉ុន​មហា​គិរី ។ កងទ័ព​ទេវតា​បាន​លើក​រេហ៍ពល​សេនា​ទៅ​ដល់​មុខ «ត្រី​បុរី» ដែល​ជា​នគរ​នៃ​មហា​យក្ស ។

ថ្លែង​ពី​អសុរ​ទាំង​បី កាល​បើ​ឃើញ​កងពល​ទេវ​ពាសពេញ​អាកាស​ក៏​បញ្ចេញ​កងពល​របស់​ខ្លួន​មក​ត្រៀម​ចាំ​ទ័ព​ពួក​ទេវ​ជា​ស្រេច ។

ព្រះឥន្ទ្រ​ឃើញ​មហាយក្ស​ជា​មេ​មាន​គ្នា​បី​​នាក់ ទ្រង់​ក៏​បែងភាគ​ជា​បី​ព្រះអង្គ មួយ​អង្គ​គង់​លើ​សេះ​ស មួយ​អង្គ​ទៀត​គង់​លើ​សេះ​ក្រហម ។ ពេល​រំពេច​នោះ សង្គ្រាម​ក៏​ចាប់ផ្ដើម​ឡើង ។

គេ​ឮ​សូរ​តែ​អសនី​លាន់​ខ្ទរខ្ទារ​បណ្ដាល​បណ្ដាល​ឲ្យ​កក្រើក​ដី ។ សំឡេង​ផ្គរ​និង​រន្ទះ​គ្រហឹម​យ៉ាង​ខ្លាំង​មហិមា​ បង្កើត​ជា​ព្រះ​ភិរុណ​បង្ក​ជា​ទឹក​ជំនន់​​លិច​ផែនដី​បណ្ដាល​ឲ្យ​លិចលង់​ជីវិត​សត្តនិករ​គ្មាន​សល់​ម្នាក់ ។ មហាសមុទ្ទ​ត្រូវ​កម្លាំង​អ្វី​មួយ​ផាត់​យក​ទៅ​លើ​មេឃ​ បង្កើត​ជា​ពពក​ទឹក​ងងឹត​សូន្យសុង​ មាន​តែ​ភ្លើង​រន្ទះ​គូសវាស​ពេញ​នភាល័យ ។

មួយ​រយ​ថ្ងៃ​កន្លង​ផុត​ទៅ​​ ទ័ព​ទេព្ដា​​វិនាស​បាត់បង់​ស្ទើរតែ​អស់​ពី​ឋានសួគ៌ ។ គ្រានោះ ព្រះឥន្ទ្រ​បាន​ភៀស​ព្រះ​កាយ​ឡើង​ទៅ​ឋាន​ព្រះ​វិស្ណុ ដើម្បី​សុំ​ឲ្យ​កំពូល​អាទិទេព​ជួយ​ដោះស្រាយ​វិបត្តិ​នេះ ។ ព្រះវិស្ណុ​ទ្រង់​ទទួល​ព្រះឥន្ទ្រ​ដោយ​ព្រះទ័យ​រីករាយ​ព្រមទាំង​សំណេះសំណាល​ពី​សុខ​ទុក្ខ​ផ្សេងៗ ។

កាលនោះ​ព្រះឥន្ទ្រ​បាន​ក្រាបទូល​ព្រះ​វិស្ណុ​​វិញ​ថា ​ព្រះអង្គ​បាន​ខូចបង់​នូវ​ពល​ទេវ​អស់​ជា​ច្រើន​​អនេក ដោយ​ទ្រង់​បាន​ប្រកាស​សង្គ្រាម​ជាមួយ​មហាយក្ស​ ត្រី​បុរី​ ព្រមទាំង​សុំ​ឲ្យ​ព្រះ​វិស្ណុ​ជួយ​ទ្រង់​ក្នុង​ការ​បំពេញ​​មហា​បេសកកម្ម​នេះ ។ ព្រះវិស្ណុ​យល់ព្រម​តាម​សំណូមពរ​របស់​ស្ដេច​ទេវ​ហើយ​ទ្រង់​សន្យា​ថា​នឹង​ធ្វើ​ពិធី​មួយ​ដើម្បី​ស្ល​ទ័ព​បិសាច​យក​ទៅ​ធ្វើ​សង្គ្រាម​នឹង​ពួក​យក្ស ។

តើ​ថៃ​នឹង​ខ្មែរ​អាច​រក​ផ្លូវ​ចេញ​រួច​ទេ?

យោង​តាម​គេហទំព័រ​របស់​ everyday.com ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ នេះ​បាន​និយាយ​ថា៖ សភា​ថៃ​​នឹង​អនុម័ត​លើ​កិច្ចពិភាក្សា​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃ​ទី​២៦ តុលា ២០១០ នេះ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លោក​កាស៊ីត​ភារម្យ​យ៉ា​បាន​ប្រាប់​អ្នក​កាសែត​កម្ពុជា​ថា​ថៃ​ចង់​ប្រើ​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​វាស់វែង​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដោយ​ផ្អែក​លើ​ផែនទី​ឆ្នាំ​១៩០៤ ១៩០៩ ប៉ុន្តែ​ចង់​កែប្រែ​ចំណុច​ខ្លះ​ផែនទី​ដែល​មាន​ចំណាស់​ដល់​ទៅ​១០០​ឆ្នាំ ព្រោះ​ថា​ស្ថានភាព​ជាក់ស្ដែង​មិន​ដូច​ក្នុង​ផែនទី​ទេ ។ ជួយ​ស្ដាប់​មើល តើ​គេ​ព្រម​តាម​ផែនទី​ហ្នឹង​ឬ​ក៏​អត់? ខ្ញុំ​ថា​គេ​អត់​ទេ គ្រាន់​តែ​មិន​ប្រើ​ពាក្យ​ឬ​ល្បះ​ចំ​ៗ​តែ​ប៉ុណ្ណឹង ដោយ​គេ​ប្ដូរ​របៀប​និយាយ ។

តើ​ពាក្យ​ “សប្ដាហ៍” សរសេរ​យ៉ាង​ម៉េច?

ខ្ញុំ​បាន​ឃើញ​ក្នុង​គេហទំព័រ​របស់​វិទ្យុអាស៊ីសេរី​យូរ​គ្រាន់​ហើយ​ដែល​គេ​សរសេរ ពាក្យ

 

“សប្ដាហ៍” នេះ​ជា “សប្ដាណ៍” ដំបូង​គិត​ថា​គេ​ច្រឡំ ចាំ​មើល​គេ​ដូរ តែ​ដល់​អត់​ឃើញ​ដូរ គិត​ទៀត​ថា​ក្រែង​ពាក្យ​សរសេរ​បែប​នេះ​បាន​ដែរ ព្រោះ​រក​មិន​ឃើញ​ក្នុង​វចនានុក្រម​សោះ ។ ឥឡូវ​អត់​ប្រាកដ​ទេ​ដោយ​ខ្លួន​មិន​បាន​រៀន​ច្រើន​ផងនោះ ក៏​សម្រេច​យក​មក​សួរ​បង​ប្អូន​យើង​ក្នុង​ភូមិ​វិញ​មើល ។ ជួយ​គ្នា​យើង!

(រូប​កាត់​មក​ពី​ទំព័រ​បណ្ដាញ​វិទ្យុអាស៊ីសេរី)

គម្រោង​បង្កើត​សព្ទវចនាធិប្បាយ​ផ្នែក​បក្សីសាស្ត្រ!

ខ្ញុំ​មាន​គម្រោង​បង្កើត​សព្ទវចនាធិប្បាយ​លើ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ប្រើ​លើ​បក្សីសាស្ត្រ​ក្នុង​ភាសា​អង្គ្លេស ឲ្យ​មាន​ជា​ភាសា​ជាតិ​នឹង​គេ ។ ប្រសិនជា​អាច​កើត​មាន​មែន ខ្ញុំ​នឹង​ផ្ញើ​កិច្ចការ​នេះ​ទៅ​ឲ្យ​សភា​អក្សរសាស្ត្រ​ជាតិ​ពិនិត្យ​​កែសម្រួល​និង​សម្រេច​ឲ្យ​ប្រើ​ជា​សកល​​ក្នុង​ប្រទេស​យើង ។ ខ្ញុំ​គា្រន់តែ​មាន​គំនិត​ទេ​តែ​មិន​ទាន់​មាន​ទំនុកចិត្ត​ប៉ុន្មាន​ទេ ។ សព្វថ្ងៃ​កំពុង​រក​អ្នក​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ជា​គំនិត​និង​ប្រាជ្ញា​ ប៉ុន្តែ​អត់​ទាន់​បាន​ម្នាក់​សោះ ។ មិត្តភក្ដិ​ដែល​ធ្វើ​ការ​ផ្នែក​សត្វព្រៃ​ហ្នឹង​ គេ​មិន​ចាប់អារម្មណ៍​សោះ ។ ប្រសិនជា​បងប្អូន​ក្នុង​ភូមិ​យើង​មាន​ចំណាប់អារម្មណ៍ អ្នក​អាច​ចូលរួម​ជាមួយ​ខ្ញុំ​បាន ។

តើ​សភា​អ៊‍ិនធើណិត​កំពុង​ធ្វើ​អ្វី?

ជន​រួមជាតិ​ជាទី​មេត្រី ខ្ញុំ​កំពុងតែ​ឆ្ងល់​ពី​សភា​អ៊‍ិនធើណិត​របស់​ទូរទស្សន៍​ស៊ីធីអិន ដែល​កំពុង​ផ្សាយ​បច្ចុប្បន្ន​ហ្នឹង ថា​គេ​កំពុង​ធ្វើ​អ្វី? មួយ​ថ្ងៃៗ​និយាយ​តែ​រឿង​សៀម ។ លោក ឆាយ៉ា​មិន​ត្រឹម​តែ​និយាយ​រឿង​គេ​ទេ តែ​ថែម​ទាំង​យក​ជនជាតិ​ខ្មែរ​មក​លាប​ពណ៌​ជា​លឿង​ជា​ក្រហម​ពេញៗ​មាត់ ដូចជា​ «ខ្មែរ​អាវ​លឿង ក្រុម​លឿង​ខ្មែរ» អី​ហ្នឹង ។ ក្នុង​ជា​អ្នក​សារព័ត៌មាន​មិន​គួរ​និយាយ​ចឹង​ទេ គ្មាន​នរណា​ហៅ​ទេ ក្រៅ​ពី​សភា​តាប៉ែ​មួយ​នេះ ។ ខ្ញុំ​សុំ​ដូរ​ឈ្មោះ​សភា​នេះ​ជា​សភា​តាប៉ែ​វិញ​បែប​សម​ជាង ។ ដណ្ដើម​គ្នា​និយាយ​​ខ្លាច​មិន​បាន​ល្បី​ក្នុង​កម្មវិធី ជ្រិញ​មែនទែន ។

សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ (ភាគ​បន្ត)

កាល​ទេវ​ព្រាហ្មណ៍​កំពុង​ជំនុំ​គ្នា ពួក​ទេពធីតា​ទាំងឡាយ​ក៏​បាន​មក​ដល់​ទី​នោះ​ដែរ ។ ទេពធីតា​បាន​ជឿ​ទៅ​លើ​ផ្កាឈើ​ទិព្វ​នៃ​មហា​គម្ពីរ​វេទ ហើយ​ក៏​នាំ​ទេវ​ព្រាហ្មណ៍​ធ្វើ​ដំណើរ​ជាមួយ​ខ្លួន​ដើម្បី​ទៅ​ស្រោចស្រង់​មនុស្ស​ដែល​កំពុង​លង់​ក្នុង​អន្លង់​កាម ។

ពួក​ទេពធីតា​បាន​នាំ​យក​បុប្ផា​ពណ៌​ក្រហម​ទុំ ​ទៅ​ដោត​នៅ​មុខ​គេហដ្ឋាន​នានា​ក្នុង​ក្រុង​និង​មុខ​ព្រះរាជដំណាក់​ស្ដេច ។ ឯ​ចំណែក​ទេវ​ព្រាហ្មណ៍​បាន​នាំ​យក​នូវ​ឈើច្រត់​ដែល​មាន​ចង្ក្រង់​ទៅ​អង្រួន​ឲ្យ​ឮ​សូរស័ព្ទ​គ្រលួច​ ព្រមទាំង​សូត្រ​ធម៌​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ក្បួន​មន្តអាគម​នៅ​ឋាន​សួគ៌ ។ ពេល​ឮ​សូរ​ស្នូរ​ចង្ក្រង់​ទេព្ដា មនុស្សលោក​ទាំងឡាយ​ ទាំង​រាស្ត្រ​ ទាំង​ស្ដេច​​បាន​នាំ​គ្នា​​ក្រឡេក​មើល​ដោយ​អាការ​ឆ្ងល់​ជា​ខ្លាំង ។ គេ​ម្នាក់ៗ​ហាក់​ភ្ញាក់​ពី​ដំណេក​ដ៏​លង់លក់​ ហើយ​អស់​កម្លាំង​ជា​ពន់ពេក ។ ស្រីៗ​នាំ​គ្នា​ស្ទុះ​រក​សំពត់​អាវ​ ស្បៃ​បិទបាំង​រាងកាយ​ ឯ​ប្រុសៗ​បាន​នាំ​គ្នា​ក្រាប​សំពះ​ទេវ​ព្រាហ្មណ៍​ព្រមទាំង​យកចិត្ត​ទុកដាក់​ស្ដាប់​សំឡេង​ទិព្វ​ដោយ​ជក់ចិត្ត ។ គេ​នាំ​គ្នា​ដក​ដង្ហើម​ស្រូប​យក​ក្លិន​ពិដោរ​ដ៏​ក្រអូប​ដែល​ជះ​ផ្សព្វផ្សាយ​ពាសពេញ​ល្វែង​បន្ទប់ ។

ក្នុង​ខណៈ​ដែល​ទេវ​ព្រាហ្មណ៍​កំពុង​អង្រួន​ចង្ក្រង់​​ឲ្យ​ពួក​មនុស្សលោក​ស្ដាប់ នៅ​លើ​មេឃ​គេ​សង្កេត​ឃើញ​មាន​ប្រាសាទ​បី​ កំពុង​អណ្ដែត​តាម​ពពក​កាន់តែ​ជិត​មក ​ហើយ​សំឡេង​សើច​មួយ​លាន់​ដូច​ផ្គរ​បាន​ចាប់​បន្លឺ​ឡើង ។ ពេល​ប្រាសាទ​ទាំង​បី​អណ្ដែត​មក​ចំ​ពី​លើ​គេ​ហើយ ទើប​មនុស្សម្នា​​ទាំងឡាយ​បាន​ដឹង​ថា វិមាន​ទាំង​បី​នេះ​ខុស​គ្នា គឺ​ប្រាសាទ​មួយ​ធ្វើ​ពី​មាស ប្រាសាទ​មួយ​ទៀត ធ្វើ​ពី​ប្រាក់ ឯ​ប្រាសាទ​មួយ​ទៀត​ធ្វើ​ពី​ដែក ។ ម្ចាស់​ប្រាសាទ​ជា​អសុរ​ដែល​មាន​ខ្លួន​ប៉ុន​ភ្នំ ។ ពេល​ឃើញ​យក្ស​ដ៏​ធំ​សម្បើម​យ៉ាង​នេះ​ មនុស្ស​ទាំង​មនុស្ស​ទាំងឡាយ​នាំ​គ្នា​រត់​​​ប្រាសយកតែអាយុ​ ។ ឯ​ចំណែក​ទេវ​ព្រាហ្មណ៍​និង​ពួក​ទេពធីតា បាន​នាំ​គ្នា​ឈរ​មើល​មហា​យក្ស​ដោយ​គ្មាន​តក់ស្លុត​អ្វី​បន្តិច​ឡើយ ។

យក្ស​គ្រហឹម​អស់​ចិត្ត​ទើប​វា​លូក​ដៃ​មក​ចាប់​ប្រាសាទ​​ព្រះបាទ «កាស្យាបៈ» ដែល​ជា​ព្រះ​រាជវាំង​សាង​ពី​ថ្លើមថ្ម​​ដ៏​ល្អ​វិចិត្រ​នៅ​លើ​ផែនដី បោះចោល​ទៅ​ក្នុង​មហាសមុទ្ទ ។ បន្តិច​ក្រោយ​មក ពន្លឺ​អ្វី​មួយ​បាន​ចេញ​មក​ពី​ភ្នែក​របស់​វា បណ្ដាល​ឲ្យ​ដំបង​ឈើច្រត់​របស់​ពពួក​ទេវ​ព្រាហ្មណ៍​ប្រែ​ក្លាយ​ទៅ​ជា​ពស់ថ្លាន់​ដ៏​ច្រើន​អនេក ។

ឯ​ចំណែក​ផ្កា​របស់​ទេពធីតា​ក៏​ក្លាយ​ទៅ​ជា​រូប​កេរ្តិ៍ខ្មាស (យោនី) ស្ត្រី​ភេទ​ហើយ​ហាក់​ដូច​ជា​មាន​វិញ្ញាណ​រស់រវើក ។

ពេល​ដែល​ប្រាសាទ​ទាំង​បី​របស់​មហាយក្ស​ បាន​រសាត់​ជាមួយ​នឹង​សំឡេង​ផ្គរ​បាត់​ពី​ផ្ទៃ​អាកាស​​ទៅ ផែនដី​ទាំងមូល​ក៏​ផ្លាស់ប្ដូរ​ជា​ថ្មី​ម្ដង​ទៀត ។ ម្ដង​នេះ​ពុំ​គ្រាន់តែ​មនុស្ស​លោក​ប៉ុណ្ណោះ​ទេ​ដែល​ឈ្លក់​វង្វេង​ដោយ​តណ្ហា​ សូម្បីតែ​សត្វ​នៅ​ក្នុង​ព្រៃ​និង​សត្វ​ស្រុក​ទាំងឡាយ មាន​គោក្របី​សេះ​ដំរី​ជាដើម ក៏​នាំ​គ្នា​សេព​មេថុនធម្ម​​ដោយ​ភ្លេច​រក​ចំណី​ស្មៅ​ខ្ចី​បរិភោគ​ទៀត​ផង ។

គ្រា​នោះ ទេវ​ព្រាហ្មណ៍​និង​ពពួក​ទេពធីតា​​ ក្រោយ​ដែល​បាន​បាត់បង់​ភាព​បរិសុទ្ធ​ក៏​ស្រាត​ស្បែក​ម្រឹគ​និង​គ្រឿង​អម្ពរពស្ត្រា​បោះ​ចោល​​ ហើយ​នាំ​គ្នា​រួម​សំវាស​នៅ​លើ​ទីលាន​ព្រះ​ដំណាក់​រាជវាំង ។ ទឹកកាម​ហូរ​ដូច​ទឹក​បាយ ពុះ​ផុស​ពោរពេញ​ពាស​ព្រះធរណី ។

សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ

សួស្ដី​អ្នក​រាល់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​បាន​លើក​យក​នូវ​រឿង​មួយ​ទៀត​ក្នុង​ទេវកថា​ហិណ្ឌូ ដែល​មាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​អង្គរវត្ត​ ជាន់​ទី​១ ថែវ​ខាង​ជើង ភាគ​ខាង​លិច ដើម្បី​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​អាច​ដើរ​មើល​ប្រាសាទ​នេះ​កាន់តែ​ជក់ចិត្ត​ថែម​ទៀត កុំ​ឲ្យ​បរទេស​ថា ខ្មែរ​មិន​ស្គាល់​ពី​អ្វី​ដែល​បុព្វបុរស​ខ្លួន​បាន​ឆ្លាក់​បន្សល់​ទុក​នៅ​មហា​ប្រាសាទ​នេះ ។ សូម​រីករាយ​ដូច​តទៅ៖

ក្នុង​គម្ពីរ​សិវៈ​និទាន​នៅ​កញ្ជី​បុរី គេ​ឃើញ​មាន​អត្ថបទ​និយាយ​ពី «ការ​ធ្វើ​សង្គ្រាម​រវាង​ទេវ​និង​អសុរ» ដែល​កើត​ឡើង​ពី​ការ​ចង់​ដណ្ដើម​ពិភពលោក​និង​ឋាន​សួគ៌​ដើម្បី​ត្រួតត្រា ។ សិវៈ​គម្ពីរ​បាន​ចែង​ថា៖

៙ក្រោយ​ដែល​មនុស្ស​លោក​កំពុង​ឆ្កួត​វង្វេង​ក្នុង​កាមតណ្ហា ហើយ​ក្រោយ​ពេល​គម្ពីរ​សាសនា​ទាំងឡាយ​ត្រូវ​បាត់​អស់​ពី​ផែនដី ពួក​ទេវតា​បាន​ទទួល​បញ្ជា​ពី​ព្រះឥន្ទ្រ​ដើម្បី​ចុះ​មក​រៀបចំ​ពិភពលោក​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើង​វិញ ពោល​គឺ​ទេព្ដា​មួយ​អង្គ​ៗ​​ត្រូវ​តែង​ខ្លួន​ជា​តាបស​ឫសី​ដែល​មាន​រាងកាយ​គ្របដណ្ដប់​ដោយ​ស្បែក​ម្រឹគ ។

ឯ​ចំណែក​ទេពធីតា​ក៏​មាន​ភារៈ​ដឹកនាំ​ក្លិន​នៃ​គម្ពីរ​វេទ​ពី​ឋានសួគ៌​មក​ព្យាបាល​ពួក​មនុស្ស​និង​សត្វ​ទាំងឡាយ​ដែល​កំពុង​ឆ្កួតវង្វេង​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​ដែរ ។

ទេពធីតា​ទាំងអស់​បាន​យាង​ចុះ​មក​ពី​ឋានសួគ៌ ​ដោយ​នាំ​ទាំង​បាច់​​ផ្កា​គន្ធា​ដែល​ព្រះឥន្ទ្រ​ទ្រង់​ជប​គម្ពីរ​វេទ​ដើម្បី​ឲ្យ​យក​មក​ដោត​នៅ​មុខ​ផ្ទះ​ឬ​រាជវាំង​ព្រះ​មហាក្សត្រ​គ្រប់គ្រង​វង្ស​ទាំងអស់​ក្នុង​ពិភព​លោក ។

ពួក​ទេវ​​ព្រាហ្មណ៍​បាន​ទត​ឃើញ​ទស្សនីយភាព​ប្លែកៗ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​រន្ធត់​ចិត្ត​ឥត​ឧបមា ។ គឺជា​ទិដ្ឋភាព​មួយ​ដែល​បាន​បញ្ជាក់​ឲ្យ​ទ្រង់​យល់​ថា «បេសកកម្ម​របស់​ទ្រង់​ដែល​ទទួល​ពី​ព្រះឥន្ទ្រ​ដើម្បី​ជួយ​សង្គ្រោះ​ដែនដី​ ពុំ​អាច​អនុវត្ត​បាន​ជា​ដាច់ខាត»

ពួក​ទេវ​ព្រាហ្មណ៍​ទាំងឡាយ បាន​ទត​ឃើញ​មនុស្ស​ទាំង​អស់​នាំ​គ្នា​បោះ​ចោល​សម្លៀក​បំពាក់​ដោយ​ទុក​ខ្លួន​ឲ្យ​អាក្រាត ។

ស្ដេច នាម៉ឺន មន្ត្រី សេនាបតី រាស្ត្រប្រជា នាយ​ពាណិជ្ជ និង​កសិករ​ឈប់​ធ្វើ​ការ​នៅ​តាម​មុខ​នាទី​របស់​ខ្លួន​នៅ​តាម​ផ្លូវ​ថ្នល់ សួនឧទ្យាន គេហដ្ឋាន​នានា​និង​រាជវាំង គេ​ឃើញ​មនុស្ស​សេព​មេថុនធម្ម​រួម​សំវាស​គ្មាន​អៀនខ្មាស​​ ។ គ្មាន​នរណា​ម្នាក់​ស្លៀកពាក់​បិទបាំង​កាយ​ឡើយ ។ នៅ​គ្រប់​វត្តអារាម​និង​ព្រះវិហារ គេ​ឃើញ​មាន​រូបចម្លាក់​មនុស្ស​ប្រព្រឹត្ត​មេថុនធម្ម​យ៉ាង​អាក្រក់អាក្រី​បំផុត ។

ពួក​ទេវ​ព្រាហ្មណ៍​ ដោយ​យល់​ឃើញ​សភាព​អាសអាភាស​បែបនេះ ក៏​ត្រឡប់​មក​នាំ​គ្នា​ប្រជុំ​ក្រោម​ដើម​ឈើ​មួយ ។ ទេវ​ខ្លះ​មាន​យោបល់​ថា ត្រូវតែ​អនុវត្ត​នូវ​បញ្ជា​របស់​ព្រះឥន្ទ្រ ទោះបី​ត្រូវ​បង់​ខាត​នូវ​ភាព​បរិសុទ្ធ​យ៉ាងណា​ក្ដី ព្រោះ​ទេវ​ទាំងអស់​បាន​ជឿ​ទៅ​លើ​ឆន្ទៈ​ និង​ទឹក​ព្រះទ័យ​របស់​ព្រះអង្គ​ម្នាក់ៗ​ដែល​បាន​មុជ​ជម្រះ​អស់​ហើយ​នូវ​គ្រឿង​សៅហ្មង​ ។ ឯ​ចំណែក​ទេវ​ខ្លះ​ទៀត​បាន​យល់​ថា ត្រូវតែ​យក​ព័ត៌មាន​នេះ​ទៅ​ទូល​ដល់​ព្រះឥន្ទ្រ​ជា​មុន​សិន ។

(រង់ចាំ​ភាគ​បន្ត)

រឿង​ខ្យងស័ង្ខ​បញ្ច​ជន្យៈ (តចប់)

សួស្ដី​អ្នក​រាល់​គ្នា ដោយសារ​ថ្ងៃ​មុន​បាន​ដាក់​រឿង​នេះ​ឲ្យ​អាន​តែ​ចាំ​មិន​បាន​អស់ ហើយ​ទើបតែ​បាន​ជួប​មិត្តភក្ដិ​ជជែក​គ្នា​ពី​រឿង​ហ្នឹង​បន្ត​ទៀត ទើប​បាន​រក​ឃើញ​ចំណុច​បន្ត​ទៅ​មុខ​បន្តិច​ទៀត ។ សូម​អាន​បន្ត​ដោយ​រីករាយ៖

ពេល​នោះ​ព្រះវិស្ណុ​ក៏​បាន​ប្រយុទ្ធ​នឹង​យក្ស​ទាំង​ប្រាំ​បន្ត​ទៀត ។ សង្គ្រាម​នេះ​ត្រូវ​ចំណាយ​ពេល​អស់​រាប់​ពាន់​ឆ្នាំ​ទិព្វ​ ពី​ព្រោះ​ពួក​យក្ស​ទាំង​ប្រាំ​នោះ​បាន​ប្ដូរ​រូប​គ្នា កាត់​អា​មួយ​បាន​ទៅ​កាត់​មួយ​ទៀត អា​មួយ​នេះ​ដុស​ក្បាល​ថ្មី​មក​វិញ ។ ព្រះវិស្ណុ​ឃើញ​ថា​សម្លាប់​វា​មិនបាន ក៏​សម្លឹង​ទៅ​ឋាន​ព្រហ្ម​ហិរណ្យគភ៌ ព្រហ្ម​កាល​បើ​បាន​ឃើញ​ព្រះ​វិស្ណុ​សម្លឹង​ខ្លួន​បែប​នោះ​ក៏​ពោល​ទូល​ថា “ព្រះជាម្ចាស់ ប្រសិនជា​ទ្រង់​ចង់​សម្លាប់​យក្ស​ទាំង​ប្រាំ​នេះ ត្រូវ​សម្លាប់​តាម​លំដាប់​ពី​ចុង​ទៅ​គល់” ព្រះវិស្ណុ​កាល​បើ​ឮ​ដូច្នេះ​ក៏​សួរ​ទៅ​យក្ស​ទាំង​ប្រាំ​ថា “ក្នុង​ចំណោម​អ្នក​ទាំងអស់​គ្នា​តើ​មួយ​ណា​បង​មួយ​ណា​ប្អូន ព្រោះ​អ្នក​ទាំងអស់​គ្នា​មាន​ឫទ្ធានុភាព​ខ្លាំង​ណាស់” ដោយសារ​ភាព​ឆោត​ល្ងង់ នឹង​ការ​សរសើរ​របស់​ព្រះវិស្ណុ ពួក​យក្ស​ក៏​ឆ្លើយ​ប្រាប់​តាម​លំដាប់​ម្ដង​ម្នាក់​ៗ ។ ពេល​ដែល​ព្រះវិស្ណុ​បាន​ស្គាល់​ថា​នរណា​បង​នរណា​ប្អូន​ហើយ ក៏​រាំ​របាំ​បែងភាគ​ដែល​មាន​ក្បាល​១០០០ ភ្នែក​១០០០ ដៃ​១០០០ ជើង​១០០០ ហើយ​ក៏​ចាប់​យក​ប្អូន​ពៅ​មុន​គេ ហើយ​បន្ទាប់​មក​ទី៤ ទី​៣ រហូត​ដល់​ទី​១ ទោះបី​ខំ​ច្របល់​បញ្ចូល​គ្នា ក៏​ព្រះវិស្ណុ​ស្គាល់​អស់​គ្មាន​ច្រឡំ​ដោយ​ទ្រង់​បាន​បាញ់​ពន្លឺ​ចំណាំ​កាល​ពី​ពួកគេ​បង្ហាញ​សមាសភាព​ពិត​ដល់​ទ្រង់ ។ ព្រះវិស្ណុ​កាត់​ក្បាល​សម្លាប់​យក្ស​ទាំង​ប្រាំ​នោះ​ឲ្យ​រលាយ​ផុត​ពី​ឋាន​ទាំង​បី​បន្តិច​ម្ដងៗ ។
សង្គ្រាម​ចប់ អាទិទេព​ទាំង​១០១​អង្គ​ក៏​ស្រុះស្រួល​គ្នា​នាំ​យក​ខ្យងស័ង្ខ​ជន្យ​មក​ទុក​ជា​កេតនភណ្ឌ​របស់​​ព្រះអង្គ ដោយ​យល់​ថា​វត្ថុ​ទិព្វ​នោះ​មិន​គួរ​ទុក​នៅ​ឋាន​នោះ​តទៅ​ទៀត​ទេ ។ ព្រះវិស្ណុ​បាន​ទទួល​យក​ខ្យងស័ង្ខ​ជន្យ​មក​កាន់​ក្នុង​ព្រះហស្ត​ ព្រមទាំង​បាន​ប្រទាន​ពរ​ដល់​ពួក​អាទិទេព ហើយ​ក៏​ជិះ​ជំនិះ​របស់​ទ្រង់​គឺ​បក្សី​គ្រុឌ​ «សប៌ណរាជ» មក​កាន់​មហាប្រាសាទ​នៅ​ឯ​សមុទ្ទ​ទឹកដោះ​វិញ ។

ប្រាសាទ​បាគង (៨៨១)

ប្រាសាទ​បាគង​ជា​ប្រាសាទ​ដ៏​សំខាន់​សម្រាប់​អាណាចក្រ​និង​ព្រះអង្គ​ផ្ទាល់ ។ នៅ​ឆ្នាំ​៨៨១ ព្រះបាទ ឥន្ទ្រវរ្ម័ន​ទី​១ បាន​សាងសង់​ប្រាសាទ​បាគង​ឋិត​នៅ​ចំ​កណ្ដាល​រាជធានី​ ហរិហរាល័យ ថ្វាយ​ដល់​ព្រះ​សិវៈ ។ តាម​សិលា​ចារិក ប្រាសាទ​នេះ​មាន​ឈ្មោះ​​ដើម​ថា «ឥន្ទ្រស្វារៈ» ។ ចំពោះ​ឈ្មោះ «បាគង» ត្រូវ​គេ​ស្គាល់​នៅ​សម័យ​ក្រោយ​អង្គរ​ហៅ​ដោយ​អ្នក​ស្រុក​តែ​ប៉ុណ្ណោះ ។ ពាក្យ​ថា​ បា (សំ)=អ្នក​គ្រង​ព្រះសិវៈ, អ្នក​ថែរក្សា​លោក​ទាំង​បី «ព្រះ​វិស្ណុ», អ្នក​បង្កើត​លោក​និង​ផ្ដល់​ព្រហ្មចារី​ដល់​លោក «ព្រះ​ព្រហ្ម» ។ ពាក្យ​ថា «គង» ហៅ​ក្លាយ​មក​ពី «គង់​នៅ» ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​ភ្នំ​មេរុ ដែល​សាងសង់​ចម្លង​តាម​ប្រាសាទ​ បូរ៉ូបូដូ នៅ​ឥណ្ឌូណេស៊ី​ភាគ​កណ្ដាល ។ បាគង​មាន​ខឿន​ថ្ម​ភក់​ប្រាំ​​ថ្នាក់ មាន​តម្លៃ​និមិត្តរូប​ឋាន​ទាំង​ប្រាំ​គឺ ឋាន​នាគ, ឋាន​គ្រុឌ, ឋាន​រក្សាសៈ (គឺ​ឋាន​មនុស្ស, ខ្មោច​ព្រាយ​បិសាច) ឋាន​យក្ស, និង​ឋាន​មហារាជ (ឋាន​អាទិទេព) ចំណុច​ខឿន​ទាំង​ប្រាំ​នេះ​មាន​បន្សល់​ទុក​នូវ​ចម្លាក់​ក្បាច់​ក្រឡោត​ទាប​នៅ​លើ​ខឿន​ជាន់​ទី​៤ (រាប់​ពី​ក្រោម​ឡើង​លើ) ផ្នែក​ខាង​ត្បូង​និយាយ​ពី​រឿង «ខ្យងស័ង្ខ​បញ្ចជន្យៈ ឬ​សង្គ្រាម​វិស្ណុ​ជាមួយ​យក្ស​​ប្រាំ​អង្គ» ។ បាគង​មាន​ចម្លាក់​ទេព​បី​ព្រះអង្គ​ដែល​សព្វថ្ងៃ​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ (មុន​ឡើយ​នៅ​អភិរក្ស​ស្ថាន​អង្គរ ) រូប​ទាំង​បី​អង្គ​នេះ​មាន​ឈ្មោះ ឧមាគង្គា បទិស្វារៈ ដែល​តម្កល់​នៅ​ខាង​ឆ្វេង​ដៃ​មុខ​ខឿន​ទាំង​ប្រាំ​ថ្នាក់ ។ ប្រាសាទ​បាគង​មាន​តួ​ប៉ម​​សង់​ពី​ថ្ម​ភក់​​ចំនួន​ ១២​តូច​ៗ​ ឋិត​នៅ​លើ​ខឿន​ជាន់​ទៅ​បួន ជា​តំណាង​ឲ្យ​ខែ​ទាំង​១២​ និង​ឧទ្ទិស​ថ្វាយ​ចំពោះ «ព្រះ​កាល» ដែល​ជា​តំណាង​ឲ្យ​ពេលវេលា​ធំ​ៗ​ទាំង​បី​គឺ៖ បច្ចុប្បន្ន, អតីតកាល, និង​អនាគតកាល ។ ព្រះ​កាល​គឺ កាឡា ដែល​ព្រះ​សិវៈ​តែងតាំង​ជា​អាទិទេព​កំពូល​តំណាង​ពេល​វេលា​ទាំង​បី​នេះ ។ នៅ​លើ​ខឿន​ផ្នែក​ខាង​លើ​បំផុត មាន​ប៉ម​កណ្ដាល​មួយ​សង់​ពី​ថ្ម​ភក់​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ជា​តួប៉ម​កណ្ដាល​​ដែល​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​២​ បាន​សង់​នៅ​ក្នុង​​សតវត្ស​ទី​១២ ​ក្នុង​រចនាប័ទ្ម​អង្គរ​វត្ត​ ។ តួប៉ម​ពី​ដើម​សង់​ពី​ឥដ្ឋ​ដែល​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ បាន​តម្កល់​សិវលិង្គ​ទេវរាជ «កម្រតេងជគតរាជ​ស្រី​ឥន្ទ្រ​ស្វារៈ» ដើម្បី​ដំឡើង​ឋានៈ​ព្រះអង្គ​ឲ្យ​ក្លាយ​ជា​ស្ដេច​​ចក្កវាឡ​ ដែល​ជា​អំណាច​អមត​ទាំង​ប្រាំ​បួន និង​អំណាច​អាណាចក្រ​ទាំង​បី​គឺ៖ នីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ, នីតិ​តុលាការ ។ ក្រោយ​មក​ទៀត តួប៉ម​ឥដ្ឋ​នេះ​​បាន​បាក់បែក​អស់ ហេតុនេះ​ហើយ​បាន​ព្រះ​រាជា​ក្រោយ​បាន​កសាង​ប៉ម​ធ្វើ​ពី​ថ្ម​ភក់​នេះ​ឡើង ។

តួប៉ម​កណ្ដាល​តំណាង​ឲ្យ​កំពូល​ភ្នំ​មេរុ​ឬ​កំពូល​ភ្នំ​កៃលាស​ដែល​ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ទី​១០៩ ។ ម្យ៉ាង​វិញ​ទៀត​ វា​ជា​តំណាង​ឲ្យ​មហា​ប្រាសាទ​ទិព្វ «ឧមាទេវី» «ប្រាសាទ​លាក់​នាង​បវ៌តី» ។ ចំណែក​ឯ​ទីធ្លា​ព័ទ្ធ​ជុំវិញ​តួប៉ម​កណ្ដាល​នេះ​តំណាង​ឲ្យ​រាជធានី​របស់​ព្រះសិវៈ​​ឈ្មោះ សិទ្ធេស្វារៈ​បុរៈ

ប្រាសាទ​បាគង​មាន​តួប៉ម​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ទៀត​ នៅ​ព័ទ្ធ​ជុំវិញ​ខឿន​ទាំង​ប្រាំ​ថ្នាក់​ មាន​តម្លៃ​និមិត្តរូប​តំណាង​លោកបាល​ព្រហ្មញ្ញសាសនា​ទាំង​ ៨​ទិស និង​ជា​រាជវាំង​របស់​លោកបាល​ទាំង​ ៨​នោះ​ផង​ដែរ ។

សូម​មើល​រូប​ខាង​ក្រោម៖


ម្យ៉ាង​ទៀត ប៉ម​ទាំង​ប្រាំ​បី​នេះ​ក៏​ជា​តំណាង​លោកធាតុ​ទាំង​ប្រាំបី​គឺ៖ ទឹក, ដី, ភ្លើង, ខ្យល់, មេឃ, ព្រះអាទិត្យ, ព្រះចន្ទ, និង​អាត្ម័ន ។ ប៉ម​ដែល​នៅ​ជិត​របង​របស់​ព្រាហ្មណ៍​ឬ​មន្ត្រី​ជាន់ខ្ពស់​ឬ​ព្រះ ញាតិវង្សានុវង្ស (ក្នុង​បុរាណវិទ្យា​ គេ​រាប់​ជាន់​ទី​១ ឬ​កំពែង​ទី​១ ពី​ក្នុង​មក​ក្រៅ ឯ​ស្ថាបត្យកម្ម​សំណង់​វិញ​គេ​រាប់​ពី​ក្រៅ​ទៅ​ក្នុង​បញ្ច្រាស​ពី​បុរាណ​វិទ្យា) ។ ប្រាសាទ​បាគង​មាន​គូ​ទឹក​ជុំវិញ​ជា​តំណាង​មហាសមុទ្ទ​ទាំង​៧​គឺ​៖

មហាសមុទ្ទ​ សុទស្សន៍ (ពណ៌ស) មហាសមុទ្ទ​​ ក៌វឹក (ពណ៌​ខៀ)

មហាសមុទ្ទ​ ឥសិន្ធរៈ (ពណ៌​លឿង) មហាសមុទ្ទ​ យុគន្ធរៈ (ពណ៌​ក្រហម)

មហាសមុទ្ទ​ នេមិន្ធរៈ (ពណ៌​បៃតង) មហាសមុទ្ទ​ វិនត័ក (ពណ៌​ស្វាយ)

មហាសមុទ្ទ​ អស្សកណ្ណ (ពណ៌​ស៊ីជម្ពូ)

កំពែង​ថ្ម​បាយក្រៀម​ព័ទ្ធជុំវិញ​ខាង​ក្រៅ (បណ្ដោយ ៩០០មx៧០០ម) តំណាង​ជញ្ជាំង​ចក្កវាឡ​ដែល​ខណ្ឌ​ឋាន​​ទេវលោក​ច្រើន​ជាន់​ថ្នាក់ ។

បាគង​មាន​ច្រក​ផ្លូវ​ចូល​នៅ​ខាង​កើត​និង​ខាង​លិច ​អម​ដោយ​ចម្លាក់​នាគ​ថ្ម​ភក់​ក្បាល​​៧​លូន​ផ្ទាល់​ដី​តំណាង​ឲ្យ​ផ្លូវ​ទៅ​កាន់​ឋាន​ទេវលោក ។ ចំណែក​ចម្លាក់​នាគ​ក្បាល​៧ តំណាង​ឲ្យ​ក្បាល​នាគ «សេសៈ» ទាំង ១០០០ តំណាង​ឲ្យ​ទន្លេ​សួគ៌​ទាំង​៧​គឺ៖ ទន្លេ​គង្គា, ទន្លេ​​ឥណ្ឌុ, ទន្លេ​​យ៉ាម៉ាណា, ទន្លេ​​ព្រហ្មបុត្រ, ទន្លេ​​សរស្វតី, ទន្លេ​​កាបេរី​ឬ​ទន្លេ​​ហ្កាយ៉ារី, ទន្លេ​​ក្ឫស្ណៈ និង​តំណាង​ឲ្យ​ចក្កវាឡ​ដែល​មាន​រូប​ទាំង​៧គឺ៖ ព្រះអាទិត្យ, ព្រះចន្ទ, ព្រះអង្គារ, ព្រះ​ពុធ, ព្រះ​ព្រហស្បតិ៍, ព្រះ​សុក្រ, និង​ព្រះ​សៅរ៍ ។

ចប់

 

គួរ​យល់​ដឹង​អំពី​កំពែង​ប្រាសាទ៖

កំពែង​ប្រាសាទ​បុរាណ​ខ្មែរ​សាងសង់​ឡើង​ជា​តំណាង​កំពែង​ឋាន​ត្រៃត្រិង្ស ។

    • កំពែង​ទី​មួយ៖ (រាប់​តាម​បុរាណ​វិទ្យា) ជា​តំណាង​ឬ​កំពែង​ចតុ​មហា​រាជការ, យម(YAMA)
    • កំពែង​ទី​ពីរ៖ តំណាង​ឋាន តុសិតា, និម្មិត​នរតី, បរនិម្មិតសវតី ។
    • កំពែង​ទី​បី៖ តំណាង​ឋាន កៃលាស, រាជធានី​សទ្ធេស្វារៈ​បុរៈ ។

រឿង​ខ្យងស័ង្ខ​បញ្ច​ជន្យៈ

នៅ​ក្នុង​គម្ពីរ​វេទ​បាន​រៀបរាប់​ថា៖ នៅ​ក្នុង​នគរ​រងទឹក រង​ខ្យល់ មាន​ខ្យងស័ង្ខ​មួយ​សម្រាប់​ទប់ទល់​ជាមួយ​ទឹក​ខ្យល់​ដែល​ធ្លាក់​បក់​បោក​មក​បំផ្លាញ​ផែនដី ។ យក្ស​ដែល​​គង់​នៅ​កាន់​ថែរក្សា​ខ្យង​នោះ​មាន​ចំនួន​ ០៥​អង្គ ដែល​មាន​ឈ្មោះ​ថា៖ កណ្ឌកៈ, ឧគ្រយាណៈ, ខណ្ឌរៈ, អសោមាចៈ, វ្ឫអហង្កៈ ប៉ុន្តែ​ដោយសារ​ពួក​យក្ស​នេះ​​មិន​គោរព​វិន័យ ទើប​ត្រូវ​គេ​បណ្ដេញ​ចេញ​ទៅ​នៅ​ក្រៅ​កណ្ដាប់​ចក្កវាឡ ហើយ​ឲ្យ​ទេវតា​ទាំង​ ១០១ អង្គ​ថែរក្សា​ជំនួស​វិញ ។

ដោយសារ​តែ​ការ​ច្រណែន​ឈ្នានីស ដោយ​គិត​ថា​​បុព្វបុរស​របស់​ពួកគេ​ធ្លាប់​នៅ​ក្នុង​ឋាន​ដ៏​រុងរឿង តែ​ឥឡូវ​បែរ​ជា​​ត្រូវ​មក​នៅ​ក្រោម​ទឹក​ ក្រោម​ដី ក្រោម​ភ្នំ​ ក្រោម​ថ្ម​ទៅ​​វិញ ។ គិត​គ្នា​ដូច្នេះ​ហើយ ពួក​គេ​ក៏​សម្រេច​ចិត្ត​ធ្វើ​តបធម៌​បួងសួង​ដល់​ព្រះព្រហ្ម​ដើម្បី​សុំ​ពរ​ពី​ព្រះអង្គ​ ។ ពួកគេ​បាន​ធ្វើ​ពិធី​នេះ​អស់​រយៈពេល​ ១.០០០ ​ឆ្នាំ​ទិព្វ ហើយ​ទីបំផុត​ព្រះព្រហ្ម​​ក៏​បង្ហាញ​ខ្លួន​ឡើង​​ដោយ​សារ​តែ​ភាព​រំភើប ។ នៅ​ពេល​ដែល​ព្រះ​ព្រហ្ម​បង្ហាញ​ខ្លួន ពួកគេ​ក៏​បាន​សុំ​ពរ​ពី​ព្រះព្រហ្ម​ថា សុំ​ឲ្យ​ពួក​ខ្ញុំ​មាន​ជីវិត​អមត អាច​ប្ដូរ​រូប​គ្នា​បាន បើ​នរណា​ចង់​សម្លាប់​ពួក​ខ្ញុំ ត្រូវ​សម្លាប់​តាម​លំដាប់​ពី​ប្អូន​ទៅ​បង បើ​មិន​ដូច្នេះ​ទេ គឺ​មិន​អាច​សម្លាប់​ពួក​យើង​បាន​ឡើយព្រះព្រហ្ម​ក៏​បាន​យល់ព្រម​នឹង​ពួកគេ ព្រម​ទាំង​បាន​ប្រគល់​មេទ័ព​ម្នាក់​ដល់​ពួកគេ​ ដែល​មាន​ទាំង​ទង់ជ័យ​មួយ​ដ៏​ពិសិដ្ឋ​ ហើយ​និយាយ​ថា បើ​មាន​នរណា​ចង់​ប្រហារ​អ្នក​ទាំង​៥ ត្រូវ​ឆ្លង​កាត់​ទង់​របស់​មេទ័ព​ឈ្មោះ បាតព្វៈសិន​ទើប​បាន ។

នៅ​ពេល​ដែល​បាន​សម្រេច​តាម​បំណង​ហើយ ពួកគេ​ក៏​នាំ​គ្នា​​លើក​ទៅ​វាយ​នគរ​រងទឹក​រង​ខ្យល់ តែ​ពួក​គេ​បាន​ប្រាប់​ដល់​មេទ័ព​គេ​ថា៖ មិន​ត្រូវ​សម្លាប់​ទេពនិករ​ទាំង​ ១០១​អង្គ​នោះ​ជា​ដាច់ខាត ព្រោះ​ពួក​គេ​ជា​អ្នក​លើក​ខ្យងស័ង្ខ​បញ្ច​ជន្យៈ​នោះ ប្រសិនជា​​គ្មាន​​ពួកគេ​ទេ​ ពួក​យើង​មិន​អាច​សម្រេច​គោល​បំណង​បាន​ឡើយ ។ ដល់​ពេល​ដែល​យើង​បាន​ខ្យង​នោះ​ហើយ យើង​ចង់​ផ្លុំ​រម្លាយ​ឋាន​ណា​ក៏បាន​ដែរ ឲ្យ​តែ​មាន​ពួកគេ​និង​ខ្យងស័ង្ខ​បញ្ចជន្យៈ​នោះ

មេទ័ព បាតព្វៈ បាន​ប្រយុទ្ធ​នឹង​ទេពនិករ​ទាំង​នោះ ហើយ​បាន​ចាប់​បាន​តែ​ ១០០​អង្គ​តែ​ប៉ុណ្ណោះ សល់​មួយ​អង្គ​ចាប់​មិន​បាន​ ព្រោះ​អង្គ​នោះ​មាន​​វត្ថុ​ទិព្វ​មហា​រម្អិល ហើយ​អង្គ​នេះ​បាន​រត់​ទៅ​ដល់​ឋាន​ព្រះ​វិស្ណុ​នៅ​ឯ​មហាសមុទ្រ​ទឹក​ដោះ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ។ ពេល​ទៅ​ដល់​នា​មហា​សមុទ្ទ​ផ្សែង (មហាសមុទ្រ​ទឹក​ដោះ) ទេព​អង្គ​នោះ​បាន​ប្រទះ​នឹង​អ្នកយាម​ទ្វារ​នៃ​រាជវាំង​ព្រះ​វិស្ណុ​នោះ ពួក​ទ្វារបាល​ទាំង​នោះ​បាន​សាកសួរ​​ពី​ដំណើរ​រឿង​ដែល​បណ្ដាល​ឲ្យ​គេ​មក​ដល់​ទី​នោះ ពេល​បាន​ស្ដាប់​ចប់​សព្វគ្រប់​អស់​ហើយ ពួក​ទ្វារបាល​ទាំង​នោះ​ក៏​បាន​ប្រឡង​ឫទ្ធិ​នឹង​ទេព​អង្គ​នោះ ហើយ​ទេព​អង្គ​នោះ​ក៏​បាន​ឆ្លង​ផុត​ដំណាក់​នោះ​ហើយ​បាន​ចូល​គាល់​ក្រាប​បង្គំ​ព្រះ​វិស្ណុ ។ ពេល​ទ្រង់​ឃើញ​ទេព​អង្គ​នោះ ទ្រង់​ក៏​បាន​ពោល​ថា៖ សព្វដង មាន​ដល់​ទៅ​ ១០១ អង្គ​ មក​គាល់​យើង ។ ចុះ​ហេតុ​អ្វី​ក៏​ពេល​នេះ ទ្រង់​យាង​មក​តែ​ឯកឯង?” ទេព​អង្គ​នោះ បាន​រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ​តាំង​ពី​ដើម​ដល់​ចប់ រួច​​ក៏​សុំ​ឲ្យ​ព្រះ​វិស្ណុ​ជួយ​ដោះស្រាយ​រឿង​នេះ​ផង ។ ព្រះវិស្ណុ​ក៏​យល់​ព្រម​ទទួល​រ៉ាប់រង​លើ​ភារកិច្ច​នេះ ។

លុះ​បាន​ព្រមព្រៀង​គ្នា​ហើយ ព្រះវិស្ណុ​ក៏​យាង​ចេញ​ច្បាំង​ជាមួយ​មេទ័ព​យក្ស​ឈ្មោះ បាតព្វៈ នោះ​អស់​រយៈពេល​១.០០០​ឆ្នាំ​ទិព្វ តែ​គ្មាន​ឈ្នះ​គ្មាន​ចាញ់​សោះ គឺ​ស្មើ​តែ​គ្នា​គ្រប់​លើក ។ ឃើញ​ដូច្នេះ ទ្រង់​ក៏​ឈរ​ទ្រឹង​រួច​សម្លឹង​ទៅ​កាន់​ទង់​នោះ ក៏​បាន​យល់​ថា​អូ! តាម​ពិត​គឺ​ជា​អំណាច​ព្រហ្ម​ទេតើ ច្នោះ​ហើយ ទ្រង់​ក៏​សម្លឹង​ទៅ​ឋាន​ព្រហ្ម ។ និយាយ​ពី​ព្រះព្រហ្ម​ពេល​ដែល​ឃើញ​ព្រះវិស្ណុ​សម្លឹង​មក​ខ្លួន​ក៏​ភ័យ​ហើយ​និយាយ​ទាំង​រអាក់រអួល​ថា៖ ព្រះអាទិទេព​គ្រប់គ្រង​ឋាន​ទាំង​បី តើ​ព្រះអង្គ​មាន​រឿងហេតុ​អ្វី​បាន​ជា​សម្លក់​សម្លឹង​មក​ឋាន​ទូលបង្គំ​អ៊ីចឹង?” ព្រះវិស្ណុ​ក៏​តប​ទៅ​វិញ​ទាំង​សំណួរ​ថា​ ៖ តើ​ធ្វើ​យ៉ាងណា​ទើប​អាច​យក​ឈ្នះ​ទង់​នេះ​បាន?” ព្រះព្រហ្ម​ក៏​តប​ភ្លាម​ថា៖ បើ​ព្រះអង្គ​ត្រូវ​ប្រើ​ពន្លឺ​ទាំង​បី​នៃ​រាងកាយ​ព្រះអង្គ​ បញ្ចូល​គ្នា​នឹង​ពន្លឺ​ឆព្វណ្ណរង្សី​របស់​​កង​ចក្រ​​ព្រះអង្គ​រួច​ចោល​តម្រង់​ទៅ​ចំ​ចំណុច​កណ្ដាល​នៃ​ដង​ទង់ជ័យ​នោះ​ទៅ​ នឹង​អាច​បំផ្លាញ​មេទ័ព​នេះ​បាន​ហើយ ។ ប៉ុន្តែ​បើ​ព្រះអង្គ​ចោល​ទៅ​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់​ដល់​ពពួក​ទេពនិករ​ដែល​ត្រូវ​ចាប់​ដាក់​ក្នុង​ទង់​នោះ​ជាក់​ជា​មិនខាន​ឡើយ ។ ដូច្នេះ​សូម​ព្រះ​អង្គ​ធ្វើ​ជា​សញ្ញា​អ្វី​មួយ​ឲ្យ​ពួក​គេ​ដឹង​ នឹង​បាន​គេច​ចេញ​ពី​ចំណុច​ដែល​ព្រះអង្គ​បម្រុង​នឹង​ចោល​ចក្រ​នោះ​ក្រាបទូល ។ឮ​ដូច្នោះ​ ព្រះវិស្ណុ​ក៏​បាញ់​ពន្លឺ​ទៅ​ចំ​ត្រង់​ចំណុច​កណ្ដាល​របស់​ទង់ជ័យ​នោះ ទេព​ទាំង​អស់​ពេល​បាន​ឃើញ​សញ្ញា​នោះ​ហើយ​ក៏​ដឹង​ថា​ព្រះវិស្ណុ​ប្រាកដ​ជា​ចោល​ចក្រ​តម្រង់​ទៅ​ត្រង់​នោះ​ហើយ​ទើប​ពួក​គេ​នាំ​គ្នីគ្នា​គេច​ចេញ​​ពី​ទី​នោះ​ភ្លាម ។ បន្ទាប់​ពី​បាន​ឲ្យ​សញ្ញា​រួច​ ព្រះវិស្ណុ​ក៏​ចោល​ចក្រ​កាត់​ដង​ទង់ជ័យ​នោះ​បាក់​ភ្លាម​មួយ​រំពេច ចំណែក​ឯ​ បាតព្វៈ ក៏​វិនាស​តាម​ទង់​នោះ​ទៅ​ដែរ ។

រឿង​នេះ​មាន​ឆ្លាក់​ជាប់​នៅ​ប្រាសាទ​បាគង នៅ​ជាន់​ទី​២ (រាប់​ពី​លើ​ចុះ​ក្រោម) នៅ​ផ្នែក​ខាង​ត្បូង ។ វា​សឹករិចរិល​ស្ទើរតែ​អស់​ហើយ​ដោយសាតែ​ពេល​វេលា​ស៊ី ប្រសិនជា​អ្នក​ចង់​មើល​វា សូម​ទៅ​មើល​ពេល​នេះ​ទៅ ព្រោះ​បន្តិច​ទៀត​វា​នឹង​សឹក​អស់​លែង​មាន​ឱកាស​មើល​វា​ហើយ ។