រឿង​ខ្យងស័ង្ខ​បញ្ច​ជន្យៈ


នៅ​ក្នុង​គម្ពីរ​វេទ​បាន​រៀបរាប់​ថា៖ នៅ​ក្នុង​នគរ​រងទឹក រង​ខ្យល់ មាន​ខ្យងស័ង្ខ​មួយ​សម្រាប់​ទប់ទល់​ជាមួយ​ទឹក​ខ្យល់​ដែល​ធ្លាក់​បក់​បោក​មក​បំផ្លាញ​ផែនដី ។ យក្ស​ដែល​​គង់​នៅ​កាន់​ថែរក្សា​ខ្យង​នោះ​មាន​ចំនួន​ ០៥​អង្គ ដែល​មាន​ឈ្មោះ​ថា៖ កណ្ឌកៈ, ឧគ្រយាណៈ, ខណ្ឌរៈ, អសោមាចៈ, វ្ឫអហង្កៈ ប៉ុន្តែ​ដោយសារ​ពួក​យក្ស​នេះ​​មិន​គោរព​វិន័យ ទើប​ត្រូវ​គេ​បណ្ដេញ​ចេញ​ទៅ​នៅ​ក្រៅ​កណ្ដាប់​ចក្កវាឡ ហើយ​ឲ្យ​ទេវតា​ទាំង​ ១០១ អង្គ​ថែរក្សា​ជំនួស​វិញ ។

ដោយសារ​តែ​ការ​ច្រណែន​ឈ្នានីស ដោយ​គិត​ថា​​បុព្វបុរស​របស់​ពួកគេ​ធ្លាប់​នៅ​ក្នុង​ឋាន​ដ៏​រុងរឿង តែ​ឥឡូវ​បែរ​ជា​​ត្រូវ​មក​នៅ​ក្រោម​ទឹក​ ក្រោម​ដី ក្រោម​ភ្នំ​ ក្រោម​ថ្ម​ទៅ​​វិញ ។ គិត​គ្នា​ដូច្នេះ​ហើយ ពួក​គេ​ក៏​សម្រេច​ចិត្ត​ធ្វើ​តបធម៌​បួងសួង​ដល់​ព្រះព្រហ្ម​ដើម្បី​សុំ​ពរ​ពី​ព្រះអង្គ​ ។ ពួកគេ​បាន​ធ្វើ​ពិធី​នេះ​អស់​រយៈពេល​ ១.០០០ ​ឆ្នាំ​ទិព្វ ហើយ​ទីបំផុត​ព្រះព្រហ្ម​​ក៏​បង្ហាញ​ខ្លួន​ឡើង​​ដោយ​សារ​តែ​ភាព​រំភើប ។ នៅ​ពេល​ដែល​ព្រះ​ព្រហ្ម​បង្ហាញ​ខ្លួន ពួកគេ​ក៏​បាន​សុំ​ពរ​ពី​ព្រះព្រហ្ម​ថា សុំ​ឲ្យ​ពួក​ខ្ញុំ​មាន​ជីវិត​អមត អាច​ប្ដូរ​រូប​គ្នា​បាន បើ​នរណា​ចង់​សម្លាប់​ពួក​ខ្ញុំ ត្រូវ​សម្លាប់​តាម​លំដាប់​ពី​ប្អូន​ទៅ​បង បើ​មិន​ដូច្នេះ​ទេ គឺ​មិន​អាច​សម្លាប់​ពួក​យើង​បាន​ឡើយព្រះព្រហ្ម​ក៏​បាន​យល់ព្រម​នឹង​ពួកគេ ព្រម​ទាំង​បាន​ប្រគល់​មេទ័ព​ម្នាក់​ដល់​ពួកគេ​ ដែល​មាន​ទាំង​ទង់ជ័យ​មួយ​ដ៏​ពិសិដ្ឋ​ ហើយ​និយាយ​ថា បើ​មាន​នរណា​ចង់​ប្រហារ​អ្នក​ទាំង​៥ ត្រូវ​ឆ្លង​កាត់​ទង់​របស់​មេទ័ព​ឈ្មោះ បាតព្វៈសិន​ទើប​បាន ។

នៅ​ពេល​ដែល​បាន​សម្រេច​តាម​បំណង​ហើយ ពួកគេ​ក៏​នាំ​គ្នា​​លើក​ទៅ​វាយ​នគរ​រងទឹក​រង​ខ្យល់ តែ​ពួក​គេ​បាន​ប្រាប់​ដល់​មេទ័ព​គេ​ថា៖ មិន​ត្រូវ​សម្លាប់​ទេពនិករ​ទាំង​ ១០១​អង្គ​នោះ​ជា​ដាច់ខាត ព្រោះ​ពួក​គេ​ជា​អ្នក​លើក​ខ្យងស័ង្ខ​បញ្ច​ជន្យៈ​នោះ ប្រសិនជា​​គ្មាន​​ពួកគេ​ទេ​ ពួក​យើង​មិន​អាច​សម្រេច​គោល​បំណង​បាន​ឡើយ ។ ដល់​ពេល​ដែល​យើង​បាន​ខ្យង​នោះ​ហើយ យើង​ចង់​ផ្លុំ​រម្លាយ​ឋាន​ណា​ក៏បាន​ដែរ ឲ្យ​តែ​មាន​ពួកគេ​និង​ខ្យងស័ង្ខ​បញ្ចជន្យៈ​នោះ

មេទ័ព បាតព្វៈ បាន​ប្រយុទ្ធ​នឹង​ទេពនិករ​ទាំង​នោះ ហើយ​បាន​ចាប់​បាន​តែ​ ១០០​អង្គ​តែ​ប៉ុណ្ណោះ សល់​មួយ​អង្គ​ចាប់​មិន​បាន​ ព្រោះ​អង្គ​នោះ​មាន​​វត្ថុ​ទិព្វ​មហា​រម្អិល ហើយ​អង្គ​នេះ​បាន​រត់​ទៅ​ដល់​ឋាន​ព្រះ​វិស្ណុ​នៅ​ឯ​មហាសមុទ្រ​ទឹក​ដោះ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ។ ពេល​ទៅ​ដល់​នា​មហា​សមុទ្ទ​ផ្សែង (មហាសមុទ្រ​ទឹក​ដោះ) ទេព​អង្គ​នោះ​បាន​ប្រទះ​នឹង​អ្នកយាម​ទ្វារ​នៃ​រាជវាំង​ព្រះ​វិស្ណុ​នោះ ពួក​ទ្វារបាល​ទាំង​នោះ​បាន​សាកសួរ​​ពី​ដំណើរ​រឿង​ដែល​បណ្ដាល​ឲ្យ​គេ​មក​ដល់​ទី​នោះ ពេល​បាន​ស្ដាប់​ចប់​សព្វគ្រប់​អស់​ហើយ ពួក​ទ្វារបាល​ទាំង​នោះ​ក៏​បាន​ប្រឡង​ឫទ្ធិ​នឹង​ទេព​អង្គ​នោះ ហើយ​ទេព​អង្គ​នោះ​ក៏​បាន​ឆ្លង​ផុត​ដំណាក់​នោះ​ហើយ​បាន​ចូល​គាល់​ក្រាប​បង្គំ​ព្រះ​វិស្ណុ ។ ពេល​ទ្រង់​ឃើញ​ទេព​អង្គ​នោះ ទ្រង់​ក៏​បាន​ពោល​ថា៖ សព្វដង មាន​ដល់​ទៅ​ ១០១ អង្គ​ មក​គាល់​យើង ។ ចុះ​ហេតុ​អ្វី​ក៏​ពេល​នេះ ទ្រង់​យាង​មក​តែ​ឯកឯង?” ទេព​អង្គ​នោះ បាន​រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ​តាំង​ពី​ដើម​ដល់​ចប់ រួច​​ក៏​សុំ​ឲ្យ​ព្រះ​វិស្ណុ​ជួយ​ដោះស្រាយ​រឿង​នេះ​ផង ។ ព្រះវិស្ណុ​ក៏​យល់​ព្រម​ទទួល​រ៉ាប់រង​លើ​ភារកិច្ច​នេះ ។

លុះ​បាន​ព្រមព្រៀង​គ្នា​ហើយ ព្រះវិស្ណុ​ក៏​យាង​ចេញ​ច្បាំង​ជាមួយ​មេទ័ព​យក្ស​ឈ្មោះ បាតព្វៈ នោះ​អស់​រយៈពេល​១.០០០​ឆ្នាំ​ទិព្វ តែ​គ្មាន​ឈ្នះ​គ្មាន​ចាញ់​សោះ គឺ​ស្មើ​តែ​គ្នា​គ្រប់​លើក ។ ឃើញ​ដូច្នេះ ទ្រង់​ក៏​ឈរ​ទ្រឹង​រួច​សម្លឹង​ទៅ​កាន់​ទង់​នោះ ក៏​បាន​យល់​ថា​អូ! តាម​ពិត​គឺ​ជា​អំណាច​ព្រហ្ម​ទេតើ ច្នោះ​ហើយ ទ្រង់​ក៏​សម្លឹង​ទៅ​ឋាន​ព្រហ្ម ។ និយាយ​ពី​ព្រះព្រហ្ម​ពេល​ដែល​ឃើញ​ព្រះវិស្ណុ​សម្លឹង​មក​ខ្លួន​ក៏​ភ័យ​ហើយ​និយាយ​ទាំង​រអាក់រអួល​ថា៖ ព្រះអាទិទេព​គ្រប់គ្រង​ឋាន​ទាំង​បី តើ​ព្រះអង្គ​មាន​រឿងហេតុ​អ្វី​បាន​ជា​សម្លក់​សម្លឹង​មក​ឋាន​ទូលបង្គំ​អ៊ីចឹង?” ព្រះវិស្ណុ​ក៏​តប​ទៅ​វិញ​ទាំង​សំណួរ​ថា​ ៖ តើ​ធ្វើ​យ៉ាងណា​ទើប​អាច​យក​ឈ្នះ​ទង់​នេះ​បាន?” ព្រះព្រហ្ម​ក៏​តប​ភ្លាម​ថា៖ បើ​ព្រះអង្គ​ត្រូវ​ប្រើ​ពន្លឺ​ទាំង​បី​នៃ​រាងកាយ​ព្រះអង្គ​ បញ្ចូល​គ្នា​នឹង​ពន្លឺ​ឆព្វណ្ណរង្សី​របស់​​កង​ចក្រ​​ព្រះអង្គ​រួច​ចោល​តម្រង់​ទៅ​ចំ​ចំណុច​កណ្ដាល​នៃ​ដង​ទង់ជ័យ​នោះ​ទៅ​ នឹង​អាច​បំផ្លាញ​មេទ័ព​នេះ​បាន​ហើយ ។ ប៉ុន្តែ​បើ​ព្រះអង្គ​ចោល​ទៅ​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់​ដល់​ពពួក​ទេពនិករ​ដែល​ត្រូវ​ចាប់​ដាក់​ក្នុង​ទង់​នោះ​ជាក់​ជា​មិនខាន​ឡើយ ។ ដូច្នេះ​សូម​ព្រះ​អង្គ​ធ្វើ​ជា​សញ្ញា​អ្វី​មួយ​ឲ្យ​ពួក​គេ​ដឹង​ នឹង​បាន​គេច​ចេញ​ពី​ចំណុច​ដែល​ព្រះអង្គ​បម្រុង​នឹង​ចោល​ចក្រ​នោះ​ក្រាបទូល ។ឮ​ដូច្នោះ​ ព្រះវិស្ណុ​ក៏​បាញ់​ពន្លឺ​ទៅ​ចំ​ត្រង់​ចំណុច​កណ្ដាល​របស់​ទង់ជ័យ​នោះ ទេព​ទាំង​អស់​ពេល​បាន​ឃើញ​សញ្ញា​នោះ​ហើយ​ក៏​ដឹង​ថា​ព្រះវិស្ណុ​ប្រាកដ​ជា​ចោល​ចក្រ​តម្រង់​ទៅ​ត្រង់​នោះ​ហើយ​ទើប​ពួក​គេ​នាំ​គ្នីគ្នា​គេច​ចេញ​​ពី​ទី​នោះ​ភ្លាម ។ បន្ទាប់​ពី​បាន​ឲ្យ​សញ្ញា​រួច​ ព្រះវិស្ណុ​ក៏​ចោល​ចក្រ​កាត់​ដង​ទង់ជ័យ​នោះ​បាក់​ភ្លាម​មួយ​រំពេច ចំណែក​ឯ​ បាតព្វៈ ក៏​វិនាស​តាម​ទង់​នោះ​ទៅ​ដែរ ។

រឿង​នេះ​មាន​ឆ្លាក់​ជាប់​នៅ​ប្រាសាទ​បាគង នៅ​ជាន់​ទី​២ (រាប់​ពី​លើ​ចុះ​ក្រោម) នៅ​ផ្នែក​ខាង​ត្បូង ។ វា​សឹករិចរិល​ស្ទើរតែ​អស់​ហើយ​ដោយសាតែ​ពេល​វេលា​ស៊ី ប្រសិនជា​អ្នក​ចង់​មើល​វា សូម​ទៅ​មើល​ពេល​នេះ​ទៅ ព្រោះ​បន្តិច​ទៀត​វា​នឹង​សឹក​អស់​លែង​មាន​ឱកាស​មើល​វា​ហើយ ។

5 thoughts on “រឿង​ខ្យងស័ង្ខ​បញ្ច​ជន្យៈ

  1. Fidele 07/10/2010 / 2:17 pm

    រឿង​ហ្នឹង​ចប់​ហើយ​រឺ? 😀

    • khmerbirder 07/10/2010 / 11:28 pm

      ចប់​​ត្រឹម​ហ្នឹង​ហើយ ។ ខ្ញុំ​ចាំ​បាន​ប៉ុណ្ណឹង​ឯង​ព្រោះ​រឿង​នេះ​និទាន​តាំង​ពី​កាល​ឆ្នាំ​២០០០ ដោយ​លោក​សាស្ត្រាចារ្យ​ ចន្ទភក្ដី​ ជា​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា​នៃ​ស្រុក​ខ្មែរ​យើង​ដែល​បាន​បញ្ចប់​ថ្នាក់​បុរាណវិទ្យា​និង​ទេវកថា​នៅ​ប្រទេស​ឥណ្ឌា ។ ចាំ​លើក​ក្រោយ​ខ្ញុំ​ដាក់​រឿង​​ថ្មីៗ​ឲ្យ​អាន​ទៀត ។

      • Fidele 08/10/2010 / 3:55 am

        អញ្ចឹង​ចាំ​អាន​ទៀត។ :mrgreen:

    • Idalia 04/01/2015 / 1:07 am

      That insight solves the prlmeob. Thanks!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s