ប្រាសាទ​បាគង (៨៨១)


ប្រាសាទ​បាគង​ជា​ប្រាសាទ​ដ៏​សំខាន់​សម្រាប់​អាណាចក្រ​និង​ព្រះអង្គ​ផ្ទាល់ ។ នៅ​ឆ្នាំ​៨៨១ ព្រះបាទ ឥន្ទ្រវរ្ម័ន​ទី​១ បាន​សាងសង់​ប្រាសាទ​បាគង​ឋិត​នៅ​ចំ​កណ្ដាល​រាជធានី​ ហរិហរាល័យ ថ្វាយ​ដល់​ព្រះ​សិវៈ ។ តាម​សិលា​ចារិក ប្រាសាទ​នេះ​មាន​ឈ្មោះ​​ដើម​ថា «ឥន្ទ្រស្វារៈ» ។ ចំពោះ​ឈ្មោះ «បាគង» ត្រូវ​គេ​ស្គាល់​នៅ​សម័យ​ក្រោយ​អង្គរ​ហៅ​ដោយ​អ្នក​ស្រុក​តែ​ប៉ុណ្ណោះ ។ ពាក្យ​ថា​ បា (សំ)=អ្នក​គ្រង​ព្រះសិវៈ, អ្នក​ថែរក្សា​លោក​ទាំង​បី «ព្រះ​វិស្ណុ», អ្នក​បង្កើត​លោក​និង​ផ្ដល់​ព្រហ្មចារី​ដល់​លោក «ព្រះ​ព្រហ្ម» ។ ពាក្យ​ថា «គង» ហៅ​ក្លាយ​មក​ពី «គង់​នៅ» ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​ភ្នំ​មេរុ ដែល​សាងសង់​ចម្លង​តាម​ប្រាសាទ​ បូរ៉ូបូដូ នៅ​ឥណ្ឌូណេស៊ី​ភាគ​កណ្ដាល ។ បាគង​មាន​ខឿន​ថ្ម​ភក់​ប្រាំ​​ថ្នាក់ មាន​តម្លៃ​និមិត្តរូប​ឋាន​ទាំង​ប្រាំ​គឺ ឋាន​នាគ, ឋាន​គ្រុឌ, ឋាន​រក្សាសៈ (គឺ​ឋាន​មនុស្ស, ខ្មោច​ព្រាយ​បិសាច) ឋាន​យក្ស, និង​ឋាន​មហារាជ (ឋាន​អាទិទេព) ចំណុច​ខឿន​ទាំង​ប្រាំ​នេះ​មាន​បន្សល់​ទុក​នូវ​ចម្លាក់​ក្បាច់​ក្រឡោត​ទាប​នៅ​លើ​ខឿន​ជាន់​ទី​៤ (រាប់​ពី​ក្រោម​ឡើង​លើ) ផ្នែក​ខាង​ត្បូង​និយាយ​ពី​រឿង «ខ្យងស័ង្ខ​បញ្ចជន្យៈ ឬ​សង្គ្រាម​វិស្ណុ​ជាមួយ​យក្ស​​ប្រាំ​អង្គ» ។ បាគង​មាន​ចម្លាក់​ទេព​បី​ព្រះអង្គ​ដែល​សព្វថ្ងៃ​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ (មុន​ឡើយ​នៅ​អភិរក្ស​ស្ថាន​អង្គរ ) រូប​ទាំង​បី​អង្គ​នេះ​មាន​ឈ្មោះ ឧមាគង្គា បទិស្វារៈ ដែល​តម្កល់​នៅ​ខាង​ឆ្វេង​ដៃ​មុខ​ខឿន​ទាំង​ប្រាំ​ថ្នាក់ ។ ប្រាសាទ​បាគង​មាន​តួ​ប៉ម​​សង់​ពី​ថ្ម​ភក់​​ចំនួន​ ១២​តូច​ៗ​ ឋិត​នៅ​លើ​ខឿន​ជាន់​ទៅ​បួន ជា​តំណាង​ឲ្យ​ខែ​ទាំង​១២​ និង​ឧទ្ទិស​ថ្វាយ​ចំពោះ «ព្រះ​កាល» ដែល​ជា​តំណាង​ឲ្យ​ពេលវេលា​ធំ​ៗ​ទាំង​បី​គឺ៖ បច្ចុប្បន្ន, អតីតកាល, និង​អនាគតកាល ។ ព្រះ​កាល​គឺ កាឡា ដែល​ព្រះ​សិវៈ​តែងតាំង​ជា​អាទិទេព​កំពូល​តំណាង​ពេល​វេលា​ទាំង​បី​នេះ ។ នៅ​លើ​ខឿន​ផ្នែក​ខាង​លើ​បំផុត មាន​ប៉ម​កណ្ដាល​មួយ​សង់​ពី​ថ្ម​ភក់​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ជា​តួប៉ម​កណ្ដាល​​ដែល​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​២​ បាន​សង់​នៅ​ក្នុង​​សតវត្ស​ទី​១២ ​ក្នុង​រចនាប័ទ្ម​អង្គរ​វត្ត​ ។ តួប៉ម​ពី​ដើម​សង់​ពី​ឥដ្ឋ​ដែល​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ បាន​តម្កល់​សិវលិង្គ​ទេវរាជ «កម្រតេងជគតរាជ​ស្រី​ឥន្ទ្រ​ស្វារៈ» ដើម្បី​ដំឡើង​ឋានៈ​ព្រះអង្គ​ឲ្យ​ក្លាយ​ជា​ស្ដេច​​ចក្កវាឡ​ ដែល​ជា​អំណាច​អមត​ទាំង​ប្រាំ​បួន និង​អំណាច​អាណាចក្រ​ទាំង​បី​គឺ៖ នីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ, នីតិ​តុលាការ ។ ក្រោយ​មក​ទៀត តួប៉ម​ឥដ្ឋ​នេះ​​បាន​បាក់បែក​អស់ ហេតុនេះ​ហើយ​បាន​ព្រះ​រាជា​ក្រោយ​បាន​កសាង​ប៉ម​ធ្វើ​ពី​ថ្ម​ភក់​នេះ​ឡើង ។

តួប៉ម​កណ្ដាល​តំណាង​ឲ្យ​កំពូល​ភ្នំ​មេរុ​ឬ​កំពូល​ភ្នំ​កៃលាស​ដែល​ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ទី​១០៩ ។ ម្យ៉ាង​វិញ​ទៀត​ វា​ជា​តំណាង​ឲ្យ​មហា​ប្រាសាទ​ទិព្វ «ឧមាទេវី» «ប្រាសាទ​លាក់​នាង​បវ៌តី» ។ ចំណែក​ឯ​ទីធ្លា​ព័ទ្ធ​ជុំវិញ​តួប៉ម​កណ្ដាល​នេះ​តំណាង​ឲ្យ​រាជធានី​របស់​ព្រះសិវៈ​​ឈ្មោះ សិទ្ធេស្វារៈ​បុរៈ

ប្រាសាទ​បាគង​មាន​តួប៉ម​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ទៀត​ នៅ​ព័ទ្ធ​ជុំវិញ​ខឿន​ទាំង​ប្រាំ​ថ្នាក់​ មាន​តម្លៃ​និមិត្តរូប​តំណាង​លោកបាល​ព្រហ្មញ្ញសាសនា​ទាំង​ ៨​ទិស និង​ជា​រាជវាំង​របស់​លោកបាល​ទាំង​ ៨​នោះ​ផង​ដែរ ។

សូម​មើល​រូប​ខាង​ក្រោម៖


ម្យ៉ាង​ទៀត ប៉ម​ទាំង​ប្រាំ​បី​នេះ​ក៏​ជា​តំណាង​លោកធាតុ​ទាំង​ប្រាំបី​គឺ៖ ទឹក, ដី, ភ្លើង, ខ្យល់, មេឃ, ព្រះអាទិត្យ, ព្រះចន្ទ, និង​អាត្ម័ន ។ ប៉ម​ដែល​នៅ​ជិត​របង​របស់​ព្រាហ្មណ៍​ឬ​មន្ត្រី​ជាន់ខ្ពស់​ឬ​ព្រះ ញាតិវង្សានុវង្ស (ក្នុង​បុរាណវិទ្យា​ គេ​រាប់​ជាន់​ទី​១ ឬ​កំពែង​ទី​១ ពី​ក្នុង​មក​ក្រៅ ឯ​ស្ថាបត្យកម្ម​សំណង់​វិញ​គេ​រាប់​ពី​ក្រៅ​ទៅ​ក្នុង​បញ្ច្រាស​ពី​បុរាណ​វិទ្យា) ។ ប្រាសាទ​បាគង​មាន​គូ​ទឹក​ជុំវិញ​ជា​តំណាង​មហាសមុទ្ទ​ទាំង​៧​គឺ​៖

មហាសមុទ្ទ​ សុទស្សន៍ (ពណ៌ស) មហាសមុទ្ទ​​ ក៌វឹក (ពណ៌​ខៀ)

មហាសមុទ្ទ​ ឥសិន្ធរៈ (ពណ៌​លឿង) មហាសមុទ្ទ​ យុគន្ធរៈ (ពណ៌​ក្រហម)

មហាសមុទ្ទ​ នេមិន្ធរៈ (ពណ៌​បៃតង) មហាសមុទ្ទ​ វិនត័ក (ពណ៌​ស្វាយ)

មហាសមុទ្ទ​ អស្សកណ្ណ (ពណ៌​ស៊ីជម្ពូ)

កំពែង​ថ្ម​បាយក្រៀម​ព័ទ្ធជុំវិញ​ខាង​ក្រៅ (បណ្ដោយ ៩០០មx៧០០ម) តំណាង​ជញ្ជាំង​ចក្កវាឡ​ដែល​ខណ្ឌ​ឋាន​​ទេវលោក​ច្រើន​ជាន់​ថ្នាក់ ។

បាគង​មាន​ច្រក​ផ្លូវ​ចូល​នៅ​ខាង​កើត​និង​ខាង​លិច ​អម​ដោយ​ចម្លាក់​នាគ​ថ្ម​ភក់​ក្បាល​​៧​លូន​ផ្ទាល់​ដី​តំណាង​ឲ្យ​ផ្លូវ​ទៅ​កាន់​ឋាន​ទេវលោក ។ ចំណែក​ចម្លាក់​នាគ​ក្បាល​៧ តំណាង​ឲ្យ​ក្បាល​នាគ «សេសៈ» ទាំង ១០០០ តំណាង​ឲ្យ​ទន្លេ​សួគ៌​ទាំង​៧​គឺ៖ ទន្លេ​គង្គា, ទន្លេ​​ឥណ្ឌុ, ទន្លេ​​យ៉ាម៉ាណា, ទន្លេ​​ព្រហ្មបុត្រ, ទន្លេ​​សរស្វតី, ទន្លេ​​កាបេរី​ឬ​ទន្លេ​​ហ្កាយ៉ារី, ទន្លេ​​ក្ឫស្ណៈ និង​តំណាង​ឲ្យ​ចក្កវាឡ​ដែល​មាន​រូប​ទាំង​៧គឺ៖ ព្រះអាទិត្យ, ព្រះចន្ទ, ព្រះអង្គារ, ព្រះ​ពុធ, ព្រះ​ព្រហស្បតិ៍, ព្រះ​សុក្រ, និង​ព្រះ​សៅរ៍ ។

ចប់

 

គួរ​យល់​ដឹង​អំពី​កំពែង​ប្រាសាទ៖

កំពែង​ប្រាសាទ​បុរាណ​ខ្មែរ​សាងសង់​ឡើង​ជា​តំណាង​កំពែង​ឋាន​ត្រៃត្រិង្ស ។

    • កំពែង​ទី​មួយ៖ (រាប់​តាម​បុរាណ​វិទ្យា) ជា​តំណាង​ឬ​កំពែង​ចតុ​មហា​រាជការ, យម(YAMA)
    • កំពែង​ទី​ពីរ៖ តំណាង​ឋាន តុសិតា, និម្មិត​នរតី, បរនិម្មិតសវតី ។
    • កំពែង​ទី​បី៖ តំណាង​ឋាន កៃលាស, រាជធានី​សទ្ធេស្វារៈ​បុរៈ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s