សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ


សួស្ដី​អ្នក​រាល់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​បាន​លើក​យក​នូវ​រឿង​មួយ​ទៀត​ក្នុង​ទេវកថា​ហិណ្ឌូ ដែល​មាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​អង្គរវត្ត​ ជាន់​ទី​១ ថែវ​ខាង​ជើង ភាគ​ខាង​លិច ដើម្បី​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​អាច​ដើរ​មើល​ប្រាសាទ​នេះ​កាន់តែ​ជក់ចិត្ត​ថែម​ទៀត កុំ​ឲ្យ​បរទេស​ថា ខ្មែរ​មិន​ស្គាល់​ពី​អ្វី​ដែល​បុព្វបុរស​ខ្លួន​បាន​ឆ្លាក់​បន្សល់​ទុក​នៅ​មហា​ប្រាសាទ​នេះ ។ សូម​រីករាយ​ដូច​តទៅ៖

ក្នុង​គម្ពីរ​សិវៈ​និទាន​នៅ​កញ្ជី​បុរី គេ​ឃើញ​មាន​អត្ថបទ​និយាយ​ពី «ការ​ធ្វើ​សង្គ្រាម​រវាង​ទេវ​និង​អសុរ» ដែល​កើត​ឡើង​ពី​ការ​ចង់​ដណ្ដើម​ពិភពលោក​និង​ឋាន​សួគ៌​ដើម្បី​ត្រួតត្រា ។ សិវៈ​គម្ពីរ​បាន​ចែង​ថា៖

៙ក្រោយ​ដែល​មនុស្ស​លោក​កំពុង​ឆ្កួត​វង្វេង​ក្នុង​កាមតណ្ហា ហើយ​ក្រោយ​ពេល​គម្ពីរ​សាសនា​ទាំងឡាយ​ត្រូវ​បាត់​អស់​ពី​ផែនដី ពួក​ទេវតា​បាន​ទទួល​បញ្ជា​ពី​ព្រះឥន្ទ្រ​ដើម្បី​ចុះ​មក​រៀបចំ​ពិភពលោក​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើង​វិញ ពោល​គឺ​ទេព្ដា​មួយ​អង្គ​ៗ​​ត្រូវ​តែង​ខ្លួន​ជា​តាបស​ឫសី​ដែល​មាន​រាងកាយ​គ្របដណ្ដប់​ដោយ​ស្បែក​ម្រឹគ ។

ឯ​ចំណែក​ទេពធីតា​ក៏​មាន​ភារៈ​ដឹកនាំ​ក្លិន​នៃ​គម្ពីរ​វេទ​ពី​ឋានសួគ៌​មក​ព្យាបាល​ពួក​មនុស្ស​និង​សត្វ​ទាំងឡាយ​ដែល​កំពុង​ឆ្កួតវង្វេង​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​ដែរ ។

ទេពធីតា​ទាំងអស់​បាន​យាង​ចុះ​មក​ពី​ឋានសួគ៌ ​ដោយ​នាំ​ទាំង​បាច់​​ផ្កា​គន្ធា​ដែល​ព្រះឥន្ទ្រ​ទ្រង់​ជប​គម្ពីរ​វេទ​ដើម្បី​ឲ្យ​យក​មក​ដោត​នៅ​មុខ​ផ្ទះ​ឬ​រាជវាំង​ព្រះ​មហាក្សត្រ​គ្រប់គ្រង​វង្ស​ទាំងអស់​ក្នុង​ពិភព​លោក ។

ពួក​ទេវ​​ព្រាហ្មណ៍​បាន​ទត​ឃើញ​ទស្សនីយភាព​ប្លែកៗ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​រន្ធត់​ចិត្ត​ឥត​ឧបមា ។ គឺជា​ទិដ្ឋភាព​មួយ​ដែល​បាន​បញ្ជាក់​ឲ្យ​ទ្រង់​យល់​ថា «បេសកកម្ម​របស់​ទ្រង់​ដែល​ទទួល​ពី​ព្រះឥន្ទ្រ​ដើម្បី​ជួយ​សង្គ្រោះ​ដែនដី​ ពុំ​អាច​អនុវត្ត​បាន​ជា​ដាច់ខាត»

ពួក​ទេវ​ព្រាហ្មណ៍​ទាំងឡាយ បាន​ទត​ឃើញ​មនុស្ស​ទាំង​អស់​នាំ​គ្នា​បោះ​ចោល​សម្លៀក​បំពាក់​ដោយ​ទុក​ខ្លួន​ឲ្យ​អាក្រាត ។

ស្ដេច នាម៉ឺន មន្ត្រី សេនាបតី រាស្ត្រប្រជា នាយ​ពាណិជ្ជ និង​កសិករ​ឈប់​ធ្វើ​ការ​នៅ​តាម​មុខ​នាទី​របស់​ខ្លួន​នៅ​តាម​ផ្លូវ​ថ្នល់ សួនឧទ្យាន គេហដ្ឋាន​នានា​និង​រាជវាំង គេ​ឃើញ​មនុស្ស​សេព​មេថុនធម្ម​រួម​សំវាស​គ្មាន​អៀនខ្មាស​​ ។ គ្មាន​នរណា​ម្នាក់​ស្លៀកពាក់​បិទបាំង​កាយ​ឡើយ ។ នៅ​គ្រប់​វត្តអារាម​និង​ព្រះវិហារ គេ​ឃើញ​មាន​រូបចម្លាក់​មនុស្ស​ប្រព្រឹត្ត​មេថុនធម្ម​យ៉ាង​អាក្រក់អាក្រី​បំផុត ។

ពួក​ទេវ​ព្រាហ្មណ៍​ ដោយ​យល់​ឃើញ​សភាព​អាសអាភាស​បែបនេះ ក៏​ត្រឡប់​មក​នាំ​គ្នា​ប្រជុំ​ក្រោម​ដើម​ឈើ​មួយ ។ ទេវ​ខ្លះ​មាន​យោបល់​ថា ត្រូវតែ​អនុវត្ត​នូវ​បញ្ជា​របស់​ព្រះឥន្ទ្រ ទោះបី​ត្រូវ​បង់​ខាត​នូវ​ភាព​បរិសុទ្ធ​យ៉ាងណា​ក្ដី ព្រោះ​ទេវ​ទាំងអស់​បាន​ជឿ​ទៅ​លើ​ឆន្ទៈ​ និង​ទឹក​ព្រះទ័យ​របស់​ព្រះអង្គ​ម្នាក់ៗ​ដែល​បាន​មុជ​ជម្រះ​អស់​ហើយ​នូវ​គ្រឿង​សៅហ្មង​ ។ ឯ​ចំណែក​ទេវ​ខ្លះ​ទៀត​បាន​យល់​ថា ត្រូវតែ​យក​ព័ត៌មាន​នេះ​ទៅ​ទូល​ដល់​ព្រះឥន្ទ្រ​ជា​មុន​សិន ។

(រង់ចាំ​ភាគ​បន្ត)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s