សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ (ភាគ​បន្ត)


ដោយ​ធន់​ទ្រាំ​​នឹង​ភាព​អពមង្គល​ក្រខ្វក់​តទៅទៀត​ពុំ​បាន ព្រះ​នាង​​ធរណី​ក៏​ហោះ​ទៅ​កាន់​ទេវស្ថាន​នៃ​ស្ដេច​ទេវតា ទូល​សូម​ឲ្យ​ព្រះអង្គ​ជួយ​សម្រាល​ទុក​របស់​ព្រះនាង ។ ព្រះឥន្ទ្រ​ក្រោយ​ដែល​បាន​ស្ដាប់​ពាក្យបណ្ដឹង​របស់​ទេពធីតា​ធរណី​ហើយ ក៏​មាន​ព្រះទ័យ​ក្ដៅក្រហាយ​ព្រះទ័យ​ជាមួយ​ស្ដេច​យក្ស​​ដែល​បាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​បណ្ដាល​ឲ្យ​ចលាចល​ពេញ​ផ្ទៃ​ដី ព្រមទាំង​ឲ្យ​ពួក​ទេព្ដា​និង​ទេពធីតា​ជា​ច្រើន​អង្គ​អស់​​នូវ​ភាព​បរិសុទ្ធ ។

ពេល​នោះ​ព្រះឥន្ទ្រ​បាន​ថ្លែង​ប្រាប់​នាង​ទេពធីតា​ថា ទ្រង់​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​មហា​យក្ស​ទាំង​បី​​នា​ពេល​ឆាប់ៗ​នេះ ។ ពេល​ដែល​ព្រះ​នាង​ធរណី​យាង​ចុះ​ទៅ​កាន់​ផែនដី​វិញ​ហើយ ព្រះឥន្ទ្រ​ក៏​ចាត់​ឲ្យ ​លោកបាល​ ទូងភេរី​ហៅ​ទេពនិករ​ទាំងអស់​ឲ្យ​ប្រមូល​ទ័ព​​ដើម្បី​លើក​ព្យុហយាត្រា​​​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​យក្ស ។

នៅ​ក្នុង​ព្រះរាជ​ដំណើរ គេ​ឃើញ​ព្រះឥន្ទ្រ​គង់​លើ​ដំរី ឰរាវ័ណ ក្បាល​បី​ទ្រង់​ប្រដាប់​​​ដោយ​អាវុធ​ធ្វើ​ដោយ​ពេជ្រ​ហៅ​ថា វជ្រាវុធ មាន​សរ មាន​ព្រះខ័ន មាន​គទា មាន​គ្រឿង​ប្រដាប់​ជា​ខ្សែ​អង្គប់​សម្រាប់​ចាប់​សត្រូវ​​ ព្រមទាំង​និម្មិត​ព្រះ​កាយ​​​​ធំ​ប៉ុន​មហា​គិរី ។ កងទ័ព​ទេវតា​បាន​លើក​រេហ៍ពល​សេនា​ទៅ​ដល់​មុខ «ត្រី​បុរី» ដែល​ជា​នគរ​នៃ​មហា​យក្ស ។

ថ្លែង​ពី​អសុរ​ទាំង​បី កាល​បើ​ឃើញ​កងពល​ទេវ​ពាសពេញ​អាកាស​ក៏​បញ្ចេញ​កងពល​របស់​ខ្លួន​មក​ត្រៀម​ចាំ​ទ័ព​ពួក​ទេវ​ជា​ស្រេច ។

ព្រះឥន្ទ្រ​ឃើញ​មហាយក្ស​ជា​មេ​មាន​គ្នា​បី​​នាក់ ទ្រង់​ក៏​បែងភាគ​ជា​បី​ព្រះអង្គ មួយ​អង្គ​គង់​លើ​សេះ​ស មួយ​អង្គ​ទៀត​គង់​លើ​សេះ​ក្រហម ។ ពេល​រំពេច​នោះ សង្គ្រាម​ក៏​ចាប់ផ្ដើម​ឡើង ។

គេ​ឮ​សូរ​តែ​អសនី​លាន់​ខ្ទរខ្ទារ​បណ្ដាល​បណ្ដាល​ឲ្យ​កក្រើក​ដី ។ សំឡេង​ផ្គរ​និង​រន្ទះ​គ្រហឹម​យ៉ាង​ខ្លាំង​មហិមា​ បង្កើត​ជា​ព្រះ​ភិរុណ​បង្ក​ជា​ទឹក​ជំនន់​​លិច​ផែនដី​បណ្ដាល​ឲ្យ​លិចលង់​ជីវិត​សត្តនិករ​គ្មាន​សល់​ម្នាក់ ។ មហាសមុទ្ទ​ត្រូវ​កម្លាំង​អ្វី​មួយ​ផាត់​យក​ទៅ​លើ​មេឃ​ បង្កើត​ជា​ពពក​ទឹក​ងងឹត​សូន្យសុង​ មាន​តែ​ភ្លើង​រន្ទះ​គូសវាស​ពេញ​នភាល័យ ។

មួយ​រយ​ថ្ងៃ​កន្លង​ផុត​ទៅ​​ ទ័ព​ទេព្ដា​​វិនាស​បាត់បង់​ស្ទើរតែ​អស់​ពី​ឋានសួគ៌ ។ គ្រានោះ ព្រះឥន្ទ្រ​បាន​ភៀស​ព្រះ​កាយ​ឡើង​ទៅ​ឋាន​ព្រះ​វិស្ណុ ដើម្បី​សុំ​ឲ្យ​កំពូល​អាទិទេព​ជួយ​ដោះស្រាយ​វិបត្តិ​នេះ ។ ព្រះវិស្ណុ​ទ្រង់​ទទួល​ព្រះឥន្ទ្រ​ដោយ​ព្រះទ័យ​រីករាយ​ព្រមទាំង​សំណេះសំណាល​ពី​សុខ​ទុក្ខ​ផ្សេងៗ ។

កាលនោះ​ព្រះឥន្ទ្រ​បាន​ក្រាបទូល​ព្រះ​វិស្ណុ​​វិញ​ថា ​ព្រះអង្គ​បាន​ខូចបង់​នូវ​ពល​ទេវ​អស់​ជា​ច្រើន​​អនេក ដោយ​ទ្រង់​បាន​ប្រកាស​សង្គ្រាម​ជាមួយ​មហាយក្ស​ ត្រី​បុរី​ ព្រមទាំង​សុំ​ឲ្យ​ព្រះ​វិស្ណុ​ជួយ​ទ្រង់​ក្នុង​ការ​បំពេញ​​មហា​បេសកកម្ម​នេះ ។ ព្រះវិស្ណុ​យល់ព្រម​តាម​សំណូមពរ​របស់​ស្ដេច​ទេវ​ហើយ​ទ្រង់​សន្យា​ថា​នឹង​ធ្វើ​ពិធី​មួយ​ដើម្បី​ស្ល​ទ័ព​បិសាច​យក​ទៅ​ធ្វើ​សង្គ្រាម​នឹង​ពួក​យក្ស ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s