សង្គ្រាម​រវាង​ពួក​ទេវ​និង​ពួក​អសុរ (ត​ចប់)


សង្គ្រាម​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត ។ ពួក​បិសាច​បាន​សម្ដែង​ឫទ្ធិ​ដំឡើង​កាយ​ធំ​ប៉ុនៗ​ភ្នំ មាន​ជិះ​រាជសីហ៍ ដំរី ខ្លា ដៃ​កាន់​អាវុធ​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ។ ព្យោមា​ស្រែក​សន្ទាប់​ស្ទើរ​រញ្ជួយ​ត្រៃភព​ កក្រើក​ភ្នំព្រះសុមេរុ បណ្ដាល​ឲ្យ​នាគ​នៅ​ខាង​ក្រោម​ភ្នំ​ហោះ​ចេញ​មក​ព័ទ្ធព័ន្ធ​ទ័ព​បិសាច​របស់​ព្រះវិស្ណុ ។

កាល​នោះ​ គ្រុឌ ដែល​ជា​​​​​ជំនិះ​ដ៏​អស្ចារ្យ​របស់​ព្រះវិស្ណុ​បាន​យល់​ស្មាន​ថា ពួក​យក្ស​ប្រើ​នាគ​មក​ច្បាំង ក៏​ទទះ​ស្លាប​ស្រែក​ហៅ​គ្នីគ្នា​ឲ្យ​ចេញ​មក​ពី​ត្របក​ខាង​ក្រោម​នៃ​ផ្កាឈូក​ពិភព​ ហោះ​សំដៅ​ចំណី​ដ៏​ឆ្ងាញ់​របស់​ខ្លួន ។ ព្រះវិស្ណុ​ផ្លុំ​ស័ង្ខ​លាន់ឮ​គ្រលួច​បណ្ដាល​ឲ្យ​កងពល​ទាំង​សងខាង​ភ័ន្តភាំង​ស្មារតី ជាមួយ​គ្នា​នោះ ទ្រង់​ក៏​លែង​កងចក្រ​ឲ្យ​ទៅ​ប្រហារ​ពួក​យក្ស​ តែ​កងចក្រ​របស់​ទ្រង់​បាន​ក្លាយ​ជា​​កម្រង​ផ្កា​ដ៏​ស្អាត​សម្រាប់​អសុរ​ទាំង​បី​ទៅ​វិញ ។ អស់​ចំណេះ ព្រះវិស្ណុ​ក៏​ប្រមូល​ទ័ព​ឲ្យ​ចូល​នគរ​វិញ ។

ព្រះវិស្ណុ​បាន​ទូល​ប្រាប់​ព្រះឥន្ទ្រ​ថា៖ សញ្ញា ឧម ដែល​នៅ​ឰដ៏​ថ្ងាស​នៃ​មហា​យក្ស​ទាំង​បី ជា​សញ្ញា​សម្រាប់​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា ពួក​អសុរ​ជា​សិវៈ​សាសនិក ។ វា​គោរព​ព្រះសិវៈ​ណាស់​ បើ​ចង់​ឈ្នះ​វា​ យើង​ត្រូវ​រក​មធ្យោបាយ​អ្វី​មួយ​ដើម្បី​ទាញ​ជំនឿ​វា​ឲ្យ​ឈប់​មាន​ទៅ​លើ​ព្រះសិវៈ​ទៀត​ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​ពួក​យក្ស​ឈប់​ជឿ​ព្រះសិវៈ​ទើប​យើង​អាច​ធ្វើ​សង្គ្រាម​ឈ្នះ​វា !” ។ ពោល​ហើយ​ព្រះវិស្ណុ​ក៏​ជប​មនុស្ស​ម្នាក់ (ព្រះ​កាម​ទេព​ឬ​កាមា) រួច​ទ្រង់​បញ្ជា​ឲ្យ​ជន​នោះ​ធ្វើ​ដំណើរ​ជាមួយ​មហាឫសី​មួយ​អង្គ​ឈ្មោះ នារទ ទៅ​កាន់​វិមាន​អណ្ដែត​នៃ​ពិភព​ត្រី​បុរី ។ ឫសី​ នារទ ប្រើ​មធ្យោបាយ​ដ៏​ប៉ិនប្រសប់​បំផុត​​ក្នុង​ការ​បង្វែរ​សតិ​ពួក​អសុរ​ឲ្យ​ផ្លាស់ប្ដូរ​ជំនឿ​ទៅ​លើ​ព្រះសិវៈ ​ព្រម​ទាំង​​ពន្យល់​ថា ទ្រឹស្ដី​គម្ពីរ​វេទ​ទាំង​ប៉ុន្មាន​សុទ្ធតែ​ខុស​ ពុំ​ត្រឹមត្រូវ​ឡើយ ។នារទ ពន្យល់​យក្ស​ឲ្យ​ជឿ​ថា ជីវិត​ទៅ​អនាគត​ក៏​គ្មាន​ដែរ ហើយ​វត្ថុ​គ្រប់​បែបយ៉ាង​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សាបសូន្យ​ទាំងអស់! ។ល។ ពួក​អសុរ​ក្រោយ​ពី​បាន​ជឿ​ស៊ុប​ទៅ​លើ​ការ​ឃោសនា​របស់​ឥសី​ នារទ និង (មនុស្ស​​ជប​របស់​ព្រះវិស្ណុ) តំណាង​ព្រះ​កាមទេព ក៏​នាំ​គ្នា​សេព​មេថុន​ពាសពេញ​ទី​កន្លែង​ទាំងអស់ ។ មនុស្ស​ជប​បាន​ដើរ​រួម​សំវាស​ជាមួយ​ស្ត្រី​ទាំងឡាយ​នៅ​ត្រី​បុរី​រហូត​បណ្ដាល​ឲ្យ​ស្ត្រី​ទាំងអស់​ឈ្លក់​នឹង​កាមគុណ​​ ឈប់​គោរព​ព្រះ​សិវៈ ។ មិនតែប៉ុណ្ណោះ​សោត សិវលិង្គ ដែល​ជា​និមិត្តរូប​ព្រះសិវៈ ត្រូវ​ស្ត្រី​ទាំង​នោះ​យក​ជា​គ្រឿង​បម្រើ​កាមគុណ​របស់​ខ្លួន​ដែរ ។

លុះ​បាន​ដឹង​ថា​ពួក​អសុរ​ចុះ​ទៅ​ក្នុង​ភាព​ឱន​ខ្សោយ​ហើយ ​​​ព្រះវិស្ណុ​និង​ព្រះឥន្ទ្រ​ក៏​យាង​ទៅ​ក្រាបទូល​ព្រះសិវៈ​នៅ​ឯ​ភ្នំ ​កៃលាស

ដល់​ហើយ​កំពូល​អាទិទេព​ទាំង​ពីរ​អង្គ ​ក៏​បាន​ទូល​ពី​ភាព​មិន​បរិសុទ្ធ​នៃ​ផែនដី​ ពី​សង្គ្រាម​រវាង​ទេវ​នឹង​អសុរ​​នៅ​ត្រី​បុរី​ ព្រមទាំង​ទូល​ពី​សេចក្ដី​ប្រមាថ​របស់​ពួក​អសុរ​និង​ស្រីៗ​នៅ​នគរ​ត្រី​បុរី​ចំពោះ​សិវលិង្គ ។

ព្រះសិវៈ​កំពូល​អាទិទេព «ត្រី​នេត្រ» ក្រោយ​ដែល​បាន​ទ្រង់​ព្រះ​សណ្ដាប់​​នូវ​ពាក្យពេចន៍​​របស់​ទេវ​សព្វ​ប្រការ​ហើយ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ថា៖

យើង​នឹង​ចេញ​ទៅ​ដាក់​ទណ្ឌកម្ម​​ដល់​មហាយក្ស​នៃ​វិមាន​អណ្ដែត​ឲ្យ​សម​នឹង កំហុស​របស់​ពួក​វា! ។ តែ​ឥឡូវ​នេះ ដោយសារ​យើង​កំពុង​ធ្វើ​តបធម៌ ហើយ​ម្យ៉ាង​ទៀត ស្បែក​ម្រឹគ​ដែល​ហ៊ុមព័ទ្ធ​កាយ​របស់​​យើង​ជា​សក្ខីភាព​នៃ​សេចក្ដី​ស្ងប់​នោះ ពុំ​ព្រម​ឲ្យ​យើង ដាក់​ទណ្ឌកម្ម​​ឬ​ធ្វើ​សង្គ្រាម​ជាមួយ​សិវ​សាសនិក​ឡើយ! ។ យើង​ចង់​ចេញ​ទៅ​ជួយ​ដោះ ទុក្ខ ពិភពលោក​និង​ឋានសួគ៌​ណាស់​ តែ​យើង​គ្មាន​ព្រះរាជ​រថ​និង​គ្រឿង​អាវុធ​សោះ

ពេល​នោះ​ ព្រះធរណី​​ក៏​ចូល​បង្គំ​សុំ​ទទួល​ខ្លួន​ស្ម័គ្រ​ធ្វើ​​ជា​រាជ​រថ​​ជូន​ព្រះអង្គ ។ ព្រះអាទិត្យ​និង​ព្រះចន្ទ​ស្ម័គ្រ​ធ្វើ​ជា​កង់​រាជរថ​ គម្ពីរ​វេទ​ធ្វើ​ជា​សេះ​ទាញ​រាជរថ ភ្នំព្រះសុមេរុ ពស់​ឈ្មោះ «វាសុកិ» ដែល​ធ្លាប់​ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​ការ​កូរ​​យក​ទឹក​អម្រឹត​ម្ដង​មក​ហើយ ព្រមទាំង​ព្រះវិស្ណុ​ដែល​ជា​អាទិទេព​ទ្រទ្រង់​លោក​នោះ​ ក៏​បាន​ស្រុះស្រួល​គ្នា​ក្លែង​ភេទ​ជា ​ធ្នូ ខ្សែ​ និង​ព្រួញ​ ថ្វាយ​ព្រះសិវៈ ។ ឯ​ចំណែក​ទេព្ដា​ដទៃ​ទៀត​​​ក៏​បាន​ប្រែ​ព្រះ​កាយ​ជា​អាវុធ​ផ្សេងៗ​សម្រាប់​ព្រះសិវៈ​ដែរ ។

ព្រះសិវៈ កាល​ទ្រង់​ប្រដាប់​ដោយ​អាវុធ​គ្រប់គ្រាន់​ហើយ ក៏​ឡើង​គង់​លើ​ព្រះ​រាជ​រថ​ ។ ព្រះអង្គ​ទត​ឃើញ​អសុរ​នៃ​វិមាន​ត្រី​បុរី​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ទ្រង់ ព្រះ​អាទិទេព​ស្ដេច​នៃ​​ពិធី «យោគ » ទ្រង់​អាក់អន់​ព្រះទ័យ​ជា​ខ្លាំង ។

ព្រះសិវៈ​ទ្រង់​ទត​ឃើញ​ព្រះ​រាជវាំង​មាស ប្រាក់ និង​ដែក ដែល​កើត​ដោយ​ការ​និម្មិត​សឹង​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​សេព​មេថុនធម្ម ។ ម្យ៉ាង​ទៀត​ទ្រង់​ទត​ឃើញ​ប្រឡាយ​ទឹក​ដែល​ជា​ហូរ​ជា​ស្ទឹង​សុទ្ធសឹងតែ​ជា​ទឹក​កាម ដែល​ស្ត្រី​ៗ​​ទាំងឡាយ​នាំ​គ្នា​ធ្វើ «សិវរាត្រី» ទៅ​លើ​លិង្គ​ដែល​ជា​និមិត្តរូប​របស់​ព្រះអង្គ​ផ្ទាល់ ។

គេ​មិន​អាច​យល់​ពី​ព្រះទ័យ​របស់​ព្រះអង្គ​នៅ​ពេល​នោះ​បាន​ឡើយ ។ ព្រះអាទិទេព​ត្រី​នេត្រ​ញញឹម​ចំអក​ចំពោះ​ភាព​អពមង្គល​នេះ ។ រំពេច​នោះ​ស្រាប់តែ​វិមាន​ទាំង​បី​របស់​យក្ស​ឆេះ​ខ្ទេចខ្ទី​អស់​ ។ ព្រះសិវៈ​បាន​ថ្លែង​សរ​ដែល​ព្រះ​វិស្ណុ​និម្មិត​ព្រះ​កាយ​រម្លាយ​​យក្ស​ត្រី​បុរី​និង​វិមាន​ទិព្វ​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អសុរ​​​ទាំង​បី​ដែល​ភ្លេចភ្លាំង​វង្វេង​សតិ​របស់​ខ្លួន​ទៅ​ហើយ​នោះ បាន​ខំ​ប្រឹង​សម្ដែង​​ឫទ្ធិ​ធំ​ស្កឹមស្កៃ ។ វា​មើល​ឃើញ​រាជរថ​របស់​ព្រះសិវៈ​ប៉ុន​សត្វ​រុយ អសុរ​ក៏​ហា​មាត់​លេប​ចូល​ទៅ​ក្នុង​ពោះ​វា ។ រថ​ព្រះសិវៈ​ភ្លឺ​ដូច​គ្រាប់​ពេជ្រ​ បាន​ក្លាយ​ទៅ​ជា​តំណក់​ទឹក​អម្រឹត​រសាត់​ទៅ​ទម្លុះ​ទម្លាយ​រាងកាយ​យក្ស​ឲ្យ​ដាច់​ជា​កំណាត់​​ៗ​ហើយ​រលាយ​ជា​ខ្យល់​រសាត់​បាត់​អស់​ទៅ ។

ពេលនោះ ទេវ​ទាំងអស់​ក៏​ប្រែ​ព្រះ​កាយ​មក​ជា​ធម្មតា​វិញ​ ហើយ​មួយ​អង្គ​​ៗ​មាន​សេចក្ដី​រីករាយ​ឥត​ឧបមា ។ តែ​ផ្ទុយ​ទៅ​វិញ ទេវ​ទាំង​អស់​បាន​ឃើញ​ឫសី​ នារទ និង​ព្រះ «កាមា» ដែល​បាន​ទៅ​បោក​បញ្ឆោត​យក្ស​ឲ្យ​ដើរ​ខុស​ផ្លូវ​សាសនា​កំពុង​ត្រូវ​ភ្នំ​មួយ​សង្កត់​ពី​លើ​ជាប់ ។

ឃើញ​ដូច្នេះ ព្រះសិវៈ​ក៏​មាន​ព្រះ​បន្ទូល​ថា៖

អ្នក​ដែល​បាន​បោក​បញ្ឆោត​ជន​ដទៃ​ឲ្យ​ឈប់​គោរព​យើង ជា​អំពើ​បាប​ធ្ងន់​ណាស់ បើ​​ចង់​ឲ្យ​រួច​ពី​ទុក្ខ​ទោស​ទាំងអស់​នេះ​ ត្រូវ​អ្នក​នាំ​គ្នា​ទៅ​កាន់​ កញ្ជី​បុរី​ ហើយ​សាង សិវលិង្គ​គោរព​បូជា​ឲ្យ​បាន​ហ្មត់ចត់​ អ្នក​នឹង​បាន​រួច​ចាក​ពី​ទុក្ខទោស​នេះ​មិន​ខាន ។

ពោល​ហើយ​ព្រះសិវៈ​ក៏​ភៀស​ព្រះអង្គ​បាត់​ទៅ ឯ​ចំណែក​ឫសី​ នារទ​ និង​​កាមទេព​ ដោយ​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​​​ដ៏​ធ្ងន់ធ្ងរ​នេះ​ក៏​នាំ​គ្នា​យាង​ទៅ​កញ្ជី​បុរី ។ ដល់​ហើយ​គេ​នាំ​គ្នា​សាង​ព្រះវិហារ​មួយ​ព្រមទាំង​តម្កល់​សិវលិង្គ​គោរព​រាល់​ថ្ងៃ ។ គេ​បាន​ប្រសិទ្ធិនាម​ទី​នោះ​ថា «កៃលាស​នាថ» (ម្ចាស់​ភ្នំ​កៃលាស) ហើយ​ឲ្យ​ឈ្មោះ​អាស្រម​នៅ​កញ្ជី​បុរី​ថា​ភ្នំ «ភ្នំ​សំឡី» ព្រោះ​ក្រោយ​ដែល​បាន​កសាង​សិវលិង្គ​រួច​​ ភ្នំ​ដែល​សង្កត់​លើ​ព្រះ​កេស​ឫសី​ នារទ និង​​ព្រះ​កាមទេព បាន​ស្រាល​ដូច​សម្លី​ទៅ​វិញ ។ ក្រោយ​ពី​បាន​បំពេញ​តបធម៌​យ៉ាង​តឹងរ៉ឹង​ជាទី​បំផុត​ ព្រះសិវៈ​ក៏​បាន​បង្ហាញ​ព្រះអង្គ​​ដល់​​ជន​រងគ្រោះ​​ទាំង​ពីរ​អង្គ ។ កាលនោះ​ ឫសី​នារទ និង​ព្រះ​កាមទេព​ បាន​សារភាព​ពី​កំហុស​ដែល​ខ្លួន​បាន​លះបង់​ពី​ជំនឿ​ទៅ​លើ​ព្រះអង្គ​ ហើយ​បាន​សុំ​ឲ្យ​ព្រះសិវៈ​ព្រះរាជទាន​ទោស​ដល់​ពួកគេ​ទាំង​ពីរ​​​ផង ។

ព្រះសិវៈ​មាន​ព្រះបន្ទូល​ថា៖

បុគ្គល​ណា​បាន​បោក​បញ្ឆោត​សិវ​សាសនិក​ឲ្យ​ចេញ​ពី​សុ​មាគ៌ា​របស់​គេ​ ត្រូវ​មាន ទោស​ធ្ងន់ ណាស់ ! ប៉ុន្តែ​ដោយ​អ្នក​ទាំង​ពីរ​បាន​មក​ដល់​ក្រុង​កញ្ជី​បុរី​ដែល​ជា កន្លែង ពិសិដ្ឋ​ហើយ​ អំពើ បាប​នឹង​បាន​ធូរស្រាល​ខ្លះ តែ​ស្រម​អឺយ! (ពាក្យ​ហៅ អ្នក​តាំង​តបធម៌​ក្នុង​អាស្រម) បើ​អ្នក​ចង់​រួច ជ្រះស្រឡះ​​ពី​បាប នោះ​អ្នក​ត្រូវ ចាប់​កំណើត​ជា​ច្រើន​ដង! ឥឡូវ​នេះ ដោយ យើង​ពេញចិត្ត​នឹង​តបធម៌​របស់​អ្នក យើង​​​នឹង​សម្រាល​ទោស​អ្នក​ទៀត យើង​នឹង​ធ្វើ​ទ្វារ​ព្រះវិហារ​នេះ​ឲ្យ​ក្លាយ​​ទៅ​ជា តូច​ ។ ចូរ​អ្នក​ចូល​តាម​ទ្វារ​ធំ​ ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​​ព្រះវិហារ ​​រួច​ចេញ​តាម​ទ្វារ​ម្ខាង ទៀត ។ ការ​ធ្វើ​យ៉ាង​នេះ​ម្ដង អាច​ធ្វើ​ឲ្យ​អ្នក​រួច​ផុត​ពី​​ការ​​ចាប់​កំណើត​និង​ការ​ស្លាប់ ម្ដង​ដែរ ។ ចូរ​អ្នក​ចូល​ទៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ឲ្យ​បាន​​ច្រើន​ដង​តាម​ចិត្ត​អ្នក​ចង់ ។

កិច្ច​វត្ត​នេះ បើ​អ្នក​ប្រព្រឹត្ត​បាន​យ៉ាង​ត្រឹមត្រូវ យើង​យល់​ថា​ អ្នក​នឹង​បាន​ជ្រះ​ស្រឡះ អស់​កម្ម​ ព្រមទាំង​បាន​ឡើង​ទៅ​កាន់​ឋានសួគ៌​វិញ​មិន​ខាន!

មហាឫសី​នារទ​និង​ព្រះ​កាមទេព​បាន​ប្រព្រឹត្ត​ធម៌​ក្នុង​មាគ៌ា​តបៈ​​អស់​កាល​ជា​យូរ​ឆ្នាំ រហូត ទាល់​តែ​ព្រះសិវៈ​ប្រទាន​ពរ​ឲ្យ​ពួក​គេ​បាន​ត្រឡប់​ទៅ​កាន់​ឋានសួគ៌​វិញ​ដោយ​សុវត្ថិភាព៚

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s