កាសែត​ក្រៅ​ស្រុក​សរសេរ​រិះគន់ នរោត្តម សីហនុ និង ហ៊ុន សែន


ដោយ វោហារ ជាតិ

កាសែត​ខ្មែរ​ក្រៅ​ស្រុក​មួយ បាន​បោះ​ពុម្ព​ផ្សាយ​រិះគន់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​បម្រើ​ផលប្រយោជន៍​​នយោបាយ​ប្រទេស​វៀតណាម និង​ការពារ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​​កំពុង​រស់​នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

AFP Photo

សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​សមាជិក​ប្រហែល ១០​អង្គការ បាន​ចេញ​សេចក្ដី​​ថ្លែង​ការណ៍​​មួយ​នៅ​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០១០ ការពារ​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ កាសែត​អង្គរបូរី ដោយ​សរសេរ​រិះគន់​ព្រះអង្គ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​ទាក់ទិន​នឹង​កិច្ចការ​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ​កន្លង​មក​ ថា ជា​មេដឹកនាំ​ខ្មែរ​មិន​ល្អ។

លោក​បណ្ឌិត ហ៊ាង រិទ្ធី ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បន្ថែម​​លើ​សេចក្តី​ថ្លែងការណ៍​នោះ​ថា ៖ «គេ​ចុះ​នេះ បាន​ព្យាករ​ថា ព្រះ​ករុណា​ព្រះមហាក្សត្រ និង​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ឪ​នេះ ចម្រើន​ព្រះជន្ម​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ហ្នឹង​ហើយ។ អ៊ីចឹង គេ​ចុះ​នេះ គឺ​ដើម្បី​ប្រឆាំង ប្រមាថ​មើល​ងាយ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ការ​ភ័ន្តច្រឡំ​លើ​ព្រះអង្គ»

សេចក្ដី​​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​អំពី​ស្នា​ព្រះហស្ត​ជា​ច្រើន និង​កោត​សរសើរ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចំនួន ៦​ចំណុច ចំពោះ​គុណ​បំណាច់​របស់​ព្រះអង្គ ដែល​បាន​ដណ្ដើម​​ឯករាជ្យ​ពី​បារាំង និង​​ការ​ការពារ និង​កសាង​ជាតិ​ជា​ច្រើន​ទៀត​តាំង​ពី​ដើម​រៀង​មក។

លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​បន្ថែម​ទៀត ៖ «ហើយ​លើស​ពី​នឹង​ទៅ​ទៀត ព្រះអង្គ​បាន​ដេញ​កងទ័ព​យួន​ឈ្លាន​ពាន​កម្ពុជា ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨៩ ហ្នឹង​បាន​យួន​ត្រឡប់​ទៅ​ប្រទេស​វិញ ហើយ​បន្ទាប់​មក​ព្រះអង្គ​បាន​កៀរគរ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​កិច្ច​ ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​កម្ពុជា​ហ្នឹង ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ព្រះអង្គ​បាន​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​មក​កម្ពុជា ដល់​សព្វថ្ងៃ​នេះ»

ច្បាប់​ចម្លង​សារ​ព័ត៌មាន​អង្គរបូរី ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​សរសេរ​រិះគន់​ព្រះ​មហា​វីរក្សត្រ​​យ៉ាង​ច្រើន​ក្នុង​ពេល​ដែល​ព្រះអង្គ​ ដឹក​នាំ​ប្រទេស​កម្ពុជា ដូច​ជា​ចោទ​ព្រះអង្គ​ថា បាន​ការពារ​កងទ័ព​វៀតណាម ខាង​ជើង​ចំនួន ៦​សែន​នាក់ ដែល​បាន​ចូល​ជ្រក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​សង្គ្រាម​ជាមួយ​អាមេរិក នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០ ហើយ​បាន​ចោទ​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​គាំទ្រ​អន្តោប្រវេសន៍​វៀតណាម ដូចជា​រដ្ឋាភិបាល​បាន​​រៀបចំ​គម្រោង​ផ្ដល់​ដី​លំនៅឋាន​ឲ្យ​នៅ​លើ​គោក និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ ១​ម៉ឺន​ដុល្លារ​ដល់​​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ចំនួន ៤​ពាន់​គ្រួសារ​ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចាងហ្វាង​កាសែត​អង្គរបូរី តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​ចុះ​នៅ​លើ​ទំព័រ​កាសែត​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ពាក់ព័ន្ធ​ការ​ចុះ​ផ្សាយ​របស់​កាសែត​នេះ។

មន្ត្រី​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អះអាង​ថា កាសែត​អង្គរបូរី បោះ​ពុម្ព​ផ្សាយ​នៅ​ប្រទេស​អាមេរិក ក្នុង​មួយ​ខែ​មួយ​លេខ ហើយ​ចែកចាយ​ទៅ​ប្រទេស​នានា ដែល​មាន​ប្រជាជន​ខ្មែរ​រស់​នៅ រូម​ទាំង​មក​ប្រទេស​កម្ពុជា ផង​ដែរ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជួនកាល​ចែកចាយ​​ច្បាប់​ដើម​ផង។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ​ថា លោក​បាន​ដឹង​អំពី​​និន្នាការ​នយោបាយ​របស់​កាសែត​អង្គរបូរី ដោយ​លោក​​ថ្លែង​ថា ការ​រិះគន់​ព្រះ​វីរក្សត្រ​របស់​កាសែត​អង្គរបូរី​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​មាន​ជា​ញឹកញាប់​មក​ហើយ ក៏ប៉ុន្តែ​​ក្រសួង​ព័ត៌មាន​មិន​មាន​លទ្ធភាព​ចាត់​វិធានការ​​កាសែត​អង្គរបូរី ​បាន​ទេ ព្រោះ​កាសែត​នេះ​បោះ​ពុម្ព​ផ្សាយ​នៅ​បរទេស ដែល​​ហួស​ពី​សមត្ថភាព​របស់​ក្រសួង។

លោក ខៀវ កាញារីទ្ធ បន្ត​ថា ៖ «ក្រុម​សាធារណរដ្ឋ ក្រុម សុប ប៉ូលិន ក្រុម​អី​ទាំង​អស់​ហ្នឹង។ កាសែត​អង្គរបូរី ជេរ​ស្តេច​តាំង​ពី​ដើម​មក»

ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​រដ្ឋ​សភា​អនុម័ត​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ត្រង់​មាត្រា​ទី​៧ បាន​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​មាន​ជន​ណា​រំលោភ​​បាន​ទេ៕

One thought on “កាសែត​ក្រៅ​ស្រុក​សរសេរ​រិះគន់ នរោត្តម សីហនុ និង ហ៊ុន សែន

  1. សុភ័ក្ត្រ 01/11/2010 / 9:51 pm

    ជេរ​ទាល់​ងាប់​ខ្លួន​នឹង​ពួក​អស់ហ្នឹង ស្រឡាញ់​ស្រុក​អី​តែ​ឯង ដែល​នាំ​គ្នា​រត់​ចោល​ស្រុក​ហ្នឹង!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s