កម្ពុជា-​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ សន្តិសុខ​នៅ​តាម​ព្រំដែន


ដោយ សុខ សេរី

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ថែម​មួយ​កម្រិត​ទៀត កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ក្នុង​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ប៉ុន្តែ​វត្តមាន​កងទ័ព​ថៃ ឈ្លាន​ពាន​កម្ពុជា នៅ​តែ​មាន​បន្ត​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ​ជា​ដដែល។

RFA file photo/Savyuth

ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ ថ្ងៃ​១៩ កក្កដា ២០០៨។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង់ស៊ូវ៉ាន (Prawit Wongsuwan) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​មួយ ស្ដីពី​ការ​រក្សា​សន្តិសុខ សន្តិភាព និង​ជៀសវាង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​កន្លែង​ដទៃ​ទៀត នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ។

កិច្ច​ព្រមព្រៀង​ជា​គោល​នេះ មាន​ចំណុច​សំខាន់ៗ​ចំនួន ១៥​ចំណុច គឺ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​លើក​ទី​៧ នៅ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ប្រទេស​ថៃ នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា និង​មន្ត្រី​គណៈកម្មការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា និង​ថៃ។

លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ទើប​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា ភាគី​យោធា​កម្ពុជា និង​ភាគី​យោធា​ថៃ បាន​ឯកភាព​គ្នា និង​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ជាង​កិច្ចប្រជុំ​មុនៗ។

លោក​បាន​បន្ត​ថា ៖ «ដោយសារ​តែ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង​២ ជា​ពិសេស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ គាត់​បាន​សន្យា​ថា នឹង​ប្រើប្រាស់​យន្តការ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ទូទៅ​នេះ ដើម្បី​ដោះស្រាយ​សន្តិសុខ​នៅ​តាម​ព្រំដែន»

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​យន្តការ​សំខាន់​ថ្មី​មួយ​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៃ​ ជម្លោះ​ប្រដាប់​អាវុធ តាម​រយៈ​ការ​ចរចា​ប្រឆាំង​អំពើ​ភេរវកម្ម និង​ធ្វើ​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ លើ​វិស័យ​ពាណិជ្ជកម្ម កសិកកម្ម ទេសចរណ៍ បរិស្ថាន និង​អប់រំ​ជាដើម។

សាកល​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដរាប​ណា​វត្តមាន​របស់​កងទ័ព​ថៃ នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ គឺ​ជា​សញ្ញា​ជម្លោះ​ព្រំដែន និង​ការ​ឈ្លានពាន​របស់​ថៃ នៅ​តែ​បន្ត​នៅ​ឡើយ។

លោក សុខ ទូច មាន​ប្រសាសន៍​បន្ត​ថា ៖ «ពួក​ដែល​ឈរ​ជើង ដែល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ហ្នឹង​ឲ្យ​វា​ចេញ​ពី​ព្រំដែន កាលណា​វា​អត់​ចេញ​មាន​ន័យ​ថា ទំនាស់​ព្រំដែន​នៅ​មាន​ជា​ធរមាន»

ក្រសួង​ការពារ​ជាតិ​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១១ ខាង​មុខ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​ថៃ បាន​ចាប់​ផ្ដើម​ដំណើរការ​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​បែប​នេះ​ជា​លើក​ដំបូង​ តាំង​ពី​ឆ្នាំ​១៩៩៥​មក នៅ​រៀងរាល់ ២​ឆ្នាំ​ម្ដង ឬ ៣​ឆ្នាំ​ម្ដង។

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​លើក​ទី​៣ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​សភា​ថៃ តាម​រយៈ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ ផ្ទល់​សត្យានុម័ត​លើ​កិច្ចព្រមព្រៀង​បណ្ដោះ​អាសន្ន រវាង​កម្ពុជា និង​ថៃ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ដែល​បាន​រាប់​ទាំង​ការ​ដក​កងទ័ព​ថៃ ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ​នៅ​ក្បែរ​តំបន់​ប្រសាទ​ព្រះវិហារ​ផង​ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s