ទេសចរ​បរទេស​មក​កម្ពុជា​កើន​ឡើង​ក្នុង​អំឡុង​ពេល ​៩​ខែ​ចុង​ឆ្នាំ​២០១០


ដោយ គឹម ពៅ

ប្រភព​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បាន​ចូល​មក​លេង​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ជិត ១៥% នៃ​រយៈ​ពេល ៩​ខែ​ចុង​ក្រោយ​នេះ ក្នុង​ឆ្នាំ​២០១០ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដដែល កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ។

RFA/Hang Savyouth

ទេសចរ​បរទេស​ដើរ​ឆ្លង​ស្ពាន​ហាល ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១០។

http://flash-mp3-player.net/medias/player_mp3_maxi.swfរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​ទៅ ភ្ញៀវ​សរុប​ដែល​ចូល​មក​លេង​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រហែល ១,៦​លាន​នាក់ ប៉ុន្តែ​វា​បាន​កើន​ឡើង​មក​ដល់ ១,៨​លាន​នាក់​ហើយ ក្នុង​រយៈ​ពេល ៩​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១០​នេះ។

ភ្ញៀវ​ទេសចរណ៍​វៀតណាម ដែល​មាន​ចំនួន​ប្រហែល ៣០​ម៉ឺន​នាក់ បាន​នាំ​មុខ​គេ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំង​អស់​នៅ​ក្នុង​ឆ្នាំ​ នេះ ហើយ​បន្ទាប់​មក​មាន​ភ្ញៀវ​កូរ៉េ ចិន និង​ភ្ញៀវ​អូស្រ្តាលី ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន បញ្ជាក់​អំពី​មូលហេតុ​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​ដូច្នេះ ៖ «និយាយ​ឲ្យ​ខ្លី ​ទៅ យើង​មាន​គោលដៅ​ទេសចរណ៍​សម្រាប់​ទស្សនា​ធំៗ​ច្រើន។ មាន​អង្គរវត្ត មាន​តំបន់​ឆ្នេរ មាន​តំបន់​អេកូ​ទេសចរណ៍ មាន​ទីក្រុង​ភ្នំពេញ។ តំបន់​អេកូ​ទេសចរណ៍​មាន​ភូមិឋាន មាន​ទាំង​ភូមិ​ភាគ​និរតី ហើយ​សព្វថ្ងៃ​ហ្នឹង គឺ​សុទ្ធ​តែ​ទៅ​ទស្សនា​បាន​ទាំង​អស់។ អ្នក​ណា​ចង់​មើល​អង្គរ មើល​អង្គរ​ទៅ អ្នក​ណា​ចង់​មើល​ផ្សោត​មើល​ផ្សោត​ទៅ ហើយ​អ្នក​ចង់​ទៅ​មើល​ព្រៃ​កោងកាង ទៅ​មើល​កោះកុង ក៏​ទៅ​មើល​ទៅ ហើយ​ពិសេស​ទៅ​ទៀត យើង​មាន​ប្រព័ន្ធ​ផ្លូវ​ថ្នល់​បាន​ស្រួល ហើយ​សន្តិសុខ​ធានា​បាន​ល្អ។ ទី​២ គឺ​ដោយសារ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ ពិសេស​នៅ​អាស៊ី»

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មាន​ការ​កើន​ឡើង​ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​សៀមរាប។

ក្នុង​រយៈ​ពេល ៩​ខែ​ចុង​ក្រោយ​នេះ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ តាម​រយៈ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ជាង ៤​សែន​នាក់ គឺ​មាន​ការ​កើន​ឡើង​ចំនួន ១១% នៃ​ឆ្នាំ​ចាស់ ហើយ​តាម​រយៈ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​វិញ ទទួល​បាន​ភ្ញៀវ​ជិត ៥​សែន​នាក់ គឺ​មាន​ការ​កើន​ឡើង​ចំនួន ១៧% នៃ​ឆ្នាំ​ចាស់។

ភ្ញៀវ​ទេសចរណ៍​ចំនួន ៥០% បាន​ចូល​ទៅ​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរ ហើយ​សល់​ពី​នោះ​បាន​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ តំបន់​ធម្មជាតិ​ព្រៃ​ភ្នំ​នៃ​ភាគ​ឦសាន​ប្រទស តំបន់​ព្រៃ​កោងកាង និង​ចូល​មក​ទីក្រុង​ភ្នំពេញ។

របាយការណ៍​ស្ដី​អំពី​កំណើន​ភ្ញៀវ​ទេសចរណ៍ បាន​និយាយ​អំពី​កំណើន​សេដ្ឋកិច្ច​ ដោយសារ​តែ​កំណើន​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។ ប្រភព​ដដែល​បាន​បញ្ជាក់​អំពី​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​មាន​ចំនួន​ ចន្លោះ​ពី ១០ ទៅ ១២% នៃ​ផល​ទុន​សរុប​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​ប្រហែល ១១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ជាមួយ​គ្នា​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នេះ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ បាន​រិះគន់​ថា កំណើន​ភ្ញៀវ​មាន​មែន ប៉ុន្តែ​វា​មិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ចំណូល​រដ្ឋ​ទាំង​ស្រុង និង​ហោប៉ៅ​របស់​ប្រជាពលរដ្ឋ​ច្រើន​ឡើយ ដោយសារ​តែ​ក្រុមហ៊ុន​យន្តហោះ ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​វិនិយោគ សណ្ឋាគារ និង​កន្លែង​កម្សាន្ត​ធំៗ សុទ្ធ​តែ​ជា​របស់​ក្រុមហ៊ុន​បរទេស។

លោក វ៉ន ពៅ អះអាង​ថា ជីវភាព​របស់​ប្រជាពលរដ្ឋ​រក​ស៊ី​វិស័យ​ទេសចរណ៍ មិន​មាន​ការ​រីក​ចម្រើន​ធូរធារ​ឡើយ បើ​ទោះ​បី​ជា​កំណើន​ភ្ញៀវ​ទេសចរណ៍​នោះ​កើន​ឡើង​ក៏ដោយ ៖ «កើន​ឡើង​មាន​តែ​ ភ្ញៀវ​កូរ៉េ ភ្ញៀវ​វៀតណាម ភ្ញៀវ​ចិន ហើយ​អា​ពួក​អស់​ហ្នឹង​គេ​មិន​មែន​ជិះ​រ៉ឺម៉ក​ទេសចរណ៍​ទេ គេ​មក​គេ​ជិះ​រថយន្ត​ក្រុមហ៊ុន​របស់​គេ គឺ​ជនជាតិ​គេ​ដដែល​ហ្នឹង ដូច្នេះ​រឿង​ហ្នឹង​លុយ​មិន​បាន​ធ្លាក់​មក​លើ​ខ្មែរ​ទេ។ ពួក​ហ្នឹង​គេ​មក​លេង​ស្រុក​ខ្មែរ ប៉ុន្តែ​ទម្លាក់​លុយ​មក​ស្រុក​ខ្មែរ​តែ​មក​លើ​អាជ្ញាធរ​អប្សរា លុយ​ទិញ​សំបុត្រ ប៉ុន្តែ​លុយ​សម្រាប់​ប្រជាពលរដ្ឋ​តូចតាច​មាន​ការ​កើន​ឡើង​ស្អី។ បើ​វៀតណាម​មក រថយន្ត​ក៏​របស់​វៀតណាម បើ​កូរ៉េ​មក រថយន្ត​របស់​កូរ៉េ ផ្ទះ​សំណាក់​ក៏​កូរ៉េ ស្អី​ក៏​កូរ៉េ ខ្មែរ​វា​អត់»

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​សៀមរាប​វិញ ឈ្មោះ លី កិត្យា ថ្ងូរ​ថា ឆ្នាំ​នេះ​កាន់​តែ​ពិបាក​រក​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត ដោយសារ​តែ​មិន​សូវ​សំបូរ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប ៖ «អ្នក​រត់​រ៉ឺម៉ក​កាន់​ តែ​កើន​ឡើង។ អ្នក​ខ្លះ​ឈប់​ពី​ការងារ​នៅ​តាម​សណ្ឋាគារ ហើយ​បាន​មក​រត់​រ៉ឺម៉ក ដូច្នេះ​អ្នក​រត់​កើន​ឡើង ឯ​ភ្ញៀវ​វិញ​មក​ផ្នែក​រាយ​វិញ​គឺ​ភាគ​តិច»

អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​ទៀត​បន្ថែម ៖ «ភ្ញៀវ​អឺរ៉ុប ភ្ញៀវ​រាយ​បាន​ទៅ​ទន្លេ​ត​ទៅ​អី ទៅ​ម៉ាស្សា​ទៅ​អី បើ​ភ្ញៀវ​ទួរ (ភ្ញៀវ​របស់​ក្រុមហ៊ុន​ទេសចរណ៍) អត់​បាន​អី​ទេ ជិះ​តែ​ឡាន»

រី​ឯ​អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ​អប្សរា​ខេត្ត​សៀមរាប​វិញ អ្នកស្រី ចាន់ ឌី បញ្ជាក់​ស្រដៀង​គ្នា​ដែរ​ថា ភ្ញៀវ​នៅ​សណ្ឋាគារ​របស់​អ្នកស្រី​មាន​ការ​កើន​ឡើង តែ​មិន​សូវ​បាន​ចំណូល​ប៉ុន្មាន​ទេ ៖ «មាន​ចំណូល​ដែរ ប៉ុន្តែ​មិន​សូវ​ច្រើន​ទេ ពីព្រោះ​ភ្ញៀវ​គេ​មិន​សូវ​ចាយ​ដែរ»

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ ជឿ​ថា ចំណូល​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរណ៍​អាស៊ី ទាប​ជាង​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​ទេសចរណ៍​ពី​អឺរ៉ុប ដោយសារ​តែ​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​អាស៊ី ភាគ​ច្រើន​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​របស់​ពួកគេ​ទាំង​អស់​វិញ ដូចជា​តម្លៃ​យន្តហោះ រថយន្ត​ដឹក​អ្នក​ទេសចរណ៍ ភោជនីយដ្ឋាន និង​សណ្ឋាគារ​ជាដើម។

លោក​បន្ត​ថា ចំណូល​របស់​រដ្ឋ ក៏​ដូច​ជា​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ឡើង​ខ្ពស់ ដោយសារ​តែ​វិស័យ​ទេសចរណ៍ ល្គឹកណា​វិស័យ​ទេសចរណ៍​របស់​ខ្មែរ​បាន​ចាប់​យក​នូវ​ចំនួន​ដ៏​ច្រើន​លើសលប់​ នៃ​ទេសចរណ៍​អឺរ៉ុប។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ចំនួន​ទេសចរណ៍​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ៧០% មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ២០% មក​ពី​តំបន់​អឺរ៉ុប និង ១០% មក​ពី​អាមេរិក។

ក្រសួង​ទេសចរណ៍​បាន​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​នឹង​កើន​ឡើង​ដល់ ២,៤​លាន​នាក់ នៅ​ចុង​ឆ្នាំ​២០១០​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s