ហ៊ុន សែន ឆ្លើយ​តប​ទៅ​សភា​អឺរ៉ុប​និង​ប្រតិកម្ម​របស់ សម រង្ស៊ី


ដោយ ម៉ៅ សុធានី

ឆ្លើយ​តប​ទៅ​នឹង​ករណី​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ១៧​រូប ដែល​សុំ​ឲ្យ​ប្រធាន​សភា​ជាតិ ​ស្នើ​​​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ទៅ​ឆ្លើយ​បំភ្លឺ​នូវ​សេចក្ដី​សម្រេច​ របស់​សភា​អឺរ៉ុប ស្ដីពី​ករណី​លោក សម រង្ស៊ី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​តាម​លិខិត ៣​ទំព័រ ចុះ​ថ្ងៃ​​២ វិច្ឆិកា ឆ្នាំ​២០១០ ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​សភា​ជាតិ​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប ចុះ​ថ្ងៃ​២១ តុលា ស្ដីពី​កម្ពុជា ជា​ពិសេស​ករណី សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​តែប៉ុណ្ណោះ។

RFA Photo

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី

រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច (resolution) នោះ គឺ​ខ្វះ​ព័ត៌មាន និង​ខ្វះ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​មាន​ស្ថានទូត​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា នៃ​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ពុំ​មាន​កាតព្វកិច្ច​អ្វី​ដែល​ត្រូវ​ចាត់​វិធានការ ធ្វើ​តាម​សភា​អឺរ៉ុប​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក្សា​ជំនួយ​ពី​សហភាព​អឺរ៉ុប ក៏​ដូច​ជា​បណ្ដា​ប្រទេស​ដទៃ គឺ​ឈរ​លើ​ការ​ពង្រឹង​ជំនឿ​ទុក​ចិត្ត ផ្អែក​លើ​គោលការណ៍​គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជាតិ​នីមួយៗ។

នៅ​ក្នុង​កិច្ចការ​បំពេញ​ជូន​ប្រជាជាតិ រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​ចាត់​ទុក​ថា ជា​ការ​ធ្វើ​តម្រូវ​បរទេស ភ្លេច​អធិបតេយ្យ​ជាតិ និង​សតិសម្បជញ្ញៈ​ជាតិ​ជា​ដាច់​ខាត ហើយ​ក៏​ពុំ​បាន​ចាត់​ទុក​ថា កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សហគមន៍​អន្តរជាតិ​ឡើយ។

ចំពោះ​ការ​លើក​ឡើង​ខាង​លើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​មាន​ប្រតិកម្ម​តប​មក​វិញ​ថា ទង្វើ និង​ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន សែន នឹង​នាំ​ឲ្យ​កម្ពុជា បាត់បង់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ចម្លើយ​របស់​រដ្ឋាភិបាល​ ទីក្រុង​ភ្នំពេញ បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​មិន​យល់ ហើយ​មិន​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទាល់​តែ​សោះ។ សភា​អឺរ៉ុប​គេ​បាន​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ ឲ្យ​រក​ដំណោះស្រាយ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្ស ហើយ​រដ្ឋាភិបាល​ហ្នឹង​គឺ​មិន​យល់​អ្វី​ទាល់​តែ​សោះ បាន​ឆ្លើយ​តប​យ៉ាង​កម្រោល។ ចម្លើយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គេ​មើល​ងាយ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាត់​បង់​កិត្តិយស ពីព្រោះ​ការ​ឆ្លើយ​តប​បែប​នេះ គឺ​ឆ្លើយ​តប​មិន​សម​ហេតុ​សម​ផល​ទាល់តែ​សោះ»

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s