កម្ពុជា​ប្រកាន់​ជំហរ​ចង់​ឲ្យ​ផ្លាស់ប្ដូរ​តំណាង ​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​ចេញ

ដោយ យន់ សាមៀន

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​មិន​ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ទេ ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​មិន​ព្រម​ដក​លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ជា​តំណាង​ការិយាល័យ​នេះ​ពី​កម្ពុជា។

Photo: RFA

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា http://cambodia.ohchr.org/។

សេចក្ដី​សង្ខេប​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ចុង​ខែ​តុលា លោក បាន គីមូន បាន​ធ្វើការ​ពិភាក្សា​យ៉ាង​ស្វិតស្វាញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​បាន​ផ្តោត​ទៅ​លើ​តួនាទី ការ​តស៊ូ​មតិ​ជា​សាធារណៈ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ចំពោះ​តួនាទី និង​តម្លៃ​នៃ​ការិយាល័យ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្រោយ​ពី​ជំនួប​រវាង​លោក បាន គីមូន និង​លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក បាន គីមូន ដក​លោក គ្រីស្តូហ្វ ប៉េស៊ូ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ចេញ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ប្រកាន់​លោក​ថា បាន​ធ្វើការ​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក ហោ ណាំហុង បាន​ព្រមាន​ថា ប្រសិន​បើ​លោក គ្រីស្តូហ្វ ប៉េស៊ូ មិន​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា​នោះ​ទេ រដ្ឋាភិបាល​កម្ពុជា នឹង​បិទ​ការិយាល័យ​នេះ។

ទោះ​បី​អង្គការ​សហ​ប្រជាជាតិ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​ លោក ហ៊ុន សែន ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​សេចក្ដី​សង្ខេប​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា លោក បាន គីមូន បាន​សម្ដែង​ការ​គាំទ្រ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា កម្ពុជា​នឹង​មិន​ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ ប្រសិន​បើ​លោក គ្រីស្តូហ្វ ប៉េស៊ូ នៅ​បន្ត​ការងារ​របស់​លោក​នៅ​កម្ពុជា។

លោក កុយ គួង បន្ត ៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង រាជ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ធ្វើ​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ អំពី​ការ​បិទ​អី​នោះ ហើយ​ចំពោះ​វត្តមាន​របស់​លោក គ្រីស្តូហ្វ ប៉េស៊ូ រដ្ឋាភិបាល​យើង​បាន​បង្ហាញ​ច្បាស់​ថា លោក គ្រីស្តូហ្វ ប៉េស៊ូ មិន​បាន​បំពេញ​ការងារ​ឲ្យ​បាន​ស្រប​ទៅ​នឹង​ខ្លឹម​សារ​នៃ​អនុស្សរណៈ​យោគយល់​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ទេ។ នៅ​ក្នុង MOU ហ្នឹង​ចង់​និយាយ​ថា ឲ្យ​មាន​​ការ​សហការ​ផ្នែក​បច្ចេកទេស»

លោក កុយ គួង បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​បិទ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ ពីព្រោះ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កន្លង​មក ដោយ​អនុញ្ញាត​ឲ្យ​ការិយាល័យ​នេះ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា រហូត​ដល់​ខែ​មករា ឆ្នាំ​២០១២។

លោក ហ្វៀល រូប៊ើតសុន (Phil Robertson) នាយក​រង​ទទួល​បន្ទុក​អាស៊ី នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដែរ​ថា ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​បិទ​ទ្វារ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា មក​ត្រឹម​បណ្ដេញ​តំណាង​ការិយាល័យ​នេះ​ចេញ ជា​ល្បិច​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ការិយាល័យ​នេះ​មាន​ភាព​ទន់ខ្សោយ។

លោក ហ្វៀល រូប៊ើតសុន បន្ថែម​ថា ៖ “រដ្ឋាភិបាល​កំពុង​តែ​ដើរ​ថយ​ក្រោយ​ ពី​ការ​បណ្ដេញ​ការិយាល័យ​នេះ​ចេញ ពីព្រោះ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ផ្ដល់​អាណត្តិ​ឲ្យ​មាន​វត្តមាន​នៅ​ កម្ពុជា។ ឥឡូវ​នេះ រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ផ្ទាំង​ស៊ីប​របស់​គេ ដោយ​បាន​តាម​រក​រឿង​លោក ប៉េស៊ូ ពីព្រោះ​រដ្ឋាភិបាល​គិត​ថា ប្រសិន​បើ​គេ​អាច​បណ្ដេញ​លោក​ចេញ​បាន រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​ការិយាល័យ​នេះ​ទន់​ខ្សោយ​បាន។ អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​ការ​គំរាមកំហែង​លោក ប៉េស៊ូ និង​អង្គការ​សហប្រជាជាតិ។ ដូច្នោះ​យើង​គិត​ថា ការិយល័យ និង​លោក ប៉េស៊ូ ត្រូវ​តែ​មាន​វត្តមាន​នៅ​កម្ពុជា”

លោក គ្រីស្តូហ្វ ប៉េស៊ូ បាន​មក​កាន់​តំណែង​ជា​តំណាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៧។ ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក្នុង​អាណត្តិ​របស់​លោក គ្រីស្តូហ្វ ប៉េស៊ូ បាន​ធ្វើការ​រិះគន់​រដ្ឋាភិបាល​ជា​ខ្លាំង ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​ចិន​អ៊ុយហ្គរ៍ ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធ្វើការ​កាត់​ទោស​អ្នក​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ជាដើម៕

ខ្មែរ​៤​នាក់​បាត់​ខ្លួន​នៅ​ពេល​តម្រួត​ថៃ​បើក​ ការ​បាញ់​ប្រហារ

ដោយ សួន សុផលមុន្នី

ប្រជាពលរដ្ឋ​ខ្មែរ ៤​នាក់​ក្នុង​ចំណោម ៦​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ក្រុម​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ខណៈ​អ្នក​ទាំង​នោះ បាន​ឆ្លង​ដែន​ហួស​ចំណុច​បង្គោល​ព្រំដែន​លេខ​២៨ ចូល​ក្នុង​ដី​ថៃ ចម្ងាយ​ប្រហែល ៥​គីឡូ​ម៉ែត្រ។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​នគរបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់​ជា​ច្រើន​គ្រាប់ កាល​ពី​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា ខណៈ​ដែល​ខ្មែរ​ទាំង ៦​នាក់​នោះ​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ចូល​ទៅ​រក​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ។

អធិការ​ប៉ូលិស​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លោក យ៉ត រ៉ាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​វិច្ឆិកា​ថា ក្រុម​អាជ្ញាធរ និង​កង​ការពារ​ព្រំដែន​ខ្មែរ កំពុង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​អាជ្ញាធរ​ថៃ ដើម្បី​រុក​រក​បុរស​ខ្មែរ ៤​នាក់ ដែល​កំពុង​បាត់​ខ្លួន​ក្នុង​ដី​ថៃ។

លោក យ៉ត រ៉ាយ បាន​បន្ថែម​ថា ៖ «ពលរដ្ឋ​នៅ​ភូមិ​ធ្លក នៅ​ម៉ោង ៧​ព្រឹក គាត់​ចូល។ មាន​គ្នា ៦​នាក់ ទៅ​រក​ឈើ​គ្រញូង​ត្រង់​ចំណុច​ថ្នល់​ស ត្រង់​ឡាក់ ២៨ ចូល​ទៅ​ក្នុង​ដី​ថៃ ប្រហែល ៥​គីឡូ​ម៉ែត្រ ចូល​ទៅ​រក​ហ្នឹង ក៏​ទាហាន​ថៃ មិន​ដឹង​ម៉េច​ទាហាន​ថៃ បាញ់​លើ​ប្រជាពលរដ្ឋ ៦​នាក់។ បាញ់​ច្រើន មាន​របួស​មាន​អី។ បាត់​ខ្លួន​អត់​ទាន់​ឃើញ​មក»

មន្ត្រី​ខ្មែរ​បាន​ថ្លែង​ថា បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៦​នាក់ រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិឋាន​របស់​ខ្លួន ក្នុង​គោល​ដៅ​ឡើង​ភ្នំ​ដងរែក ចូល​ដី​ថៃ ដើម្បី​រក​កាប់​ឈើ ប៉ុន្តែ​នៅ​ពេល​ឆ្លង​បាន​ចម្ងាយ​ប្រហែល ៥​គីឡូ​ម៉ែត្រ ហួស​បង្គោល​ព្រំដែន​លេខ​២៨ ក៏​ត្រូវ​កង​តម្រួត​ថៃ បើក​ការ​បាញ់​ប្រហារ។

លោក ពេជ្រ វណ្ណា អនុ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ​ទេ។

លោក ពេជ្រ វណ្ណា បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ ៖ «អត់ ​អី​ទេ! ចាំ​ខ្ញុំ​ស្រាវជ្រាវ​ដឹង​ពិត​ប្រាកដ​មែន​អ៊ីចឹង​ហើយ ខ្ញុំ​នឹង​សហការ​ជាមួយ​អគ្គ​កុងស៊ុល ដើម្បី​ចុះ​ទៅ​ធ្វើការ។ កន្លែង​នេះ​ដូច​មិន​ទាន់​មាន​អ្នក​ណា​រាយការណ៍​មក​ផង»

បុរស​ខ្មែរ​ពីរ​នាក់ ឈ្មោះ សិត និង​ឈ្មោះ និន គីណូ ដែល​បាន​រស់រាន​មាន​ជីវិត​ដោយសារ​ការ​រត់​លូន​គេច​ខ្លួន​ចេញ​ពី​ដី​ថៃ ចូល​ទឹក​ដី​ខ្មែរ​វិញ នៅ​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​វេលា​ម៉ោង ៨​យប់ ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ពួកគាត់​ទាំង ៦​នាក់​ជា​ច្រើន​គ្រាប់ ហើយ​មនុស្ស ៤​នាក់​ដែល​កំពុង​បាត់​ខ្លួន​នោះ ក៏​មិន​ទាន់​ដឹង​ថា ស្លាប់ ឬ​នៅ​រស់​នៅ​ឡើយ។

បុរស​ខ្មែរ ៤​នាក់​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​ទឹក​ដី​ថៃ​នោះ មាន​ឈ្មោះ និន នាម អាយុ ២៥​ឆ្នាំ ឈ្មោះ តូច ធី អាយុ ២២​ឆ្នាំ ឈ្មោះ ភើយ ម៉ួម អាយុ ២៤​ឆ្នាំ និង​បុរស​ខ្មែរ​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ។

ចំណែក​បុរស​ខ្មែរ​ពីរ​នាក់​ដែល​រត់​រួច​មក​ដី​ខ្មែរ​នោះ មាន​ឈ្មោះ និន គីណូ អាយុ ៣៧​ឆ្នាំ និង​ឈ្មោះ សិត។ ជនជាតិ​ខ្មែរ​ទាំង ៦​នាក់ រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ៕

ចិន​នឹង​លុប​បំណុល​របស់​កម្ពុជា​ប្រមាណ​២០០​លាន​ ដុល្លារ

ដោយ យន់ សាមៀន

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​រដ្ឋ​សភា​កម្ពុជា លោក ជាម យៀប នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ត្រី​កំពូល​ផ្នែក​នីតិប្បញ្ញត្តិ​របស់​ចិន នឹង​ចុះ​ហត្ថលេខា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លុប​បំបាត់​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​ចិន ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ។

លោក ជាម យៀប បាន​បន្ថែម​ថា ក្នុង​ដំណើរ​របស់​លោក វូ បាងគូ (Wu Bangguo) ប្រធាន​រដ្ឋ​សភា​ចិន មក​កម្ពុជា ចំនួន​បួន​ថ្ងៃ លោក វូ បាងគូ គ្រោង​នឹង​ចុះ​ហត្ថលេខា​លុប​បំណុល​របស់​កម្ពុជា រួម​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

លោក យាម យៀប មាន​ប្រសាសន៍​ទៀត​ថា ៖ «គេ​នឹង​ចុះ​ហត្ថលេខា​ដើម្បី​លុប​ បំណុល​របស់​កម្ពុជា ហ្នឹង​គេ​អនុវត្ត​ទៅ​តាម​ក្លឹប​ប៉ារីស។ ចិន​គេ​លុប​មិន​មែន​ត្រឹមតែ​ម្ដង​ហ្នឹង​ទេ ពីរ​បី​ដង​ហើយ ដោយ​កម្ពុជា ក្នុង​នាម​ប្រទេស​ដែល​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍន៍»

ការ​លុប​បំណុល​របស់​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា ចំនួន​បី​ថ្ងៃ។ បន្ទាប់​ពី​លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូល​របស់​កម្ពុជា លោកស្រី​មិន​ព្រម​លុប​បំណុល​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៤៤៥​លាន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​លោកស្រី​សន្យា​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បំណុល​នេះ។

លោកស្រី ហ៊ីលឡារី គ្លិនតុន ក៏​បាន​ប្រាប់​កម្ពុជា កុំ​ឲ្យ​ពឹង​ផ្អែក​ហួស​ហេតុ​លើ​ប្រទេស​ចិន ហើយ​ថា កម្ពុជា​ត្រូវ​តែ​ហ៊ាន​ធ្វើការ​ជជែក​ជាមួយ​ចិន ទាក់ទង​នឹង​បញ្ហា​សំខាន់ៗ ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​លើ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម និង​បរិស្ថាន​ទន្លេ​មេគង្គ​ក្រោម។

លោក ជាម យៀប ទទួល​ស្គាល់​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន នៅ​ទន្លេ​មេគង្គ​លើ ពិត​ជា​បាន​ប៉ះពាល់​ដល់​បរិស្ថាន​ទន្លេ​មេគង្គ​ក្រោម​មែន ប៉ុន្តែ​ចិន មិន​មែន​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នោះ​ទេ ដូច្នោះ​ចិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន។

លោក ជាម យៀប បន្ត​ទៀត​ថា ទោះ​បី​ចិន​បាន​ផ្ដល់​ថវិកា និង​លុប​បំណុល​របស់​កម្ពុជា កន្លង​មក​ក៏ដោយ ប៉ុន្តែ​មិន​គ្មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​នោះ​ទេ៕

ទំនាក់ទំនង​កម្ពុជា និង ​ចិន

ដោយ កែវ និមល

លោក វូ បាងគូ (Wu Bangguo) ប្រធាន​ជាអចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ទូទាំង​ប្រទេស បាន​ដឹកនាំ​គណៈ​ប្រតិភូ​សភា​ជាន់​ខ្ពស់​ចិន ៦០​នាក់ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៦ ខែ​វិច្ឆិកា។

RFA/Sok Serey

២៣-មិថុនា-២០១០: មន្ត្រី​​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដម​សេនីយ៍ ម៉ឹង សំផន (ឆ្វេង) និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន (ទី​២​ពី​ឆ្វេង​) ដើរ​ត្រួត​ពិនិត្យ​រថយន្ត​យោធា ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ក្នុង​រាជធានី​ភ្នំពេញ។

http://flash-mp3-player.net/medias/player_mp3_maxi.swfរដ្ឋ​សភា​ប្រទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ថា លោក វូ បាងគូ ប្រធាន​គណៈ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ទូទាំង​ប្រទេស មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ប្រទេស​កម្ពុជា។

ក្នុង​ពេល​មក​ដល់​ប្រទេស​កម្ពុជា គណៈ​ប្រតិភូ​ចិន នឹង​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ចូល​ជួប​គួរ​សម​ជាមួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ជួប​សវនាការ​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជួប​សវនាការ​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា គណៈ​ប្រតិភូ​សភា​ចិន​នេះ បាន​នាំ​យក​ជំនួយ​មួយ​ចំនួន​ជូន​ដល់​រដ្ឋ​សភា​កម្ពុជា និង​កាកបាទ​ក្រហម​កម្ពុជា​ផង​ដែរ។ តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ជំនួយ​ទាំង​នោះ​ជា​អ្វី​ខ្លះ​ទេ។

លោក ឈាង វុន សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ព័ត៌មាន​របស់​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ពង្រឹង​មិត្តភាព​កម្ពុជា-​ចិន ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដែល​លោក​ប្រធាន​រដ្ឋ​សភា​ចិន បាន​មក​បំពេញ​ទស្សនកិច្ច។

លោក ឈាង វុន មាន​ប្រសាសន៍​ទៀត​ថា ៖ «គោលនយោបាយ​ជា​សំខាន់​គឺ​ជា​របស់​ ចិន​ទេ គាត់​មាន​ទស្សនកិច្ច​ផ្លូវការ​របស់​គាត់​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន អាស៊ាន ហើយ​លោក​ប្រធាន​គណៈ​ប្រតិភូ​ជា​ប្រធាន​សភា​ចិន​ទូទាំង​ប្រទេស។ ម្យ៉ាង​ទៀត​សូម​ជម្រាប​ថា មាន​ទំនាក់ទំនង​សភា​ជាមួយ​កម្ពុជា​នោះ​យូរ​ហើយ​ដែរ។ យើង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សភា និង​សភា​កន្លង​មក អ៊ីចឹង​នេះ​គ្រាន់​តែ​ជា​ចំណុច​មួយ​ក្នុង​ចំណុច​ទាំង​ឡាយ​នៃ​កិច្ច​ ព្រមព្រៀង ដែល​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ»

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ឈ្មោះ ស៊ិនហួ បាន​ផ្សាយ​ថា លោក​ប្រធាន​សភា​ចិន បាន​ចាកចេញ​ពី​ប្រទេស​ចិន មក​បំពេញ​ទស្សនកិច្ច​ប្រទេស​ចំនួន​៣ នៅ​អាស៊ី គឺ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ។

លោក ឈាង វុន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធាន​សភា​ចិន នៅ​កម្ពុជា​នេះ មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រវាង​រដ្ឋាភិបាល​ កម្ពុជា ជាមួយ​គណៈ​ប្រតិភូ​សភា​ចិន​ផង​ដែរ។ តែ​លោក ឈាង វុន មិន​បាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នោះ​ទាក់ទង​លើ​បញ្ហា​អ្វី​ខ្លះ​ទេ ៖ «ដោយ​ឡែក​ខាង​សភា​ ក៏​មាន​ត្រូវ​បាន​ទទួល​ជំនួយ​ដែល​ពាក់ព័ន្ធ​ខាង​សភា​ផង​ដែរ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ក្នុង​ពេល​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា លោកស្រី​បាន​ជួប​ជាមួយ​និស្សិត​កម្ពុជា​ប្រមាណ ៦០០​នាក់។ ក្នុង​ពេល​ជួប​គ្នា​នោះ មាន​និស្សិត​មួយ​រូប​បាន​សាកសួរ​លោកស្រី អំពី​ការ​សង្កេត​ឃើញ​ថា ក្នុង​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា ជាមួយ​ប្រទេស​ចិន គេ​ឃើញ​ថា ប្រទេស​ចិន ហាក់​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​មាន​ប្រសាសន៍​ថា រឿង​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ណា​មួយ​នោះ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​លោកស្រី​យល់​ថា វា​ជា​ការ​ល្អ បើ​សិន​ជា​កម្ពុជា មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ច្រើន។ លោកស្រី​បាន​លើក​ឡើង​ថា មិត្តភាព​ជាមួយ​ប្រទេស​ណា​មួយ ត្រូវ​មាន​តុល្យភាព និង​ជៀសវាង​ការ​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​ទៅ​លើ​ប្រទេស​ណា​មួយ។

ទាក់ទង​ជាមួយ​ចំណុច​ទំនាក់​ទំនង​មិត្តភាព​កម្ពុជា-​ចិន​នេះ​ដែរ លោក ឈាង វុន សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ព័ត៌មាន​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ ​យល់​ថា នេះ​ជា Message (សារ) ជា Communication (ដំណឹង) របស់​យុវជន​កម្ពុជា​យើង ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​គាត់​យល់​ថា សហរដ្ឋ​អាមេរិក​មាន​តួនាទី​ផង​ដែរ​នៅ​កម្ពុជា ឲ្យ​គាត់​ប្រឹងប្រែង​ឡើង។ ក្នុង​ន័យ​នេះ​ហើយ​ឲ្យ​គាត់​ធ្វើ​កិច្ចការ។ ឲ្យ​មើល​ចិន​មើល៍ គេ​ធ្វើ​កិច្ចការ​បាន​ច្រើន​ណាស់​ជាមួយ​កម្ពុជា ហើយ​សូម​កុំ​ភ្លេច​ថា កម្ពុជា​គេ​ចាត់​ទុក​ថា ជា​ប្រទេស​គ្រាន់​បើ​មួយ​ហើយ​នៅ​ក្នុង​អាស៊ាន ហើយ​ការងារ​អភិវឌ្ឍន៍​ក៏​ជឿនលឿន​ដេរ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍ ​តិច»

ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា។ ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​ចិន នៅ​ប្រទេស​វៀតណាម កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី​ចិន បាន​ផ្ដល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១០០​លាន​យន់ ឬ​ប្រហែល ១៥​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ក្រោយ​ពី​កម្ពុជា បាន​ប្រកាស​គាំទ្រ​ប្រទេស​ចិន ជុំវិញ​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​លោក​នាយករដ្ឋមន្ត្រី​ចិន បាន​គ្រោង​ឲ្យ​កម្ពុជា ខ្ចី​ប្រាក់​ចំនួន​ពី ៣០០ ទៅ ៣៥០​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​គម្រោង​ស្ដារ និង​អភិវឌ្ឍន៍​ចំនួន ១៦ នៅ​កម្ពុជា ទាក់ទង​វិស័យ​កសិកម្ម ជួសជុល​ផ្លូវ​ដែក ការ​អភិវឌ្ឍ​ជនបទ​ជាដើម។

ប្រភព​ឯកសារ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​អះអាង​ថា ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ ប្រទេស​ចិន បាន​ផ្ដល់​ប្រាក់​កម្ចី​ឥត​មាន​ការ​ប្រាក់​ចំនួន ១.២០០​លាន​ដុល្លារ​ឲ្យ​ដល់​កម្ពុជា ហើយ​ចិន​បាន​ផ្ដល់​ឡាន​ដឹក​កង​ទ័ព​ឲ្យ​មក​កម្ពុជា ចំនួន ២៥០​គ្រឿង​ទៀត​ផង។

ក្រៅ​ពី​ផ្ដល់​ប្រាក់​ជំនួយ ផ្ដល់​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប នៅ​មាន​ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​ដាក់​ទុន​វិនិយោគ​រក​ស៊ី​​​នៅ​កម្ពុជា លើ​ច្រើន​វិស័យ និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​សញ្ជាតិ​ចិន បាន​មក​ទស្សនា​ប្រទេស​​​កម្ពុជា កាន់​តែ​កើន​ឡើង​ច្រើន​ផង​ដែរ៕

សម្ពោធ​ទីលាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ សុខ សេរី

មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​ថា ចាប់​តាំង​ពី​​ពេល​នេះ​ត​​ទៅ អ្នក​តវ៉ា អ្នក​ធ្វើ​បាតុកម្ម ឬ​ក៏​ប្រមូល​ផ្តុំ​បញ្ចេញ​មតិ​ មិន​អាច​ធ្វើ​ដូច​លើក​មុន​បាន​ទៀត​ទេ។

RFA/Sok Serey

សិស្ស​សាលា​ជា​ច្រើន​ចូល​រួម​ពិធី​សម្ពោធ​ ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១០

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// សាលា​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​សម្ពោធ​ទីលាន​ប្រជាធិបតេយ្យ​មួយ​កន្លែង ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​លើ​សួន​ច្បារ​ផ្សារ​ចាស់ ស្ថិត​នៅ​ខាង​ក្រោយ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា ក្រុម​អ្នក​រិះគន់ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ប្រមូល​ផ្ដុំ​គ្នា​សំដែង​ការ​តវ៉ា ឬ​សំដែង​មតិ នៅ​លើ​ទីលាន​នេះ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​ទំហំ​ជាង ១​ហិកតារ​នោះ គឺ​ត្រូវ​បាន​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម និង​អាជ្ញាធរ​រដ្ឋាភិបាល បាន​កំណត់​ឲ្យ​មាន​ចំនួន​អ្នក​តវ៉ា ក្រោម​ចំនួន ២០០​នាក់ នៅ​គ្រា​ដែល​ទីលាន​នេះ អាច​ដាក់​ចំនួន​មនុស្ស​បាន​ជិត ១០.០០០​នាក់។

ទីលាន​ប្រជាធិបតេយ្យ៣៥០
អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា កាត់​ខ្សែបូ​សម្ពោធ​ទីលាន​ប្រជាធិបតេយ្យ (RFA/Sok Serey)

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​ជា​តំណាង​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​មក​កាត់​ខ្សែបូ​សម្ពោធ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​មាន​ប្រសាសន៍​ថា លោក​សូម​អំពាវនាវ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នានា ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត ឬ​មាន​បញ្ហា​ចង់​សំដែង​មតិ គឺ​មក​ទីលាន​នេះ។ លោក​បន្ត​ថា ៖ «យើង​ក៏​បាន​ទទួល​ស្គាល់​ច្បាស់​ដែរ​ថា យើង​កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​កម្ពុជា មាន​ការ​រីក​ចំរើន។ ប្រជាធិបតេយ្យ​នៅ​ទី​នេះ គឺ​ប្រជាធិបតេយ្យ​ខ្មែរ។ មិន​មែន​ប្រជាធិបតេយ្យ​របស់​អឺរ៉ុប មិន​មែន​ប្រជាធិបតេយ្យ​របស់​ពួក​ខាង​លិច​ទេ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សភា​ជាតិ​អនុម័ត​កាល​ពី​ចុង​ឆ្នាំ​២០០៩ កន្លង​ទៅ ប៉ុន្តែ​រង​ការ​រិះគន់​ជា​ច្រើន​ពី​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស និង​អ្នក​ប្រឆាំង​រដ្ឋាភិបាល ថា​ច្បាប់​នេះ​បាន​រឹត​ត្បិត​ចំនួន​អ្នក​តវ៉ា មិន​ឲ្យ​ដង្ហែ​ក្បួន​តវ៉ា និង​នៅ​ទី​កន្លែង​តវ៉ា​នេះ គឺ​នៅ​ឆ្ងាយ​ពី​ស្ថាប័ន​សំខាន់​នានា ដូច​ជា​សភា​ជាតិ និង​វិមាន​រដ្ឋាភិបាល​ជា​ដើម។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​ចង់​មក​សំដែង​មតិ​តវ៉ា​នៅ​ទី​នេះ មិន​ចាំ​បាច់​សុំ​ច្បាប់​ពី​សាលា​ក្រុង​ភ្នំពេញ​ទេ គឺ​គ្រាន់​តែ​ធ្វើ​លិខិត​ជូន​ដំណឹង​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​មក មន្ត្រី​ប្រចាំ​ការ​នៅ​ការិយាល័យ​មួយ នៅ​ក្នុង​ទីលាន​នេះ។

ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ោង សំណាង អាយុ​៥២​ឆ្នាំ ដែល​បាន​មក​តាម​ដាន​មើល​ការ​សម្ពោធ​ទី​លាន​ប្រជាធិបតេយ្យ​នេះ បាន​មាន​ប្រសាសន៍​រិះគន់​ថា ទំហំ​នៃ​ទីលាន​ធំ​ល្អ ប៉ុន្តែ​គេ​បាន​កម្រិត​ចំនួន​អ្នក​តវ៉ា​តិច​ពេក ៖ «នៅ​ពេល​ដែល​គាត់​ សំណូមពរ​ថា ឥឡូវ​គាត់​ទៅ​ចង់​ជួប​តំណាង​រាស្ត្រ​របស់​រដ្ឋ​សភា​ជាតិ សូម​មេត្តា​ប្រគល់​អ្នក​តំណាង​រាស្ត្រ​ហ្នឹង ឲ្យ​មក​ឲ្យ​លឿន ដើម្បី​មក​ទំនាក់​ទំនង កុំ​ឲ្យ ឬ​ជៀស​វាង​គាត់​ដើរ​ទៅ​រដ្ឋ​សភា នាំ​ឲ្យ​ថា គាត់​ហ្នឹង​ខុស​ច្បាប់»

ទីលាន​ប្រជាធិបតេយ្យ២០០
ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ឧត្ដមសេនីយ៍​ផ្កាយ​២ ទូច ណារ៉ុថ (RFA/Sok Serey)

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ឧត្ដមសេនីយ៍​ផ្កាយ​២ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​អ្នក​តវ៉ា​ណា​មិន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នេះ គឺ​អាជ្ញាធរ​នឹង​មាន​វិធានការណ៍ ៖ «ឥឡូវ​ច្បាប់​អនុញ្ញាត​ឲ្យ​គាត់​បាន​ ត្រឹម​កម្រិត​ណា យើង​ការពារ​ត្រឹម​កម្រិត​ហ្នឹង។ ហើយ​គាត់​មិន​អាច​រំលោភ​ហួស​ពី​ច្បាប់​បាន​ដែរ។ ដូច្នេះ​បើ​គាត់​ចង់​ហែ​ទៅ​ណា​ទី​ណី​ទៀត ខុស​ពី​ច្បាប់ ពួក​ខ្ញុំ​ត្រូវ​តែ​រារាំង​ហើយ»

ទី​លាន​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ពណ៌នា​ថា គឺ​យក​តាម​គំរូ​នៃ​ប្រទេស​សិង្ហបុរី​ ដែល​ជា​រដ្ឋ​សមាជិក​នៃ​សមាគម​អាស៊ាន។

កន្លង​មក​ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​នានា តែង​តែ​សំដៅ​មក​សំដែង​មតិ និង​ដាក់​ញាតិ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​នៅ​ទី​ក្រុង​ភ្នំពេញ ស្ទើរ​រៀង​រាល់​ថ្ងៃ ហើយ​បាន​រង​ការ​បង្ក្រាប ឬ​បំបែក​ការ​ប្រមូល​ផ្ដុំ​តវ៉ា​យ៉ាង​ដំណំ​ផង​ដែរ៕

វចនានុក្រម​ខ្មែរ​កំណែ ២.១ ត្រៀម​ចេញ​ហើយ!

តាម​ព័ត៌មាន​ពី​លោក​ ស សុខនី បាន​បង្ហើប​ថា វចនានុក្រម​ខ្មែរ​កំណែ ២.១ នឹង​ត្រៀម​ចេញ​ផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ ។ គាត់​បាន​ពន្យល់​ថា កំណែ​ថ្មី​នេះ​អាច​ប្រើ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​គ្រប់​ទាំងអស់ មិន​ថា លីនុច, វីនដូស៍ ឬ​ម៉ាក​ទេ ។

Uncategorized