កម្ពុជា​ប្រកាន់​ជំហរ​ចង់​ឲ្យ​ផ្លាស់ប្ដូរ​តំណាង ​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​ចេញ


ដោយ យន់ សាមៀន

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​មិន​ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ទេ ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​មិន​ព្រម​ដក​លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ជា​តំណាង​ការិយាល័យ​នេះ​ពី​កម្ពុជា។

Photo: RFA

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា http://cambodia.ohchr.org/។

សេចក្ដី​សង្ខេប​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ចុង​ខែ​តុលា លោក បាន គីមូន បាន​ធ្វើការ​ពិភាក្សា​យ៉ាង​ស្វិតស្វាញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​បាន​ផ្តោត​ទៅ​លើ​តួនាទី ការ​តស៊ូ​មតិ​ជា​សាធារណៈ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ចំពោះ​តួនាទី និង​តម្លៃ​នៃ​ការិយាល័យ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្រោយ​ពី​ជំនួប​រវាង​លោក បាន គីមូន និង​លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក បាន គីមូន ដក​លោក គ្រីស្តូហ្វ ប៉េស៊ូ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ចេញ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ប្រកាន់​លោក​ថា បាន​ធ្វើការ​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក ហោ ណាំហុង បាន​ព្រមាន​ថា ប្រសិន​បើ​លោក គ្រីស្តូហ្វ ប៉េស៊ូ មិន​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា​នោះ​ទេ រដ្ឋាភិបាល​កម្ពុជា នឹង​បិទ​ការិយាល័យ​នេះ។

ទោះ​បី​អង្គការ​សហ​ប្រជាជាតិ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​ លោក ហ៊ុន សែន ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​សេចក្ដី​សង្ខេប​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា លោក បាន គីមូន បាន​សម្ដែង​ការ​គាំទ្រ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា កម្ពុជា​នឹង​មិន​ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ ប្រសិន​បើ​លោក គ្រីស្តូហ្វ ប៉េស៊ូ នៅ​បន្ត​ការងារ​របស់​លោក​នៅ​កម្ពុជា។

លោក កុយ គួង បន្ត ៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង រាជ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ធ្វើ​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ អំពី​ការ​បិទ​អី​នោះ ហើយ​ចំពោះ​វត្តមាន​របស់​លោក គ្រីស្តូហ្វ ប៉េស៊ូ រដ្ឋាភិបាល​យើង​បាន​បង្ហាញ​ច្បាស់​ថា លោក គ្រីស្តូហ្វ ប៉េស៊ូ មិន​បាន​បំពេញ​ការងារ​ឲ្យ​បាន​ស្រប​ទៅ​នឹង​ខ្លឹម​សារ​នៃ​អនុស្សរណៈ​យោគយល់​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ទេ។ នៅ​ក្នុង MOU ហ្នឹង​ចង់​និយាយ​ថា ឲ្យ​មាន​​ការ​សហការ​ផ្នែក​បច្ចេកទេស»

លោក កុយ គួង បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​បិទ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ ពីព្រោះ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កន្លង​មក ដោយ​អនុញ្ញាត​ឲ្យ​ការិយាល័យ​នេះ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា រហូត​ដល់​ខែ​មករា ឆ្នាំ​២០១២។

លោក ហ្វៀល រូប៊ើតសុន (Phil Robertson) នាយក​រង​ទទួល​បន្ទុក​អាស៊ី នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដែរ​ថា ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​បិទ​ទ្វារ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា មក​ត្រឹម​បណ្ដេញ​តំណាង​ការិយាល័យ​នេះ​ចេញ ជា​ល្បិច​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ការិយាល័យ​នេះ​មាន​ភាព​ទន់ខ្សោយ។

លោក ហ្វៀល រូប៊ើតសុន បន្ថែម​ថា ៖ “រដ្ឋាភិបាល​កំពុង​តែ​ដើរ​ថយ​ក្រោយ​ ពី​ការ​បណ្ដេញ​ការិយាល័យ​នេះ​ចេញ ពីព្រោះ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ផ្ដល់​អាណត្តិ​ឲ្យ​មាន​វត្តមាន​នៅ​ កម្ពុជា។ ឥឡូវ​នេះ រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ផ្ទាំង​ស៊ីប​របស់​គេ ដោយ​បាន​តាម​រក​រឿង​លោក ប៉េស៊ូ ពីព្រោះ​រដ្ឋាភិបាល​គិត​ថា ប្រសិន​បើ​គេ​អាច​បណ្ដេញ​លោក​ចេញ​បាន រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​ការិយាល័យ​នេះ​ទន់​ខ្សោយ​បាន។ អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​ការ​គំរាមកំហែង​លោក ប៉េស៊ូ និង​អង្គការ​សហប្រជាជាតិ។ ដូច្នោះ​យើង​គិត​ថា ការិយល័យ និង​លោក ប៉េស៊ូ ត្រូវ​តែ​មាន​វត្តមាន​នៅ​កម្ពុជា”

លោក គ្រីស្តូហ្វ ប៉េស៊ូ បាន​មក​កាន់​តំណែង​ជា​តំណាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៧។ ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក្នុង​អាណត្តិ​របស់​លោក គ្រីស្តូហ្វ ប៉េស៊ូ បាន​ធ្វើការ​រិះគន់​រដ្ឋាភិបាល​ជា​ខ្លាំង ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​ចិន​អ៊ុយហ្គរ៍ ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធ្វើការ​កាត់​ទោស​អ្នក​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ជាដើម៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s