ខ្មែរ​៤​នាក់​បាត់​ខ្លួន​នៅ​ពេល​តម្រួត​ថៃ​បើក​ ការ​បាញ់​ប្រហារ


ដោយ សួន សុផលមុន្នី

ប្រជាពលរដ្ឋ​ខ្មែរ ៤​នាក់​ក្នុង​ចំណោម ៦​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ក្រុម​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ខណៈ​អ្នក​ទាំង​នោះ បាន​ឆ្លង​ដែន​ហួស​ចំណុច​បង្គោល​ព្រំដែន​លេខ​២៨ ចូល​ក្នុង​ដី​ថៃ ចម្ងាយ​ប្រហែល ៥​គីឡូ​ម៉ែត្រ។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​នគរបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់​ជា​ច្រើន​គ្រាប់ កាល​ពី​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា ខណៈ​ដែល​ខ្មែរ​ទាំង ៦​នាក់​នោះ​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ចូល​ទៅ​រក​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ។

អធិការ​ប៉ូលិស​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លោក យ៉ត រ៉ាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​វិច្ឆិកា​ថា ក្រុម​អាជ្ញាធរ និង​កង​ការពារ​ព្រំដែន​ខ្មែរ កំពុង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​អាជ្ញាធរ​ថៃ ដើម្បី​រុក​រក​បុរស​ខ្មែរ ៤​នាក់ ដែល​កំពុង​បាត់​ខ្លួន​ក្នុង​ដី​ថៃ។

លោក យ៉ត រ៉ាយ បាន​បន្ថែម​ថា ៖ «ពលរដ្ឋ​នៅ​ភូមិ​ធ្លក នៅ​ម៉ោង ៧​ព្រឹក គាត់​ចូល។ មាន​គ្នា ៦​នាក់ ទៅ​រក​ឈើ​គ្រញូង​ត្រង់​ចំណុច​ថ្នល់​ស ត្រង់​ឡាក់ ២៨ ចូល​ទៅ​ក្នុង​ដី​ថៃ ប្រហែល ៥​គីឡូ​ម៉ែត្រ ចូល​ទៅ​រក​ហ្នឹង ក៏​ទាហាន​ថៃ មិន​ដឹង​ម៉េច​ទាហាន​ថៃ បាញ់​លើ​ប្រជាពលរដ្ឋ ៦​នាក់។ បាញ់​ច្រើន មាន​របួស​មាន​អី។ បាត់​ខ្លួន​អត់​ទាន់​ឃើញ​មក»

មន្ត្រី​ខ្មែរ​បាន​ថ្លែង​ថា បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៦​នាក់ រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិឋាន​របស់​ខ្លួន ក្នុង​គោល​ដៅ​ឡើង​ភ្នំ​ដងរែក ចូល​ដី​ថៃ ដើម្បី​រក​កាប់​ឈើ ប៉ុន្តែ​នៅ​ពេល​ឆ្លង​បាន​ចម្ងាយ​ប្រហែល ៥​គីឡូ​ម៉ែត្រ ហួស​បង្គោល​ព្រំដែន​លេខ​២៨ ក៏​ត្រូវ​កង​តម្រួត​ថៃ បើក​ការ​បាញ់​ប្រហារ។

លោក ពេជ្រ វណ្ណា អនុ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ​ទេ។

លោក ពេជ្រ វណ្ណា បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ ៖ «អត់ ​អី​ទេ! ចាំ​ខ្ញុំ​ស្រាវជ្រាវ​ដឹង​ពិត​ប្រាកដ​មែន​អ៊ីចឹង​ហើយ ខ្ញុំ​នឹង​សហការ​ជាមួយ​អគ្គ​កុងស៊ុល ដើម្បី​ចុះ​ទៅ​ធ្វើការ។ កន្លែង​នេះ​ដូច​មិន​ទាន់​មាន​អ្នក​ណា​រាយការណ៍​មក​ផង»

បុរស​ខ្មែរ​ពីរ​នាក់ ឈ្មោះ សិត និង​ឈ្មោះ និន គីណូ ដែល​បាន​រស់រាន​មាន​ជីវិត​ដោយសារ​ការ​រត់​លូន​គេច​ខ្លួន​ចេញ​ពី​ដី​ថៃ ចូល​ទឹក​ដី​ខ្មែរ​វិញ នៅ​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​វេលា​ម៉ោង ៨​យប់ ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ពួកគាត់​ទាំង ៦​នាក់​ជា​ច្រើន​គ្រាប់ ហើយ​មនុស្ស ៤​នាក់​ដែល​កំពុង​បាត់​ខ្លួន​នោះ ក៏​មិន​ទាន់​ដឹង​ថា ស្លាប់ ឬ​នៅ​រស់​នៅ​ឡើយ។

បុរស​ខ្មែរ ៤​នាក់​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​ទឹក​ដី​ថៃ​នោះ មាន​ឈ្មោះ និន នាម អាយុ ២៥​ឆ្នាំ ឈ្មោះ តូច ធី អាយុ ២២​ឆ្នាំ ឈ្មោះ ភើយ ម៉ួម អាយុ ២៤​ឆ្នាំ និង​បុរស​ខ្មែរ​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ។

ចំណែក​បុរស​ខ្មែរ​ពីរ​នាក់​ដែល​រត់​រួច​មក​ដី​ខ្មែរ​នោះ មាន​ឈ្មោះ និន គីណូ អាយុ ៣៧​ឆ្នាំ និង​ឈ្មោះ សិត។ ជនជាតិ​ខ្មែរ​ទាំង ៦​នាក់ រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s