ចិន​នឹង​លុប​បំណុល​របស់​កម្ពុជា​ប្រមាណ​២០០​លាន​ ដុល្លារ


ដោយ យន់ សាមៀន

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​រដ្ឋ​សភា​កម្ពុជា លោក ជាម យៀប នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ត្រី​កំពូល​ផ្នែក​នីតិប្បញ្ញត្តិ​របស់​ចិន នឹង​ចុះ​ហត្ថលេខា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លុប​បំបាត់​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​ចិន ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ។

លោក ជាម យៀប បាន​បន្ថែម​ថា ក្នុង​ដំណើរ​របស់​លោក វូ បាងគូ (Wu Bangguo) ប្រធាន​រដ្ឋ​សភា​ចិន មក​កម្ពុជា ចំនួន​បួន​ថ្ងៃ លោក វូ បាងគូ គ្រោង​នឹង​ចុះ​ហត្ថលេខា​លុប​បំណុល​របស់​កម្ពុជា រួម​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

លោក យាម យៀប មាន​ប្រសាសន៍​ទៀត​ថា ៖ «គេ​នឹង​ចុះ​ហត្ថលេខា​ដើម្បី​លុប​ បំណុល​របស់​កម្ពុជា ហ្នឹង​គេ​អនុវត្ត​ទៅ​តាម​ក្លឹប​ប៉ារីស។ ចិន​គេ​លុប​មិន​មែន​ត្រឹមតែ​ម្ដង​ហ្នឹង​ទេ ពីរ​បី​ដង​ហើយ ដោយ​កម្ពុជា ក្នុង​នាម​ប្រទេស​ដែល​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍន៍»

ការ​លុប​បំណុល​របស់​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា ចំនួន​បី​ថ្ងៃ។ បន្ទាប់​ពី​លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូល​របស់​កម្ពុជា លោកស្រី​មិន​ព្រម​លុប​បំណុល​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៤៤៥​លាន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​លោកស្រី​សន្យា​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បំណុល​នេះ។

លោកស្រី ហ៊ីលឡារី គ្លិនតុន ក៏​បាន​ប្រាប់​កម្ពុជា កុំ​ឲ្យ​ពឹង​ផ្អែក​ហួស​ហេតុ​លើ​ប្រទេស​ចិន ហើយ​ថា កម្ពុជា​ត្រូវ​តែ​ហ៊ាន​ធ្វើការ​ជជែក​ជាមួយ​ចិន ទាក់ទង​នឹង​បញ្ហា​សំខាន់ៗ ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​លើ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម និង​បរិស្ថាន​ទន្លេ​មេគង្គ​ក្រោម។

លោក ជាម យៀប ទទួល​ស្គាល់​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន នៅ​ទន្លេ​មេគង្គ​លើ ពិត​ជា​បាន​ប៉ះពាល់​ដល់​បរិស្ថាន​ទន្លេ​មេគង្គ​ក្រោម​មែន ប៉ុន្តែ​ចិន មិន​មែន​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នោះ​ទេ ដូច្នោះ​ចិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន។

លោក ជាម យៀប បន្ត​ទៀត​ថា ទោះ​បី​ចិន​បាន​ផ្ដល់​ថវិកា និង​លុប​បំណុល​របស់​កម្ពុជា កន្លង​មក​ក៏ដោយ ប៉ុន្តែ​មិន​គ្មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​នោះ​ទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s