ទំនាក់ទំនង​កម្ពុជា និង ​ចិន


ដោយ កែវ និមល

លោក វូ បាងគូ (Wu Bangguo) ប្រធាន​ជាអចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ទូទាំង​ប្រទេស បាន​ដឹកនាំ​គណៈ​ប្រតិភូ​សភា​ជាន់​ខ្ពស់​ចិន ៦០​នាក់ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៦ ខែ​វិច្ឆិកា។

RFA/Sok Serey

២៣-មិថុនា-២០១០: មន្ត្រី​​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដម​សេនីយ៍ ម៉ឹង សំផន (ឆ្វេង) និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន (ទី​២​ពី​ឆ្វេង​) ដើរ​ត្រួត​ពិនិត្យ​រថយន្ត​យោធា ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ក្នុង​រាជធានី​ភ្នំពេញ។

http://flash-mp3-player.net/medias/player_mp3_maxi.swfរដ្ឋ​សភា​ប្រទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ថា លោក វូ បាងគូ ប្រធាន​គណៈ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ទូទាំង​ប្រទេស មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ប្រទេស​កម្ពុជា។

ក្នុង​ពេល​មក​ដល់​ប្រទេស​កម្ពុជា គណៈ​ប្រតិភូ​ចិន នឹង​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ចូល​ជួប​គួរ​សម​ជាមួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ជួប​សវនាការ​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជួប​សវនាការ​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា គណៈ​ប្រតិភូ​សភា​ចិន​នេះ បាន​នាំ​យក​ជំនួយ​មួយ​ចំនួន​ជូន​ដល់​រដ្ឋ​សភា​កម្ពុជា និង​កាកបាទ​ក្រហម​កម្ពុជា​ផង​ដែរ។ តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ជំនួយ​ទាំង​នោះ​ជា​អ្វី​ខ្លះ​ទេ។

លោក ឈាង វុន សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ព័ត៌មាន​របស់​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ពង្រឹង​មិត្តភាព​កម្ពុជា-​ចិន ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដែល​លោក​ប្រធាន​រដ្ឋ​សភា​ចិន បាន​មក​បំពេញ​ទស្សនកិច្ច។

លោក ឈាង វុន មាន​ប្រសាសន៍​ទៀត​ថា ៖ «គោលនយោបាយ​ជា​សំខាន់​គឺ​ជា​របស់​ ចិន​ទេ គាត់​មាន​ទស្សនកិច្ច​ផ្លូវការ​របស់​គាត់​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន អាស៊ាន ហើយ​លោក​ប្រធាន​គណៈ​ប្រតិភូ​ជា​ប្រធាន​សភា​ចិន​ទូទាំង​ប្រទេស។ ម្យ៉ាង​ទៀត​សូម​ជម្រាប​ថា មាន​ទំនាក់ទំនង​សភា​ជាមួយ​កម្ពុជា​នោះ​យូរ​ហើយ​ដែរ។ យើង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សភា និង​សភា​កន្លង​មក អ៊ីចឹង​នេះ​គ្រាន់​តែ​ជា​ចំណុច​មួយ​ក្នុង​ចំណុច​ទាំង​ឡាយ​នៃ​កិច្ច​ ព្រមព្រៀង ដែល​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ»

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ឈ្មោះ ស៊ិនហួ បាន​ផ្សាយ​ថា លោក​ប្រធាន​សភា​ចិន បាន​ចាកចេញ​ពី​ប្រទេស​ចិន មក​បំពេញ​ទស្សនកិច្ច​ប្រទេស​ចំនួន​៣ នៅ​អាស៊ី គឺ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ។

លោក ឈាង វុន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធាន​សភា​ចិន នៅ​កម្ពុជា​នេះ មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រវាង​រដ្ឋាភិបាល​ កម្ពុជា ជាមួយ​គណៈ​ប្រតិភូ​សភា​ចិន​ផង​ដែរ។ តែ​លោក ឈាង វុន មិន​បាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នោះ​ទាក់ទង​លើ​បញ្ហា​អ្វី​ខ្លះ​ទេ ៖ «ដោយ​ឡែក​ខាង​សភា​ ក៏​មាន​ត្រូវ​បាន​ទទួល​ជំនួយ​ដែល​ពាក់ព័ន្ធ​ខាង​សភា​ផង​ដែរ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ក្នុង​ពេល​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា លោកស្រី​បាន​ជួប​ជាមួយ​និស្សិត​កម្ពុជា​ប្រមាណ ៦០០​នាក់។ ក្នុង​ពេល​ជួប​គ្នា​នោះ មាន​និស្សិត​មួយ​រូប​បាន​សាកសួរ​លោកស្រី អំពី​ការ​សង្កេត​ឃើញ​ថា ក្នុង​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា ជាមួយ​ប្រទេស​ចិន គេ​ឃើញ​ថា ប្រទេស​ចិន ហាក់​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​មាន​ប្រសាសន៍​ថា រឿង​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ណា​មួយ​នោះ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​លោកស្រី​យល់​ថា វា​ជា​ការ​ល្អ បើ​សិន​ជា​កម្ពុជា មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ច្រើន។ លោកស្រី​បាន​លើក​ឡើង​ថា មិត្តភាព​ជាមួយ​ប្រទេស​ណា​មួយ ត្រូវ​មាន​តុល្យភាព និង​ជៀសវាង​ការ​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​ទៅ​លើ​ប្រទេស​ណា​មួយ។

ទាក់ទង​ជាមួយ​ចំណុច​ទំនាក់​ទំនង​មិត្តភាព​កម្ពុជា-​ចិន​នេះ​ដែរ លោក ឈាង វុន សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ព័ត៌មាន​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ ​យល់​ថា នេះ​ជា Message (សារ) ជា Communication (ដំណឹង) របស់​យុវជន​កម្ពុជា​យើង ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​គាត់​យល់​ថា សហរដ្ឋ​អាមេរិក​មាន​តួនាទី​ផង​ដែរ​នៅ​កម្ពុជា ឲ្យ​គាត់​ប្រឹងប្រែង​ឡើង។ ក្នុង​ន័យ​នេះ​ហើយ​ឲ្យ​គាត់​ធ្វើ​កិច្ចការ។ ឲ្យ​មើល​ចិន​មើល៍ គេ​ធ្វើ​កិច្ចការ​បាន​ច្រើន​ណាស់​ជាមួយ​កម្ពុជា ហើយ​សូម​កុំ​ភ្លេច​ថា កម្ពុជា​គេ​ចាត់​ទុក​ថា ជា​ប្រទេស​គ្រាន់​បើ​មួយ​ហើយ​នៅ​ក្នុង​អាស៊ាន ហើយ​ការងារ​អភិវឌ្ឍន៍​ក៏​ជឿនលឿន​ដេរ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍ ​តិច»

ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា។ ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​ចិន នៅ​ប្រទេស​វៀតណាម កាល​ពី​ចុង​ខែ​តុលា ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី​ចិន បាន​ផ្ដល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១០០​លាន​យន់ ឬ​ប្រហែល ១៥​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ក្រោយ​ពី​កម្ពុជា បាន​ប្រកាស​គាំទ្រ​ប្រទេស​ចិន ជុំវិញ​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​លោក​នាយករដ្ឋមន្ត្រី​ចិន បាន​គ្រោង​ឲ្យ​កម្ពុជា ខ្ចី​ប្រាក់​ចំនួន​ពី ៣០០ ទៅ ៣៥០​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​គម្រោង​ស្ដារ និង​អភិវឌ្ឍន៍​ចំនួន ១៦ នៅ​កម្ពុជា ទាក់ទង​វិស័យ​កសិកម្ម ជួសជុល​ផ្លូវ​ដែក ការ​អភិវឌ្ឍ​ជនបទ​ជាដើម។

ប្រភព​ឯកសារ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​អះអាង​ថា ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ ប្រទេស​ចិន បាន​ផ្ដល់​ប្រាក់​កម្ចី​ឥត​មាន​ការ​ប្រាក់​ចំនួន ១.២០០​លាន​ដុល្លារ​ឲ្យ​ដល់​កម្ពុជា ហើយ​ចិន​បាន​ផ្ដល់​ឡាន​ដឹក​កង​ទ័ព​ឲ្យ​មក​កម្ពុជា ចំនួន ២៥០​គ្រឿង​ទៀត​ផង។

ក្រៅ​ពី​ផ្ដល់​ប្រាក់​ជំនួយ ផ្ដល់​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប នៅ​មាន​ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​ដាក់​ទុន​វិនិយោគ​រក​ស៊ី​​​នៅ​កម្ពុជា លើ​ច្រើន​វិស័យ និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​សញ្ជាតិ​ចិន បាន​មក​ទស្សនា​ប្រទេស​​​កម្ពុជា កាន់​តែ​កើន​ឡើង​ច្រើន​ផង​ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s