ខុមហ្វ្រែល៖ តួនាទី​តំណាងរាស្ត្រ​កំពុង​ធ្លាក់​ចុះ

ដោយ យន់ សាមៀន
2010-11-05

របាយការណ៍​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ឲ្យ​ដឹង​ថា អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មាន​លក្ខណៈ​ផុយ​ស្រួយ ងាយ​នឹង​លើក ឬ​ក៏​ព្យួរ តាម​ការ​ស្នើ​សុំ​របស់​តុលាការ ក្នុង​បណ្ដឹង​ដែល​កើត​ចេញ​ពី​ការ​បញ្ចេញ​មតិ។

AFP PHOTO/TANG CHHIN SOTHY

ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// របាយការណ៍ ​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា តួនាទី​របស់​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ពី​៤ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​អាច​ដក ឬ​ព្យួរ​បាន​ដោយ​ងាយ។

របាយការណ៍​ដែល​បាន​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ ចំនួន ៣​ខែ ចាប់​ពី​កក្កដា ដល់​ខែ​កញ្ញា បាន​រក​ឃើញ​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កន្លង​មក រដ្ឋ​សភា​កម្ពុជា មិន​បាន​គោរព​ទៅ​តាម​នីតិវិធី​របស់​ខ្លួន​នោះ​ទេ ដោយ​រដ្ឋ​សភា​កម្ពុជា បាន​លើក​អភ័យ​ឯកសិទ្ធិ​ត្រឹមតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​តែ​ ប៉ុណ្ណោះ ហើយ​ការ​សម្រេច​នេះ​មិន​បាន​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​អនុម័ត​នោះ​ទេ។

រដ្ឋ​ធម្មនុញ្ញ​មាត្រា​៨០ បាន​ចែង​ថា ការ​ចោទ​ប្រកាន់ ឬ​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​ក៏​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា នៅ​ចន្លោះ​សម័យ​ប្រជុំ ហើយ​ត្រូវ​ដាក់​ឲ្យ​សម័យ​ប្រជុំ​រដ្ឋ​សភា ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​មូល។

របាយការណ៍​បន្ថែម​ទៀត​ថា ការ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​តំណាងរាស្រ្ត សម រង្ស៊ី កន្លង​មក រដ្ឋ​សភា​កម្ពុជា បាន​រំលោភ​ទៅ​លើ​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ។

លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​បច្ចុប្បន្ន​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ​នោះ ​ទេ ដោយសារ​ភាព​មិន​ចុះ​សម្រុង​រវាង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ៖ «គាត់​មិន​អាច challenge (ប្រកួតប្រជែង) នឹង​រដ្ឋាភិបាល​គាត់​ទេ អ៊ីចឹង​យើង​ឃើញ​ថា អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន គាត់​ការពារ​រដ្ឋាភិបាល​ជានិច្ច នៅ​ពេល​ណា​មាន​បញ្ហា​អី​គាត់​ការពារ​រដ្ឋាភិបាល។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អាច​មាន​លទ្ធភាព​បំពេញ​តួនាទី​មិន​គ្រប់គ្រាន់​នៅ​ក្នុង​សភា ដោយសារ​តែ​ទី​១ គណបក្ស​ប្រឆាំង​អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រហូត​ដល់​គណៈកម្មការ​បច្ចេកទេស​កម្ពុជា អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​ហ្នឹង​សោះ»

លោក គល់ បញ្ញា បន្ថែម​ទៀត​ថា គណបក្ស​ប្រឆាំង រួម​ទាំង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ត្រូវ​បាន​ផ្ដល់​តួនាទី​ក្នុង​រដ្ឋ​សភា ហើយ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣​រូប​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មតិ​ក្នុង​កិច្ច​ប្រជុំ​សភា។

របាយការណ៍​បន្ថែម​ថា តំណាងរាស្ត្រ​ពីរ​រូប គឺ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ព្រៃវែង លោក ជា ប៉ូច និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​សើរើ​បណ្ដឹង​ចាស់ៗ ហើយ​ដែល​អាច​នឹង​ឈាន​ដល់​ការ​ស្នើ​លើក​អភ័យ​ឯកសិទ្ធិ​ជា​បន្ត​ទៀត។

លោក ជា ប៉ូច ត្រូវ​បាន​តុលាការ​កោះ​ហៅ​បំភ្លឺ​បណ្ដឹង​បរិហារ​កេរ្តិ៍ តាំង​ពី​ឆ្នាំ​២០០៤។ ចំណែក​ឯ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ហៅ​បំភ្លឺ​ទាក់ទង​នឹង​បណ្តឹង​ការ​រំលោភ​​សេចក្ដី​ទុក​ ចិត្ត តាំង​ពី​ឆ្នាំ​២០០៦។ ការ​សើរើ​នេះ​បាន​បង្ក​ឲ្យ​មាន​ចម្ងល់​ថា បណ្តឹង​នេះ​មាន​និន្នាការ​នយោបាយ​ដែរ ឬ​ទេ? ពីព្រោះ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​មាន​ទំនាស់​ជាមួយ​លោក សម រង្ស៊ី។

របាយការណ៍​ក៏​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល ៣​ខែ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ៥៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ​ចំនួន ៩០​រូប បាន​ចុះ​មូលដ្ឋាន​ខ្លួន ចំណែក​គណបក្ស សម រង្ស៊ី មាន​តំណាងរាស្ត្រ​ចំនួន ១៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ ២៦​រូប បាន​ចុះ​មូលដ្ឋាន។ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ប្រធាន​អង្គប្រជុំ​សភា តែងតែ​ការពារ​ដល់​មន្ត្រី​រាជ​រដ្ឋាភិបាល ដែល​មក​បំភ្លឺ​នៅ​រដ្ឋ​សភា តាម​រយៈ​មិន​ឲ្យ​តំណាងរាស្ត្រ​សួរ​បន្ថែម ឬ​សួរ​ដេញដោល​ទៅ​លើ​ចម្លើយ​របស់​មន្ត្រី​ទាំង​នោះ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា៕

ចិន​សន្យា​ផ្ដល់​ជំនួយ​១.៦០០​លាន​ដុល្លារ​ដល់​ កម្ពុជា

ដោយ ហាស់ សាន

ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៣ ក្នុង​រយៈ​ពេល ៥​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១០ ដល់ ២០១៥។

// <![CDATA[// ក្នុង ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​វិបត្តិ​សង្គម​ជាតិ​រឿង​វិវាទ​ដីធ្លី ដែល​ទាក់ទិន​នឹង​អ្នក​មាន​អំណាច មាន​លុយ ដែល​វាតទី​យក​ដី​ថា​សម្រាប់​អភិវឌ្ឍន៍ ឬ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​ពី​បរទេស និង​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​កំណើន​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់ និង​កំពុង​ត្រូវ​ការ​ខ្ចី​ថវិកា​បង្គ្រប់​ការ​ចំណាយ​រឿង​អភិវឌ្ឍន៍​ជាតិ ស្រាប់តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួយ​ដល់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ជំនួយ​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ការ​ផ្ដល់​ជំនួយ​ឥត​សំណង ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​យក​ការ​ប្រាក់​ទាប ក្រោម​អត្រា​ការ​ប្រាក់​ទីផ្សារ​សេរី​ជា​ច្រើន​រយ​លាន​ដុល្លារ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នានា ក្នុង​ទស្សនកិច្ច​នៃ​ប្រធាន​គណៈកម្មាធិការ​នៃ​សភា​ប្រជាជន​ចិន លោក វូ បាងគូ (Wu Bangguo) ចិន​បាន​សន្យា​ជួយ​កម្ពុជា ខាង​វិស័យ​ជា​ច្រើន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់ ២០១៥ ក្នុង​កញ្ចប់​ជំនួយ​មាន​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា រដ្ឋ​អំណាច​ក្រុង​ប៉េកាំង ជួយ​ដល់​គម្រោង​សហ​ប្រតិបត្តិការ​ចំនួន ២៣​គម្រោង មាន​ដូច​ជា សង់​ទំនប់​វារីអគ្គិសនី រ៉ែ ស្ពាន ផ្លូវ​ដែក​ជាដើម ក្រៅ​ពី​ជួយ​សង្គ្រោះ​ទុន ដោយ​សង​បំណុល​ជំនួស​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីថែល ចំនួន ៥៩១​លាន​ដុល្លារ។ ជំនួយ​ទាំង​អស់​នេះ​បញ្ចេញ​ថវិកា​ជួយ​ដោយ​ធនាគារ​ចិន។

នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចិន ចំនួន​ជិត ៤០០​ក្រុមហ៊ុន ដែល​ដាក់​ទុន​រក​ស៊ី ហើយ​កាល​ពី​ឆ្នាំ​២០០៩ ចិន​ឲ្យ​កម្ពុជា​ខ្ចី​ចំនួន ១​ពាន់​២​រយ​លាន​ដុល្លារ បន្ទាប់​ពី​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ុយហ្គរ៍ កាន់​សាសនា​អ៊ីស្លាម ទៅ​ឲ្យ​រដ្ឋ​អំណាច​ចិន​នោះ។

ទស្សនាវដ្ដី​មួយ​ឈ្មោះ The Diplomat ឬ​ប្រែ​ថា អ្នក​ការទូត ដែល​ផ្សាយ​អត្ថបទ​រឿង​ចិន នៅ​កម្ពុជា ថ្ងៃ​៧ ខែ​ឧសភា ឆ្នាំ​២០០៩ គេ​ហៅ​សកម្មភាព​ចិន​នៅ​កម្ពុជា​ថា ការ​វាត​ឥទ្ធិពល​របស់​ចិន គ្រប​ដណ្ដប់​នៅ​កម្ពុជា (China’s Cambodia Hegemony)៕

កម្ពុជា-​ចិន​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន​​តម្លៃ ​ទឹក​ប្រាក់​៦.៤០០​លាន​ដុល្លារ

ដោយ សុខ សេរី

ប្រទេស​កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​លើ​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ចំនួន​១៦ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្នុង​តម្លៃ​ទឹក​ប្រាក់​ចំនួន ៦.៤០០​លាន​ដុល្លារ​អាមេរិក ហើយ​ប្រទេស​ចិន បាន​សម្រេច​លុប​បំណុល​របស់​កម្ពុជា ជំពាក់​ចំនួន​ជាង ៤,២​លាន​ដុល្លារ​អាមេរិក។

RFA/Sok Serey

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន [ជួរ​មុខ​ខាង​ស្ដាំ] និង​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ជា​សភា​តំណាងរាស្ត្រ​ប្រជាជន​ចិន លោក វូ បាងគូ (Wu Bangguo) [ជួរ​មុខ​ខាង​ស្ដាំ​ទី​២] នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

http://flash-mp3-player.net/medias/player_mp3_maxi.swfមន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ចំនួន​ទឹក​ប្រាក់​ជាង ៤,២​លាន​ដុល្លារ​អាមេរិក​​​នេះ គឺ​ដល់​ថ្ងៃ​កំណត់ ដែល​កម្ពុជា​ត្រូវ​សង​ប្រទេស​ចិន​វិញ នៅ​ឆ្នាំ​២០១០​នេះ បើ​សិន​ណា​ប្រទេស​ចិន មិន​លុប​បំណុល​នេះ​ចោល​ទេ​នោះ។

ប្រទេស​ចិន បាន​សន្យា​ផង​ដែរ​ក្នុង​ផ្ដល់​ជំនួយ​បន្ថែម​ឲ្យ​កម្ពុជា ចំនួន​ជាង ១០០​លាន​យន់ ស្មើ​នឹង ១៤,៧​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង។

កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក វូ បាងគូ (Wu Bangguo) ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ជា​សភា​តំណាង​ប្រជាជន​ចិន នៅ​ឯ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នៅ​ឯ​វិមាន​សន្តិភាព ឬ​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេស​កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «គឺ​ដំបូង​ជា​ទំនាក់ទំនង ជា​អ្នក​ជិត​ខាង​ល្អ​ទៅ អ្នក​ប្រតិបត្តិការ​ដែល​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​បាន​ក្លាយ​ជា​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ បង្ហាញ​ពី​ការវិវត្តន៍​គុណភាព​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​២»

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​កម្ពុជា មាន​គម្រោង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ ២៣​គម្រោង​ធ្វើការ​អភិវឌ្ឍន៍ រាប់​ទាំង ផ្លូវ​ដែក​អាស៊ាន​ផង ដែល​មាន​តម្លៃ ១.៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ មាន​ប្រសាសន៍​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ៖ «ប្រទេស​ កម្ពុជា​យើង​ជា​ប្រទេស​អព្យាក្រឹត យើង​មិន​ចូល​ប្លុក​ណា យើង​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​ទេ។ កុំ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​មួយ។ ពង្រីក​ការ​ទាក់ទង ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ទៅ​បណ្ដា​ប្រទេស​ធំៗ​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដែល​មាន​ធនធាន​ច្រើន ហើយ​ជា​ប្រទេស​បើក​ទូលាយ​ទីផ្សារ​សេដ្ឋកិច្ច សម្រាប់​យើង​ពឹង​ផ្អែក​ផង​ដែរ»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថ្មីៗ​នេះ បាន​រំឭក​ថា កម្ពុជា​មិន​ត្រូវ​មាន​ទំនាក់ទំនង​ពឹង​ផ្អែក​តែ​ជាមួយ​ប្រទេស​ចិន ខ្លាំង​ពេក​នោះ​ទេ។

ការ​លប់​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ហ៊ីលទ្បារី គ្លិនតុន ប្រកាស​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​របស់​អាមេរិក​មួយ​ក្រុម​មក​កម្ពុជា ដើម្បី​មក​ចរចា​ដោះស្រាយ​លុប​​​បំណុល​ដែល​កម្ពុជា​ជំពាក់​​អាមេរិក កាល​ពី​​ជំនាន់​លោក​សេនា​ប្រមុខ លន់ នល់ ចំនួន ៤៤៥​លាន​ដុល្លារ​អាមេរិក។ ភាគី​កម្ពុជា បាន​​សុំ​យ៉ាង​ទទូច​ឲ្យ​លុប​បំណុល​នេះ​កន្លង​មក។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​ចិន បាន​យាង និង​អញ្ជើញ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី។

ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ប្រធាន​សភា​ជាតិ លោក ហេង សំរិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រួម​គ្នា​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ៕

ប្រកាស​អាសន្ន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ

ដោយ អ៊ុក សាវបូរី

ចំ​រដូវ​ផ្លាស់​ប្ដូរ​អាកាសធាតុ​កំពុង​តែ​ប្រែប្រួល ពី​រដូវ​វស្សា មក​រដូវ​លំហើយ ធ្វើ​ឲ្យ​អាកាសធាតុ​ត្រជាក់​ខ្លាំង មន្រ្តី​ក្រសួង​ធនធាន​ទឹក នាយកដ្ឋាន​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន។

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​៣ វិច្ឆិកា ប្រាប់​ពី​អាកាសធាតុ​នៅ​ពេល​នេះ ព្រោះ​តែ​ជ្រលង​សម្ពាធ​ខ្ពស់ បាន​គ្រប​ដណ្ដប់​ពី​លើ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ឯ​ជ្រលង​សម្ពាធ​ទាប​មាន​ឥទ្ធិពល​មក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាកាស​ធាតុ​ត្រជាក់​ជាង​សព្វ​ដង។

នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​មួយ​ហៅ​ថា វិ​សម្ពាធ​បាន​បក់​ពី​ប្រទេស​ចិន មក​កម្ពុជា អាច​បណ្ដាល​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្ទ​មួយ​ចំនួន មាន​ព្យុះ​ភ្លៀង​ខ្លាំង និង​មាន​រលក​សមុទ្ទ​កម្ពស់ ២​ទៅ​៣​ម៉ែត្រ ៖ «សំដៅ ​ទៅ​លើ​ប្រជា​នេសាទ​សមុទ្ទ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្ទ ហើយ​និង​អ្នក​ទេសចរណ៍ ដែល​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្ទ​ហ្នឹង គឺ​ថា​សុំ​ឲ្យ​ផ្អាក​សកម្មភាព​ទាំង​ស្រុង ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នេះ»

សេចក្ដី​ប្រកាស​របស់​នាយកដ្ឋាន​ឧតុនិយម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​៣ វិច្ឆិកា គឺ​នៅ​តំបន់​វាល​ទំនាប ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ ព្រៃវែង តាកែវ ពោធិ៍សាត់ ស្វាយ​រៀង មាន​អាកាសធាតុ​ត្រជាក់​នៅ​ពេល​យប់ ពេល​ថ្ងៃ​មាន​សីតុណ្ហភាព ពី​២០ ទៅ​៣០​អង្សា។ នៅ​ខ្ពង់រាប មាន​ខេត្ត​ស្ទឹងត្រែង កំពង់​ចាម និង​ក្រចេះ អាច​មាន​ផ្គរ​រន្ទះ ពី​តិច​ទៅ​មធ្យម និង​មាន​ធាតុអាកាស​ត្រជាក់ ពី​១៨ ទៅ​២៩ អង្សា។ តំបន់​មាត់​សមុទ្ទ មាន​ខេត្ត​កោះកុង ព្រះ​សីហនុ និង​កំពត មាន​រលក​សមុទ្ទ​កម្ពស់ ១​ម៉ែត្រ ទៅ​១,៥​ម៉ែត្រ និង​មាន​សីតុណ្ហភាព ពី​១៩ ទៅ​៣០​អង្សា។

យុវជន​ឈ្មោះ ឆៃ ដែន នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ បាន​អះអាង​ថា ៖ «ត្រជាក់​តើ ត្រជាក់​ជាង​ថ្ងៃ​ម្សិល​មិញ កុំ​ចេះ​តែ​និយាយ បើ​ខ្ញុំ​ត្រជាក់ ទាល់​តែ​អត់​អាវ​មិន​បាន បើ​ម្សិល​មិញ អត់​សូវ​ត្រជាក់​ប៉ុន្មាន​ទេ»

មន្រ្តី​យោធា​ផ្នែក​វិស្វកម្ម​នៅ​ខេត្ត​ឧត្តរ​មានជ័យ កំពុង​កសាង​ផ្លូវ​លំ​តំបន់​ប្រាសាទ​តា​មាន់ ភ្ជាប់​ទៅ​ប្រាសាទ​តា​ក្របី សុំ​មិន​ប្រាប់​ឈ្មោះ បាន​អះអាង​ថា អាកាសធាតុ​ត្រជាក់​ជាង​មុន ប៉ុន្តែ​លោក​អាច​អត់​ទ្រាំ​ធ្វើ​ការ​ងារ​បាន ៖ «វា​ត្រជាក់​ល្មម​ដែរ គឺ​ថា​វា​មិន​ទាន់​ខ្លាំង​ប៉ុន្មាន​ដែរ​ទេ មិន​ត្រជាក់​ថា​យើង​ធ្វើ​ការ​មិន​កើត យើង​ត្រជាក់​អាច​ធ្វើ​ការ​កើត»

យុវតី​នៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក​កំរៀង នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន​បាន​អះអាង​ថា ៖ «នៅ​ម្តុំ​នេះ​វា​ ត្រជាក់​ខ្លាំង នៅ​ពេល​ព្រឹក ល្ងាច​ក៏​រងា​ដែរ អត់​តែ​ពេល​បើក​ថ្ងៃ​ម៉ា​ភ្លែតៗ។ ឆ្នាំ​នេះ​រងា​ជាង​គេ រងា​ជាង​រាល់​តែ​ឆ្នាំ។ ពពក​ដូច​អត់​សូវ​មាន​ផង មេឃ​ស្រ​ឡះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ប្រែ​ប្រួល ចាប់​ពី​ថ្ងៃ១ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ពី​ជ្រលង​សម្ពាធ​ខ្ពស់ បាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ទាប​ត្រជាក់​ខុស​ធម្មតា ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១១។ លោក​បាន​ណែ​នាំ​ឲ្យ​ប្រជាជន​ថែ​រក្សា​សុខភាព ពី​អាកាសធាតុ​ត្រជាក់ និង​ឲ្យ​អ្នក​នេសាទ​ការពារ​សុវត្ថិភាព​ខ្លួន ចំពោះ​ទឹក​រលក​សមុទ្ទ ដែល​មាន​កម្ពស់​សមុទ្ទ​ខ្ពស់​ជាង​សព្វដង៕