ខុមហ្វ្រែល៖ តួនាទី​តំណាងរាស្ត្រ​កំពុង​ធ្លាក់​ចុះ


ដោយ យន់ សាមៀន
2010-11-05

របាយការណ៍​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ឲ្យ​ដឹង​ថា អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មាន​លក្ខណៈ​ផុយ​ស្រួយ ងាយ​នឹង​លើក ឬ​ក៏​ព្យួរ តាម​ការ​ស្នើ​សុំ​របស់​តុលាការ ក្នុង​បណ្ដឹង​ដែល​កើត​ចេញ​ពី​ការ​បញ្ចេញ​មតិ។

AFP PHOTO/TANG CHHIN SOTHY

ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// របាយការណ៍ ​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា តួនាទី​របស់​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ពី​៤ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​អាច​ដក ឬ​ព្យួរ​បាន​ដោយ​ងាយ។

របាយការណ៍​ដែល​បាន​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ ចំនួន ៣​ខែ ចាប់​ពី​កក្កដា ដល់​ខែ​កញ្ញា បាន​រក​ឃើញ​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កន្លង​មក រដ្ឋ​សភា​កម្ពុជា មិន​បាន​គោរព​ទៅ​តាម​នីតិវិធី​របស់​ខ្លួន​នោះ​ទេ ដោយ​រដ្ឋ​សភា​កម្ពុជា បាន​លើក​អភ័យ​ឯកសិទ្ធិ​ត្រឹមតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​តែ​ ប៉ុណ្ណោះ ហើយ​ការ​សម្រេច​នេះ​មិន​បាន​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​អនុម័ត​នោះ​ទេ។

រដ្ឋ​ធម្មនុញ្ញ​មាត្រា​៨០ បាន​ចែង​ថា ការ​ចោទ​ប្រកាន់ ឬ​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​ក៏​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា នៅ​ចន្លោះ​សម័យ​ប្រជុំ ហើយ​ត្រូវ​ដាក់​ឲ្យ​សម័យ​ប្រជុំ​រដ្ឋ​សភា ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​មូល។

របាយការណ៍​បន្ថែម​ទៀត​ថា ការ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​តំណាងរាស្រ្ត សម រង្ស៊ី កន្លង​មក រដ្ឋ​សភា​កម្ពុជា បាន​រំលោភ​ទៅ​លើ​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ។

លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​បច្ចុប្បន្ន​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ​នោះ ​ទេ ដោយសារ​ភាព​មិន​ចុះ​សម្រុង​រវាង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ៖ «គាត់​មិន​អាច challenge (ប្រកួតប្រជែង) នឹង​រដ្ឋាភិបាល​គាត់​ទេ អ៊ីចឹង​យើង​ឃើញ​ថា អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន គាត់​ការពារ​រដ្ឋាភិបាល​ជានិច្ច នៅ​ពេល​ណា​មាន​បញ្ហា​អី​គាត់​ការពារ​រដ្ឋាភិបាល។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អាច​មាន​លទ្ធភាព​បំពេញ​តួនាទី​មិន​គ្រប់គ្រាន់​នៅ​ក្នុង​សភា ដោយសារ​តែ​ទី​១ គណបក្ស​ប្រឆាំង​អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រហូត​ដល់​គណៈកម្មការ​បច្ចេកទេស​កម្ពុជា អត់​មាន​សមាជិក​ខ្លួន​នៅ​ក្នុង​ហ្នឹង​សោះ»

លោក គល់ បញ្ញា បន្ថែម​ទៀត​ថា គណបក្ស​ប្រឆាំង រួម​ទាំង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ត្រូវ​បាន​ផ្ដល់​តួនាទី​ក្នុង​រដ្ឋ​សភា ហើយ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣​រូប​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មតិ​ក្នុង​កិច្ច​ប្រជុំ​សភា។

របាយការណ៍​បន្ថែម​ថា តំណាងរាស្ត្រ​ពីរ​រូប គឺ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ព្រៃវែង លោក ជា ប៉ូច និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​សើរើ​បណ្ដឹង​ចាស់ៗ ហើយ​ដែល​អាច​នឹង​ឈាន​ដល់​ការ​ស្នើ​លើក​អភ័យ​ឯកសិទ្ធិ​ជា​បន្ត​ទៀត។

លោក ជា ប៉ូច ត្រូវ​បាន​តុលាការ​កោះ​ហៅ​បំភ្លឺ​បណ្ដឹង​បរិហារ​កេរ្តិ៍ តាំង​ពី​ឆ្នាំ​២០០៤។ ចំណែក​ឯ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ហៅ​បំភ្លឺ​ទាក់ទង​នឹង​បណ្តឹង​ការ​រំលោភ​​សេចក្ដី​ទុក​ ចិត្ត តាំង​ពី​ឆ្នាំ​២០០៦។ ការ​សើរើ​នេះ​បាន​បង្ក​ឲ្យ​មាន​ចម្ងល់​ថា បណ្តឹង​នេះ​មាន​និន្នាការ​នយោបាយ​ដែរ ឬ​ទេ? ពីព្រោះ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​មាន​ទំនាស់​ជាមួយ​លោក សម រង្ស៊ី។

របាយការណ៍​ក៏​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល ៣​ខែ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ៥៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ​ចំនួន ៩០​រូប បាន​ចុះ​មូលដ្ឋាន​ខ្លួន ចំណែក​គណបក្ស សម រង្ស៊ី មាន​តំណាងរាស្ត្រ​ចំនួន ១៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ ២៦​រូប បាន​ចុះ​មូលដ្ឋាន។ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ប្រធាន​អង្គប្រជុំ​សភា តែងតែ​ការពារ​ដល់​មន្ត្រី​រាជ​រដ្ឋាភិបាល ដែល​មក​បំភ្លឺ​នៅ​រដ្ឋ​សភា តាម​រយៈ​មិន​ឲ្យ​តំណាងរាស្ត្រ​សួរ​បន្ថែម ឬ​សួរ​ដេញដោល​ទៅ​លើ​ចម្លើយ​របស់​មន្ត្រី​ទាំង​នោះ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​វិច្ឆិកា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s