ប្រកាស​អាសន្ន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ


ដោយ អ៊ុក សាវបូរី

ចំ​រដូវ​ផ្លាស់​ប្ដូរ​អាកាសធាតុ​កំពុង​តែ​ប្រែប្រួល ពី​រដូវ​វស្សា មក​រដូវ​លំហើយ ធ្វើ​ឲ្យ​អាកាសធាតុ​ត្រជាក់​ខ្លាំង មន្រ្តី​ក្រសួង​ធនធាន​ទឹក នាយកដ្ឋាន​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន។

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​៣ វិច្ឆិកា ប្រាប់​ពី​អាកាសធាតុ​នៅ​ពេល​នេះ ព្រោះ​តែ​ជ្រលង​សម្ពាធ​ខ្ពស់ បាន​គ្រប​ដណ្ដប់​ពី​លើ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ឯ​ជ្រលង​សម្ពាធ​ទាប​មាន​ឥទ្ធិពល​មក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាកាស​ធាតុ​ត្រជាក់​ជាង​សព្វ​ដង។

នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​មួយ​ហៅ​ថា វិ​សម្ពាធ​បាន​បក់​ពី​ប្រទេស​ចិន មក​កម្ពុជា អាច​បណ្ដាល​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្ទ​មួយ​ចំនួន មាន​ព្យុះ​ភ្លៀង​ខ្លាំង និង​មាន​រលក​សមុទ្ទ​កម្ពស់ ២​ទៅ​៣​ម៉ែត្រ ៖ «សំដៅ ​ទៅ​លើ​ប្រជា​នេសាទ​សមុទ្ទ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្ទ ហើយ​និង​អ្នក​ទេសចរណ៍ ដែល​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្ទ​ហ្នឹង គឺ​ថា​សុំ​ឲ្យ​ផ្អាក​សកម្មភាព​ទាំង​ស្រុង ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នេះ»

សេចក្ដី​ប្រកាស​របស់​នាយកដ្ឋាន​ឧតុនិយម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​៣ វិច្ឆិកា គឺ​នៅ​តំបន់​វាល​ទំនាប ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ ព្រៃវែង តាកែវ ពោធិ៍សាត់ ស្វាយ​រៀង មាន​អាកាសធាតុ​ត្រជាក់​នៅ​ពេល​យប់ ពេល​ថ្ងៃ​មាន​សីតុណ្ហភាព ពី​២០ ទៅ​៣០​អង្សា។ នៅ​ខ្ពង់រាប មាន​ខេត្ត​ស្ទឹងត្រែង កំពង់​ចាម និង​ក្រចេះ អាច​មាន​ផ្គរ​រន្ទះ ពី​តិច​ទៅ​មធ្យម និង​មាន​ធាតុអាកាស​ត្រជាក់ ពី​១៨ ទៅ​២៩ អង្សា។ តំបន់​មាត់​សមុទ្ទ មាន​ខេត្ត​កោះកុង ព្រះ​សីហនុ និង​កំពត មាន​រលក​សមុទ្ទ​កម្ពស់ ១​ម៉ែត្រ ទៅ​១,៥​ម៉ែត្រ និង​មាន​សីតុណ្ហភាព ពី​១៩ ទៅ​៣០​អង្សា។

យុវជន​ឈ្មោះ ឆៃ ដែន នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ បាន​អះអាង​ថា ៖ «ត្រជាក់​តើ ត្រជាក់​ជាង​ថ្ងៃ​ម្សិល​មិញ កុំ​ចេះ​តែ​និយាយ បើ​ខ្ញុំ​ត្រជាក់ ទាល់​តែ​អត់​អាវ​មិន​បាន បើ​ម្សិល​មិញ អត់​សូវ​ត្រជាក់​ប៉ុន្មាន​ទេ»

មន្រ្តី​យោធា​ផ្នែក​វិស្វកម្ម​នៅ​ខេត្ត​ឧត្តរ​មានជ័យ កំពុង​កសាង​ផ្លូវ​លំ​តំបន់​ប្រាសាទ​តា​មាន់ ភ្ជាប់​ទៅ​ប្រាសាទ​តា​ក្របី សុំ​មិន​ប្រាប់​ឈ្មោះ បាន​អះអាង​ថា អាកាសធាតុ​ត្រជាក់​ជាង​មុន ប៉ុន្តែ​លោក​អាច​អត់​ទ្រាំ​ធ្វើ​ការ​ងារ​បាន ៖ «វា​ត្រជាក់​ល្មម​ដែរ គឺ​ថា​វា​មិន​ទាន់​ខ្លាំង​ប៉ុន្មាន​ដែរ​ទេ មិន​ត្រជាក់​ថា​យើង​ធ្វើ​ការ​មិន​កើត យើង​ត្រជាក់​អាច​ធ្វើ​ការ​កើត»

យុវតី​នៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក​កំរៀង នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន​បាន​អះអាង​ថា ៖ «នៅ​ម្តុំ​នេះ​វា​ ត្រជាក់​ខ្លាំង នៅ​ពេល​ព្រឹក ល្ងាច​ក៏​រងា​ដែរ អត់​តែ​ពេល​បើក​ថ្ងៃ​ម៉ា​ភ្លែតៗ។ ឆ្នាំ​នេះ​រងា​ជាង​គេ រងា​ជាង​រាល់​តែ​ឆ្នាំ។ ពពក​ដូច​អត់​សូវ​មាន​ផង មេឃ​ស្រ​ឡះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ប្រែ​ប្រួល ចាប់​ពី​ថ្ងៃ១ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ពី​ជ្រលង​សម្ពាធ​ខ្ពស់ បាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ទាប​ត្រជាក់​ខុស​ធម្មតា ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១១។ លោក​បាន​ណែ​នាំ​ឲ្យ​ប្រជាជន​ថែ​រក្សា​សុខភាព ពី​អាកាសធាតុ​ត្រជាក់ និង​ឲ្យ​អ្នក​នេសាទ​ការពារ​សុវត្ថិភាព​ខ្លួន ចំពោះ​ទឹក​រលក​សមុទ្ទ ដែល​មាន​កម្ពស់​សមុទ្ទ​ខ្ពស់​ជាង​សព្វដង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s