បក្ស​សម​រង្ស៊ី​ស្នើ​សុខ​អាន​បំភ្លឺ​ពី​ហេតុ​ អ្វី​គ្មាន​ជើង​ហោះ​ហើរ​ទៅ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា

សមាជិក​សភា​គណបក្ស សម រង្ស៊ី ស្នើ​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ឈ្មោះ (Cambodia Angkor Air) ដែល​មិន​បាន​ហោះហើរ​ត្រង់​ទៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​កិច្ច​ព្រមព្រៀង។

RFA, Screenshot

គេហទំព័រ Cambodia Angkor Air

http://flash-mp3-player.net/medias/player_mp3_maxi.swf

// <![CDATA[// មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​ក្រុមហ៊ុន​ទេសចរណ៍​ឯកជន បាន​អះអាង​ថា ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ (Cambodia Angkor Air) ដែល​មិន​ហោះ​ហើរ​ត្រង់​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​កិច្ច​សន្យា​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​បាត់​ចំណូល​ចូល​រដ្ឋ ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១០ តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​ចំនួន ៦​រូប បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ចោទ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថា ពុំ​បាន​គោរព​តាម​គោល​ការណ៍​នៃ​ការ​ហោះ​ហើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៩ នៅ​ឡើយ​ទេ។

សមាជិក​សភា និង​ជា​មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ដឹង​ថា ចំពោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ មិន​ព្រម​ហោះ​ហើរ​ឲ្យ​ស្រប​តាម​កិច្ច​ព្រមព្រៀង​នោះ អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​លទ្ធភាព​ពង្រឹង​វិស័យ​ទេសចរណ៍ នៅ​តំបន់​មាត់​សមុទ្រ រួម​មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កំពត​ជា​ដើម ៖ «ការ​អភិវឌ្ឍ​នៅ​តំបន់​ខេត្ត​ព្រះសីហនុ បើ​យើង​យក​ផ្ដាច់​មុខ​ទៅ​ហើយៗ យើង​បែរ​ជា​មិន​ហោះ​ហើរ​ទៅ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​អាច​ប្រណាំង​ប្រជែង​ជា​មួយ​កោះត្រល់ ជា​មួយ​ប្រទេស​វៀតណាម ឬ​ប្រទេស​ជិត​ខាង​បាន​ទេ នេះ​ជា​ចំណុច​សំខាន់ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផង​ដែរ នៅ​ក្រុង​ព្រះសីហនុ។ អា​នេះ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ប្រណាំង​ប្រជែង ដែល​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​បរទេស​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ហើយ​យើង​ខ្លាច​គេ​មិន​ហ៊ាន​និយាយ​ដូច្នេះ​ទេ»

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Airដែល​បាន​ដាក់​ហ៊ុន​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ភាគ​ហ៊ុន​ចំនួន ៥១%  និង​ភាគហ៊ុន​ប្រទេស​វៀតណាម​ចំនួន​៤៩%។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍ ផ្នែក​ឯកជន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការណ៍​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មិន​ហោះហើរ​ទៅ​ខេត្ត​ព្រះសីហនុ អាច​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ថវិកា​ទាំង​អ្នក​វិនិយោគ និង​អ្នក​ប្រកប​របរ​ទទួល​ទាន​ពី​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​រដ្ឋាភិបាល​ផង​ដែរ ៖ «ក្រុង​ព្រះសីហនុ​ដែល​យើង​មាន​ប្រលាន​យន្ត​ហោះ​ដ៏​ស្អាត​មួយ ក៏​ប៉ុន្តែ​យើង​មិន​ទាន់​មាន​យន្ត​ហោះ​ធ្វើ​ការ​ចុះ​ចត​នៅ​ឡើយ​នេះ អាច​ថា​ជា​ការ​ខាត​បង់»

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​តំណាង​ក្រុមហ៊ុន ដើម្បី​បំភ្លឺ​ជុំវិញ​លិខិត​សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី ស្ដីពី​ការណ៍​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មិន​បាន​ហោះ​ហើរ​ត្រង់​ទៅ​ខេត្ត​ព្រះ​សីហនុ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ថា គណៈ​រដ្ឋ​មន្ត្រី​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​របស់​គណ​បក្ស​សម​រង្ស៊ី​ផ្ញើ​ ជូន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន នៅ​ឡើយ​ទេ។

អគ្គ​នាយក​ក្រសួង​ទេសចរណ៍ លោក ទិត ចន្ថា មាន​ប្រសាសន៍​ថា ការ​ហោះ​ហើរ​ទៅ​ខេត្ត​ព្រះសីហនុ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air គឺ​មិន​ទាន់​មាន​កម្ម​វិធី​ហោះ​ហើរ​ច្បាស់​លាស់​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ ពោល​គឺ​ការ​ហោះ​ហើរ បាន​កើត​មាន​ម្តង​ម្កាល​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ជួល​ក្រុមហ៊ុន​ប៉ុណ្ណោះ។

បន្ថែម​លើ​នេះ មន្ត្រី​បក្ស​ប្រឆាំង ក៏​បាន​ចោទ​ក្រុមហ៊ុន Vietnam Airlines ដែល​មាន​ឥទ្ធិ​ពល​សម្រេច​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ មាន​ចេតនា​មិន​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ និង​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​តំបន់​ប្រកួត​ប្រជែង​យក​ទេសចរណ៍ ជា​មួយ​ប្រទេស​វៀតណាម ក្នុង​តំបន់​កោះ ដូច​ជា​កោះ​ភូហ្វឹក (Phu Quoc) ដែល​កម្ពុជា​ហៅ​ថា​កោះ​ត្រល់ ដែល​វៀត​ណាម​ទើប​អភិវឌ្ឍ មាន​ទាំង​វាល​យន្ត​ហោះ​ថ្មី សម្រាប់​ទិស​ដៅ​ទាក់​ទាញ​ទេស​ចរណ៍​បរទេស​នោះ៕

យន្តហោះ​បារាំង​នឹង​ចុះចត​ជា​លើក​ដំបូង​នៅ​កម្ពុជា

ព្រះនាង​តដាតកា និង ព្រះ​សិវ​អវតារ​សាវុន្ថារា ក្នុង​ការ​លាងបាប​របស់ ព្រះនាង «កញ្ចនា​ទេវី»

ព្រះនាង​តដាតកា ក្សត្រិយ៍​ដែល​មាន​លម្អ​ដូច​ព្រះ​ឧមា​ទេវី​បេះបិទ ជា​រាជបុត្រី​នៃ​ព្រះ​បាទ «មលយធ្វយៈ» ព្រះ​វង្ស​ព្រះ​មនុ និង​ព្រះនាង «កញ្ចនា​ទេវី» ព្រះ​វង្ស​សក្យ​ត្រកូល ពោល​គឺ​អម្បូរ​ព្រះចន្ទ ។ នៅ​ពេល​ព្រះនាង​ព្រះជន្ម ១៨​ព្រះវស្សា​​ព្រះ​បិតា​របស់​ព្រះនាង​បាន​ផ្ទេរ​រាជ្យសម្បត្តិ​ថ្វាយ​ព្រះនាង ។ លុះ​ព្រះជន្ម ២០​ព្រះវស្សា ព្រះនាង​មាន​ព្រះទ័យ​រសាប់រសល់​ចង់​ធ្វើ​សង្គ្រាម​គ្រប់គ្រង​ពិភពលោក​ទាំងមូល មាតា​បិតា​ឃាត់​ពុំ​បាន វិបត្តិ​ចម្លែក​មួយ​បាន​កើតឡើង​លើ​ផែនដី វិនាសកម្ម​ជីវិត​មនុស្សលោក​រក​ថ្លាថ្លែង​ពុំ​បាន​ ព្រះនាង​បាន​សម្លាប់​ជីវិត​មនុស្ស​ឬ​នគរ​ណា​ដែល​មិន​គោរព​ចុះចូល​រំលាយ​ទៅ​ជា​ពពុះ​ទឹក​ទាំង​អស់ ។ ព្រះបាទ​មលយធ្វយៈ​តូច​ព្រះទ័យ​នឹង​ការ​ធ្វើ​សង្គ្រាម​សម្លាប់​មនុស្ស​ដោយ​គ្មាន​ហេតុ​ផល ទ្រង់​បាន​យាង​ចេញ​ពី​នគរ​ដោយ​ស្ងាត់​កំបាំង ទៅ​បួស​ជា​តាបស រស់នៅ​ក្នុង​ព្រៃ​តែ​អង្គ​ឯង​ លុះ​សុគត​ទៅ​បាន​ទៅ​កើត​នា​ឋានសួគ៌​ជា​ព្រះ​ទេវ​មាន​ឋានៈ​ស្មើ​ព្រះឥន្ទ្រ ។

លុះ​បង្ក្រាប​ប្រទេស​លើ​ពិភពលោក​បាន​អស់ហើយ ព្រះនាង​បាន​លើក​ទ័ព​ទៅ​វាយ​នគរ​ឈ្មោះ «កៃលាសគិរី» ដែល​ជា​ទី​ឋាន​ពិបាក​ធ្វើ​ដំណើរ​ទៅ​ច្បាំង ប៉ុន្តែ​ព្រះនាង​បាន​និម្មិត​ផ្លូវ​អាកាស​នាំ​ទ័ព​ទៅ​វាយលុក​នគរ​នោះ សម្លាប់​ទ័ព​ទាំង​នគរ​នោះ​អស់​គ្មាន​សល់ ។ ពេល​នោះ​ព្រះ​សិវៈ​ក្នុង​អវតារ​ឈ្មោះ «សាវុន្ថារា» បាន​យាង​ចេញ​ពី​នគរ​មក​ទប់ទល់​នឹង​ព្រះនាង​តដាតកា ។ ព្រះអង្គ​យាង​ចេញ​មក​តែ​មួយ​អង្គ​ឯង​ដោយ​បរ​រាជរថ​ទឹម​សេះ​មួយ​ដែល​ព្រះ​ព្រះនាង​តដាតកា​គន់​ពី​ចម្ងាយ​ហាក់​ដូចជា​ពន្លឺ​ព្រះអាទិត្យ​រាប់​ពាន់ ព្រះ​ភក្ត្រ​សាវុន្ថារា​ប្ដូរ​ពណ៌​និង​សម្រស់​កាន់តែ​ស្រស់​សង្ហារ​ឡើង ធ្វើ​ឲ្យ​ព្រះនាង​ញាប់ញ័រ​ហ្ឫទ័យ​​យាង​ចុះ​ពី​រាជរថ​ទិព្វ​​ទៅ​ធ្វើ​គារវកិច្ច​ទៅវិញទៅមក​ជាមួយ​សាវុន្ថារា ។ សាវុន្ថារា បាន​លើក​ព្រះហស្ថ​ឡើង ទ័ព​ទាំង​សងខាង​ដែល​ស្លាប់​បាន​រស់​វិញ​ទាំងអស់ ហើយ​ព្រះអង្គ​បាន​សន្យា​ស្ដីដណ្ដឹង​ព្រះនាង​ធ្វើ​ជា​គូគ្រង ។ ក្រោយ​មក​ព្រះអង្គ​បាន​រៀប​អភិសេក​​ជាមួយ​ព្រះនាង​តដាតកា ដោយ​មាន​អាទិទេព​គ្រប់​ឋាន​ទាំងអស់​ចូលរួម​ថ្វាយ​ព្រះពរ​ជ័យ​សិរីសួស្ដី​ចំពោះ​ព្រះអង្គ​និង​ព្រះនាង​តដាតកា ។

រាជ​កុមារ សាវុន្ថារា និង​ព្រះនាង​តដាតកា​ទ្រង់​គង់នៅ​ជា​សុខ​ក្នុង​រាជនិវេសន៍​របស់​ព្រះអង្គ ។ ពួក​មហាឫសី​ដែល​បាន​ដឹង​ច្បាស់​ថា​ព្រះអង្គ​ជា​ម្ចាស់​គម្ពីរ​វេទ ក៏​នាំ​គ្នា​ចូល​ទៅ​សុំ​ពរ​ពី​ព្រះអង្គ​គ្រប់​ៗ​គ្នា ។ ពេល​នោះ​មាន​មហាឫសី​ជា​ច្រើន​បាន​សិក្សា​គម្ពីរ​ផ្សេងៗ ក្នុង​សាសនា​របស់​ព្រះ​សិវៈ​រហូត​បាន​ទៅ​ជា​ម្ចាស់​នៃ​មនុស្ស​និង​ធម្មជាតិ ។ ពួក​ព្រាហ្មណ៍​ទាំងនោះ​បាន​សម្រេច​ក្ដី​ប្រាថ្នា​របស់​ពួកគេ​ប្លែកៗ​ខុស​ពី​គ្នា ពោល​គឺ​គេ​ចេះ​ប្រែក្រឡា​និម្មិត​កាយ​ជា​សត្វ ជា​យក្ស ជា​ដើម​ឈើ ជា​ខ្យល់​កួច​ទឹក​សមុទ្ទ ទន្លេ​បឹងបួ​ទៅ​ក្នុង​ទី​ដទៃ​ដែល​គេ​ចង់​បាន ។ នៅ​ក្នុង​ចំណោម​មហាឫសី​ទាំងនោះ មាន​ឫសី​មួយ​ឈ្មោះ «គោតម» ទ្រង់​បាន​សម្រេច​នូវ​ឈាន ហើយ​ហោះហើរ​ដូច​ទេវតា​ទៅ​កាន់​ឋាន​ប្រសិទ្ធិ​ទាំងឡាយ​ដែល​នៅ​ក្រៅ​ពី​ផែនដី ។ ទ្រង់​បាន​ទៅ​ទស្សនា​ឋានសួគ៌​ដែល​មាន​ជីវិត​ឥត​ទុក្ខ ហើយ​ដែល​គេ​ឮ​សូរ​តែ​សំឡេង​ប្រគំ​តន្ត្រី​អមត​សណ្ដំ​អ្នក​បរិសុទ្ធ​ទាំងឡាយ​ឲ្យ​ស្គាល់​តែ​ពី​សេចក្ដី​សុខ​ឥត​ដាច់ ។

ក្រោយ​ពេល​ធ្វើ​មហា​ដំណើរ​ដ៏​វែង​ឆ្ងាយ តាបស​គោតម​បាន​វិល​ត្រឡប់​មក​ផែនដី​វិញ​ព្រមទាំង​យាង​ទៅ​កាន់​ព្រះរាជវាំង «កញ្ចនា​មាលា» ដែល​ព្រះសិវៈ​ទ្រង់​ទើប​នឹង​និម្មិត​ថ្វាយ​ព្រះ​មាតា​ក្មេក​របស់​ព្រះអង្គ​គង់​នៅ ។ កាល​ចូល​ទៅ​ដល់​ហើយ ព្រាហ្មណ៍​ដ៏​ស័ក្ដិសិទ្ធិ​បាន​ធ្វើ​ឲ្យ​ទឹក​ស្រះ​ដែល​មាន​ទឹក​ថ្លា​ដូច​កញ្ចក់​ក្លាយ​ទៅ​ជា​ល្អក់កករ ធ្វើ​ឲ្យ​ព្រឹក្សា​ទាំង​ឡាយ​ដែល​កំពុង​តែ​ចេញ​ផ្កា​ក្រអូប​ឈ្វេង​គ្រប់​រដូវ​ក្លាយ​ជា​ស្វិត​ស្រពោន ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្លោងទ្វារ​ថ្មកែវ​​របស់​ប្រាសាទ​ប្រេះ​រក​កល​នឹង​រលំ​ដួល ។ ឃើញ​ហេតុ​ដ៏​ចម្លែក​នេះ ស្រីស្នំ​និង​ពល​សេនា​ដែល​សុទ្ធតែ​មាន​វ័យ​ក្មេងៗ​បាន​នាំ​គ្នា​រត់​ទៅ​ទូល​ម្ចាស់​របស់​ខ្លួន ។ ព្រះនាង​កញ្ចនា ក្រោយ​ពេល​ដែល​បាន​ឮ​ព័ត៌មាន​នេះ​ហើយ ព្រះនាង​ក៏​យាង​ចេញ​ពី​ព្រះរាជដំណាក់​មក​ទត​មើល​វិនាសកម្ម​ដោយ​ផ្ទាល់ព្រះអង្គ ។ កាល​នោះ​ព្រះមាតា​ព្រះនាង​តដាតកា កើត​សេចក្ដី​រង្វេល​ក្នុង​ចិត្ត​និង​រំជួល​ហ្ឫទ័យ​ជា​ខ្លាំង ។ ព្រះនាង​បាន​ឃើញ​ភាព​មិន​ឋិតថេរ​នៃ​វត្ថុ​ទាំងឡាយ​នៅ​លើ​ផែនដី ហើយ​ខ្ទប់​ព្រះ​ភក្ត្រ​ខ្សឹកខ្សួល ។ តែ​រំពេច​នោះ សំឡេង​កណ្ដឹង​មួយ​បាន​រោទ៍​នៅ​មុខ​ខ្លោងទ្វារ​ប្រាសាទ ធ្វើ​ឲ្យ​ព្រះនាង​ភ្ញាក់​ស្មារតី​បើក​ភ្នែក​ក្រឡេក​មើល​ទៅ​ម្ចាស់​សំឡេង​ដោយ​ព្រះទ័យ​រឹតតែ​ញាប់ញ័រ​ថែមទៀត ។ ព្រះនាង​បាន​និមន្ត​តាបស​ព្រាហ្មណ៍​ចូល​ទៅ​ក្នុង​រាជដំណាក់​ព្រមទាំង​ទទួល​សួរ​ពី​វត្តមាន​របស់​ទ្រង់​ផង ។ កាលនោះ​ឥសី​ដ៏​មាន​អាយុវែង​បាន​ទូល​ចំពោះ​ម្ចាស់​វិមាន​ថា៖

ឱ​ព្រះនាង​ដ៏​ចម្រើន​អឺយ! ទូលបង្គំ​មក​ទីនេះ​គឺ​ដើម្បី​មើល​មហា​ប្រាសាទ​ដ៏​វិចិត្រ​ដែល​ប្រកបដោយ​ទឹក​ស្រះ​ ថ្លាយង់​និង​បក្សាបក្សី​គ្រប់​ពណ៌​ទំ​លើ​ព្រឹក្សា​យ៉ាង​ខៀវខ្ចី​នៃ​រដូវ​ទាំង​បួន​របស់​ព្រះនាង ទូលបង្គំ​ចង់​ឃើញ​លម្អ​នៃ​ ទេសភាព​​​ដ៏​ត្រកាល​លើ​ផែនដី​ ព្រមទាំង​ប្រាសាទ​កែវ​ដែល​ល្អ​ជាង​គេ​ហើយ​មាន​តែមួយ​នៅ​លើ​លោក​នេះ! ឥឡូវ​ទូលបង្គំ​បាន​ឃើញ​នឹង​ភ្នែក​ហើយ​ថា ពាក្យ​ដែល​ទេវតា​ទាំងឡាយ​បាន​ពោល​សរសើរ​នេះ​ពុំ​ពិត​ប្រាកដ​ទេ ព្រោះ​រាជនិវេសន៍​ដែល​ទូលបង្គំ​បាន​ឃើញ​នៅ​ពេល​នេះ មាន​សភាព​គួរ​ឲ្យ​ស្រងេះស្រងោច​ទៅ​វិញ! ឱ​ព្រះនាង​ដ៏​ ប្រសើរ! ទូលបង្គំ​គ្មាន​ចង់​បាន​អ្វី​ពី​ព្រះ​នាង​ទេ ទូលបង្គំ​មាន​វ័យ​ចាស់​ប៉ុណ្ណេះ​ហើយ​ មើល​ឃើញ​ថា​ជីវិត​នេះ​ពុំ​ ឋិតថេរ​យូរ​ឡើយ! អ្វីៗ​ដែល​ទូលបង្គំ​មាន​ទាំង​ប៉ុន្មាន ដូចជា​ផ្ទះសម្បែង ទ្រព្យសម្បត្តិ បងប្អូន កូនចៅ ព្រមទាំង​ រូប​កាយ​ផ្ទាល់​របស់​ទូលបង្គំ គឺ​មិន​អាច​យក​ធ្វើ​ជា​គ្រឿង​ទាក់ទាញ​អារម្មណ៍​ឲ្យ​ទូលបង្គំ​ជាប់​ជំពាក់​បាន​ទេ! ស្ដេច​មច្ចុរាជ​​ដែល​កំពុង​បើក​ភ្នែក​សម្លឹង​មើល​ទូល​បង្គំ​រាល់​ថ្ងៃ​នោះ នឹង​មិន​ប្រណី​ដល់​ទូលបង្គំ​ឡើយ ។ ព្រះនាង! ទីបំផុត​ទូលបង្គំ​នឹង​ស្លាប់​រលាយ​រូប​ពី​លោក​នេះ​ជាក់ជា​ពុំខាន!”

ព្រះនាង​កញ្ចនាទេវី ក្រោយ​ដែល​ទ្រង់​បាន​សណ្ដាប់​នូវ​សព្វ​វាចា​របស់​ព្រាហ្មណ៍​គោតម​ហើយ ព្រះនាង​ក៏​ទូល​សួរ​ទៅ​តាបស​ឫសី​ទាំង​ស្រក់​ទឹក​ព្រះនេត្រ​ថា៖

ព្រះ​គុណ​ដ៏​មាន​អាយុ! ខ្ញុំ​ព្រះករុណា​មាន​ភ្នែក​មើល​អ្វី​លែង​ឃើញ មាន​ចិត្ត ប្រកបដោយ​ភាព​ញាប់ញ័រ ប្រៀប​ ដូច​កូន​បក្សី​ធ្លាក់​ពី​សំបុក មាន​ខួរក្បាល​ងងឹត​សូន្យសុង​ដោយ​ផ្សែង​អវិជ្ជា! ខ្ញុំ​ព្រះករុណា​ជា​មនុស្ស​វង្វេង​ផ្លូវ​នៅ​ កណ្ដាល​ព្រៃស្រោង​ម្នាក់ឯង ហើយ​គ្មាន​នរណា​ម្នាក់​មក​ជួយ​ដឹកនាំ​ឲ្យ​រួច​ពី​ការ​វង្វេង​នេះ​បាន​ឡើយ! សូម​ឲ្យ​ ព្រះគុណម្ចាស់​មេត្តា​ប្រោស​ខ្ញុំ​ព្រះករុណា​ផង​​ថា​តើ​ខ្ញុំ​ករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​កើត​ស្លាប់​ បាន?”

គ្រានោះ​តាបស​ឫសី​ដែល​បាន​ចេះ​ចប់​នូវ​គម្ភីរ​វេទ​ឆ្លើយ​ថា៖

បពិត្រ​រាជ​ក្សត្រិយ៍​ដ៏​ចម្រើន​អឺយ! មនុស្ស​ទាំងឡាយ​បាន​វិលវល់​ក្នុង​លោក​ទាំងអស់​គ្មាន​ទី​បញ្ចប់​ឡើយ សូម្បី​ ឋានសួគ៌​ដែល​ជា​ឋាន​ប្រកបដោយ​សេចក្ដី​សុខ​គ្រប់​ប្រការ​នោះ ក៏​ឃើញ​ថា​ជា​កន្លែង​ពុំ​ជា​ពំនាក់​ទេ ។ អាត្ម័ន​ របស់​សត្វលោក​តែងតែ​ទទួល​នូវ​ទុក្ខវេទនា​ពុំ​ចេះ​ចប់​ឡើយ ព្រោះ​អាត្ម័ន​នេះ​ឯង​បាន​ប្រឡាក់​ដោយ​គ្រឿង​មន្ទិល​ សៅហ្មង​គួរ​ឲ្យ​ខ្ពើម! ព្រះសិវៈ​ដ៏​ជា​កំពូល​ទ្រង់​បាន​រួច​ផុត​ពី​សេចក្ដី​សៅហ្មង​ទាំង​នេះ ព្រោះ​ព្រះអង្គ​បាន​ជម្រះ​ កាយ​ដោយ​ទឹក​ទន្លេ​គង្គា ។ មហា​វារី​ទិព្វ​នេះ​លើក​ដំបូង​គង់​នៅ​នា​ឋាន​ដ៏​ឆ្ងាយ​នៃ​ឋានសួគ៌ ប៉ុន្តែ​ដោយ​ ទុក្ករកិរិយា​ដ៏​តឹងរ៉ឹង​របស់​ព្រះអង្គ​ទៅ​លើ​រាងកាយ ទឹក​ទន្លេ​នេះ​ក៏​ចុះ​​ពី​ឋាន​ប្រសិទ្ធិ​មក​លាង​សម្អាត​កិលេស​​​​កាយ​ និង​អាត្ម័ន​របស់​ខ្លួន​គ្រប់​គ្នា​ផង ។ ក៏​ប៉ុន្តែ​រាជិនី​ដ៏​ប្រសើរ​អឺយ! ការ​លាង​សម្អាត​អាត្ម័ន​និង​កាយ​ពុំ​មែន​មាន​ សភាព​ដូច​ជា​ការ​ងូតទឹក​កម្សាន្ត​នោះ​ទេ គឺ​ជា​ទារុណកម្ម​ទាំង​បី​ដែល​មាន​ក្នុង​គម្ពីរ​វេទ​គឺ៖

. ទារុណកម្ម​ផ្លូវ​ចិត្ត

. ទារុណកម្ម​ធ្វើ​ដោយ​ពាក្យសម្ដី​ មាន​ការ​ព្យាយាម​សូត្រ​ធម៌​ឥត​ដាច់​ជាដើម

. ទារុណកម្ម​ធ្វើ​ដោយ​រូបកាយ

ក្នុង​ចំណោម​ទារុណកម្ម​ទាំង​បី​ប្រភេទ​នេះ គួរ​ព្រះនាង​ជ្រើសរើស​យក​ទារុណកម្ម​ទី​បី​ដែល​ស្រួល​ជាង​គេ ។ គឺ​ត្រូវ​ដើរ​ស្វែងរក​ស្ទឹង​ឬ​បឹង​ណា​ដែល​ជា​ទី​ពិសិដ្ឋ​បើ​ពុំ​នោះ​សោត ត្រូវ​ព្រះនាង​យាង​ទៅ​ស្រង់​ព្រះ​កាយ​ក្នុង​ទឹក​សមុទ្ទ ព្រោះ​សមុទ្ទ​ជា​ព្រហ្ម័ន​នៃ​ស្ទឹង បឹង ទន្លេ​ទាំងឡាយ​ដែល​ហូរ​កាត់​ផែនដី​គ្មាន​ថ្ងៃ​នឹង​រីងស្ងួត​ហួតហែង​ទៅ​វិញ​ឡើយ ។ សូម​ព្រះ​នាង​ប្រារព្ធ​នូវ​ពិធី​នេះ​ឲ្យ​បាន​ឆាប់ កុំ​ឲ្យ​ជរា​ព្យាធិ​មក​យាយី​ព្រះ​កាយ​ព្រះនាង​ទាន់ ហើយ​សូម​ឲ្យ​សេចក្ដី​បំណង​របស់​ព្រះ​នាង​បាន​សម្រេច​ចុះ!” ពោល​ចប់​ព្រាហ្មណ៍​ដ៏​អស្ចារ្យ​ក៏​លា​ម្ចាស់​វិមាន​ត្រឡប់​ទៅ​អាស្រម​ខ្លួន​វិញ​ភ្លាម ។

ក្រោយ​ព្រាហ្មណ៍​គោតម​ចេញ​ផុត​ទៅ ប្រាសាទ​កែវ ទឹកស្រះ និង​សួនឧទ្យាន​ក៏​មាន​ជីវិត​យ៉ាង​ប្រណីត​ដូច​ធម្មតា​វិញ ។ កាលនោះ​ព្រះនាង​កញ្ចនា​ទេវី បាន​យាង​ទៅ​កាន់​ប្រាសាទ​រាជបុត្រី​ព្រមទាំង​បាន​ថ្លែង​បញ្ជាក់​ពី​បំណង​យ៉ាង​មោះមុត​របស់​ព្រះនាង​ក្នុង​ការ​មុជទឹក​លាងបាប​តាម​បណ្ដាំ​របស់​គោតម​ព្រាហ្មណ៍ ។ ព្រះរាជធីតា​ល្អ​ឯក​ក៏​យក​សេចក្ដី​នេះ​ទៅ​ទូល​ចំពោះ​ស្វាមី​ព្រះនាង ។ ព្រះរាជ​កុមារ សាវុន្ថារា ទ្រង់​មាន​សេចក្ដី​រីករាយ​និង​មហា​បុញ្ញកម្ម​​នៃ​នាង​កញ្ចនា ទ្រង់​ក៏​ហៅ​សមុទ្ទ​ទាំង ៧ពី​ឋានសួគ៌​ដែល​មាន​ពណ៌​ខុស​ៗ​គ្នា​ឲ្យ​ចុះ​មក ដើម្បី​ថ្វាយ​ព្រះ​មាតា​ក្មេក​របស់​ព្រះអង្គ​ទ្រង់​លាង​បាប ។

កាលនោះ​គេ​ឃើញ​មាន​ពន្លឺ​ប្រាំពីរ​ពណ៌​ធ្លាក់​ចុះ​មក​លើ​ផ្ទៃ​ទឹក​​ទន្លេ​គង្គា​នៃ​ក្រុង «មធុរ» ។ មហាសមុទ្ទ​សត្ត​ពណ៌​​មាន​សភាព​ដូច​ឥន្ទធនូ​ចុះ​មក​លេង​ទឹក បណ្ដាល​ឲ្យ​បង្កើត​ជា​សូរស័ព្ទ​ទ្រហឹង​អឺងអាប់​​ប្រកបដោយ​ផ្គរ​និង​រន្ទះ​គ្មាន​ដាច់​សូរ ។ មនុស្ស​សត្វ​ទាំងឡាយ​ដែល​ពុំ​ដឹង​ហេតុ​ពិត ក៏​នាំ​គ្នា​ស្មាន​ថា​ជា​ទឹកជំនន់​លេច​ពិភពលោក ហើយ​នាំ​គ្នា​ភិត​ភ័យ​តក្កមា​ជ្រួលច្របល់​រឹប​រឹត​ពាសពេញ​ផ្ទៃ​នគរ ។ ព្រះសិវៈ​ទ្រង់​ឃើញ​អានុភាព​នៃ​មហា​សមុទ្ទ​ទាំង​៧ បង្កើត​រលក​បោក​បក់​មក​លើ​ច្រាំង​ខ្លាំង​ពេក ទ្រង់​ក៏​ដោះ​ខ្សែក​ពស់វែក​ស្រកា​មាស​​បោះ​ទៅ​លើ​ផ្ទៃ​ទឹក ។ ពស់វែក​ដ៏​អស្ចារ្យ ក្រោយ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ក៏​បង្កើត​ទៅ​ជា​ពស់​រាប់​​លាន​កោដិ​ទប់​រលក​ដែល​កំពុងតែ​បន្លឺ​សំឡេង​ដ៏​ខ្លាំងក្លា​ឲ្យ​ស្ងប់​មួយ​រំពេច ពេលនោះ ទេវតា​និង​ឫសី​ជា​ច្រើន​បាន​​ចូលរួម​ក្នុង​ពិធី​ងូតទឹក​ទន្លេ​ស័ក្ដិសិទ្ធិ​នេះ ។

ព្រះនាង​កញ្ចនា​ទេវី​បាន​សួរ​ទៅ​ពួក​ព្រាហ្មណ៍​ទាំងអស់​ថា​តើ​ព្រះនាង​ត្រូវ​ចុះ​ស្រង់​ទឹក​នេះ​ដោយ​របៀប​ណា ។ ពេលនោះ​ព្រាហ្មណ៍​គោតម​ដែល​នៅ​មិន​ឆ្ងាយ​ពី​ព្រះ​សាវុន្ថារា​បាន​ទូល​ព្រះ​នាង​ថា៖

ធម្មតា​អ្នក​ងូតទឹក​លាង​បាប​ដែល​ភេទ​ជា​ស្ត្រី​ត្រូវ​កាន់ដៃ​ប្ដី​ឬ​កូន​ប្រុស​ខ្លួន​ចុះ​ទៅ​ក្នុង​ទឹក បើ​ពុំ​នោះ​គេ​ត្រូវ​កាន់​កន្ទុយ​កូនគោ!”

ព្រះនាង​កញ្ចនា​ទ្រង់​ឆ្លើយ​ទៅ​ព្រាហ្មណ៍​វិញ​ថា៖

ខ្ញុំ​គ្មាន​ព្រះ​រាជ​បុត្រា​សោះ ហើយ​ចំណែក​ស្វាមី​របស់​ខ្ញុំ​ក៏​ទ្រង់​ចូល​ទិវង្គត​ទៅ​ហើយ​ដែរ តើ​ខ្ញុំ​ករុណា​កាន់​កន្ទុយ​កូន​គោ​ឬ​ដូច​ម្ដេច?”

ពេល​សាវុន្ថារា​កុមារ​មាន​បន្ទូល​ថា៖

ក្រៅ​ពី​នន្ទិន គោ​ទាំងឡាយ​សុទ្ធសឹងតែ​ប្រឡាក់​​ដោយ​គ្រឿង​សៅហ្មង ព្រោះ​សត្វ​ទាំង​នោះ​បាន​កើត​មក​ពី​ពោះ​មេ​របស់​ខ្លួន! ដូច្នេះ​សូម​ព្រះពាយ​ទៅ​យាង​ព្រះ​មលយធ្វយៈ​ពី​ឋានសួគ៌​មក​ជា​បន្ទាន់!”

គ្រាន់តែ​ឮ​បន្ទូល​ព្រះសិវៈ​ដូច្នេះ ទេវ​មួយ​អង្គ​ដែល​គង់​បំបាំង​ព្រះ​កាយ​ក្បែរ​ព្រះ​នាង​កញ្ចនា​ជា​យូរ​មក​ហើយ ក៏​បាន​បង្ហាញ​រូប​ដល់​ព្រះរាជ​កុមារ​ហើយ​ក្រាប​បង្គំ​ចំពោះ​ព្រះអង្គ​ព្រមទាំង​ទូល​ថា៖

ទូលបង្គំ​បាន​ចុះ​ពី​ឋានសួគ៌​មក​មុន​នេះ​បន្តិច​ដើម្បី​បំពេញ​បំណង​របស់​ព្រះរាជ​ទេវី ។ ទូលបង្គំ​មាន​សេចក្ដី​ ត្រេកអរ​ជា​ពន់ពេក​ដោយ​ឮ​ថា​ព្រះអង្គ​ព្រះរាជទាន​សេចក្ដី​សន្ដោស​ដល់​មហេសី​របស់​ទូលបង្គំ​ ទូលបង្គំ​នឹង​បំពេញ​បំណង​ព្រះនាង​ឥឡូវ​នេះ​ហើយ!”

ព្រះនាង​ទេវី​កញ្ចនា​នៅ​ពេល​បាន​ជួប​ព្រះ​ស្វាមី​ព្រះនាង​ហើយ រាជ​ក្សត្រិយ៍​ក៏​ទ្រង់​ពិលាប​សោយសោក​យ៉ាង​ខ្លាំង ។ ពេល​នោះ​ព្រះ​ទេវ មលយធ្វយៈ ក៏​កាន់​ព្រះហស្ត​មហេសី​ព្រះអង្គ​ចុះ​ទៅ​ក្នុង​ទឹក​និម្មិត​ក្រោម​ស្នូរ​គម្ពីរ​វេទ​ដែល​ពួក​ព្រាហ្មណ៍​នាំ​គ្នា​សូត្រ​ថ្វាយ​ព្រះអង្គ​ ។ ព្រះនាង​គង្គា មាតា​នៃ​សត្វលោក ក៏​បាន​យាង​មក​ប្រទាន​សេចក្ដី​សុខ​សន្ដោស​ដល់​ព្រះនាង​កញ្ចនា​ដែរ ។ ព្រះនាង​បាន​លាង​សម្អាត​រាងកាយ​ឲ្យ​នាង​កញ្ចនា​​ជាមុន​សិន​ដើម្បី​ឲ្យ​ពន្លឺ​ទិព្វ​ពី​សមុទ្ទ​សួគ៌​ទាំង​៧ រៀបចំ​នូវ​ពន្លឺ​ថ្វាយ​ព្រះនាង​ជា​ក្រោយ ។

លុះ​ព្រាហ្មណ៍​សូត្រ​គម្ពីរ​វេទ​ចប់​ហើយ គេ​ឃើញ​ព្រះ​ទេវ មលយធ្វយៈ ចាប់​កាន់​ព្រះហស្ត​មហេសី​របស់​ទ្រង់​ហោះ​ឡើង​ទៅ​លើ​អាកាស​បាត់​ទៅ ។ ពន្លឺ​ឥន្ទធនូ​ក៏​ចាកចេញ​ពី​ផ្ទៃ​ទន្លេ ឯ​ចំណែក​ពស់វែក​ស្រកា​មាស​ក៏​បាន​មក​ឋិត​នៅ​លើ​ព្រះ​សូរង​របស់​ព្រះសិវៈ​វិញ ។ គឺ​នៅ​ក្នុង​ពិធី​ងូតទឹក​លាងបាប​របស់​ព្រះនាង​កញ្ចនា​នេះ​ហើយ ដែល​មនុស្ស​និង​ទេវតា​បាន​ឃើញ​ព្រះ​រូប​​ពិត​ប្រាកដ​របស់​សាវុន្ថារា គឺ​ជា​អាទិទេព​សិវ​មាន​ព្រះ​កេសា​ក្រហម​ដូច​រងើក​ភ្លើង មាន​ព្រះហស្ត​បួន​ចាប់​កាន់​អាវុធ​ផ្ទាល់​របស់​ព្រះអង្គ​គឺ​លំពែង​ត្រីសូល៍ កំសៀវ​ពួច​ធ្វើ​ពី​លលាដ៍​ក្បាល​មនុស្ស ខ្យងស័ង្ខ និង​ម្រឹគ ។

ព្រះហស្ត​ទី​បួន​របស់​ព្រះសិវៈ​បាន​ផ្លាស់ប្ដូរ​នូវ​វត្ថុ​ដែល​ទ្រង់​ចាប់​កាន់​ជានិច្ច ។ ជួនកាល​គេ​ឃើញ​មាន​ព្រះអគ្គី ជួនកាល​ផែនដី ជួនកាល​សត្វ​ម្រឹគ ជួនកាល​ទ្រង់​ទុក​ឲ្យ​នៅ​ទទេ​សម្រាប់​សម្ដែង​ «អភ័យមុទ្រ» ។ ដទៃ​ពី​នេះ គេ​ឃើញ​ព្រះសិវៈ​មាន​ព្រះនេត្រ​ទី​បី បញ្ឈរ​នៅ​ចំ​កណ្ដាល​ថ្ងាស ។ ទ្រង់​មាន​ព្រះ​កេសា​ពណ៌​មាស​ បួង​ជា​ផ្នួង​យ៉ាង​វិចិត្រ ដែល​ព្រះ​អង្គ​តែង​ទុក​​ចំណិត​ព្រះ​ខែ​មួយ​ចំណិត​ដ៏​ល្អ​វិចិត្រ​​នៅ​កណ្ដាល​ព្រះ​ផ្នួង​នោះ ។ នៅ​ជិត​ចំណិត​ព្រះចន្ទ ព្រះសិវៈ​មាន​លាក់​ទុក​ព្រះ​នាង​គង្គា​ដ៏​ប្រិមប្រិយ ដែល​តែ​ខ្ជាក់​ទឹក​អម្ឫត​មក​លើ​ផែនដី​គ្មាន​ដាច់ ។

លុះ​ព្រះ​នាង​កញ្ចនា​យាង​បាត់​ទៅ​ក្នុង​លំហអាកាស​ហើយ រូបភាព​ពិត​របស់​ព្រះសិវៈ​ក៏​រលាយ​បាត់​ទៅ​ដែរ នៅ​សល់​តែ​សាវុន្ថារា​កុមារ​ដែល​កំពុង​ញញឹម​យ៉ាង​មាន​ន័យ​ទៅ​រក​សត្វលោក​ទាំងអស់ ។ មនុស្សម្នា​ទាំងឡាយ​គ្រប់​ស្រទាប់​វណ្ណៈ​ចាប់តាំង​ពី​រាស្ត្រ​ប្រជា ព្រាហ្មណ៍ និង​ក្សត្រ​បាន​នាំ​គ្នា​ចុះ​ទៅ​ងូត​ទឹក​លាង​ជម្រះ​កាយ​ក្នុង​ទន្លេ​គង្គា​នៅ​ដែន​មធុរៈ ដើម្បី​កម្ចាត់​នូវ​គ្រឿង​មន្ទិល​សៅហ្មង​ទាំងឡាយ ព្រមទាំង​បាបកម្ម​ដែល​ហ៊ុមព័ទ្ធ​ព្រលឹង​អាត្ម័ន​គេ​​ឲ្យ​ជ្រះ​ស្រឡះ​ពី​វាល​វដ្តសង្សារ​នេះ ។

រីឯ​ព្រះនាង​តដាតកា ទ្រង់​មាន​សេចក្ដី​សោមនស្ស​ជា​ពន់ប្រមាណ​ដោយ​ឃើញ​ព្រះ​មាតា​បាន​ឡើង​ឋានសួគ៌​ទាំង​រស់ ។ តែ​ព្រះនាង​មាន​ព្រះទ័យ​ស្រពោន​ឡើង​វិញ​ភ្លាម​រហូត​ស្រក់​ទឹក​ព្រះនេត្រ ព្រោះ​ព្រះនាង​បាន​ព្រាត់ប្រាស​មាតា​បិតា​ជាទី​ស្រឡាញ់​ហើយ​កំព្រា​តែ​មួយ​អង្គ​ឯង​លើ​ផែនដី​នេះ ។

ព្រះរាជ​កុមារ​សាវុន្ថារា​ទ្រង់​បាន​យល់​ដល់​ព្រះទ័យ​របស់​មហេសី ព្រះអង្គ​ក៏​ងើយ​ព្រះ​ភក្ត្រ​មើល​ទៅ​លើ​មេឃ ។ ពេល​នោះ​គេ​ឃើញ​មាន​រាជរថ​មួយ​ល្អ​វិចិត្រ​ប្រកបដោយ​ពន្លឺ​ភ្លឺផ្លេក​ហោះ​ពី​អាកាស​តម្រង់​មក​រក​ព្រះនាង ។ មនុស្ស​ទាំង​ឡាយ​ងូត​ទឹក​បណ្ដើរ នាំ​គ្នា​ក្រឡេក​មើល​ទៅ​ភាព​អស្ចារ្យ​នេះ​បណ្ដើរ ។ ម្នាក់ៗ​សឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នាំ​ឲ្យ​គេ​សើច​ផង​យំ​ផង ។ ព្រះសិវៈ​កាឡា​ព្រះ​កាយ ក៏​ឡើង​គង់​​លើ​រាជរថ​មាស​ដោយ​នាំ​ទាំង​មហេសី​ព្រះអង្គ​ទៅ​ជាមួយ​ផង ។ ពេលនោះ អាជានេយ្យ​ទាំង​ប្រាំពីរ​ដែល​មាន​រោម​ស​ដូច​សម្លី បាន​ទាញ​រថ​សុវណ្ណ​អណ្ដែត​ទៅ​លើ​អាកាស​វិញ ។

មុន​នឹង​កប់​បាត់​ទៅ​ក្នុង​លំហ​មេឃ រថ​ដ៏​អស្ចារ្យ​បាន​ប្រទក្សិណ​ដែន​មធុរៈ​បី​ជុំ ក្រោម​តំណក់​ព្រះ​ភិរុណ​ដែល​ស្រក់​ចុះ​មក​សុទ្ធតែ​បុប្ផា​ពណ៌​ភ្លឺផ្លេក ។ ជាមួយ​គ្នា​នោះ គេ​ឮ​សូរ​សំឡេង​តន្ត្រី​សួគ៌​ប្រគំ​ឡើង​យ៉ាង​ពីរោះ ដើម្បី​ជូន​ដំណើរ​ព្រះ​អាទិទេព​សិវ​និង​ព្រះនាង​ទេពធីតា​ល្អឯក​ទៅ​កាន់​វិមាន​អមត ។ ព្រះសិវៈ​កាឡា បាន​នាំ​មហេសី​ព្រះអង្គ​ក្រសាល​ក្នុង​ពិភព​នានា​នៃ​ឋានសួគ៌ ។ ទ្រង់​បាន​នាំ​ព្រះនាង​ឲ្យ​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះ​មាតា​បិតា​ដែល​គង់​ក្នុង​ប្រាសាទ​មាស​នា​ឋាន​ព្រះឥន្ទ្រ ។ បន្ទាប់​មក​ទ្រង់​នាំ​ព្រះនាង​ឲ្យ​ទត​មើល​ប្រាសាទ​អណ្ដែត​នា​ឋាន​ព្រហ្ម ។ ព្រះនាង​ទត​ឃើញ​ព្រះ​ទេវ​ចតុ​ភក្ត្រ​​ដែល​មាន​ពណ៌​និង​ពន្លឺ​ខុស​ពី​ទេវ​ទាំងឡាយ​ដែល​ព្រះនាង​បាន​ប្រទះ​ឃើញ ។

ក្រោយ​មក​ព្រះសិវៈ​ទ្រង់​នាំ​មហេសី​ទៅ​ទត​មើល​មហាសមុទ្ទ​ទឹកដោះ​ដ៏​ល្វឹងល្វើយ​គ្មាន​កោះ​ត្រើយ ដែល​នៅ​ទី​នោះ​ព្រះនាង​តដាតកា​រាជ​ក្សត្រិយ៍​ដ៏​បវរ​ទ្រង់​ភ្ញាក់​នឹង​មហា​ឧរង្គសត្វ​ដ៏​ធំ​សម្បើម​របស់​ព្រះវិស្ណុ ។ ព្រះនាង​ទត​ឃើញ​អាទិទេព​កង​ចក្រ​ផ្ទំ​នៅ​លើ​បល្ល័ង្ក​នាគរាជ​ដែល​គ្របដណ្ដប់​ដោយ​ក្បាល​ពស់​ទាំង​ប្រាំពីរ ។

ព្រះសិវៈ​មាន​បន្ទូល​ទៅ​មហេសី​របស់​ព្រះអង្គ​ថា៖

គេ​កម្រ​ឃើញ​ព្រះវិស្ណុ​ផ្ទំ​ណាស់! ព្រះអង្គ​តែង​ទម្រេត​ព្រះ​កាយ​ពាក់​កណ្ដាល​ទៅ​លើ​បល្ល័ង្ក​អនន្ត ហើយ​ផ្ទំ​ឥត​ មាន​ឈប់ឈរ​ប្រៀប​បាន​នឹង​ដង្ហើម​ដក​ចេញចូល​ក្នុង​រាងកាយ​នៃ​​មនុស្ស ។ នេះ​ជា​មហា​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ប្រសើរ​បំផុត​ដែល​ព្រះ​អាទិទេព​កងចក្រ​បាន​បង្ហាញ​នូវ «មាយា» របស់​ព្រះអង្គ​ឲ្យ​ព្រះនាង​ឃើញ!” ព្រះនាង​តដាតកា​ទ្រង់​រំភើប​ព្រះ​ហ្ឫទ័យ​ឥត​ឧបមា​ដោយ​បាន​ទស្សនា​ភាព​ដ៏​មហស្ចារ្យ​នេះ ។ ព្រះនាង​បាន​សុំ​ដល់​ស្វាមី​អនុញ្ញាត​ដល់​ព្រះនាង​បាន​ងាក​មើល​ទិដ្ឋភាព​ដ៏​ចម្លែក​នោះ​ម្ដង​ទៀត ។ ព្រះសិវៈ​ញញឹម​ហើយ​លួច​សរសើរ​​ព្រះ​នាង​តដាតកា​ដែល​ប្រកប​ដោយ​ព្រះ​បញ្ញា​ឈ្លាសវៃ ចេះ​ធ្វើ​សំណូមពរ​លើ​ការ​ហាមឃាត់​ដែល​ព្រះអង្គ​ហៀប​នឹង​ពោល​ទៅ​កាន់​ព្រះនាង ។ លុះ​បាន​សេចក្ដី​អនុញ្ញាត​ពី​ព្រះ​ស្វាមី​ហើយ ព្រះនាង​ក៏​ងាក​ទៅ​ក្រោយ​ដើម្បី​មើល​រូបភាព​ដ៏​សម្បើម​នៃ​ព្រះវិស្ណុ ។ ព្រះនាង​បាន​ឃើញ​បល្ល័ង្ក​នាគ​អនន្ត​និង​ព្រះវិស្ណុ​លិច​សន្សឹម​ៗ​ចូល​ទៅ​ក្នុង​មហាសមុទ្ទ​ទឹកដោះ​ដោយ​ចោល​ពន្លឺ​ដូច​ព្រះអាទិត្យ​ទាំង​ប្រាំពីរ ។ ក្រោយ​មក​ព្រះនាង​ទត​ឃើញ​សមុទ្ទ​ទឹកដោះ​ហាក់​ហូរ​ចូល​ទៅ​ក្នុង​ព្រះ​កាយ​ព្រះវិស្ណុ​អស់ ឯ​ចំណែក​រូបភាព​ដ៏​មហស្ចារ្យ​នៃ​អាទិទេព​កងចក្រ​ក៏​រលាយ​ទៅ​ជា​អាកាស​គឺ​ពិភព​ដែល​គ្មាន​អ្វី​ទាំងអស់ ។

ដោយ​ព្រះទ័យ​សោមនស្ស​នឹង​ដំណើរ​ដ៏​ចម្លែក​នេះ ព្រះនាង​តដាតកា​ក៏​ទូល​សុំ​ឲ្យ​ព្រះ​ស្វាមី​យាង​ទៅ​គង់​នៅ​ផែន​ដី​វិញ​ដើម្បី​បន្ត​ព្រះ​រាជវង្ស​ «មនុ» របស់​ព្រះនាង ។ កាលនោះ​ព្រះអាទិទេព​ត្រី​នេត្រ ព្រះអង្គ​បាន​ប្រទាន​នូវ​ព្រះរាជបុត្រ​មួយ​អង្គ​ដល់​ព្រះនាង​តដាតកា ។ ដោយ​កម្លាំង​នៃ​វេទ ព្រះរាជបុត្រ​ដ៏​បវរ​មួយ​អង្គ​ក៏​បាន​ប្រសូត​មក​ពី​ផ្ទៃ​នៃ​រាជ​ក្សត្រិយ៍​ដោយ​ពុំ​បាច់​ទ្រង់​គភ៌​ឬ​ទទួល​នូវ​ការ​ឈឺចាប់​អ្វី​បន្តិច​សោះ ។ រាជបុត្រ​ដ៏​ប្រពៃ​នោះ​ព្រះសាវុន្ថារា​បាន​ដាក់​ព្រះនាម​ថា «ឧគ្របាណ្ឌីយកុមារ»

កាល​ព្រះរាជ​កុមារ​បាន​ប្រសូត​មក​ហើយ គេ​ឃើញ​ហេតុ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង ។ មនុស្ស​បាន​មើល​ឃើញ​ទេវតា​ប្រគំ​តន្ត្រី​នៅ​ក្នុង​ឋានសួគ៌ ។ ព្រឹក្សា​ទាំង​៥ នៃ​ឋាន​ប្រសិទ្ធិ​បាន​ជម្រុះ​ស្លឹក​មាស​របស់​ខ្លួន​មក​ថ្វាយ​ពរ​ព្រះរាជ​កុមារ ភ្ញៀវ​ទាំង​ឡាយ គឺ​ស្ដេច​ទេវ មាន​ព្រះឥន្ទ្រ ព្រះព្រហ្ម​ជាដើម ព្រមទាំង​ឥសី​គ្រប់​ភ្នំ​បាន​យាង​មក​ជួយ​ប្រសិទ្ធិពរ​និង​ឲ្យ​ទំនាយ​ដល់​កុមារ​តូច​នេះ ។ ទីក្រុង​មធុរៈ​ទាំងមូល កើត​សេចក្ដី​រីករាយ​រក​ទី​បំផុត​គ្មាន ដើម្បី​ឲ្យ​សម​នឹង​មហា​កិត្តិយស​នេះ ព្រះសិវៈ​ក៏​ជប​លំពែង​ត្រីសូល៍​មួយ កងចក្រ​មួយ និង​ផ្កា​មួយ​បាច់​ជូន​ដល់​រាជ​បុត្រ​របស់​ព្រះអង្គ ។

លុះ​កុមារ​ដ៏​ក្លាហាន​មាន​ព្រះជន្ម​បាន​១៦​វស្សា ព្រះអាទិទេព​បាន​យាង​ទៅ «កល្យាណ​បុរី​» ដើម្បី​ពន្យល់​សប្ដិ​មហាក្សត្រ​វង្ស​ត្រកូល «សុរិយា» ព្រះនាម «សោមាសេខរៈ» ឲ្យ​ព្រះរាជា​អង្គ​នេះ​លើក​រាជ​បុត្រី​ដ៏​បវរ​របស់​ទ្រង់​ព្រះនាម «កាន្ទីមាទី» ថ្វាយ​ចំពោះ​ព្រះរាជ​កុមារ ឧគ្របាណ្ឌីយ ។ ប៉ុន្តែ​ព្រះអាទិទេព​ត្រី​នេត្រ​បាន​ផ្ដល់​នូវ​កិត្តិយស​ដល់​ព្រះនាង​ កាន្ទីមាទី​យ៉ាង​សមរម្យ​គឺ ព្រះអង្គ​បាន​បញ្ជា​ឲ្យ​កង​ពល​សេនា​លើក​បណ្ណាការ​ទៅ​ទទួល​ទ័ព​ស្ដេច សោមាសេខរៈ នៅ​ពាល់​កណ្ដាល​ផ្លូវ ។ ព្រះនាង​កាន្ទីមាទី​មាន​រូបឆោមលោមពណ៌​លើសលប់ ប្រៀប​ដូចជា​ព្រះនាង​លក្ស្មី​ទេវី​ដ៏​កំពូល​លោក​បេះបិទ ។ ព្រះសិវៈ​កាឡា​ទ្រង់​បាន​ចុះ​មក​ទទួល​រាជ​សុណិសា​ព្រះអង្គ​ដោយ​ព្រះទ័យ​សោមនស្ស​ជា​ពន្លឹក ។

ដើម្បី​ឲ្យ​សម​​លម្អ​ព្រះ​វីរ​អង្គ​នេះ ព្រះសិវៈ​បាន​ប្រទាន​ពន្លឺ​អាទិទេព​ចំពោះ​ព្រះរាជ​បុត្រ​ព្រះអង្គ ដោយ​ធ្វើ​ឲ្យ​ព្រះ​កេសា​របស់​យុវ​ក្សត្រ ឧគ្របាណ្ឌីយ មាន​រង្វង់​ព្រះអាទិត្យ​ព័ទ្ធ​ជុំវិញ ។

មនុស្ស​ទាំងឡាយ​ដែល​បាន​ដង្ហែ​ព្រះនាង កាន្ទីមាទី បាន​មក​ក្រាប​ថ្វាយបង្គំ​ព្រះ​កុមារ​គ្រប់​ៗ​គ្នា ។ អាវាហ៍វិវាហ៍​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក​ចំពោះ​ព្រះ​ភក្ត្រ​ទេវតា​ក្សត្រ​និង​ពួក​ឫសី​ជា​ច្រើន​កុះករ ។ មហា​ពិធី​បាន​បញ្ចប់​ទៅ​ពេល​ព្រះបាទ សោមាសេខរៈ និង​ព្រះ​ជាយា​ដឹក​ព្រះហស្ត​រាជ​ក្សត្រិយ៍​របស់​ព្រះអង្គ​ទៅ​ប្រទាន​ដល់​ឧគ្របាណ្ឌីយ​កុមារ ព្រមទាំង​យក​សុគន្ធវារី​ទៅ​លាង​​ព្រះបាទ​ឲ្យ​ព្រះ​កុមារ​បុត្រ​ព្រះសិវៈ ។

នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​បុត្រ​ព្រះអង្គ​រួច​ហើយ ព្រះសិវៈ​ដោយ​ទ្រង់​ចង់​បញ្ជាក់​ចំពោះ​ក្សត្រ​ទាំង​ឡាយ​ដែល​ជា​ពង្ស​សុរិយា ថា​ព្រះអង្គ​គឺជា​អាទិទេព​នោះ ក៏​បង្ហាញ​ព្រះ​រូប​ពិត​របស់​ព្រះអង្គ​ឲ្យ​គេ​បាន​ឃើញ​គ្រប់​ៗ​គ្នា ។ ពេល​នោះ​ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្ដោស​ដល់​មនុស្ស​ទាំងអស់ ព្រមទាំង​ទូន្មាន​ឲ្យ​ខិតខំ​សិក្សា​គម្ពីរ​របស់​ព្រះអង្គ​ដែល​ជា​មាគ៌ា​សម្រាប់​ឈ្នះ​មនុស្ស ទេវតា និង​វាល​វដ្តសង្សារ ។

តាំង​ពី​ពេល​នោះ​មក ប្រទេស​ឥណ្ឌា​និង​បណ្ដា​ប្រទេស​ដែល​គោរព​ព្រហ្មញ្ញសាសនា​និកាយ​សិវៈ បាន​ប្រារព្ធ​ពិធី​បុណ្យ​លាង​បាប ឬ ពិធី​សិវរាត្រី​នេះ​ដោយ​មក​ទន្លេ​គង្គា​ធ្វើ​ជា​វត្ថុ​ទិព្វ​សម្រាប់​ធ្វើ​ពិធី​នោះ​បន្ត​ជំនាន់​គ្នា​តាំង​ពី​សម័យ​បុរាណ​មក​ទល់​បច្ចុប្បន្ន​ជា​រៀង​រហូត ៚

ចប់

ពិធី​សិវរាត្រី​ ឬ ពិធី​លាងបាប

៙ពិធី​សិវរាត្រី​ គឺជា​ពិធី​ដែល​គេ​រំឭក​ដល់​រាត្រី​​នៃ​​ព្រះសិវៈ​បាន​ឲ្យ​កំណើត​លោក៖ ទេវលោក មនុស្សលោក និង​បាតាល​លោក ម្យ៉ាងទៀត​ជា​ពិធី​លាងបាប​ចង្រៃ​ឧបទ្រព​គ្រប់យ៉ាង​ដើម្បី​ឲ្យ​មាន​សិរីសួស្ដី ជោគជ័យ​គ្រប់​ប្រការ​សម្រាប់​មនុស្ស​សត្វ​គ្រប់​ឋាន ។

ក្នុង​ប្រទេស​ឥណ្ឌា គេ​ប្រារព្ធ​ពិធី​នេះ​នៅ​ក្នុង​ទន្លេ​គង្គា​ដោយ​គេ​យល់​ថា​ជា​មេទឹក​ស័ក្ដិសិទ្ធិ​ដែល​ហូរ​​ចុះ​មក​ពី​ឋាន​សួគ៌​សម្រាប់​លាង​ជម្រះ​បាប​របស់​មនុស្ស​សត្វ ក្នុង​ខែ​កុម្ភៈ ឬ​មីនា តាម​ការ​ប្រតិទិន​របស់​ហិណ្ឌូ ។

ពិធី​នេះ​ពួក​ព្រាហ្មណ៍​នៅ​នគរ​ពារាណសី វេលា​យប់​នាំ​គ្នា​ទៅ​កាន់​ប្រាសាទ​ព្រាហ្មណ៍​ដែល​គេ​ចាត់ទុកថា​ជា​ទេវស្ថាន​ដើម្បី​សូ​ត្រ​មន្ត​ចម្រើន​ភាវនា​នមស្ការ​ចំពោះ​ទេវរូប​ព្រះសិវៈ និង​សិវលិង្គ​តាម​បវេណី​រហូត​អស់​រាត្រី ទៀបភ្លឺ​ទើប​នាំ​គ្នា​យក​ក្អម​ស្ពាន់​មួយៗ​ម្នាក់​ទៅ​កាន់​ទន្លេ​គង្គា អង្គុយ​ដង​យក​មក​​សូត្រ​សេក​មន្ត​គាថា ខ្ពុរ​មាត់​លុបលាង​ខ្លួន​ប្រាណ​ ហើយ​ចុះ​ងូតទឹក​ឲ្យ​លិច​ក្បាល​អស់​វេរៈ​៣​ដង ហើយ​មុជ​យក​ដី​ឬ​ខ្សាច់​នៅ​បាត​​ទន្លេ​​មក​ដុសលាង​ខ្លួនប្រាណ​និង​ធ្វើ​បរិកម្ម​ថា៖ ព្រះ​ម៉ែ​គង្គា! ព្រះ​ម៉ែ​គង្គា!” កិច្ច​ប៉ុណ្ណេះ​ឈ្មោះ​ថា​បាន​ជម្រះ​លាងបាប​អស់​ពី​ខន្ធ​សន្ដាន​ រួច​ហើយ​ទើប​ដង​ទឹក​យក​មក​កាន់​ទេវស្ថាន​វិញ ដល់​ហើយ​យក​ទឹក​នោះ​ទៅ​ស្រោចស្រព​សិវលិង្គ​ ទើប​ត្រង​ទឹក​ដែល​ហូរ​ចុះ​​តាម​ទរ​នៃ​បល្ល័ង្ក​ឧមាយោនី​យក​មក​ស្រោច​ក្បាល ស្រឡាប​ខ្លួន​ប្រាណ ផឹកទឹក​តាម​សេចក្ដី​ត្រូវការ​ ឈ្មោះ​ថា​បាន​សិរីសួស្ដី​ជ្រះ​ចង្រៃ​ឧបទ្រព​ទាំងពួង​ហោង ។

ឯ​កំពង់​សម្រាប់​ងូត​ទឹក​នោះ តាម​ដែល​គេ​​សន្មត​ទុក​​មាន​បី​អន្លើ​គឺ៖ កំពង់​ព្រះព្រហ្ម​មួយ កំពង់​ព្រះ​វិស្ណុ​មួយ កំពង់​ព្រះសិវៈ​មួយ ។ ប្រជាជន​អាច​មុជ​នៅ​កំពង់​ណា​ក៏បាន​តាម​តម្រូវការ​របស់​ខ្លួន ។ ត្រង់​ជ្រោយ​ស្រុក​ «អល្លហបាទ» មាន​កំពង់​មួយ​ស័ក្ដិសិទ្ធិ​ជាង​គេ​ហៅ​ថា «ប្រយាត»= កំពង់​ព្រះ​ម៉ែ​គង្គា​ មាន​ប្រជាជន​និយម​ចុះ​ងូត​រាប់​សែន​លាន​នាក់។

សម្រាប់​ស្រុក​ភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ទន្លេ​គង្គា បើ​អ្នកណា​បាន​ទៅ​ងូត​ម្ដងៗ តែង​ដង​ទឹក​នោះ​មក​ផ្ញើ​ញាតិមិត្ត​ឲ្យ​លុបលាង​មុខមាត់​ស្រឡាប​ខ្លួន​ប្រាណ​ហើយ​បរិកម្ម​ថា៖ «ព្រះ​ម៉ែ​គង្គា! ព្រះ​ម៉ែ​គង្គាសូម្បី​នៅ​សាមសិប​យោជន៍​ក៏​គង់​រួច​ចាក​បាប​ដែល​ខ្លួន​បាន​ធ្វើ​មក​បី​ជាតិ​ហើយ ។ ហេតុ​នេះ​ហើយ​ទើប​បាន​ពួក​ឥណ្ឌា​ដែល​មាន​សទ្ធា​ជ្រះថ្លា​ខ្លាំង​ វេលា​រៀប​ស្លាប់​សុំ​ឲ្យ​បាន​ទៅ​ស្លាប់​ក្បែរ​ទន្លេ​គង្គា​ ស្លាប់​ហើយ​ឲ្យ​គេ​ដុត​យក​ធាតុ​ទៅ​គ្រវែង​បាចសាច​ចោល​ក្នុង​ទន្លេ​គង្គា​ ឈ្មោះ​ថា​បាន​​ជ្រះ​បាប​ឥត​សេសសល់ ។

សម្រាប់​ប្រទេស​ឆ្ងាយ​ៗ​ពី​ប្រទេស​ឥណ្ឌា ពិធី​សិវរាត្រី​នេះ​​គេ​យក​សិវលិង្គ​ទៅ​តម្កល់​ទុក​ក្នុង​ប្រាសាទ​ឬ​ទី​គោរព​បូជា​ណាមួយ​ ហើយ​ដាំ​សសរ​បួន​ជុំវិញ​សិវលិង្គ​រួច​យក​ខ្សែ​ចង​ខ្វែង​សសរ​ទាំង​នោះ ទើប​យក​ក្អម​ឬ​ឆ្នាំង​ចោះ​ទម្លុះ​​ចង​ព្យួរ​នឹង​ខ្សែ​នោះ​ ចាក់​ទឹក​ចូល​​ឲ្យ​ស្រក់​លើ​សិវលិង្គ​នោះ​ ដើម្បី​ឲ្យ​ហូរ​ទៅ​តាម​បល្ល័ង្ក​ឧមាយោនី​រៀបនឹង​អស់​រាត្រី​កាល ដល់​​​វេលា​ទៀបភ្លឺ គេ​នាំ​គ្នា​ដណ្ដាំ​បាយ​ដោយ​ទឹកដោះ ទឹកឃ្មុំ ស្ករ និង​គ្រឿងទេស​ផ្សេងៗ​ដែល​ចាត់ទុកជា​បណីតាហារ​នាំ​គ្នា​បរិភោគ​ហើយ​ទៅ​ងូត​ទឹក​ទន្លេ​ឬ​ព្រែក​ជំនួស​ទន្លេ​គង្គា រួច​យក​ទឹក​សិវលិង្គ​ស្រោចស្រព​ខ្លួន​ប្រាណ​បន្ថែម​ទៀត កិច្ច​ប៉ុណ្ណេះ​ឈ្មោះ​ថា​ស្រេច​កិច្ច​សិវរាត្រី ។

ពិធី​នេះ​គេ​ធ្វើ​បាន​មួយ​ឆ្នាំ​តែម្ដង​ហើយ​បាន​តែ​ក្នុង​រាត្រី​​ខែ​ភ្លឺ ទើប​ហៅ​ថា​ពិធី​សិវរាត្រី ។ ក្នុង​កិច្ច​ចុះ​ទៅ​ងូត​ទឹក​លាង​បាប ចំពោះ​ស្ត្រី​វិញ​ត្រូវ​ឲ្យ​ស្វាមី​ឬ​កូន​ប្រុស​ដឹក​ដៃ​ចុះ​ទៅ​ក្នុង​ទន្លេ​ឬ​ស្ទឹង ។ ប្រសិនជា​គ្មាន​កូន​ប្រុស​ឬ​ស្វាមី​ស្លាប់ ត្រូវ​កាន់​កន្ទុយ​កូន​គោ​ឈ្មោល​ចុះ​ទៅ​ក្នុង​ទន្លេ​ឬ​ស្ទឹង ។

រីឯ​នៅ​ស្រុក​ខ្មែរ​​យើង​វិញ សម័យ​អង្គរ​ដោយសារ​ឥទ្ធិពល​ព្រហ្មញ្ញសាសនា គេ​បាន​យក​ស្ទឹង​សៀមរាប​សន្មត​ថា​ជា​ទន្លេ​គង្គា​ដែល​មាន​ប្រភព​ចេញ​ពី​ស្ទឹង​លិង្គ១០០០ នៅ​លើ​ភ្នំ​គូលែន ។ ទឹក​ស្ទឹង​នេះ​ហូរ​កាត់​សិវលិង្គ​ជា​ច្រើន​និង​«ស្នាន​ទ្រោនី​ឧមា» ព្រះវិស្ណុ​និង​ព្រះនាង​ស្រ៊ី​លក្ស្មី​ផ្ទំ​លើ​នាគ « អនន្ត​» ដែល​គេ​ឆ្លាក់​លើ​បាត់​ស្ទឹង អាច​ឲ្យ​មនុស្ស​ចុះ​ងូត​ឬ​ផឹក​តាម​ចំណង់ចំណូលចិត្ត​បាន​គ្រប់​ពេល​វេលា ដើម្បី​លាង​បាប​សុំ​សិរីសួស្ដី​ជម្រះ​ចង្រៃ​គ្រប់​បែបយ៉ាង និង​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​ថែម​ទៀត ។ ពិធី​សិវរាត្រី​របស់​ខ្មែរ​សម័យ​អង្គរ​គេ​តែង​ធ្វើ​នៅ​លើ​ភ្នំ​គូលែន​ឬ «មហិន្ទ្រ​បវ៌ត» ដោយ​យក​ស្ទឹង​លិង្គ​មួយ​ពាន់​តំណាង​ឲ្យ​ទន្លេ​គង្គា​ព្រមទាំង​មាន​កំពង់​បី​គឺ៖ ត្រង់​លិង្គ១០០០ របស់​ព្រះសិវៈ​គេ​ហៅ​ថា​ «កំពង់​ព្រះសិវៈ» សម្រាប់​ព្រះ​មាតាបិតា​ឬ​ព្រះ​អយ្យកោ​អយ្យការ​របស់​ព្រះ​មហា​ក្សត្រ​ងូត​ជម្រះ​បាប ។ ត្រង់​ល្បាក់​ទឹក​ធ្លាក់​​រូប​ព្រះវិស្ណុ​ផ្ទំ​លើ​នាគ​អនន្ត​គេ​ហៅ​ថា «កំពង់​ព្រះវិស្ណុ» សម្រាប់​ព្រះ​មហា​ក្សត្រ​រៀបចំ​ធ្វើ​រោង​មណ្ឌល​ហោម​ពិធី​សិវរាត្រី​និង​សម្រាប់​ព្រះ​មហា​ក្សត្រ ព្រះ​ញាតិវង្សានុវង្ស មន្ត្រី​ជាន់ខ្ពស់ និង​ពពួក​អស់​អ្នក​អស់​នាង​ចុះ​ងូត​ជម្រះ​បាប ។ ត្រង់​ល្បាក់​ទឹក​ធ្លាក់​ធំ​ជាង​គេ​ខាង​ក្រោម​គេ​ហៅ​ថា «កំពង់​ព្រះព្រហ្ម» «កំពង់​ព្រះ​ម៉ែ​គង្គា» សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ចុះ​ងូត​ជម្រះ​បាប ។

ពិធី​សិវរាត្រី​នេះ​ជាប់​ប្រពៃណី​ជំនឿ​ក្នុង​រឿង «ព្រះ​នាង​តដាតកា និង​ព្រះ​សិវ​អវតារសាវុន្ថារា» ត្រង់​វគ្គ​ព្រះ​មាតា​ព្រះ​នាង​តដាតកា នាម​ព្រះនាង កញ្ចនាទេវីចុះ​ងូត​ទឹក​លាងបាប ក្លាយ​ខ្លួន​ជា​ទេពធីតា​ឡើង​ទៅ​ឋានសួគ៌​ទាំង​​រស់៚

ចប់