ពិធី​សិវរាត្រី​ ឬ ពិធី​លាងបាប


៙ពិធី​សិវរាត្រី​ គឺជា​ពិធី​ដែល​គេ​រំឭក​ដល់​រាត្រី​​នៃ​​ព្រះសិវៈ​បាន​ឲ្យ​កំណើត​លោក៖ ទេវលោក មនុស្សលោក និង​បាតាល​លោក ម្យ៉ាងទៀត​ជា​ពិធី​លាងបាប​ចង្រៃ​ឧបទ្រព​គ្រប់យ៉ាង​ដើម្បី​ឲ្យ​មាន​សិរីសួស្ដី ជោគជ័យ​គ្រប់​ប្រការ​សម្រាប់​មនុស្ស​សត្វ​គ្រប់​ឋាន ។

ក្នុង​ប្រទេស​ឥណ្ឌា គេ​ប្រារព្ធ​ពិធី​នេះ​នៅ​ក្នុង​ទន្លេ​គង្គា​ដោយ​គេ​យល់​ថា​ជា​មេទឹក​ស័ក្ដិសិទ្ធិ​ដែល​ហូរ​​ចុះ​មក​ពី​ឋាន​សួគ៌​សម្រាប់​លាង​ជម្រះ​បាប​របស់​មនុស្ស​សត្វ ក្នុង​ខែ​កុម្ភៈ ឬ​មីនា តាម​ការ​ប្រតិទិន​របស់​ហិណ្ឌូ ។

ពិធី​នេះ​ពួក​ព្រាហ្មណ៍​នៅ​នគរ​ពារាណសី វេលា​យប់​នាំ​គ្នា​ទៅ​កាន់​ប្រាសាទ​ព្រាហ្មណ៍​ដែល​គេ​ចាត់ទុកថា​ជា​ទេវស្ថាន​ដើម្បី​សូ​ត្រ​មន្ត​ចម្រើន​ភាវនា​នមស្ការ​ចំពោះ​ទេវរូប​ព្រះសិវៈ និង​សិវលិង្គ​តាម​បវេណី​រហូត​អស់​រាត្រី ទៀបភ្លឺ​ទើប​នាំ​គ្នា​យក​ក្អម​ស្ពាន់​មួយៗ​ម្នាក់​ទៅ​កាន់​ទន្លេ​គង្គា អង្គុយ​ដង​យក​មក​​សូត្រ​សេក​មន្ត​គាថា ខ្ពុរ​មាត់​លុបលាង​ខ្លួន​ប្រាណ​ ហើយ​ចុះ​ងូតទឹក​ឲ្យ​លិច​ក្បាល​អស់​វេរៈ​៣​ដង ហើយ​មុជ​យក​ដី​ឬ​ខ្សាច់​នៅ​បាត​​ទន្លេ​​មក​ដុសលាង​ខ្លួនប្រាណ​និង​ធ្វើ​បរិកម្ម​ថា៖ ព្រះ​ម៉ែ​គង្គា! ព្រះ​ម៉ែ​គង្គា!” កិច្ច​ប៉ុណ្ណេះ​ឈ្មោះ​ថា​បាន​ជម្រះ​លាងបាប​អស់​ពី​ខន្ធ​សន្ដាន​ រួច​ហើយ​ទើប​ដង​ទឹក​យក​មក​កាន់​ទេវស្ថាន​វិញ ដល់​ហើយ​យក​ទឹក​នោះ​ទៅ​ស្រោចស្រព​សិវលិង្គ​ ទើប​ត្រង​ទឹក​ដែល​ហូរ​ចុះ​​តាម​ទរ​នៃ​បល្ល័ង្ក​ឧមាយោនី​យក​មក​ស្រោច​ក្បាល ស្រឡាប​ខ្លួន​ប្រាណ ផឹកទឹក​តាម​សេចក្ដី​ត្រូវការ​ ឈ្មោះ​ថា​បាន​សិរីសួស្ដី​ជ្រះ​ចង្រៃ​ឧបទ្រព​ទាំងពួង​ហោង ។

ឯ​កំពង់​សម្រាប់​ងូត​ទឹក​នោះ តាម​ដែល​គេ​​សន្មត​ទុក​​មាន​បី​អន្លើ​គឺ៖ កំពង់​ព្រះព្រហ្ម​មួយ កំពង់​ព្រះ​វិស្ណុ​មួយ កំពង់​ព្រះសិវៈ​មួយ ។ ប្រជាជន​អាច​មុជ​នៅ​កំពង់​ណា​ក៏បាន​តាម​តម្រូវការ​របស់​ខ្លួន ។ ត្រង់​ជ្រោយ​ស្រុក​ «អល្លហបាទ» មាន​កំពង់​មួយ​ស័ក្ដិសិទ្ធិ​ជាង​គេ​ហៅ​ថា «ប្រយាត»= កំពង់​ព្រះ​ម៉ែ​គង្គា​ មាន​ប្រជាជន​និយម​ចុះ​ងូត​រាប់​សែន​លាន​នាក់។

សម្រាប់​ស្រុក​ភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ទន្លេ​គង្គា បើ​អ្នកណា​បាន​ទៅ​ងូត​ម្ដងៗ តែង​ដង​ទឹក​នោះ​មក​ផ្ញើ​ញាតិមិត្ត​ឲ្យ​លុបលាង​មុខមាត់​ស្រឡាប​ខ្លួន​ប្រាណ​ហើយ​បរិកម្ម​ថា៖ «ព្រះ​ម៉ែ​គង្គា! ព្រះ​ម៉ែ​គង្គាសូម្បី​នៅ​សាមសិប​យោជន៍​ក៏​គង់​រួច​ចាក​បាប​ដែល​ខ្លួន​បាន​ធ្វើ​មក​បី​ជាតិ​ហើយ ។ ហេតុ​នេះ​ហើយ​ទើប​បាន​ពួក​ឥណ្ឌា​ដែល​មាន​សទ្ធា​ជ្រះថ្លា​ខ្លាំង​ វេលា​រៀប​ស្លាប់​សុំ​ឲ្យ​បាន​ទៅ​ស្លាប់​ក្បែរ​ទន្លេ​គង្គា​ ស្លាប់​ហើយ​ឲ្យ​គេ​ដុត​យក​ធាតុ​ទៅ​គ្រវែង​បាចសាច​ចោល​ក្នុង​ទន្លេ​គង្គា​ ឈ្មោះ​ថា​បាន​​ជ្រះ​បាប​ឥត​សេសសល់ ។

សម្រាប់​ប្រទេស​ឆ្ងាយ​ៗ​ពី​ប្រទេស​ឥណ្ឌា ពិធី​សិវរាត្រី​នេះ​​គេ​យក​សិវលិង្គ​ទៅ​តម្កល់​ទុក​ក្នុង​ប្រាសាទ​ឬ​ទី​គោរព​បូជា​ណាមួយ​ ហើយ​ដាំ​សសរ​បួន​ជុំវិញ​សិវលិង្គ​រួច​យក​ខ្សែ​ចង​ខ្វែង​សសរ​ទាំង​នោះ ទើប​យក​ក្អម​ឬ​ឆ្នាំង​ចោះ​ទម្លុះ​​ចង​ព្យួរ​នឹង​ខ្សែ​នោះ​ ចាក់​ទឹក​ចូល​​ឲ្យ​ស្រក់​លើ​សិវលិង្គ​នោះ​ ដើម្បី​ឲ្យ​ហូរ​ទៅ​តាម​បល្ល័ង្ក​ឧមាយោនី​រៀបនឹង​អស់​រាត្រី​កាល ដល់​​​វេលា​ទៀបភ្លឺ គេ​នាំ​គ្នា​ដណ្ដាំ​បាយ​ដោយ​ទឹកដោះ ទឹកឃ្មុំ ស្ករ និង​គ្រឿងទេស​ផ្សេងៗ​ដែល​ចាត់ទុកជា​បណីតាហារ​នាំ​គ្នា​បរិភោគ​ហើយ​ទៅ​ងូត​ទឹក​ទន្លេ​ឬ​ព្រែក​ជំនួស​ទន្លេ​គង្គា រួច​យក​ទឹក​សិវលិង្គ​ស្រោចស្រព​ខ្លួន​ប្រាណ​បន្ថែម​ទៀត កិច្ច​ប៉ុណ្ណេះ​ឈ្មោះ​ថា​ស្រេច​កិច្ច​សិវរាត្រី ។

ពិធី​នេះ​គេ​ធ្វើ​បាន​មួយ​ឆ្នាំ​តែម្ដង​ហើយ​បាន​តែ​ក្នុង​រាត្រី​​ខែ​ភ្លឺ ទើប​ហៅ​ថា​ពិធី​សិវរាត្រី ។ ក្នុង​កិច្ច​ចុះ​ទៅ​ងូត​ទឹក​លាង​បាប ចំពោះ​ស្ត្រី​វិញ​ត្រូវ​ឲ្យ​ស្វាមី​ឬ​កូន​ប្រុស​ដឹក​ដៃ​ចុះ​ទៅ​ក្នុង​ទន្លេ​ឬ​ស្ទឹង ។ ប្រសិនជា​គ្មាន​កូន​ប្រុស​ឬ​ស្វាមី​ស្លាប់ ត្រូវ​កាន់​កន្ទុយ​កូន​គោ​ឈ្មោល​ចុះ​ទៅ​ក្នុង​ទន្លេ​ឬ​ស្ទឹង ។

រីឯ​នៅ​ស្រុក​ខ្មែរ​​យើង​វិញ សម័យ​អង្គរ​ដោយសារ​ឥទ្ធិពល​ព្រហ្មញ្ញសាសនា គេ​បាន​យក​ស្ទឹង​សៀមរាប​សន្មត​ថា​ជា​ទន្លេ​គង្គា​ដែល​មាន​ប្រភព​ចេញ​ពី​ស្ទឹង​លិង្គ១០០០ នៅ​លើ​ភ្នំ​គូលែន ។ ទឹក​ស្ទឹង​នេះ​ហូរ​កាត់​សិវលិង្គ​ជា​ច្រើន​និង​«ស្នាន​ទ្រោនី​ឧមា» ព្រះវិស្ណុ​និង​ព្រះនាង​ស្រ៊ី​លក្ស្មី​ផ្ទំ​លើ​នាគ « អនន្ត​» ដែល​គេ​ឆ្លាក់​លើ​បាត់​ស្ទឹង អាច​ឲ្យ​មនុស្ស​ចុះ​ងូត​ឬ​ផឹក​តាម​ចំណង់ចំណូលចិត្ត​បាន​គ្រប់​ពេល​វេលា ដើម្បី​លាង​បាប​សុំ​សិរីសួស្ដី​ជម្រះ​ចង្រៃ​គ្រប់​បែបយ៉ាង និង​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​ថែម​ទៀត ។ ពិធី​សិវរាត្រី​របស់​ខ្មែរ​សម័យ​អង្គរ​គេ​តែង​ធ្វើ​នៅ​លើ​ភ្នំ​គូលែន​ឬ «មហិន្ទ្រ​បវ៌ត» ដោយ​យក​ស្ទឹង​លិង្គ​មួយ​ពាន់​តំណាង​ឲ្យ​ទន្លេ​គង្គា​ព្រមទាំង​មាន​កំពង់​បី​គឺ៖ ត្រង់​លិង្គ១០០០ របស់​ព្រះសិវៈ​គេ​ហៅ​ថា​ «កំពង់​ព្រះសិវៈ» សម្រាប់​ព្រះ​មាតាបិតា​ឬ​ព្រះ​អយ្យកោ​អយ្យការ​របស់​ព្រះ​មហា​ក្សត្រ​ងូត​ជម្រះ​បាប ។ ត្រង់​ល្បាក់​ទឹក​ធ្លាក់​​រូប​ព្រះវិស្ណុ​ផ្ទំ​លើ​នាគ​អនន្ត​គេ​ហៅ​ថា «កំពង់​ព្រះវិស្ណុ» សម្រាប់​ព្រះ​មហា​ក្សត្រ​រៀបចំ​ធ្វើ​រោង​មណ្ឌល​ហោម​ពិធី​សិវរាត្រី​និង​សម្រាប់​ព្រះ​មហា​ក្សត្រ ព្រះ​ញាតិវង្សានុវង្ស មន្ត្រី​ជាន់ខ្ពស់ និង​ពពួក​អស់​អ្នក​អស់​នាង​ចុះ​ងូត​ជម្រះ​បាប ។ ត្រង់​ល្បាក់​ទឹក​ធ្លាក់​ធំ​ជាង​គេ​ខាង​ក្រោម​គេ​ហៅ​ថា «កំពង់​ព្រះព្រហ្ម» «កំពង់​ព្រះ​ម៉ែ​គង្គា» សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ចុះ​ងូត​ជម្រះ​បាប ។

ពិធី​សិវរាត្រី​នេះ​ជាប់​ប្រពៃណី​ជំនឿ​ក្នុង​រឿង «ព្រះ​នាង​តដាតកា និង​ព្រះ​សិវ​អវតារសាវុន្ថារា» ត្រង់​វគ្គ​ព្រះ​មាតា​ព្រះ​នាង​តដាតកា នាម​ព្រះនាង កញ្ចនាទេវីចុះ​ងូត​ទឹក​លាងបាប ក្លាយ​ខ្លួន​ជា​ទេពធីតា​ឡើង​ទៅ​ឋានសួគ៌​ទាំង​​រស់៚

ចប់

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s