អ្នក​​បរិស្ថាន​បារម្ភ​ពី​គម្រោង​សង់​ទំនប់​ វារីអគ្គិសនី​​ថ្មី​៤​​ទៀត​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត

កម្ពុជា​បាន​ព្យាយាម​ពង្រីក​ការ​អភិវឌ្ឍ​លើ​គម្រោង​សាងសង់​ទំនប់​ វារីអគ្គិសនី នៅ​ពេល​ដែល​មាន​ការ​ព្រមាន​ជា​បន្តបន្ទាប់​ពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ ​បរិស្ថាន និង​កត្តា​ផ្សេងៗ​ទៀត ជុំវិញ​បញ្ហា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

3SPN and Save the Mekong Photo

ទន្លេ​សេសាន​រីង​ស្ងួត​ពីរ​ដង​ក្នុង​មួយ​ ឆ្នាំ​នៅ​រដូវ​ប្រាំង​ដោយសារ​ទំនប់​វារី​អគ្គិសនី​យ៉ាលី​របស់​វៀតណាម។

http://flash-mp3-player.net/medias/player_mp3_maxi.swfសកម្មជន​ការពារ​បរិស្ថាន​ធម្មជាតិ​ប្រទេស​កម្ពុជា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​ក្នុង​ប្រទេស​ កម្ពុជា ដែល​អាច​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ការ​បារម្ភ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សិក្សា​ទៅ​លើ​គម្រោង​សាងសង់ ​វារីអគ្គិសនី​ចំនួន ៤​កន្លែង​ថែម​ទៀត ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​របស់​ប្រទេស​ចិន កាល​ពី​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាមានិត​ចិន លោក វូ បាងគូ (Wu Bangguo) កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ ហៅ​ថា សេប៉ា (CEPA) លោក ទេព ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ទំនប់ ៤​កន្លែង​នោះ មាន ៣​កន្លែង​ត្រូវ​ស្ថិត​នៅ​លើ​ដង​ទន្លេ ហើយ​ទីតាំង​នីមួយៗ​ស្ថិត​នៅ​ជិតៗ​គ្នា ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការ​ប្រឈម​នានា​ទៅ​លើ​បរិស្ថាន បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ជា​ដើម​នោះ កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ នៅ​ពេល​ដែល​ផល​ប៉ះពាល់​សម្រាប់​គម្រោង​មុនៗ ដូចជា​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​សេសាន​២ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​កន្លែង​ផ្សេងៗ​ទៀត មិន​ទាន់​មាន​គោលនយោបាយ​ដោះស្រាយ​ចំពោះ​ផល​ប៉ះ​ពាល់​នោះ​បាន​នៅ​ឡើយ។

លោក ទេព ប៊ុនរិទ្ធ បន្ថែម​ថា ៖ «តាម​ទ្រឹស្ដី​នៃ​ការ​សាងសង់​ទំនប់​ វារីអគ្គិសនី​ហ្នឹង កាលណា​សាងសង់​ជិតៗ​គ្នា​ពេក បាន​ន័យ​ថា ទំនប់​កាន់​តែ​ច្រើន អា​ហ្នឹង​ជា​ឧបសគ្គ​ទាក់ទង​ដល់​រឿង​ត្រី ហើយ​គុណភាព​ទឹក​អី​ហ្នឹង​ក៏​មាន​បញ្ហា​ដែរ ដោយសារ​អាង​ទន្លេ​នៅ​ខាង​លើ​យើង​នេះ បើ​ទប់​ទៅ​មាន​តែ​លិច​ទន្លេ​លិច​ដី​ព្រៃ ព្រោះ​យើង​មាន​អាង​ឯណា ទប់​ទន្លេ បើ​ទប់​ទៅ​អាង​ទឹក​កាន់​តែ​ធំ»

រដ្ឋមន្ត្រី​ក្រសួង​ឧស្សហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រោយ​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ជាន់​ ខ្ពស់​កម្ពុជា និង​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​លោក លោក វូ បាងគូ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ថា កិច្ច​ព្រមព្រៀង​លើ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​នោះ បាន​ផ្ដល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​ចិន ចំនួន​ពីរ ដើម្បី​សិក្សា​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន ៤​កន្លែង ក្នុង​នោះ​មាន​ទំនប់​ចែងអារ៉ែង ដែល​អាច​មាន​កម្លាំង​ជាង ១០០​ម៉េហ្គាវ៉ាត់ នៅ​ក្នុង​ខេត្ត​កោះកុង ទំនប់​ស្រែពក​៣ អាច​មាន​ថាមពល​ជាង ៣០០​ម៉េហ្គាវ៉ាត់ ទំនប់​ស្រែពក​៤ អាច​មាន​ថាមពល​ជាង ២០០​ម៉េហ្គាវ៉ាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ទំនប់​សំបូរ​ស្ថិត​នៅ​លើ​អាង​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ក្រចេះ ដែល​មាន​កម្លាំង​ជាង ៤០០​ម៉េហ្គាវ៉ាត់។ លោក​បន្ត​ថា ការ​សិក្សា​លើ​គម្រោង​ទាំង​នេះ​អាច​បញ្ចប់​ក្នុង​រយៈ​ពេល ២​ឆ្នាំ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក ស៊ិន នីនី មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​លោក​ពុំ​ទាន់​អាច​ធ្វើការ​ប៉ាន់​ស្មាន​ចំពោះ​ផល​ប៉ះពាល់​បាន​ ភ្លាមៗ​ទេ ព្រោះ​គម្រោង​សាងសង់​ទំនប់​ទាំង​នោះ​ស្ថិត​ក្នុង​ការ​សិក្សា ហើយ​ពុំ​ទាន់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​សិក្សា​នោះ​វា​យ៉ាង​ម៉េច​នៅ​ឡើយ។

លោក ស៊ិន នីនី មាន​ប្រសាសន៍​ទៀត​ថា ៖ «ធម្មតា​គម្រោង​អភិវឌ្ឍន៍​អ្វី​ ក៏ដោយ វា​មិន​ដែល​អត់​មាន​ផល​ប៉ះ​ពាល​ទេ ប៉ុន្តែ​ដូច​ខ្ញុំ​ថា​អ៊ីចឹង សិក្សា​ហើយ​ត្រូវ​ពិភាក្សា​គ្នា​ថា ផល​ប៉ះពាល់ និង​ផល​ចំណេញ​ពី​គម្រោង​អគ្គិសនី​ហ្នឹង​មួយ​ណា​វា​ចំណេញ​ជាង?»

តែ​ទោះ​យ៉ាង​ណា​នេះ​ក្តី លោក​សូម​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​លើ​ការ​សិក្សា​នេះ​ឲ្យ​បាន​ម៉ត់ចត់ ហើយ​លទ្ធផល​នៃ​ការសិក្សា​ត្រូវ​ដាក់​ឲ្យ​មាន​វេទិកា​ពិគ្រោះ​យោបល់​មួយ ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ ដើម្បី​ចូល​រួម​ផ្ដល់​យោបល់ មុន​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ។

លោក ទេព ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជាមួយ​នឹង​ការ​ទទួល​យក​នូវ​ផល​ចំណេញ​ពី​វារីអគ្គិសនី​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង ​ពេល​នេះ​បន្ថែម​ទៀត ៖ «ធ្វើ​ទំនប់​ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខូចខាត​ដល់​ បរិស្ថាន សួរ​ថា តើ​ម្ចាស់​ធ្វើ​ទំនប់​ហ្នឹង​បាន​គិតគូរ​ដាក់​ជា​មូលនិធិ​ប៉ុន្មាន ដើម្បី​កែ​លម្អ​នូវ​ការ​ខូចខាត​បរិស្ថាន​ហ្នឹង ត្រង់​ចំណុច​ហ្នឹង​ក៏​ត្រូវ​ជជែក​ឲ្យ​ច្បាស់​ជាមួយ​ម្ចាស់​ទំនប់​ផង​ដែរ»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​រំពឹង​ទុក​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ធនធាន​អគ្គិសនី​បាន​ផល​តិចតួច​ណាស់ ពីព្រោះ​ក្រុមហ៊ុន​ចិន គេ​រក​ស៊ី​យក​ចំណេញ​ច្រើន​ក្នុង​អាជីវកម្ម​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា ដឹង​តែ​ពី​ខិតខំ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ ដោយ​មិន​សូវ​ខ្វល់​ពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​កត្តា​ផ្សេងៗ​ទៀត​ឡើយ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ទៀត​ថា ៖ «តម្លៃ​ដែល​គេ​លក់​ចេញ​មក​ឲ្យ​ រដ្ឋាភិបាល​ដើម្បី​លក់​ចេញ​ហ្នឹង រោងចក្រ​ដូច​គ្នា​ហ្នឹង​នៅ​ប្រទេស​លាវ វា​ថ្លៃ​មួយ​ជា​ពីរ។ បញ្ហា​ទី​ពីរ យើង​ឃើញ​ថា ប្រទេស​ចិន កាន់​កាប់ ៣៥​ឆ្នាំ ហើយ​រយៈ​ពេល ៣៥​ឆ្នាំ​រោងចក្រ​ហ្នឹង​ស្ទើរ​តែ​ខូច​ទៅ​វិញ»

លោក ស៊ុយ សែម បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​ដៃគូ​មក​វិនិយោគ​ស្ថិត​ក្នុង​ភាព​ម៉ត់ចត់ ហើយ​ការ​ធ្វើ​អ្វី​មិន​មែន​ស្រេច​តែ​ចិត្ត​ក្រុមហ៊ុន​វិនិយោគ​ចង់​ធ្វើ​នោះ​ ទេ គឺ​រដ្ឋាភិបាល​បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​មាត្រដ្ឋាន​បច្ចេកទេស​យ៉ាង​ ត្រឹមត្រូវ។

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ជា​ យុទ្ធសាស្ត្រ ស្តី​អំពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​​ដែល​បង្ក​ឡើង​ពី​ទំនប់​វារីអគ្គិសនី​ តាម​ដង​ទន្លេ​មេគង្គ បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ទាំង​១២ អាច​ផ្តល់​ថាមពល​អគ្គិសនី​ប្រមាណ​ជាង ១​ម៉ឺន​ម៉េហ្គាវ៉ាត់ ប៉ុន្តែ​វា​បាន​ផ្ដល់​នូវ​ផល​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ១​លាន​នាក់​ដោយ​ផ្ទាល់ និង​ដោយ​​ប្រយោល​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ទាំង​នេះ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា លាវ និង​នៅ​ប្រទេស​ថៃ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា គម្រោង​សាងសង់​វារីអគ្គិសនី​នឹង​ប៉ះពាល់​ដល់​ចលនា​ផ្លាស់ទី​របស់​ត្រី បន្ទាប់​មក​គឺ​សហគមន៍​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​នៅ​តាម​អាង​ទន្លេមេគង្គ ដែល​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ។

រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ប្រមាណ ៥​កន្លែង ដោយ​មាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស ភាគ​ច្រើន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ហើយ​អាច​នឹង​ដំណើរ​ការ​ចែក​ចាយ​ចរន្ត​អគ្គិសនី​បាន​ជា​បណ្តើរៗ ចាប់​ពី​ឆ្នាំ​២០១២ ឡើង​ទៅ ក្នុង​នោះ​រួម​ទាំង​ទំនប់​វារីអគ្គិសនី​កំចាយ ខេត្ត​កំពត ដែល​មាន​កម្លាំង​ភ្លើង ១៩៣​ម៉េហ្គាវ៉ាត់ ហើយ​កំពុង​ដំណើរ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន បាន​ប្រមាណ ៨០% រយៈ​ពេល​ផ្ដល់​សម្បទាន​ចំនួន ៤៤​ឆ្នាំ ហើយ​អាច​ដំណើរការ​បាន​នៅ​ដើម​ឆ្នាំ​២០១២ ខាង​មុខ។

ទំនប់​វារីអគ្គិសនី​អាតៃ នៅ​ខេត្ត​ពោធិ៍សាត់ មាន​កម្លាំង ១២០​ម៉េហ្គាវាត់ អាច​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១២ ទំនប់​អគ្គិសនី​តាតៃ ខេត្ត​កោះកុង មាន​កម្លាំង ២៤៦​ម៉េហ្គាវ៉ាត់ កំពុង​ដំណើរ​ការ​បាន​ប្រមាណ ៤០% ហើយ​អាច​ដំណើរ​ការ​នៅ​ឆ្នាំ​ដើម​ឆ្នាំ​២០១៥។ ក្រៅ​ពី​វារីអគ្គិសនី​នៅ​មាន​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ទៀត ដែល​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​ដំណើរ​ការ​បាន​នៅ​ឆ្នាំ​២០១៣ មាន​កម្លាំង ១០០​ម៉េហ្គាវាត់ និង​ឆ្នាំ​២០១៨ ខាង​មុខ អាច​មាន​កម្លាំង ១​ពាន់​ម៉េហ្គាវាត់៕