ខាន​ស្អែក​ទៅ​ត្មាតប៉ើយ​ហើយ!

ខុស​គេ​ណាស់​ខ្ញុំ  ថ្ងៃ​បុណ្យ​អុំទូក​គេ​ទៅ​លេង​ក្រុង តែខ្ញុំ​ទៅ​មើល​សត្វ​ទៅ​វិញ! ខាន​ទៅ​ទីនោះ​ជិត​មួយ​ឆ្នាំ​ហើយ មិនដឹង​ប្រែប្រួល​យ៉ាង​ម៉េច​ទេ ។ មិត្ត​ភក្តិ​រួម​ការងារ​ចំនួន ២​នាក់​ទៀត​ក៏​ទៅ​ដេក​ព្រៃ​ដែរ ។ ជួយ​សប្បាយ​ចែក​ខ្ញុំ​ផង​  ចាំ​ខ្ញុំ​មើល​សត្វ​ចែក​វិញ ។

ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​​ផ្លូវ​ដែក​នៅ​កម្ពុជា

ដោយ គឹម ពៅ
2010-11-17

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​វិស័យ​ឯកជន និង​អ្នក​ដឹកនាំ​ប្រទេស​ទាំង​៥ (ACMECS) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

RFA Photo

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ CLV, CLMV និង ACMECS នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

សហគមន៍​ពាណិជ្ជករ​មក​ពី​ប្រទេស​ចំនួន​៥ ដូចជា​ប្រទេស​កម្ពុជា លាវ វៀតណាម ភូមា និង ថៃ បាន​អំពាវនាវ​រួម​គ្នា​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា ដល់​មេដឹកនាំ ACMECS ទាំង​អស់ សូម​ឲ្យ​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស ACMECS។

សេចក្ដី​អំពាវនាវ​រួម​នោះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បញ្ចប់​កិច្ច​ប្រជុំ​កំពូល រវាង​អ្នក​វិនិយោគ​ជាមួយ​អ្នក​ដឹកនាំ​ទាំង​៥ នៃ​ប្រទេស ACMECS ស្ដី​អំពី​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ ដែល​បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​នាយករដ្ឋមន្ត្រី និង​មេដឹកនាំ​កំពូលៗ នៃ​ប្រទេស​ទាំង​នោះ។

ប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​ជា​តំណាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​៥ នៅ​ក្នុង​កិច្ច​ប្រជុំ ACMECS នោះ លោក គិត ម៉េង បាន​ថ្លែង​ថា សកម្មភាព​បន្ទាន់ និង​តម្រូវការ​ធំធេង​ដែល​ប្រទេស​សមាជិក ACMECS ត្រូវ​ធ្វើ​បន្ទាន់ មាន​ដូចជា​ការ​សម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កសិកម្ម ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ការ​លើក​កម្ពស់​ការ​វិនិយោគ​ទុន​លើ​វិស័យ​ឧស្សាហកម្ម និង​ការ​ជួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​អំពី​ក្តី​សង្ឃឹម ក្រោយ​ពី​ការ​បង្កើត​សហគមន៍​នៃ​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទាំង​៥​នេះ​ ដូច្នេះ ៖ «ខ្ញុំ​សង្ឃឹម​ថា ក្រុម​ប្រឹក្សា​ធុរកិច្ច​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សហប្រតិបត្តិការ​ សេដ្ឋកិច្ច និង​លើក​កម្ពស់​ឱកាស​វិនិយោគ​ទុន​នៅ​ក្នុង​បណ្តា​ប្រទេស ACMECS»

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល ACMECS នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​សំណូមពរ​ទាំង​៨ របស់​ក្រុម​ប្រឹក្សា​ធុរកិច្ច ឬ​ហៅ​ថា ក្រុម​ប្រឹក្សា​នៃ​អ្នក​វិនិយោគ​របស់​ប្រទេស ACMECS ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​ចំនួន ៦​ខែ​ម្តង ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

លោក​បាន​ជំរុញ​ដល់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស ACMECSឲ្យ​មាន​ការ​ចូល​រួម​វិនិយោគ​បន្ថែម​ទៅ​លើ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដើម្បី​សម្រួល​ទៅ​ដល់​ទំនាក់ទំនង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្ថែម​ថា ៖ «ដើម្បី​គោលដៅ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​សកម្ម​ឡើង​នូវ​បេសកកម្ម​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច ACMECS។ ខ្ញុំ​សូម​ស្នើ​ឲ្យ​វិស័យ​ឯកជន​ចូល​រួម​ក្នុង​ការ​វិនិយោគ ពិនិត្យ​ផ្លូវ​ដែក ដើម្បី​ជំរុញ​ប្រតិបត្តិការ»

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​អំពី​ការ​សម្រួល​ដល់​វិស័យ​ទេសចរណ៍​របស់​ ប្រទេស​៥ ដូច​ជា​ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​មក​អនុ​តំបន់​ឲ្យ​មាន​ ទិដ្ឋាការ​តែមួយ​សម្រាប់ ៥​ប្រទេស​រួម​គ្នា ហើយ​ដែល​កម្ពុជា កំពុង​អនុវត្ត​ជាមួយ​ប្រទេស​ថៃ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ACMECS មាន​គោលដៅ​ចម្បង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ព្រំដែន បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ និង​ការ​បន្ថយ​នូវ​គម្លាត​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​នៅ​ក្នុង​តំបន់ មាន​សារសំខាន់​ណាស់។

លោក​បញ្ជាក់​ថា ប្រទេស​ថៃ គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​សម្រួល​ទិដ្ឋាការ​នៃ​ប្រទេស​ទាំង​៥ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ៖ “អំពី​ទេសចរណ៍ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដា​ប្រទេស ACMECS ចូល​រួម​ជាមួយ​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​ការ​ឲ្យ​មាន​វីសា​តែមួយ។ យើង​មាន​បំណង​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ធានា​នូវ​ការ​អនុវត្ត​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស ACMECS”

កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ ហៅ​កាត់​ថា ACMECS បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​បង្កើត​នូវ​សហគមន៍​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​ ២០០៥ ខាង​មុខ​នេះ៕