ចម្លើយ​នៃ​អត្ថបទ​បុរាណ​

ជ៉រាបសួរ មិត្តទាំងអស់, នេះ​ជា​ចម្លើយ​នៃ​អត្ថបទ​បុរាណ​នោះ!

ពាក្យប្ដឹងពីវាយគ្នាត្រូវរបួស

ថ្ងៃ ៤ រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក; សូមទាន ចៅផល់, លិវ, ខ្ញុំប្របាទ ផ្ទះនៅក្នុង ក្រុមមឿង ខ្ញុំប្របាទសូមធ្វើជាដំណើរតាមចំណាំ នាំមកក្រាបប្រណិប័តន៏ប្ដឹង លោកអ្នកឧកញ៉ាមហាវិនិច្ឆ័យ នូវអស់លោកចៅក្រម សូមទានជ្រាប ៖ ដ្បិតខ្ញុំប្របាទ កើតទុក្ខពុំសុខចិត្តនឹងថៅកែ នាងគុង នៅភូមិចិន ដំដែក, ក្នុងក្រុមមឿង ជាមួយគ្នា; កាលនៅ ថ្ងៃ ៣ រោច ខែស្រាពណ៍ នេះខ្ញុំប្របាទបានទៅទារប្រាក់ពីថៅកែ ដែលចង ការខ្ញុំប្របាទនោះ ស្រាប់តែថៅកែជេរខ្ញុំថា អាឆ្កែរទារប្រាក់អី អញមិនទាន់បានសងទេ; ហើយខ្ញុំប្របាទជេរទៅវិញថា អាឆ្កែ អញទារប្រាក់អញនោះ ថៅកែមកវាយខ្ញុំប្របាទ នឹងព្រនង់ ត្រូវដៃ របួសជាទម្ងន់; នេះមានអ្នកមានឈ្មោះបានដឹង បានឮ បានឃើញផង ។ ហេតុនេះខ្ញុំប្របាទពុំសុខចិត្ត សូមបំរើលោកទៅកោះហៅយកខ្លួនថៅកែ មកជំនុំជម្រះ តាមច្បាប់ ឲ្យទានខ្ញុំប្របាទ សុខចិត្តតទៅ ។ សេចក្ដីខុសត្រូវ, ខ្ញុំប្របាទទទួលតាមច្បាប់ ។ ក្រែងពុំប្រាកដ ខ្ញុំប្របាទគូសថ្នាំងចង្អុលដៃឆ្វេង ជំរាបជូនទុកជាចំណាំស្រាប់ ។

———————————————————————————————

នេះ​ជា​អត្ថបទ​ដើម៖

រង្វាស់​ខ្មែរ

សួស្ដី មិត្តទាំងអស់,

កាលពីយូរយារណាស់មកហើយ (នៅក្មេង), ខ្ញុំធ្លាប់ឮ​ ចាស់ៗ (នៅស្រុកស្រែ) និយាយអំពីរង្វាស់ ដូចខាងក្រោមនេះ ៖

– ១​ ក្រពើ
– ១​ ត្របក …

សំណួររបស់ខ្ញុំ ៖

១- តើ ១​ ក្រពើ ជា​រង្វាស់អ្វី ?
២- ​រង្វាស់ដែលតូចជាង​ ១​ ក្រពើ ជា​អ្វី ?
៣- ​រង្វាស់ដែលធំជាង​ ១​ ក្រពើ ជា​អ្វី ?

៤- តើ ១​ ត្របក ជា​រង្វាស់អ្វី ?
៥- ​រង្វាស់ដែលតូចជាង​ ១​ ត្របក ជា​អ្វី ?
៦- ​រង្វាស់ដែលធំជាង​ ១​ ត្របក ជា​អ្វី ?

ពាក្យបរិវារស័ព្ទ

ជំរាបសួរ មិត្តទាំងអស់,

បរិវារស័ព្ទ ន. ពាក្យដែលគ្មានន័យ សម្រាប់និយាយផ្សំ ជាមួយនឹងពាក្យដទៃ ។ (Meaningless word which forms part of a compound ).

ឧទាហរណ៏ ៖
សំបែង (ប.) ពាក្យ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ ថា : ផ្ទះសំបែង
នរ (ប.) ពាក្យ សម្រាប់និយាយផ្សំនឹងពាក្យនឹង ថា : នឹងនរ

បើតាម លោក អៀវ កឹស(*), ពាក្យបរិវារស័ព្ទ កើតពី របៀប “គន្លាស់កាត់» ។

ឧទាហរណ៏ ៖

  ផ្ទះសំបែង ៖ ផ្ទះ + សម្បត្តិឯង (សំបែង = សំបែងអាត់ < សម្បត្តិឯង)
  នឹងនរ ៖ នឹង + នឹងជំហរ (នរ = នរជំហឹង < នឹងជំហរ)

របៀប “គន្លាស់កាត់»

  1- សម្បត្តិឯង គន្លាស់ > សំបែងអាត់
  2- សំបែងអាត់ កាត់ អាត់ ចេញ > សំបែង

សំណួរ ៖ តើ ពាក្យបរិវារស័ព្ទ ខាងក្រោមនេះ កើតមក​ពី​ អ្វី ?

  សម្លុក (សម្លសម្លុក)
  សួន (សមសួន)
  ក្បាន (ចានក្បាន)
  ភ្លាត់ (ភ្លេងភ្លាត់)

(*) លោកអៀវ កើស​​ ភាសាខ្មែរ ឆ្នាំ ១៩៤៧