Feeds:
ប្រកាស
មតិ

Archive for ខែធ្នូ, 2010

សួស្ដី​អ្នក​ទាំង​ឡាយ ខ្ញុំ​មាន​ចម្ងល់​អំពី​វិធី​ដាក់​ឯកសារ​ប្រភេទ *.swf ក្នុង​ WP និង​ក្នុង Sidebar របស់​វើដផ្រេស​បាន ។ ខ្ញុំ​បាន​ចូល​ទៅ​ប្លុក​របស់​ឡង់ឌី និង​កន្លែង​ដទៃ​ទៀត​ហើយ ប៉ុន្តែ​សាកល្បង​កូដ​គេ​ទៅ​វា​អត់​ដើរ​សោះ គឺ​ងាប់​ស្ដូក ។ ប៉ុន្តែ​ខ្ញុំ​អាច​ដាក់​ប្រភេទ​ឯកសារ​នេះ​នៅ​Widget គេ​ផ្ទុកឡើង​ស្រាប់​បាន មើល​កូដ​គេ​ហើយ​នៅ​តែ​ដាក់​អត់បាន ។ នេះ​ជា​កន្លែង​ខ្ញុំ​ផ្ទុក​រូប​ខ្ញុំ៖ http://www.swfupload.com/view/143769.htm ប្រសិនជា​នរណា​អាច​ជួយ​ខ្ញុំ​បាន ខ្ញុំ​អត់​ភ្លេច​គុណ​បី​ជីវិត 😀 ។

Advertisements

Read Full Post »

 

Read Full Post »

កាល​ពី​ថ្ងៃ​ទី​១៧ កន្លង​ទៅ ខ្ញុំ​និង​ក្រុមការងារ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ភូមិ​ព្រៃវែង ឋិត​ក្នុង​ព្រៃ​អភិរក្ស​គូលែន​ព្រហ្មទេព ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ស្វែងរក​ទ្រនំ​ទា​ព្រៃ​ដេក និង​គោលបំណង​មួយ​ទៀត​ចង់​ស្វែងរក​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​កសាង​កាល​ពី​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (បើ​ផ្អែក​លើ​រចនាប័ទ) ។

ភូមិ​ព្រៃវែង​ឋិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​សៀមរាប ដោយ​ធ្វើ​ដំណើរ​តាម​ស្រុក​ស្វាយលើ​ឆ្លង​កាត់​ប្រាសាទ​បឹង​មាលា ចូល​ទៅ​ដល់​ទឹកដី​ខេត្ត​ព្រះវិហារ ។ តាម​ផ្លូវ​លោក​អ្នក​អាច​ចូល​ទស្សនា​ប្រាសាទ​កោះកេរ្តិ៍​និង​ក្រុម​ប្រាសាទ​លិង្គ ដែល​នៅ​ជុំវិញ​ប្រសាទ​នេះ ។ ដោយ​បន្ត​ដំណើរ​ប្រមាណ​ជា​៣០គ.ម កាត់​តាម​ភូមិ​ស្រយង់ឆ្ពោះ​ទៅ​ទីប្រជុំជន​ស្រុក​គូលែន ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ សូម​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះគោ​ឆ្ពោះ​ទៅ​ទិស​ឧត្ដរ​កាត់​ភូមិ​ព្យួរជ្រូក ប្រមាណ​ជា ២៥​គ.ម តាម​វាលព្រិច​និង​ផ្លូវ​លំ​ដី​ខ្សាច់​ដែល​ប្រជាជន​បរ​រទេះគោ លោក​អ្នក​នឹង​បាន​ទៅ​ដល់​ភូមិ​ព្រៃវែង​ក្នុង​រយៈពេល ២ម៉ោង ។

ភូមិ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​សម័យ​បារាំង​ដើម្បី​គេច​ពី​ការ​ទារពន្ធ​ឥត​ប្រណី​ដៃ​ពី​រាជការ​បារាំង (តាម​សម្ដី​អ្នក​ភូមិ) ។ ក្នុង​សម័យ​៣ឆ្នាំ ភូមិ​នេះ​បាន​រំសាយ តែ​ក្រោយ​មក​ត្រូវ​គេ​ចូល​មក​រស់នៅ​វិញ​មិន​បាន​ប៉ុន្មាន ដោយសារ​វា​ឋិត​នៅ​ចន្លោះ​កងទ័ព​រដ្ឋកម្ពុជា​និង​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ ភូមិ​នេះ​ត្រូវ​គេ​ប្រើ​ជា​សមរភូមិ​ប្រយុទ្ធគ្នា​យ៉ាង​ក្ដៅ​គគុក ។ ដោយសារ​មូលហេតុ​នេះ ប្រជាជន​ក្នុង​ភូមិ​បាន​សម្រេចចិត្ត​រំសាយ​ជា​ថ្មី​ម្ដង​ទៀត  ដោយ​អ្នក​ខ្លះ​ចុះចូល​ខាង​រដ្ឋកម្ពុជា និង​មួយ​ចំនួន​ទៀត​ទៅ​ខាង​កម្ពុជា​ប្រជាធិបតេយ្យ ។

ក្នុង​ដំណើរ​លើក​នេះ ខ្ញុំ​មិន​បាន​សម្រេច​ការងារ​ទេ ដោយ​មិន​អាច​រក​ទ្រនំ​ទា​ឃើញ​សោះ ប៉ុន្តែ​បាន​រក​ឃើញ​កន្លែង​រកស៊ី​ជាក់លាក់​របស់​ពួក​វា​បាន ហើយ​ថែម​ទាំង​ស្រង់​បាន​ទិន្នន័យ​ទា​ដែល​មាន​និង​ឃើញ​ជា​ប្រចាំ​ចំនួន​៦​ក្បាល ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​និង​ក្រុម​ការងារ​បាន​ដើរ​ឆ្ពោះ​ទៅ​ទិស​ពាយ័ព្យ​នៃ​ភូមិ ចម្ងាយ​ប្រមាណ​ជា​១៥គ.ម ដោយ​ថ្មើរ​ជើង​សុទ្ធ​ដើម្បី​រុករក​ប្រាសាទ​បុរាណ​ដែល​កប់​កម្បាំង​កណ្ដាល​ព្រៃ​ជ្រៅ​និង​នៅ​លើ​កំពូល​ភ្នំ​មួយ​ហៅ​ថា «ភ្នំ​សណ្ដក(ក្ដោង)» ហើយ​ប្រាសាទ​នៅ​លើ​នោះ គេ​បាន​ហៅ​និង​ដាក់​ឈ្មោះ​វា​ថា «ប្រាសាទ(ភ្នំ)​សណ្ដក» ។ ប្រាសាទ​នេះ​អស្ចារ្យ​ណាស់ ខ្ញុំ​មិន​ដែល​បាន​ឃើញ​គម្រោង​ស្ថាបត្យកម្ម​បែបនេះ​ពី​មុន​មក​ទេ ចាប់តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​​អស់​ពេល​ជិត​១០​ឆ្នាំ​មក ។ គេ​យក​ភ្នំ​ធម្មជាតិ​ធ្វើ​ជា​កំពែង​ដោយ​គ្រាន់តែ​រៀប​បន្តុប​ថ្ម​កំបោរ​ថែម​លើ​កំពូល​ភ្នំ​ប្រមាណ​ជា​១.៥ម ប៉ុណ្ណោះ ។ ប្រាសាទ​សាងសង់​ឡើង​ក្នុង​រចនាប័ទ​កោះកេរ្តិ៍ និង​នៅ​ចន្លោះ​ភ្នំ​ធម្មជាតិ​បី​ក្បែរ​គ្នា​ក្នុង​កម្ពស់​ប្រមាណ​ជា​១០០​ម៉ែត្រ ។ តាម​សណ្ឋាន ប្រាសាទ​នេះ​ជា​ប្រាសាទ​សិវនិយម មាន​ស្រះទឹក​សង់​នៅ​ក្បែរ​ប្រាសាទ​ឃ្លាត​គ្នា​ប្រហែល ១០០ម៉ែត្រ​នៅ​ក្នុង​ជ្រលង​ភ្នំ​សម្រាប់​ផ្ទុក​ទឹក​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង ហើយ​ថែម​ទាំង​មាន​ជណ្ដើរ​ថ្ម​បាយ​ក្រៀប​ពី​ជើង​ភ្នំ​រហូត​ដល់​តួប្រាសាទ ។

ជា​អកុសល ពួក​ជន​ទុច្ចរិត​បាន​គាស់​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ​ដើម្បី​រុករក​វត្ថុបុរាណ និង​គាស់​បំផ្លាញ​ជណ្ដើរ​ឡើង​ខ្ទេចខ្ទីរ​គ្មាន​សល់ ។ រូប​ចម្លាក់​នៅ​លើ​ផ្ដែរ​ទ្វារ​ក៏​ត្រូវ​គេ​ដាប់​យក​អស់​គ្មាន​សល់ សោះ ប៉ុន្តែ​វា​នៅ​រក្សា​បាន​ទម្រង់​ដើម​ភាគច្រើន​អាច​ឲ្យ​យើង​មើល​យល់ មាន​ដូចជា​ខ្លោង​ទ្វារ ជញ្ជាំង តួប៉ម​សង់​ពី​ឥដ្ឋ សុទ្ធ​តែ​មាន​លក្ខណៈ​ល្អ​ទាំង​អស់ ។ រុក្ខជាតិ​កំពុង​តែ​ទន្ទ្រាន​យក​ទី​របស់​ខ្លួន​វិញ​យ៉ាង​គ្មាន​មេត្តា​និង​បន្ធូរ​ដៃ​សោះ ។ ដើម​ស្ពង់​មួយ​ ដើម​បាន​ដុះ​ចាក់​ញែក​ថ្ម​ប្រាសាទ​មិន​ខុស​ពី​ប្រាសាទ​តាព្រហ្ម​នៅ​សៀមរាប​ប៉ុន្មាន​ទេ ។ នៅ​ជើង​ភ្នំ មាន​ប្រាសាទ ២​ទៀត​ដែល​បាក់បែក​យ៉ាង​ដំណំ ។ ប្រាសាទ​ទាំង​ពីរ​នោះ​ឈ្មោះ ១. ប្រាសាទ​កូន​ចិន ២. ប្រាសាទ​កី (តម្បាញ) ។ មាន​ឱកាស​ខ្ញុំ​នឹង​ដាក់​រូប​ជូន​ទស្សនា ។

រយៈ​ចម្ងាយ​​ទាំង​ទៅ​ទាំង​មក គឺជិត​៣០គ.ម ដោយ​ខ្ញុំ​ចំណាយ​ពេល ១០​ម៉ោង​គត់ ។

ប្រសិនជា​ចង់​ទៅ​ទស្សនា សូម​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​សំ​វាសនា ។

Read Full Post »

សត្វ​ក្រួច​សំពៅ​ឬ​ហៅ​តាម​អ្នក​ស្រុក​ថា​មាន់​ក្រិច​នេះ គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​កម្រ​ហើយ​មាន​តែ​ក្នុង​ស្រុក​យើង​និង​ថៃ​តែ​ប៉ុណ្ណោះ ។ សត្វ​នេះ​រក​ស៊ី​តាម​ដី មិន​ទំ​លើ​ដើម​ឈើ​ទេ ហើយ​វា​ផ្អើល​ណាស់! មិន​សូវ​មាន​នរណា​ម្នាក់​បាន​ឃើញ​វា​ញឹកញាប់​ទេ តាំង​ពី​ដើម​មក​គឺ​មាន​តែ​​មនុស្ស​ម្នាក់​គត់​ដែល​បាន​ឃើញ​វា​នៅ​លើ​ភ្នំ​ឱរ៉ាល់​និង​ភ្នំ​បូកគោ គាត់​ឈ្មោះ James Eaton ជា​សជិក​ក្រុម​ Birdlife នៅ​ចក្រភព​អង្គ្លេស ។ ខ្ញុំ​និង​សហសេវិក​បូករួម​ទាំង​គ្រូ​បង្វឹក​របស់​ខ្ញុំ​ផង មិន​ដែល​បាន​ឃើញ​វា​ទេ បើទោះជា​យើង​ព្យាយាម​ច្រើន​ថ្ងៃ​លើ​ភ្នំ​បូកគោ​ក៏ដោយ ។ ខាង​ក្រោម​នេះ​ជា​រូប​និង​ព័ត៌មាន​ខ្លះៗ​អំពី​វា សម្រាប់​អ្នក​ចូលចិត្ត​សត្វស្លាប​និង​ធម្មជាតិ៖

Read Full Post »

នេះ​ជា​រូបភាព​សត្វ​ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វស្លាប​និង​អ្នក​បរិស្ថានវិទ្យា​កំពុង​ជ្រួលច្របល់​ចង់​ឃើញ​និង​ព្យាយាម​ការពារ​បំផុត ដោយសារ​កំណើន​សត្វ​នេះ​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់​ជា​រៀងរាល់​ឆ្នាំ បង្ក​ដោយ​កត្តា​ជា​ច្រើន​ទាំង​មនុស្ស​និង​របៀប​រស់នៅ​របស់​វា​ដែល​មិន​បាន​ធ្វើ​ទំនើបកម្ម ។ វា​មាន​ចំនួន​តិចតួច​ណាស់​នៅ​លើ​ពិភពលោក​នេះ​ប្រសិនជា​ប្រៀបធៀប​ទៅ​នឹង​សត្វ​ឯទៀត​ដែល​កំពុង​រងគ្រោះ​ដូច​គ្នា ។ នៅ​ស្រុក​ខ្មែរ​យើង ជា​កន្លែង​ដែល​អាច​មើល​ឃើញ​សត្វ​នេះ​ងាយ​ជាង​ប្រទេស​ណាៗ​ទាំងអស់ ប៉ុន្តែ​នៅតែ​ពិបាក​សម្រាប់​ការ​ស្វែងរក​វា​ដដែល​ព្រោះ​តែ​ចំនួន​របស់​វា​តិច ។ កន្លែង​ដែល​អាច​ឃើញ​សត្វ​នេះ​មាន៖

១. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ដងផ្លិត ជាប់​ព្រំដែន​លាវ ក្នុង​ព្រៃ​មួយ​ហៅ​ថា «អូរ​គគីរ» និង​នៅ​មាត់​ច្រាំង​ទន្លេ​ល្ពៅ ត្រង់​ដែន​សីមា​កម្ពុជា-លាវ ខេត្ត​ព្រះវិហារ។ (មិន​សូវ​ជា​ងាយ​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រសិនជា​អត់ធ្មត់ នឹង​បាន​ឃើញ)

២. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ភូមិ​ព្រៃវែង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ (ងាយ​ឃើញ​ជាង​គេ​បំផុត)

៣. នៅ​ក្នុង​ ព្រៃ​អភិរក្ស​ជីវចម្រុះ កែវសីមា ឋិត​ក្នុង​ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ។ (ពិបាក​បំផុត ខ្ញុំ​មិន​ដែល​បាន​ឃើញ​ទេ ធ្លាប់​តែ​មាន​ទិន្នន័យ​ពី​អ្នកស្រាវជ្រាវ​ផ្សេង​ទៀត)

[ទា​ព្រៃ​ស្លាប​ស៝]

Read Full Post »

កាល​ពី​ថ្ងៃ​ទី​០៨-១០ ខែ​ធ្នូ ​ឆ្នាំ​២០១០ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិព្រៃវែង​ឋិត​ក្នុង​ស្រុក​គូលែន​ព្រហ្មទេព ខេត្ត​ព្រះវិហារ ជា​មួយ​ប្រធាន​របស់​ខ្ញុំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ជម្រក​របស់​សត្វ​ «ទាព្រៃ​ស្លាបស៝» ។ នៅ​ទី​នោះ​មាន​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា «ប្រាសាទ​បន្ទាយ​ព្រៃ​ឫស្សី» កំបាំង​នៅ​កណ្ដាល​ព្រៃ​ឥត​មាន​ស្ថាប័ន​រដ្ឋ​មួយ​ណា​ចូល​ទៅ​មើល​ថែទាំ​ឬ​មាន​វិធានការណ៍​បែប​ណា​ឡើយ ។ តាម​ខ្ញុំ​ឮ​ដំណឹង នៅ​មាន​ប្រាសាទ​បី​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់ ហើយ​ខ្ញុំ​នឹង​ទៅ​ប្រាសាទ​ទាំង​បី​នោះ​នៅ​ថ្ងៃ​ទី​១៧ ខាង​មុខ​នេះ​ដើម្បី​ថត​យក​រូបភាព​និង​ពិនិត្យ​មើល​ពី​រចនាប័ទ្ម​នៃ​ប្រាសាទ​ទាំងនោះ​មក​កត់ត្រា​ទុក​សម្រាប់​ពិសោធន៍​ខ្លួន​ឯង ។ សូម​មើល​រូបភាព​ខ្លះៗ​ដែល​ខ្ញុំ​ថត​នឹង​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ C3

ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ពី​ស្រុក​គូលែន​ទៅ

(ខាង​លើ) ខ្ញុំ​បាន​នាំ​ប្រធាន​របស់​ខ្ញុំ​​ឆ្លង​តាម​មែកឈើ​កាត់​អូរ

(ខាង​លើ) សត្វពីងពាង​នេះ​គេ​អាច​យក​ប្រើ​ជា​ថ្នាំ​កែ​ក្អក​បាន


(ខាង​លើ) សកម្មភាព​រុករក​ក្នុង​ប្រាសាទ និង​ប្រាសាទ

(ខាង​លើ) ជំរំ​ដែល​ខ្ញុំ​ស្នាក់​នៅ មាន​គ្រែ​ពីរ​ខាង​ក្នុង

ធុង​អាគុយ​និង​បន្ទះ​សូឡា​ប្រើ​បំភ្លើ​ពេល​រាត្រី

ជំរំ​និង​ឧបករណ៍​ប្រើប្រាស់​ទាំង​នេះ​បាន​ត្រូវ​គេ​នាំ​យក​ពី​ប្រទេស​អាល្លឺម៉ង់ ចែក​ជូន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ចំនួន​ពីរ​គឺ៖ សហគមន៍​ភូមិ​ព្រៃវែង និង​សហគមន៍​ភូមិ​ដង​ផ្លិត (ជិត​ព្រំដែន​លាវ) ក្រៅ​ពី​នោះ​គ្មាន​ប្រើ​ទេ ។ គេ​មាន​ស្នូក​ទឹក​សម្រាប់​លាង​ដៃ បង្គន់​អនាម័យ បន្ទប់​ទឹក​ផ្កាឈូក និង​កៅអី​អង្គុយ​លេង​យ៉ាង​សមរម្យ​បំផុត! (ខ្ញុំ​មិន​បាន​ថត​ផ្សាយ​ជូន​ទេ)

Read Full Post »

W hតាម​គេហទំទ័រ​នេះ បាន​បង្ហាញ​ឲ្យ​ខ្មែរ​ឈឺចាប់​ជា​ខ្លាំង! សម្រាប់​ខ្ញុំ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ! សំណូមពរ​ឲ្យ​ក្រសួង​ការ​បរទេស​ចាត់​វិធានការណ៍​ភ្លាមៗ​ទៅ​នឹង​ក្រុមហ៊ុន​អ់គ្លេស​មួយ​នេះ​ជា​បន្ទាន់ ។ សូម​អាន​តាម​តំណ​នេះ http://www.zazzle.co.uk/cambodia_coat_of_arms_shoes-
167424832741202142.

Read Full Post »

Older Posts »

%d bloggers like this: