ដំណើរ​រុករក​ទ្រនំ​​ទា​ព្រៃ​ស្លាបស៝ និង​ប្រាសាទ​បុរាណ!


កាល​ពី​ថ្ងៃ​ទី​១៧ កន្លង​ទៅ ខ្ញុំ​និង​ក្រុមការងារ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ភូមិ​ព្រៃវែង ឋិត​ក្នុង​ព្រៃ​អភិរក្ស​គូលែន​ព្រហ្មទេព ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ស្វែងរក​ទ្រនំ​ទា​ព្រៃ​ដេក និង​គោលបំណង​មួយ​ទៀត​ចង់​ស្វែងរក​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​កសាង​កាល​ពី​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (បើ​ផ្អែក​លើ​រចនាប័ទ) ។

ភូមិ​ព្រៃវែង​ឋិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​សៀមរាប ដោយ​ធ្វើ​ដំណើរ​តាម​ស្រុក​ស្វាយលើ​ឆ្លង​កាត់​ប្រាសាទ​បឹង​មាលា ចូល​ទៅ​ដល់​ទឹកដី​ខេត្ត​ព្រះវិហារ ។ តាម​ផ្លូវ​លោក​អ្នក​អាច​ចូល​ទស្សនា​ប្រាសាទ​កោះកេរ្តិ៍​និង​ក្រុម​ប្រាសាទ​លិង្គ ដែល​នៅ​ជុំវិញ​ប្រសាទ​នេះ ។ ដោយ​បន្ត​ដំណើរ​ប្រមាណ​ជា​៣០គ.ម កាត់​តាម​ភូមិ​ស្រយង់ឆ្ពោះ​ទៅ​ទីប្រជុំជន​ស្រុក​គូលែន ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ សូម​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះគោ​ឆ្ពោះ​ទៅ​ទិស​ឧត្ដរ​កាត់​ភូមិ​ព្យួរជ្រូក ប្រមាណ​ជា ២៥​គ.ម តាម​វាលព្រិច​និង​ផ្លូវ​លំ​ដី​ខ្សាច់​ដែល​ប្រជាជន​បរ​រទេះគោ លោក​អ្នក​នឹង​បាន​ទៅ​ដល់​ភូមិ​ព្រៃវែង​ក្នុង​រយៈពេល ២ម៉ោង ។

ភូមិ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​សម័យ​បារាំង​ដើម្បី​គេច​ពី​ការ​ទារពន្ធ​ឥត​ប្រណី​ដៃ​ពី​រាជការ​បារាំង (តាម​សម្ដី​អ្នក​ភូមិ) ។ ក្នុង​សម័យ​៣ឆ្នាំ ភូមិ​នេះ​បាន​រំសាយ តែ​ក្រោយ​មក​ត្រូវ​គេ​ចូល​មក​រស់នៅ​វិញ​មិន​បាន​ប៉ុន្មាន ដោយសារ​វា​ឋិត​នៅ​ចន្លោះ​កងទ័ព​រដ្ឋកម្ពុជា​និង​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ ភូមិ​នេះ​ត្រូវ​គេ​ប្រើ​ជា​សមរភូមិ​ប្រយុទ្ធគ្នា​យ៉ាង​ក្ដៅ​គគុក ។ ដោយសារ​មូលហេតុ​នេះ ប្រជាជន​ក្នុង​ភូមិ​បាន​សម្រេចចិត្ត​រំសាយ​ជា​ថ្មី​ម្ដង​ទៀត  ដោយ​អ្នក​ខ្លះ​ចុះចូល​ខាង​រដ្ឋកម្ពុជា និង​មួយ​ចំនួន​ទៀត​ទៅ​ខាង​កម្ពុជា​ប្រជាធិបតេយ្យ ។

ក្នុង​ដំណើរ​លើក​នេះ ខ្ញុំ​មិន​បាន​សម្រេច​ការងារ​ទេ ដោយ​មិន​អាច​រក​ទ្រនំ​ទា​ឃើញ​សោះ ប៉ុន្តែ​បាន​រក​ឃើញ​កន្លែង​រកស៊ី​ជាក់លាក់​របស់​ពួក​វា​បាន ហើយ​ថែម​ទាំង​ស្រង់​បាន​ទិន្នន័យ​ទា​ដែល​មាន​និង​ឃើញ​ជា​ប្រចាំ​ចំនួន​៦​ក្បាល ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​និង​ក្រុម​ការងារ​បាន​ដើរ​ឆ្ពោះ​ទៅ​ទិស​ពាយ័ព្យ​នៃ​ភូមិ ចម្ងាយ​ប្រមាណ​ជា​១៥គ.ម ដោយ​ថ្មើរ​ជើង​សុទ្ធ​ដើម្បី​រុករក​ប្រាសាទ​បុរាណ​ដែល​កប់​កម្បាំង​កណ្ដាល​ព្រៃ​ជ្រៅ​និង​នៅ​លើ​កំពូល​ភ្នំ​មួយ​ហៅ​ថា «ភ្នំ​សណ្ដក(ក្ដោង)» ហើយ​ប្រាសាទ​នៅ​លើ​នោះ គេ​បាន​ហៅ​និង​ដាក់​ឈ្មោះ​វា​ថា «ប្រាសាទ(ភ្នំ)​សណ្ដក» ។ ប្រាសាទ​នេះ​អស្ចារ្យ​ណាស់ ខ្ញុំ​មិន​ដែល​បាន​ឃើញ​គម្រោង​ស្ថាបត្យកម្ម​បែបនេះ​ពី​មុន​មក​ទេ ចាប់តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​​អស់​ពេល​ជិត​១០​ឆ្នាំ​មក ។ គេ​យក​ភ្នំ​ធម្មជាតិ​ធ្វើ​ជា​កំពែង​ដោយ​គ្រាន់តែ​រៀប​បន្តុប​ថ្ម​កំបោរ​ថែម​លើ​កំពូល​ភ្នំ​ប្រមាណ​ជា​១.៥ម ប៉ុណ្ណោះ ។ ប្រាសាទ​សាងសង់​ឡើង​ក្នុង​រចនាប័ទ​កោះកេរ្តិ៍ និង​នៅ​ចន្លោះ​ភ្នំ​ធម្មជាតិ​បី​ក្បែរ​គ្នា​ក្នុង​កម្ពស់​ប្រមាណ​ជា​១០០​ម៉ែត្រ ។ តាម​សណ្ឋាន ប្រាសាទ​នេះ​ជា​ប្រាសាទ​សិវនិយម មាន​ស្រះទឹក​សង់​នៅ​ក្បែរ​ប្រាសាទ​ឃ្លាត​គ្នា​ប្រហែល ១០០ម៉ែត្រ​នៅ​ក្នុង​ជ្រលង​ភ្នំ​សម្រាប់​ផ្ទុក​ទឹក​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង ហើយ​ថែម​ទាំង​មាន​ជណ្ដើរ​ថ្ម​បាយ​ក្រៀប​ពី​ជើង​ភ្នំ​រហូត​ដល់​តួប្រាសាទ ។

ជា​អកុសល ពួក​ជន​ទុច្ចរិត​បាន​គាស់​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ​ដើម្បី​រុករក​វត្ថុបុរាណ និង​គាស់​បំផ្លាញ​ជណ្ដើរ​ឡើង​ខ្ទេចខ្ទីរ​គ្មាន​សល់ ។ រូប​ចម្លាក់​នៅ​លើ​ផ្ដែរ​ទ្វារ​ក៏​ត្រូវ​គេ​ដាប់​យក​អស់​គ្មាន​សល់ សោះ ប៉ុន្តែ​វា​នៅ​រក្សា​បាន​ទម្រង់​ដើម​ភាគច្រើន​អាច​ឲ្យ​យើង​មើល​យល់ មាន​ដូចជា​ខ្លោង​ទ្វារ ជញ្ជាំង តួប៉ម​សង់​ពី​ឥដ្ឋ សុទ្ធ​តែ​មាន​លក្ខណៈ​ល្អ​ទាំង​អស់ ។ រុក្ខជាតិ​កំពុង​តែ​ទន្ទ្រាន​យក​ទី​របស់​ខ្លួន​វិញ​យ៉ាង​គ្មាន​មេត្តា​និង​បន្ធូរ​ដៃ​សោះ ។ ដើម​ស្ពង់​មួយ​ ដើម​បាន​ដុះ​ចាក់​ញែក​ថ្ម​ប្រាសាទ​មិន​ខុស​ពី​ប្រាសាទ​តាព្រហ្ម​នៅ​សៀមរាប​ប៉ុន្មាន​ទេ ។ នៅ​ជើង​ភ្នំ មាន​ប្រាសាទ ២​ទៀត​ដែល​បាក់បែក​យ៉ាង​ដំណំ ។ ប្រាសាទ​ទាំង​ពីរ​នោះ​ឈ្មោះ ១. ប្រាសាទ​កូន​ចិន ២. ប្រាសាទ​កី (តម្បាញ) ។ មាន​ឱកាស​ខ្ញុំ​នឹង​ដាក់​រូប​ជូន​ទស្សនា ។

រយៈ​ចម្ងាយ​​ទាំង​ទៅ​ទាំង​មក គឺជិត​៣០គ.ម ដោយ​ខ្ញុំ​ចំណាយ​ពេល ១០​ម៉ោង​គត់ ។

ប្រសិនជា​ចង់​ទៅ​ទស្សនា សូម​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​សំ​វាសនា ។

One thought on “ដំណើរ​រុករក​ទ្រនំ​​ទា​ព្រៃ​ស្លាបស៝ និង​ប្រាសាទ​បុរាណ!

  1. Long 19/12/2010 / 8:52 pm

    ការងារបងពិតជាចាប់អាម្មណ៍ណាស់! បានដើរស្វែងយល់ពីធម្មជាតិ និង
    ប្រវត្តិសាស្រ្តច្រើន!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s