សត្វស្លាបថ្មីសម្រាប់ស្រុកខ្មែរយើង!

Eurasian Wryneck ដែល​ខ្ញុំ​បាន​ដាក់​ឈ្មោះ​វា​​ជា​ភាសា​ខ្មែរ​ថា សំយាប​ខ្លួន​ប្រផេះ ទើប​តែ​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​នេះ ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ការងារ​របស់​យើង​បាន​ប្រទះ​ឃើញ​វា​ដោយ​ចៃដន្យ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ស្រុក​ភ្នំ​ស្រុក​ តាម​ច្រក​ព្រៃមាន់​ត្រង់​យាយ​រវៃ​អំបោះ ប្រមាណ​ជា​ ២.៥គ.ម​ពី​ផ្លូវ​ជាតិ​លេខ​៦ ។ ចំពោះ​ឈ្មោះ​ជា​ភាសា​ជាតិ​នេះ​នៅ​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ត្រូវ​រង់ចាំ​រហូត​ដល់​អ្នក​ជំនាញ​ជជែក​ពី​អំបូរ​ដាច់​សិន ។ នេះ​ជា​ដំណឹង​ចែកជូន​ដល់​ជន​រួម​ជាតិ​បាន​ជ្រាប​ជា​ដំណឹង ។

សូម​មើល​រូប​សត្វ​ខាង​ក្រោម៖

អាណោចអាធម​នឹង​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ!

គួរ​ឲ្យ​អនិច្ចា​សត្វ​ខ្ទីង (Gaur) មួយ​ក្បាល​នេះ​ដោយសារ​តែ​គ្មាន​ទឹក ទើប​បណ្ដាល​ឲ្យ​ដួល​ស្លាប់​យ៉ាង​អាណោចអាធម​បំផុត ។ ពេល​ដែល​ហៀបនឹង​ដាច់​ខ្យល់​ឃើញ​វា​ត្រដង្ហក់​គួរ​ឲ្យ​សង្វេគ​ណាស់! មនុស្ស​ធ្វើ​បាប​ធម្មជាតិ​ពេក​ហើយ ទី​ដែល​ធ្លាប់​មាន​ទឹក បែ​ជា​ហួតហែង​ដោយសារ​មនុស្ស​នាំ​គ្នា​ទៅ​កាប់​គាស់​បំផ្លាញ​ព្រៃ​និង​បំពុល​ទី​នោះ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​គិត​អ្វី​សូម្បី​បន្តិច​សោះ ។

ពេល​ក្រុម​ការងារ​បាន​ប្រទះ​ឃើញ​វា​ដេក​ត្រាំ​ភក់

កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​លាង​សម្អាត​ស្នែង​ទុក

 

 

ពាក្យ “ត្រពាំង” និង “រលំ”

ថ្មីៗ​នេះ​ខ្ញុំ​ទើប​បាន​ឮ​ពាក្យ​ពីរ​ដែល​ខ្ញុំ​មិន​គិត​ថា​ថ្មី​សម្រាប់​ខ្លួន​ឯង នោះ​គឺ៖

ត្រពាំង (ន) ជា​ថ្លុក​ទឹក​ដក់​នៅ​ក្នុង​ព្រៃ​ មាន​សណ្ឋាន​មូល​ឬ​ទ្រវែង ជួនកាល​អាច​មាន​កូន​ប្រឡាយ​តូច​ជាប់​ពាក់ព័ន្ធ ។

រលំ (ន) ជា​ថ្លុក​ទឹក​មាន​សណ្ឋាន​ធំ​កន្តាលហាល ផ្សាភ្ជាប់​ខ្លួន​នឹង​កូន​អូរ​ឬ​ប្រឡាយ​ ។ វា​ត្រូវ​ហូរ​ចាក់បំពេញ​ទឹក​ដោយ​កូនអូរ​និង​ទឹក​ភ្លៀង ។

ពាក្យ​នេះ​ខ្ញុំ​បាន​ឮ​ពី​អ្នក​ភូមិ​ដង​ផ្លិត​ឋិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ជាប់​ព្រំដែន​លាវ ។ ខ្ញុំ​គិត​ថា​គួរ​បញ្ចូល​ពាក្យ​នេះ​ក្នុង​វចនានុក្រម​ខ្មែរ​ក្រោយ​ទៀត​បើទោះជា​វា​ជា​ពាក្យ​ហៅ​តាម​តំបន់​ក៏ដោយចុះ ។

កំណើន​ទេសចរ​ផ្នែក​សត្វស្លាបកើន!

នាដើម​​ឆ្នាំ​២០១១ នេះ កំណើន​ទេសចរ​សត្វស្លាប​បាន​កើន​ឡើង​ប្រមាណ​១២% ប្រសិនជា​ប្រៀប​នឹង​ឆ្នាំ​២០១០ ក្នុង​ពេល​ដូច​គ្នា! នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្ទុះ​ថ្មី​វិស័យ​ទេសចរណ៍​ធម្មជាតិ​នៃ​ស្រុក​ខ្មែរ​យើង ។ ឆ្នាំ​នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​បាន​ទទួល​ក្រុម​ទេសចរ​ប្រភេទ​នេះ​ទាំង​អ្នក​វិទ្យាសាស្ត្រ អ្នក​អង្កេត​សត្វស្លាប និង​ទេសចរ​បែប​លម្ហែ​ប្រមាណ​ជា ១០០​នាក់ ។ សង្ឃឹម​ថា​ឆ្នាំ​ក្រោយ​នឹង​មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត ។ សូម​ឲ្យ​ខ្មែរ​គ្រប់រូប​ជួយ​គ្នា​រក្សា​ព្រៃ​និង​សត្វ​ទាំង​នោះ និង​នាំ​គ្នា​ស្វែងយល់​ពី​សត្វ​ស្លាប​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​បាន ។

រូបថត​កាល​ពី​ថ្ងៃ​ទី​២០/០២ ដល់ ៣/០៣ ២០១១ ជាមួយ​ក្រុម​បក្សីសាស្ត្រិន Field Guide

ថត​នៅ​សណ្ឋាគារ Blue Tongue ភ្នំពេញ

 

ថត​នៅ​ប្រាសាទ​បាយ័ន

ថត​នៅ​កាំពី (ក្រចេះ)

 

នៅ​ត្មាតប៉ើយ (ពេល​កំពុង​រក​សត្វស្លាប)