ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

Photo courtesy of http://preynokornews.blogspot.com

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

សត្វ​ឪឡ​ក្របី (Oriental Bay Owl)

ដោយ​សារ​មាន​អ្នក​សរសេរ​មក​ខ្ញុំ​ថា​ចង់​ឃើញ​រូប​សត្វ​ឪឡ​ដែល​គ្រប់គ្នា​ដំណាល​ថា​ជា​សត្វ​សាហាវ​មាន​សំឡេង​ខាប​យក​ព្រលឹង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ឲ្យ​មើល​ចុះ ។ សត្វ​នេះ​វា​មិន​កាច​ឬ​មាន​អំណាច​ខាប​យក​ព្រលឹង​មនុស្ស​ឲ្យ​ស្លាប់​ដូច​មាន​ដំណាល​នោះ​ទេ អ្វីៗ​គឺ​សុទ្ធតែ​ជា​រឿង​គួបជួន​ប៉ុណ្ណោះ! សត្វ​នេះ​វា​នៅ​ព្រៃ ដល់ពេល​មនុស្ស​ទៅ​នៅ​ព្រៃ​គ្រុនចាញ៉​មាន​ជំងឺ បាន​ឮ​សត្វ​នេះ​យំ​ដោយ​មាន​សំឡេង​ខ្លាំង​គួរ​ឲ្យ​រន្ធត់​និង​ដោយសារ​តែ​ជំនឿ​ថា​ពេល​ណា​សត្វ​នេះ​យំ នឹង​មាន​មនុស្ស​ស្លាប់ ម្ល៉ោះហើយ​ក៏​កើត​ក្ដី​អស់​សង្ឃឹម​រួច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ទៅៗ​រហូត​បាត់បង់​ជីវិត រួច​ក៏​ដាក់​កំហុស​ទៅ​លើ​សត្វ​នោះ! ខ្ញុំ​រស់នៅ​ព្រៃ​ស្ទើរ​មួយ​ជីវិត​ហើយ គ្មាន​រឿង​បែបនោះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ទេ!

សូម​មើល​សត្វ​នេះ​មើល វា​ធំ​ប៉ុនណា?

ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

ដោយ យន់ សាមៀន
2011-04-18

សៀវភៅ​មាន​ចំណង​ជើង “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។

Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។

សៀវភៅ
សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia’s Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​ អង្គរ ៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប ​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម”

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)។

អតីត​ទាហាន​ខ្មែរ​ក្រហម​រំលឹក​គុណ ប៉ុល ពត

ដោយ វោហារ ជាតិ
2011-04-16

បង​ប្អូន​អតីត​ខ្មែរ​ក្រហម​នៅ​អន្លង់​វែង បាន​នាំ​គ្នា​ទៅ​បួង​សួង​បន់ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​រំលឹក​គុណ និង​សុំ​ពរ​ជ័យ សេចក្ដី​សុខ សេចក្ដី​ចម្រើន នៅ​ក្នុង​ឆ្នាំ​ថ្មី។

RFA/Vohar Cheath

រូប​ថត​ថ្ងៃ​ទី​១ មេសា ២០១១៖ ផ្នូរ ប៉ុល ពត នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ

មន្ត្រី និង​ប្រជា​ជន​រស់​នៅ​ស្រុក​អន្លង់​វែង ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ ជាប់​ព្រំដែន​ខ្មែរ-ថៃ ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ បង​ប្អូន​ប្រជា​ជន​នៅ​អន្លង់​វែង និង​បង​ប្អូន​មក​ពី​តំបន់​ផ្សេងៗ ទៀត បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដូច​ប្រជា​ជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែរ តែ​ក្រៅ​ពី​នេះ ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​យក​នំ​ចំណី​ទៅ​សែន និង​បន់​ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​សេរី​សួស្ដី​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ។

ប៉ុល ពត ក្លាយ​ទៅជា​អ្នកតា?

កញ្ញា ស្រី ម៉ៅ នៅ​ជាំ​ស្រងាំ ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ផ្នូរ ប៉ុល ពត ក្បែរ​ព្រំដែន​ខ្មែរ-ថៃ បញ្ជាក់​ថា ខ្មោច ប៉ុល ពត សព្វ​ថ្ងៃ​ហាក់​ដូច​ជា​អ្នក​តា​ព្រៃ​ភ្នំ​មួយ​រូប កំពុង​ល្បី​ឈ្មោះ​នៅ​តំបន់​អន្លង់​វែង មិន​ចាញ់​លោក​តា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ល្បី​ល្បាញ​គឺ​លោក​យាយ ម៉ៅ ដែល​ត្រូវ​បាន​គេ​គោរព​បូជា​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ ប៉ុន្មាន​ទេ ៖ «សែន​កន្លែង​យាយ​ម៉ៅ កន្លែង ប៉ុល ពត អ្នក​មក​ពី​ចម្ងាយ​ភាគ​ច្រើន​មក​បី​ខេត្ត​សៀមរាប»

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​វ័យ​ក្មេង ឈ្មោះ អ៊ិន និល ម្នាក់ ដែល​មើល​ការ​ខុស​ត្រូវ​ផ្នូរ ប៉ុល ពត នោះ អះអាង​ថា អ្នក​ភូមិ​អ្នកស្រុក​ជា​អតីត​ខ្មែរ​ក្រហម​នៅ​តែ​គោរព​ស្រឡាញ់ ប៉ុល ពត ធម្មតា​ដូច​កាល​គាត់​នៅ​រស់​ដូច្នោះ​ដែរ ហើយ​ពេល​នេះ​ផ្នូរ ប៉ុល ពត បាន​ក្លាយ​ជា​ទី​កន្លែង​សក្ការ​មួយ​ថ្មី​ទៀត​បន្ថែម​លើ​អ្នក​តា​ថែ​រក្សា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ចាស់ ដែល​ខ្មែរ​ស្ទើរ​ពេញ​នគរ​គោរព​បូជា គឺ​លោក​យាយ ម៉ៅ នេះ​ឯង ៖ «សែនព្រេន​ហៅ​គាត់​ហៅ​អី អ៊ីចឹង​ទៅ ឲ្យ​គាត់​មក​ហូប​ចុក អ៊ីចឹង​ទៅ ដូច​ជា​បង​ប្អូន​មក​នេះ ក៏​គាត់​មក​សែនព្រេន​គាត់​ដែរ បន់​ស្រន់​ឲ្យ​មាន​សេចក្ដី​សុខ អ៊ីចឹង​ទៅ បន់ស្រន់​សែន​ព្រេន​សុំ​សេចក្ដី​សុខ មាន​បាយ មាន​ចេក​មាន​អី​ហ្នឹង»

ប៉ុលពត
រូបថត ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៨ (Source: Wikipedia.org)

មន្ត្រី​មូលដ្ឋាន និង​ប្រជា​ជន​នៅ​អន្លង់​វែង​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ជន​ទាំង​នោះ ក៏​មាន​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់ ប៉ុល ពត នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​គោរព ដុត​ធូប ទាន សែន​ផ្នូរ ប៉ុល ពត ជា​រៀង​រាល់​ឆ្នាំ​ដែរ។

លោក សៀង សុខ​ហេង ប្រធាន​មន្ទីរ​ទេសចរណ៍​ស្រុក​អន្លង់វែង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា មាស សន ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត រួម​ទាំង​កូន​ស្រី​ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត តែង​តែ​មក​ដុត​ធូប​ទាន គោរព​បូជា សែន​ព្រេន​ឲ្យ ប៉ុល ពត ជា​ប្ដី ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន ៖ «ថ្ងៃ ​នេះ គាត់​មិន​ទាន់​ឃើញ​មក​អុជ​ធូប​អុច​អី​ទេ ព្រោះ​រាល់​ឆ្នាំ​គាត់​មក គាត់​មក​ជួប​ខ្ញុំ មក​សុំ​អុច​ធូប ធ្វើ​បុណ្យ​ធ្វើ​ទាន​អី។ ប៉ុន្តែ​ពេល​នេះ ឆ្នាំ​នេះ​អត់​ទាន់​ឃើញ​មក​ទេ ពេល​បុណ្យ​ទាន​គឺ​គាត់​មក»

ប៉ុល ពត ជា​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​នៅ​ទីនេះ គឺ​នៅ​អន្លង់វែង នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ដោយ​គាំង​បេះ​ដូង ក្នុង​ពេល​ដែល​រូប​គាត់​ឈឺ​ចាស់​ជរា ហើយ​ត្រូវ​គេ​សែង​ក្នុង​អង្រឹង​រត់​គេច​ពី​ទាហាន​រដ្ឋាភិបាល​វាយ​សម្រុក​យក​ អន្លង​វែង ដែល​ជា​ទីតាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​ចុង​ក្រោយ​បង្អស់។

ប៉ុល ពត ត្រូវ​បាន​គេ​ដុត​នៅ​លើ​ដី​ទួល​ក្បែរ​ព្រៃ​ល្បោះ។ ផ្នូរ​ខ្មោច​នេះ​ត្រូវ​គេ​ពូន​ដី​ធម្មតា មាន​សង់​រោង​សសរ​ពីរ ទាប​ប្រប​ដី ដំបូល​ប្រក់​ស័ង្កសី​ចាស់ៗ និង​ព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​កម្ពស់​ត្រឹម​ជង្គង់ ការ​ពារ​កុំ​ឲ្យ​សត្វ ឬ​មាន់​ទា​កាយ​ផ្នូរ។ គេ​ឃើញ​មាន​កំប៉ុង​ជើង​ធូប​ពីរ ចាន​ជ័រ​ទាប​ពីរ បី ដាក់​រាត់រាយ​ផ្ទាល់​ដី​នៅ​ក្បែរ​ផ្នូរ សម្រាប់​គេ​ដាក់​នំ​ចំណី សែនព្រេន​ដល់​ព្រលឹង ប៉ុល ពត។ ផ្នូរ ប៉ុល ពត ត្រូវ​បាន​គេ​ដាក់​ជា​តំបន់​ប្រវត្តិសាស្ត្រ​សម្រាប់​ទេសចរ​មក​កម្សាន្ត។ ប៉ុល ពត រួម​ទាំង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ៗ ដូច​ជា​បងធំ​ទី​២ នួន ជា និង ខៀវ សំផន អៀង ធីរិទ្ធ អៀង សារី ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​ សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់​ក្នុង​របប ប៉ុល ពត កាន់​អំណាច ពី ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

ហ៊ុន​សែន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​ចំនួន​១២

ដោយ ដែន អយុធ្យា
2011-04-08

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដែល​មិន​គោរព​តាម​កិច្ច​សន្យា។

RFA/Hang Savyouth

១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​របស់​ក្រសួង​ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​ចំនួន ១២​ក្រុមហ៊ុន ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

លោក​ឲ្យ​ដឹង​ថា ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំង​១២ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​កិច្ច​សន្យា ដោយ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​កាប់​ឈើ​លក់​នោះ ៖ «បញ្ហា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច យក​ទៅ​ហើយ​មិន​អនុវត្ត ត្រូវ​ពង្រឹង​អា​ហ្នឹង​ដក​មក​វិញ។ ម្សិល​មិញ​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​ដក ១២​ក្រុមហ៊ុន។ អ្នក​ដែល​សុំ​បាន​ដី​យក​ដី​ទៅ​ទុក​មិន​ធ្វើ​ការ​ដាំ​ដុះ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មាន​ទុន​ពិត​ប្រាកដ​អត់​មាន​ដី​ដាំដុះ។ អ៊ីចឹង​ឥឡូវ​យើង​ជំរុញ​បន្ត ហើយ ១២​ក្រុមហ៊ុន​ហ្នឹង​ក្រែង​មាន​ប្រាក់​កក់ ស៊ី​ដាច់​បណ្ដោយ​អត់​មាន​ឲ្យ​វិញ​ទេ។ ហើយ​ខ្ញុំ​គិត​ថា ត្រូវ​ដំឡើង​ប្រាក់​កក់ បើ​មិន​ដូច្នេះ​សុំ​អាជ្ញាប័ណ្ណ សុំ​ហើយ​យក​ទៅ​ទុក​ចោល ទី​ចុង​បំផុត​ទៅ​ជា​ព្រៃ​ដែល​គេ​កាប់​អនាធិបតេយ្យ»

យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១២ ដែល​លោក​បាន​ដក​អាជ្ញាប័ណ្ណ​នោះ​មាន​ឈ្មោះ​អ្វី និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ក្រៅ​ពី​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ចាត់​វិធានការណ៍​ក្ដៅ ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​ជូន​ប៉ុន្តែ​មិន​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​ដក​យក​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ៖ «មិន​ត្រឹម​តែ​លុប​ប៉ុណ្ណឹង​ ទេ ត្រូវ​តែ​ធ្វើ​ពិនិត្យ​ជា​ទូ​ទៅ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​យក​ទៅ​លក់​ទៅ​ទៀត។ ជួល​ពី​រដ្ឋ​មិន​បង់​កម្រៃ​ឲ្យ​រដ្ឋ​ត្រឹម​ត្រូវ ហើយ​មិន​បាន​ធ្វើ​ដំណាំ​ផង ហើយ​លក់​បន្ត​ទៀត ដូច​ភស្តុតាង​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​លោក ហេង សំរិន កន្លង​ទៅ គឺ​បាន​បង្ហាញ​ការ​លក់​ដី​ដ៏​ធំ​នៅ​ខេត្ត​រតនគីរី​ចំនួន ៣​សែន ៥​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម​មួយ»

ចំណែក​លោក អ៊ូ ចន្ទ​ប្ញទ្ធិ សមាជិក​សភា​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នឹង​មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ដែរ។ ប៉ុន្តែ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា ដែល​មិន​គោរព​តាម​កិច្ច​សន្យា​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត ៖ «តាម​ខ្ញុំ​ ចាំ​ពី​ឆ្នាំ​មុន​នោះ មាន​ក្រុមហ៊ុន​ច្រើន​ណាស់​រហូត​ដល់​ជាង​៦០ ដែល​ទទួល​បាន​ដី​សម្បទាន ប៉ុន្តែ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​ចំនួន​៥០ ក្នុង​ចំណោម​ក្រុមហ៊ុន ៦០​ហ្នឹង គឺ​មិន​បាន​ធ្វើ​អី​ទេ គឺ​បាន​តែ​កាប់​ឈើ​ទៅ ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ។ មាន​ន័យ​ថា យើង​ឃើញ​ថា នេះ​ជា​ការ​កេង​ប្រវ័ញ្ច​មក​លើ​រដ្ឋ​ច្រើន»

រហូត​មក​ដល់​ពេល​នេះ មិន​មាន​ប្រភព​ពី​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​បក្ស​ប្រឆាំង​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នោះ​ទេ។

ប៉ុន្តែ​លោក សុន ឆ័យ សមាជិក​សភា​បក្ស​សម​រង្ស៊ី បាន​អះអាង​ថា ទំហំ​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​វិនិយោគ​មាន​ជាង ២​លាន​ហិកតារ​គិត​ត្រឹម​ដាច់​ឆ្នាំ​២០១០ កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា រូប​លោក​នឹង​បន្ត​លុប​ចោល​អាជ្ញាប័ណ្ណ​ទៅ​លើ​ក្រុមហ៊ុន​ច្រើន​ទៀត ជា​ប្រភេទ​ក្រុម​ហ៊ុន​ស៊ីឡាក ឬ​ជា​ឈ្មួញ​កណ្ដាល​ដែល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន ហើយ​មិន​អភិវឌ្ឍ ដោយ​ទុក​ពេល​លក់​អាជ្ញាប័ណ្ណ​នោះ​បន្ត ឬ​យក​មក​សម្រាប់​តែ​កាប់​ឈើ​លក់​ប៉ុណ្ណោះ។

វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ដី​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដីសម្បទាន​មួយ​ចំនួន​បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពល​រដ្ឋ​យ៉ាង​ អយុត្តិធម៌​បំផុត​កន្លង​មក៕

Wildlife Alliance ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​នៅ​កោះកុង

អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ ដែល​មាន​ឈ្មោះ​ថា សម្ពន្ធភាព​សត្វព្រៃ (Wildlife Alliance) នៅ​ទី​១៣ មេសា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ក្នុង​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ជម្រក​សត្វ​ដំរី និង​សត្វ​កម្រ​ដទៃ​ទៀត។

RFA/Sek Bandith

១៤-សីហា-២០១០: ទឹក​ជ្រោះ​ឆាយ​ខ្ពស់ នៅ​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង

http://flash-mp3-player.net/medias/player_mp3_maxi.swf

មួយ​សប្ដាហ៍​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​បញ្ឈប់​ការ​រុករក​រ៉ែ​ថៃថេនញៀម (Titanium) មក ក្រុម​អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ បាន​បន្ត​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​ មួយ​ទៀត ធ្វើ​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​អភិរក្ស​ដើម្បី​ធ្វើ​ជា​ចម្ការ​ចេក។

ក្រុមហ៊ុន​ចម្ការ​ចេក​របស់​អូស្ត្រាលី ឈ្មោះ​ថា BKK Partners មាន​គម្រោង​ដាំ​ចេក​លើ​ផ្ទៃ​ដី​ប្រមាណ ៥​ពាន់​ហិកតារ និង​ដី​ព្រៃ​ប្រមាណ ២​ម៉ឺន​ហិកតារ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦០០​លាន​ដុល្លារ។

អ្នក​នាំ​ពាក្យ​អង្គការ​សម្ពន្ធភាព​សត្វព្រៃ​ឈ្មោះ​ថា (Wildlife Alliance) លោកស្រី អេនទ្រា កូហ្វស្មែន (Andrea Kaufmann) នៅ​ថ្ងៃ​ពុធ ទី​១៣ មេសា បាន​ស្នើ​សុំ​រដ្ឋាភិបាល​កុំ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ដំណាំ​ចេក ពីព្រោះ​គម្រោង​នេះ​អាច​បណ្ដាល​ឲ្យ​បាត់បង់​ព្រៃ​ឈើ​ក្នុង​តំបន់​អាស៊ី។ ព្រៃ​ដែល​អាច​នឹង​បាត់បង់​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ ជា​ផ្លូវ​ដើរ​របស់​សត្វ​ដំរី​ខ្មែរ។ ផ្លូវ​ដើរ​នេះ​ជា​ផ្លូវ​មួយ​ក្នុង​ផ្លូវ​ដំរី​ ដែល​នៅ​សេសសល់​តែ​ប្រមាណ ៧​កន្លែង​ប៉ុណ្ណោះ​នៅ​តំបន់​អាស៊ី។

លោកស្រី​បន្ត​ថា ៖ “យើង​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​គម្រោង​ស្នើ​សុំ​ចម្ការ​ចេក ធ្វើ​ឡើង​ចំ​កណ្តាល​នៃ​ផ្លូវ​ដើរ​របស់​សត្វ​ដំរី ហើយ​វា​អាច​បំផ្លាញ​ជីវចម្រុះ​សម្រាប់​តំបន់ ក៏​ដូច​ជា​ការ​ប៉ះ​ពាល់​ដល់​សហគមន៍​ក្នុង​ស្រុក​ដែល​កំពុង​ចាប់​អារម្មណ៍​ បង្កើត​ឲ្យ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ”

សំណើ​របស់​អង្គការ Wildlife Alliance ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាល​ពី​សប្ដាហ៍​មុន​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ឈ្មោះ​ថា United Khmer Groupមិន​ឲ្យ​រុករក​រ៉ែ​ថៃថេនញៀម ក្នុង​តំបន់​អភិរក្ស​ព្រៃ​ភ្នំ​ក្រវាញ ​ក្នុង​ខេត្ត​កោះកុង ដើម្បី​ការពារ​បរិស្ថាន និង​ជីវៈចម្រុះ។

ក្រុមហ៊ុន United Khmer Group ត្រូវ​បាន​ផ្ដល់​សម្បទាន​ដី​សម្រាប់​រុក​រក​រ៉ែ​ប្រមាណ​ជិត ៥​ពាន់​ហិកតារ។ គម្រោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា គេ​អាច​នឹង​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ។ ចំនួន​នៃ​ចំណូល​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​ឃ្លាំមើល​បរិស្ថាន​បង្ហាញ​ ការ​មិន​ទុក​ចិត្ត​ថា ជា​ការ​ពិត។

មន្ត្រី​អង្គការ Wildlife Alliance ដែល​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន United Khmer Group បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ហើយ។

លោកស្រី អេនទ្រា កូហ្វស្មែន បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ចម្ការ​ចេក​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ជនជាតិ​អូស្រ្តាលី ឈ្មោះ ភីធឺរ កូស្តេឡូ (Peter Costello)។ ក្រុមហ៊ុន​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​របស់​សត្វ​ ដំរី​ពី​ផ្លូវ​ធម្មជាតិ​ទៅ​ដើរ​តាម​តំបន់​មាន​ប្រជាជន​ច្រើន​ទៅ​វិញ។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ Global Witness លោក ចច បូដិន (George Boden) កាល​ពី​ថ្ងៃ ទី​១៣ មេសា បាន​ស្វាគមន៍​ការ​សម្រេច​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រាវ​រក​រ៉ែ​ថៃថេនញៀម ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា​ផល​ប៉ះពាល់​ដល់​បរិស្ថាន មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ “ការ​សំខាន់​ដែល​ត្រូវ​បាន​លើក​ឡើង​ឲ្យ ​ដឹង គឺ​ថា តាម​ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា ការ​ពិត​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន ដូចជា​ព្រៃ​ឈើ ចម្ការ​ដំណាំ និង​រ៉ែ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ អ្វី​ដែល​យើង​រក​ឃើញ គឺ​ការ​ផ្តល់​សម្បទាន​ទាំង​នោះ​ធ្វើ​ឡើង ដោយ​គ្មាន​បាន​គិតគូរ​ទៅ​លើ​បរិស្ថាន និង​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​លក់ និង​ការ​ផ្តល់់​សម្បទាន និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដល់​គម្រោង​ទាំង​អស់​ជា​ការ​ចាំបាច់ មិន​មែន​ធ្វើ​លើ​គម្រោង​តែ​មួយ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សម្រាប់​គម្រោង​ទាំង​អស់”

របាយការណ៍​របស់​អង្គការ Global Witnessឈ្មោះ​ថា ប្រទេស​សម្រាប់​លក់ ជា​របាយការណ៍​ស៊ើប​អង្កេត​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ដក​ស្រង់​ធនធាន​រ៉ៃ​កម្ពុជា ផ្សាយ​កាល​ពី​កុម្ភៈ ឆ្នាំ​២០០៩ បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​សំខាន់​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​វិស័យ​ធនធាន​ធម្មជាតិ។ ការ​ស៊ើប​អង្កេត​របស់​អង្គការ Global Witness បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផ្នែក ​ធនធាន​រ៉ែ។

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន United Khmer Group ដោយសារ​ផល​ប៉ះពាល់​ធម្មជាតិ​វា​ធ្ងន់ធ្ងរ​ជាង​ផល​ចំណេញ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រុមហ៊ុន United Khmer Group មិន​ទាន់​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​រក​រ៉ែ​នៅ​ឡើយ​ទេ គ្រាន់​តែ​សិទ្ធិ​ដើម្បី​សិក្សា​រ៉ែ​តែប៉ុណ្ណោះ។

រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការ​ស្នើ​សុំ​មិន​ឲ្យ​ផ្ដល់ ​សិទ្ធិ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី ដាំ​ចេក​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​​ពុធ ទី​១៣ ខែ​មេសា​នេះ៕

ឥណ្ឌូណេស៊ី​ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​នៅ​៣ ​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា

ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើ​សុំ​ដាក់​ទី​តាំង​សង្កេតការណ៍​បី​ចំណុច​ក្នុង​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​ថៃ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន ដើម្បី​បំពេញ​ការងារ​ក្នុង​កិច្ច​អន្តរាគមន៍​លើ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ- ​ថៃ។

RFA/Yun Samean

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​សមាគម​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។

http://flash-mp3-player.net/medias/player_mp3_maxi.swf

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ផ្ញើ​លិខិត​តប​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​សមាគម​អាស៊ាន និង​ជា​អ្នក​សម្របសម្រួល​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ​នោះ​ថា លោក​បាន​យល់​ព្រម​តាម​សំណើ​លើ​លក្ខខណ្ឌ​ថ្មី​សម្រាប់​ក្រុម​អ្នក​ សង្កេតការណ៍​ព្រំដែន​នោះ​ហើយ។

កាល​ពី​យប់​ថ្ងៃ​ទី​១៣ ​មេសា លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់ មួយ​ច្បាប់​ជូន​ទៅ​ភាគី​ថៃ និង​មួយ​ច្បាប់​ទៀត​ជូន​ទៅ​ភាគី​កម្ពុជា។ ចំពោះ​លិខិត​ទៅ​កាន់​ភាគី​ថៃ លោក​មិន​បាន​ដឹង​ពី​សេចក្ដី​ស្នើ​នោះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ទេ ប៉ុន្តែ​ចំពោះ​ភាគី​កម្ពុជា លោក ម៉ាទី បាន​សុំ​ដាក់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី លើ​ទីតាំង​បី​ចំណុច​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក កុយ គួង បន្ថែម​ថា ៖ «សូម​ជម្រាប​ថា ថ្ងៃ​នេះ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ហើយ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​១២ មេសា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ទទួល​លិខិត​ពី​ឯកឧត្ដម ម៉ាទី ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ស្ដីពី​លក្ខខណ្ឌ​ប្រតិបត្តិ​ថ្មី​សម្រាប់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូណេស៊ី នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។ ក្នុង​លិខិត​នោះ​ឯកឧត្ដម ម៉ាទី បាន​ស្នើ​ឲ្យ​មាន​ចំណុច​ឈរ​ជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី ចំនួន ៣​ទីតាំង​នៅ​ខាង​កម្ពុជា គឺ​ទី​១ ៥​មករា ទី​២ តាសឹម និង​ទី​៣ ចាក់ច្រែង»

លោក កុយ គួង ក៏​បាន​បន្ថែម​ថា ភាគី​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​តប​ភ្លាមៗ​ទៅ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា បញ្ជាក់​ការ​យល់​ស្រប និង​ការ​គាំទ្រ​តាម​ការ​ស្នើ​សុំ​របស់​លោក ហើយ​ប្រធាន​សមាគម​អាស៊ាន​រូប​នេះ ក៏​បាន​សម្ដែង​សេចក្ដី​រីករាយ​ណាស់​ដែរ ដែល​កម្ពុជា​យល់​ព្រម​តាម​ការ​ស្នើ​សុំ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «…នេះ​ជា​ឆន្ទៈ​ថ្មី​មួយ​ទៀត​របស់​ កម្ពុជា​មួយ​ដែរ ដោយ​ឈរ​លើ​ស្មារតី​គោរព​ការ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដែល​អាន​នាំ​ទៅ​រក​ការ​ ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នៅ​ថ្ងៃ​ទី​១៣ មេសា នេះ លោក ម៉ាទី ក៏​បាន​ផ្ញើ​លិខិត​ជូន​លោក ហោ ណាំហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ពី​លោក ហោ ណាំហុង ដោយ​ការ​ពេញ​ចិត្ត​ហើយ»

លោក កុយ គួង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ៕

កំណែ​វចនានុក្រម​ខ្មែរ​ ២.១ ចេញ​ផ្សាយ​ហើយ

នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​ខេមរជន​គ្រប់រូប​ដែល​ស្នេហា​អក្សរសាស្ត្រ​ជាតិ ឲ្យ​បាន​ជ្រាប​ថា​វចនានុក្រម​ខ្មែរ​កំណែ​ថ្មី​ចេញ​ផ្សាយ​ហើយ! ខ្ញុំ​បាន​ស្រង់​យក​ពី​ប្លក​លោក សរ សុខនី មក​ផ្សាយ​ចែកជូន និង​ទាញ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ។

«សេចក្ដី​ជូន​ដំណឹង

ខ្ញុំ​បាទ​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ជូន​ ដំណឹង​ថា កំណែ​វចនានុក្រម​ខ្មែរ​២.១ (version 2.1)បាន​ចេញ​ ហើយ​សម្រាប់​ការ​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ ក្នុង​កំណែ​នេះ វា​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​វីនដូ​គ្រប់​កំណែ​(Window XPs, Window Vista, Window 7 32 or 64 bits…) និង​Unix​ ដែល​មាន​ដូច​ជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​នោះ​គឺ ត្រូវ​បញ្ចូល​កម្មវិធី​ខ្មែរ​យូនីកូដ និង​កម្មវិធី​ Java សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ(មាន​នៅ​ក្នុង​កញ្ចប់​រួច​ជា​ស្រេច​ទំហំ ១៨.៥ MB)។ កំណែ​នេះ​ ខ្ញុំ​បាទ​មិន​បាន​ដាក់​ពាក្យ​ថ្មី​បន្ថែម​ចូល​ទេ គឺ​យើង​ផ្ដោត​សំខាន់​តែ​លើ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​​កុំព្យូទ័រ​៦៤​ប៊ីត​ និង​លើ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត។ នៅ​​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​Mac។

សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ជា​ពិសេស ​លោក អ៊ុំ ចំរើន ដែល​ជា​​អ្នក​សរសេរ​កម្មវិធី​សម្រាប់​កំណែ​នេះ។ កំហុស​ឆ្គង​ពិត​ជា​មាន និង​សូម​ស្វាគមន៍​រាល់​មតិ​រិះ​គន់ និង​កែ​លម្អ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​ផ្ញើ​ទៅ​កាន់​អ៊ីមែល sorsokny@yahoo.com។

សូម​ចុច​ ទីនេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។

ប្រសិន​បើ​លោក​អ្នក​មាន​កម្មវិធី​យូនីកូដ​ ខ្មែរ​ និង​ Java រួច​ហើយ​ លោក​អ្នក​អាច​ទាញ​យក​តែ​កម្មវិធី​វចនានុក្រម​បាន​ដោយ​ចុច​នៅ ​ទី​នេះ (៤.៦៥ MB)

តែ​កុំ​ភ្លេច​លោក​អ្នក​ត្រូវ​ការ​កម្មវិធី​ winrar ដើម្បី​ បើក​កញ្ចប់​នេះ​បាន។ បើ​ទាន់​​ពុំ​មាន​ទេ​ សូម​ចុច​ ទី​នេះ »

 

អរគុណ

សត្វ​ជិត​ផុត​ពូជ​ខ្លះ​គេ​ឃើញ​មាន​នៅ​ ឧត្ដរមានជ័យ

ដោយ វោហារ ជាតិ (RFA)

ក្រុម​មន្ត្រី​ព្រៃ​ឈើ និង​អភិរក្ស​សត្វ​ព្រៃ​ បាន​សិក្សា​​​​​​ស្រាវជ្រាវ​អំពី​​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​មួយចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​រក​ឃើញ​ថា ពូជ​សត្វ​​​​ដ៏​កម្រ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ នៅ​មាន​វត្តមាន​ក្នុង​ព្រៃ​សហគមន៍​នេះ​នៅ​ឡើយ។

Pact Cambodia Photo

សត្វ​ក្ងោក នៅ​ខេត្ត​ឧត្ដរមានជ័យ

http://flash-mp3-player.net/medias/player_mp3_maxi.swfការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បរបាញ់​សត្វ​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក​បាន​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ហិនហោច និង​បាត់​ពូជ​សត្វ​ព្រៃ​ស្ទើរ​គ្មាន​សល់។ តែ​ទោះជា​យ៉ាង​ណា​ក្ដី កម្ពុជា​ក៏​នៅ​មាន​សេសសល់​សត្វ​ព្រៃ​ដ៏​កម្រ​ខ្លះៗ​ដែរ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សកម្មជន​បរិស្ថាន។

មន្ត្រី​អង្គការ ផេក ខេមបូឌា (Pact Cambodia) និង​អង្គការ​សត្វព្រៃ​អន្តរជាតិ (Wildlife International) សហការ​ជាមួយ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក អង្គការ​ទាំង​ពីរ រួម​ទាំង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​ធ្វើ​​ការ​សិក្សា​​​​​​មួយ​​​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ស្ដីពី​​ចំនួន​សត្វ​ព្រៃ និង​គុណភាព​ព្រៃឈើ​សហគមន៍​ដែល​គេ​កំពុង​អភិរក្ស​នៅ​ក្នុង​ខេត្ត​​ ឧត្តរមានជ័យ។

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​​ក្នុង​សហគមន៍​ព្រៃ​ឈើ​ចំនួន​​៤​ គឺ​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន សហគមន៍​សង្គ្រោះ​ព្រៃឈើ អណ្ដូងបរ និង​សហគមន៍​ព្រៃ​ស្រោង ដែល​មាន​ផ្ទៃ​ដី​ព្រៃ​សរុប​​ទំហំ ៣៤,៧៧៣​ហិកតារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​អង្គការ ផេក ខេមបូឌា និង​អង្គការ​សត្វ​ព្រៃ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៥ មីនា បង្ហាញ​ថា ការ​ស្រាវជ្រាវ​នោះ​បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​សត្វស្លាប​​សរុប​ចំនួន ​ ១៧៤​ប្រភេទ និង​សត្វ​ជើង​បួន ២៦​ប្រភេទ។ ជា​​លទ្ធផល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ចំនួន​សត្វ​ដែល​បាន​ស្រាវជ្រាវ​ទាំង​នោះ គេ​ឃើញ​មាន​ពូជ​សត្វស្លាប​​ដ៏​កម្រ​​ចំនួន ៧​ប្រភេទ ដូចជា​សត្វ​ក្ងោក​ពណ៌​បៃតង​ ​ត្រដក់​ធំ ននាល សត្វ​អង្កត់​ខ្មៅ និង​សត្វស្លាប​ដ៏​កម្រ​ផ្សេង​ទៀត​។ ​ចំណែក​​​សត្វ​ជើង​បួន​វិញ គេ​ឃើញ​នៅ​មាន​ចំនួន ៩​ប្រភេទ ដូចជា​សត្វ​ខ្លា​ធំ ខ្ទីង រមាំង ទន្សោង ឆ្កែព្រៃ សត្វ​ទោច​ជាដើម ដែល​ពពួក​ពូជ​សត្វ​ទាំង​នោះ​កំពុង​ជិត​ផុត​ពូជ​​ក្នុង​ពិភពលោក។

ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃ​ឈើ​អះអាង​ថា នេះ​ជា​មោទនភាព​ណាស់​​ចំពោះ​ប្រទេស​កម្ពុជា ដែល​មាន​ពូជ​សត្វ​ដ៏​កម្រ​នេះ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ដាច់​ពូជ​អស់។

កញ្ញា អាម៉ានដា ប្រេដ្លី (Amanda Bradley) នាយក​កម្មវិធី​​នៃ​ភាព​ដៃគូ​ព្រៃ​ឈើ​របស់​អង្គការ ផេក ខេមបូឌា ដែល​រួម​ចំណែក​ការ​ស្រាវជ្រាវ​នោះ​ ​មាន​ប្រសាសន៍​ថា ទៅ​ថ្ងៃ​អនាគត​សហគមន៍​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ត្រឹម​តែ​បាន​អភិរក្ស​សត្វ​ព្រៃ​ដ៏​កម្រ​តែ​ប៉ុណ្ណោះ​ទេ តែ​អង្គការ​អភិរក្ស​សត្វព្រៃ ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​អនុវត្តន៍​គម្រោង​​អភិរក្ស​ព្រៃឈើ​ដើម្បី​ផលិត​ការបោន (Carbon) ក្នុង​បំណង​រក្សា​បរិស្ថាន​ ​រួម​ចំណែក​កាត់​បន្ថយ​កម្ដៅ​ផែនដី​​ផង​ដែរ។

កញ្ញា អាម៉ានដា ប្រេដ្លី មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ការ​សិក្សា​ នេះ​មាន​សារសំខាន់​សម្រាប់​ការពារ​សត្វព្រៃ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ពិសេស​ដោយសារ​សហគមន៍​ចូល​រួម មាន​ខាង​រដ្ឋបាល​ព្រៃឈើ​សហការ​ក្នុង​ការ​ការពារ។ ខ្ញុំ​សង្ឃឹម​ថា វា​អាច​ការពារ​ទៅ​ថ្ងៃ​មុខ គម្រោង រ៉េដ (REDD) នៅ​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ និង​យើង​ឃើញ​សហគមន៍​ខំ​ប្រឹង​ការពារ​សត្វព្រៃ​នៅ​ទី​នោះ»

យ៉ាងណា​ក្ដី តំណាង​សហគមន៍​ព្រៃឈើ​ជា​ច្រើន​​​​បាន​អះអាង​ថា ដំណាល​គ្នា​នឹង​ការ​អភិរក្ស​ពូជ​សត្វព្រៃ​ដ៏​កម្រ​នេះ ក៏​សត្វ​ព្រៃ​ដ៏​កម្រ​នេះ​​កំពុង​ប្រឈម​ការ​ផុត​ពូជ​ផង​ដែរ ​ដោយសារ​ជន​ល្មើស​បំផ្លាញ។ បច្ចុប្បន្ន​មាន​ព្រានព្រៃ ឬ​ជន​ល្មើស​ជា​ច្រើន​បាន​មក​លួច​ដាក់​អន្ទាក់​សត្វ​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​ការពារ​ព្រៃឈើ​សហគមន៍​បាន​រក​ឃើញ​អន្ទាក់​សត្វ​ប្រហែល​ ​៥០ ទៅ ៦០​អន្ទាក់​រៀងរាល់​ខែ។

តំណាង​សហគមន៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា ជួនកាល​​សត្វ​ប្រើស និង​សត្វ​​ដែល​កម្រ​មាន​ដទៃ​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ចោល​ឆ្អឹង​ក្នុង​ ព្រៃ​ពេល​វា​​រើ​រួច​ពី​អន្ទាក់ ហើយ​ងាប់​ទាំង​ជើង​ជាប់​អន្ទាក់​ដែល​ដាច់​នោះ។ ចំពោះ​សត្វ​ស្លាប​វិញ ជន​ល្មើស​បាន​​ដាក់​ថ្នាំ​បំពុល ហើយ​ជនល្មើស​ខ្លះ​បាន​ចាក់​សំឡេង​ខ្សែ​អាត់​ជា​សំឡេង​សត្វ​ដូច​គ្នា ទាក់​ទាញ​សត្វ​ឲ្យ​ចូល​អន្ទាក់​ទាំង​ទ្រុងៗ​ដើម្បី​យក​ទៅ​លក់។

ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន មាន​ថេរដីកា​ថា នៅ​ក្នុង​ព្រៃ​សង្ឃរុក្ខវ័ន​គឺ​សម្បូរ​ទៅ​ដោយ​ប្រភេទ​សត្វ​កម្រ​ច្រើន​ជាង​ សហគមន៍​ដទៃ​ ​ដែល​តម្រូវ​ឲ្យ​ព្រះអង្គ រួម​ទាំង​សមាជិក​សហគមន៍​គ្រប់​គ្នា​ដើរ​ល្បាត​គ្រប់​ច្រកល្ហក​រាល់​ថ្ងៃ​ រាល់​យប់​ឥត​ឈប់ ៖ «យើង​នៅ​តែ​បារម្ភ​ដដែល​ ​ដូច​ជា​អាត្មា​អីចឹង! មិន​បាន​សឹង​នៅ​កន្លែង​ទេ ទៅ​សឹង​តែ​ក្នុង​ព្រៃ ​ទៅ​ឃ្លាំមើល​សត្វ​​តាម​តំបន់​ទឹក​ជប់ ​តំបន់​ត្រពាំង​ ​ដែល​មាន​ទឹក​ជប់ ​ខ្លាច​គេ​ដាក់​អន្ទាក់ បើ​យើង​ប្រហែស​តែ​មួយ​អាទិត្យ​វា​អាច​បាត់បង់​សត្វ»

នាយកដ្ឋាន​ព្រៃឈើ​ក្រសួង​កសិកម្ម​ សហការ​ជាមួយ​សហគមន៍ បាន​ចាប់​ផ្ដើម​កម្មវិធី​ការបោន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា រ៉េដ (REDD) ដែល​ចូល​រួម​ដោយ​សហគមន៍​​​ព្រៃឈើ​​ទាំង​៤ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ រ៉េដ ​គឺ​ជា​កម្មវិធី​មួយ​រក្សា​បរិស្ថាន​ដោយ​អភិរក្ស​​ព្រៃឈើ​ធម្មជាតិ​ឲ្យ​មាន​ ព្រៃ​ក្រាស់​ ​រួម​ទាំង​សត្វព្រៃ​បង្កើត​បាន​ជា​អុកស៊ីហ្សែន (Oxygen) ឬ​ធាតុអាកាស​បរិសុទ្ធ​ក្នុង​បរិយាកាស កម្ចាត់​ជាតិ​ពុល​ និង​កម្ដៅ​​ផែនដី ​ធ្វើ​ឲ្យ​មាន​បរិស្ថាន​ល្អ​​លើ​ភព​ផែនដី។

សូម​បញ្ជាក់​ថា រ៉េដ ជា​កម្មវិធី​​​ថ្មី​​​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បរិស្ថាន​ជាតិ អន្តរជាតិ រួម​ទាំង​មន្ត្រី​បរិស្ថាន​​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នីមួយៗ​លើ​សកល​លោក​ការពារ​គម្រប​​ព្រៃឈើ​ ​ក្នុង​បំណង​ការពារ​ និង​រក្សា​លំនឹង​បរិស្ថាន ទប់ទល់​នឹង​កម្ដៅ​ផែនដី ​ដែល​កំពុង​ឡើង​កម្ដៅ​នៅ​បច្ចុប្បន្ន និង​​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ដូចជា​រញ្ជួយ​ផែនដី ​ខ្យល់ព្យុះ​ គ្រោះ​ទឹក​ជំនន់ ​និង​រាំង​ស្ងួត​ ដែល​កំពុង​​គំរាមកំហែង​​​ពិភពលោក ហើយ​ប្រទេស​កម្ពុជា កំពុង​អនុវត្ត​គម្រោង​នេះ។

មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ និង​បរិស្ថាន​ឲ្យ​ដឹង​ថា គម្រោង​រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ ហើយ​​បាន​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០០៨ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣៧។

លោក ឡុង រតនៈកុមារ អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ​ និង​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ព្រៃឈើ​ ​ក្រសួង​កសិកម្ម​កម្ពុជា ថ្លែង​ថា នេះ​ជា​គម្រោង​សាកល្បង​មួយ​ដែល​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​កម្មវិធី​នេះ​​គេ​កម្រ​ឃើញ​មាន​ធ្វើ​នៅ​ប្រទេស​​ផ្សេង​ទៀត​លើ​សកល​លោក។

លោក​ថា​ ​គម្រោង​នេះ​​គឺ​រដ្ឋាភិបាល​កម្ពុជា​ ​ចង់​​ផលិត​ការបោន​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ៖ «តាម​ពិត​ជា​គោលដៅ​ របស់​យើង យើង​ប្រុង​ធ្វើ​ទាំង​អស់។​ ប៉ុន្តែ​អា​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​មួយ គឺ​យើង​កំពុង​ចាប់​ផ្ដើម​ គឺ​យើង​​សាក​ល្បង​បណ្ដើរ​យើង​រៀន​សូត្រ​ពី​ដំណើរការ​បណ្ដើរ»

លោក ឡុង រតនៈកុមារ អះអាង​ថា គម្រោង រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ​នេះ ​​នឹង​អា​ច​ទាញ​យក​ ការបោន​ពី​ព្រៃ​សហគមន៍​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​​​ក្នុង​តម្លៃ​ទឹក​ ប្រាក់​​ចំនួន ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ​ហើយ​ប្រាក់​ចំណូល​នោះ​នឹង​យក​ទៅ​​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​ដែល​ការពារ​ ព្រៃ​សហគមន៍​ទាំង​នោះ​ផង​ដែរ។

លោក​បន្ថែម​ថា​ ​ក្នុង​ពេល​នេះ​ដែរ​ ​រដ្ឋាភិបាល​​​ក៏​កំពុង​អនុវត្ត​កម្មវិធី ​​ រ៉េដ សាក​ល្បង​នោះ​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​មាន​ព្រៃឈើ​ស្ដុក​ដូច​នៅ​ស្រុក​ ​កែវសីមា​ ខេត្ត​រតនគិរី នៅ​ខេត្ត​​សៀមរាប នៅ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ហើយ​កំពុង​សិក្សា និង​ពង្រីក​ទៅ​តំបន់​ព្រៃ​នានា​ តាម​ខេត្ត​ដទៃ​បន្ថែម​ទៀត ដូច​ជា​នៅ​ព្រៃ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ជា​ដើម៕

បេសកកម្ម​ស្រាវជ្រាវ​សត្វស្លាប​នៅ​ភ្នំ​សំកុស!

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្ន​២០១១ ខាង​មុខ​នេះ ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល សំ វាសនា នឹង​មាន​បេសកកម្ម​ចុះ​ស្រាវជ្រាវ​នឹង​អង្កេត​សត្វស្លាប​ព្រៃ​ព្រមទាំង​សត្វ​ដទៃ​ទៀត​នៅ​ភ្នំ​សំកុស​ដែល​មាន​កម្ពស់ ១៧០០ម. ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ឃុំ​ប្រម៉ោយ ភូមិ​ប្រម៉ោយ ក្រោម​កិច្ចសហការ​របស់​អង្គការ FFI និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេសកម្ពុជា​ដើម្បី​ចុះ​បញ្ជី​សត្វស្លាប​ព្រៃ​ស្រុក​ខ្មែរ​ឲ្យ​បាន​វែង​និង​ច្រើន​បច្ចុប្បន្ន ។ ក្រៅ​ពី​សត្វស្លាប​និង​សត្វព្រៃ​ដទៃ​ទៀត យើង​ក៏​នឹង​មិន​ភ្លេច​កត់ត្រា​ពី​រុក្ខជាតិ​ព្រមទាំង​សត្វល្មូន​និង​ឧរង្គសត្វ​ដទៃ​ទៀត​ដែរ ព្រោះ​ទី​នោះ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ចុង​ក្រោយ​គេ​ដែល​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​អស់ ព្រោះ​តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​រាំងស្ទះ​ដោយសារ​គ្រាប់​មីនកប់​ក្នុង​ដី​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នេះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ និង​ចំណាយ​ពេល​ចុះ​វិញ​មួយ​ថ្ងៃ ។ ដោយ​គ្មាន​ពេល​ច្រើន ការ​សិក្សា​នេះ​នឹង​ធ្វើ​ទាំង​យប់​និង​ថ្ងៃ​ ។ យើង​កត់ត្រា​ទុក​ទាំង​សត្វ​ដែល​យើង​បាន​ឮ​សំឡេង និង​សត្វ​ដែល​បាន​ឃើញ​ផ្ទាល់ ។ គ្មាន​បាយ​និង​អាហារ​ច្រើន​ទេ គ្រប់​គ្នា​ត្រូវ​ស្ពាយ​អាហារ​ក្រៀម​និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ។ បញ្ហា​ធំ​នោះ​គឺ​អាកាសធាតុ​ត្រជាក់ និង​កង្វះ​ខាត​ទឹក! កាល​ពី​ខ្ញុំ​និង​ក្រុមការងារ​ចុះ​ទៅ​ភ្នំ​បូក​គោ​ដែល​មាន​កម្ពស់​តែ ១០៧០ម. ឃើញ​ថា​អាកាសធាតុ​ពេល​យប់​វា​ត្រជាក់​ណាស់ ចុះ​ទម្រាំ ១៧០០ម.!

(ផ្កា​ក្រឡូមពារ ឬ​បំពង់​ក្រឡោម)