អង្គការឃ្លាំមើលបរិស្ថាន និងសត្វព្រៃ ដែលមានឈ្មោះថា សម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) នៅទី១៣ មេសា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់កសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុនអូស្ត្រាលីមួយក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការព្រួយបារម្ភពីការប៉ះពាល់ដល់ជម្រកសត្វដំរី និងសត្វកម្រដទៃទៀត។

១៤-សីហា-២០១០: ទឹកជ្រោះឆាយខ្ពស់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
http://flash-mp3-player.net/medias/player_mp3_maxi.swf
មួយសប្ដាហ៍ក្រោយពីរដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ឈប់ការរុករករ៉ែថៃថេនញៀម (Titanium) មក ក្រុមអង្គការឃ្លាំមើលបរិស្ថាន និងសត្វព្រៃ បានបន្តសុំឲ្យរដ្ឋាភិបាលផ្អាកការអនុញ្ញាតឲ្យក្រុមហ៊ុនអូស្ត្រាលី មួយទៀត ធ្វើការកាប់បំផ្លាញដីព្រៃអភិរក្សដើម្បីធ្វើជាចម្ការចេក។
ក្រុមហ៊ុនចម្ការចេករបស់អូស្ត្រាលី ឈ្មោះថា BKK Partners មានគម្រោងដាំចេកលើផ្ទៃដីប្រមាណ ៥ពាន់ហិកតារ និងដីព្រៃប្រមាណ ២ម៉ឺនហិកតារក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ៦០០លានដុល្លារ។
អ្នកនាំពាក្យអង្គការសម្ពន្ធភាពសត្វព្រៃឈ្មោះថា (Wildlife Alliance) លោកស្រី អេនទ្រា កូហ្វស្មែន (Andrea Kaufmann) នៅថ្ងៃពុធ ទី១៣ មេសា បានស្នើសុំរដ្ឋាភិបាលកុំផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនដំណាំចេក ពីព្រោះគម្រោងនេះអាចបណ្ដាលឲ្យបាត់បង់ព្រៃឈើក្នុងតំបន់អាស៊ី។ ព្រៃដែលអាចនឹងបាត់បង់នៅក្នុងខេត្តកោះកុងនេះ ជាផ្លូវដើររបស់សត្វដំរីខ្មែរ។ ផ្លូវដើរនេះជាផ្លូវមួយក្នុងផ្លូវដំរី ដែលនៅសេសសល់តែប្រមាណ ៧កន្លែងប៉ុណ្ណោះនៅតំបន់អាស៊ី។
លោកស្រីបន្តថា ៖ “យើងមានការព្រួយបារម្ភ ដោយសារតែគម្រោងស្នើសុំចម្ការចេក ធ្វើឡើងចំកណ្តាលនៃផ្លូវដើររបស់សត្វដំរី ហើយវាអាចបំផ្លាញជីវចម្រុះសម្រាប់តំបន់ ក៏ដូចជាការប៉ះពាល់ដល់សហគមន៍ក្នុងស្រុកដែលកំពុងចាប់អារម្មណ៍ បង្កើតឲ្យមានតំបន់ទេសចរណ៍ធម្មជាតិ”។
សំណើរបស់អង្គការ Wildlife Alliance ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសប្ដាហ៍មុនបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឈ្មោះថា United Khmer Groupមិនឲ្យរុករករ៉ែថៃថេនញៀម ក្នុងតំបន់អភិរក្សព្រៃភ្នំក្រវាញ ក្នុងខេត្តកោះកុង ដើម្បីការពារបរិស្ថាន និងជីវៈចម្រុះ។
ក្រុមហ៊ុន United Khmer Group ត្រូវបានផ្ដល់សម្បទានដីសម្រាប់រុករករ៉ែប្រមាណជិត ៥ពាន់ហិកតារ។ គម្រោងនេះត្រូវបានក្រុមហ៊ុនអះអាងថា គេអាចនឹងរកប្រាក់ចំណូលបានប្រមាណ ១ពាន់លានដុល្លារ។ ចំនួននៃចំណូលនេះត្រូវបានមន្ត្រីអង្គការឃ្លាំមើលបរិស្ថានបង្ហាញ ការមិនទុកចិត្តថា ជាការពិត។
មន្ត្រីអង្គការ Wildlife Alliance ដែលឃ្លាំមើលសកម្មភាពរបស់ក្រុមហ៊ុន United Khmer Group បានឲ្យដឹងថា សកម្មភាពរបស់ក្រុមហ៊ុនត្រូវបានផ្អាកទាំងស្រុងហើយ។
លោកស្រី អេនទ្រា កូហ្វស្មែន បន្ថែមទៀតថា ក្រុមហ៊ុនចម្ការចេកនៅក្នុងខេត្តកោះកុង បានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយជនជាតិអូស្រ្តាលី ឈ្មោះ ភីធឺរ កូស្តេឡូ (Peter Costello)។ ក្រុមហ៊ុននេះបានស្នើឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរផ្លូវដើររបស់សត្វ ដំរីពីផ្លូវធម្មជាតិទៅដើរតាមតំបន់មានប្រជាជនច្រើនទៅវិញ។
មន្ត្រីតស៊ូមតិរបស់អង្គការ Global Witness លោក ចច បូដិន (George Boden) កាលពីថ្ងៃ ទី១៣ មេសា បានស្វាគមន៍ការសម្រេចដកអាជ្ញាប័ណ្ណក្រុមហ៊ុនរាវរករ៉ែថៃថេនញៀម ប៉ុន្តែបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាផលប៉ះពាល់ដល់បរិស្ថាន មុននឹងផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន។
លោកមានប្រសាសន៍បន្ថែមថា ៖ “ការសំខាន់ដែលត្រូវបានលើកឡើងឲ្យ ដឹង គឺថា តាមការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការពិតការផ្តល់អាជ្ញាប័ណ្ណសម្រាប់សម្បទានសេដ្ឋកិច្ចជាច្រើន ដូចជាព្រៃឈើ ចម្ការដំណាំ និងរ៉ែ គឺត្រូវបានធ្វើឡើងដោយគ្មានតម្លាភាព។ អ្វីដែលយើងរកឃើញ គឺការផ្តល់សម្បទានទាំងនោះធ្វើឡើង ដោយគ្មានបានគិតគូរទៅលើបរិស្ថាន និងការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ការបង្ហាញជាសាធារណៈនូវការលក់ និងការផ្តល់់សម្បទាន និងការវាយតម្លៃផលប៉ះពាល់បរិស្ថានដល់គម្រោងទាំងអស់ជាការចាំបាច់ មិនមែនធ្វើលើគម្រោងតែមួយនោះទេ គឺត្រូវធ្វើសម្រាប់គម្រោងទាំងអស់”។
របាយការណ៍របស់អង្គការ Global Witnessឈ្មោះថា ប្រទេសសម្រាប់លក់ ជារបាយការណ៍ស៊ើបអង្កេតពីក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មដកស្រង់ធនធានរ៉ៃកម្ពុជា ផ្សាយកាលពីកុម្ភៈ ឆ្នាំ២០០៩ បានរកឃើញថា មន្ត្រីរដ្ឋាភិបាលសំខាន់បានប្រព្រឹត្តអំពើពុករលួយ និងវិស័យធនធានធម្មជាតិ។ ការស៊ើបអង្កេតរបស់អង្គការ Global Witness បានរកឃើញថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយផ្នែក ធនធានរ៉ែ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធ មានប្រសាសន៍ថា រដ្ឋាភិបាលបានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន United Khmer Group ដោយសារផលប៉ះពាល់ធម្មជាតិវាធ្ងន់ធ្ងរជាងផលចំណេញ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ក្រុមហ៊ុន United Khmer Group មិនទាន់បានផ្ដល់សិទ្ធិឲ្យរករ៉ែនៅឡើយទេ គ្រាន់តែសិទ្ធិដើម្បីសិក្សារ៉ែតែប៉ុណ្ណោះ។
រដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មចំពោះការស្នើសុំមិនឲ្យផ្ដល់ សិទ្ធិដល់ក្រុមហ៊ុនអូស្ត្រាលី ដាំចេកនៅឡើយទេ កាលពីថ្ងៃពុធ ទី១៣ ខែមេសានេះ៕