Wildlife Alliance ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​នៅ​កោះកុង


អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ ដែល​មាន​ឈ្មោះ​ថា សម្ពន្ធភាព​សត្វព្រៃ (Wildlife Alliance) នៅ​ទី​១៣ មេសា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​កសិដ្ឋាន​ដំណាំ​ចេក​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ក្នុង​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ជម្រក​សត្វ​ដំរី និង​សត្វ​កម្រ​ដទៃ​ទៀត។

RFA/Sek Bandith

១៤-សីហា-២០១០: ទឹក​ជ្រោះ​ឆាយ​ខ្ពស់ នៅ​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង

http://flash-mp3-player.net/medias/player_mp3_maxi.swf

មួយ​សប្ដាហ៍​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​បញ្ឈប់​ការ​រុករក​រ៉ែ​ថៃថេនញៀម (Titanium) មក ក្រុម​អង្គការ​ឃ្លាំមើល​បរិស្ថាន និង​សត្វព្រៃ បាន​បន្ត​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​ មួយ​ទៀត ធ្វើ​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​អភិរក្ស​ដើម្បី​ធ្វើ​ជា​ចម្ការ​ចេក។

ក្រុមហ៊ុន​ចម្ការ​ចេក​របស់​អូស្ត្រាលី ឈ្មោះ​ថា BKK Partners មាន​គម្រោង​ដាំ​ចេក​លើ​ផ្ទៃ​ដី​ប្រមាណ ៥​ពាន់​ហិកតារ និង​ដី​ព្រៃ​ប្រមាណ ២​ម៉ឺន​ហិកតារ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦០០​លាន​ដុល្លារ។

អ្នក​នាំ​ពាក្យ​អង្គការ​សម្ពន្ធភាព​សត្វព្រៃ​ឈ្មោះ​ថា (Wildlife Alliance) លោកស្រី អេនទ្រា កូហ្វស្មែន (Andrea Kaufmann) នៅ​ថ្ងៃ​ពុធ ទី​១៣ មេសា បាន​ស្នើ​សុំ​រដ្ឋាភិបាល​កុំ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ដំណាំ​ចេក ពីព្រោះ​គម្រោង​នេះ​អាច​បណ្ដាល​ឲ្យ​បាត់បង់​ព្រៃ​ឈើ​ក្នុង​តំបន់​អាស៊ី។ ព្រៃ​ដែល​អាច​នឹង​បាត់បង់​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ ជា​ផ្លូវ​ដើរ​របស់​សត្វ​ដំរី​ខ្មែរ។ ផ្លូវ​ដើរ​នេះ​ជា​ផ្លូវ​មួយ​ក្នុង​ផ្លូវ​ដំរី​ ដែល​នៅ​សេសសល់​តែ​ប្រមាណ ៧​កន្លែង​ប៉ុណ្ណោះ​នៅ​តំបន់​អាស៊ី។

លោកស្រី​បន្ត​ថា ៖ “យើង​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​គម្រោង​ស្នើ​សុំ​ចម្ការ​ចេក ធ្វើ​ឡើង​ចំ​កណ្តាល​នៃ​ផ្លូវ​ដើរ​របស់​សត្វ​ដំរី ហើយ​វា​អាច​បំផ្លាញ​ជីវចម្រុះ​សម្រាប់​តំបន់ ក៏​ដូច​ជា​ការ​ប៉ះ​ពាល់​ដល់​សហគមន៍​ក្នុង​ស្រុក​ដែល​កំពុង​ចាប់​អារម្មណ៍​ បង្កើត​ឲ្យ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ”

សំណើ​របស់​អង្គការ Wildlife Alliance ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាល​ពី​សប្ដាហ៍​មុន​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ឈ្មោះ​ថា United Khmer Groupមិន​ឲ្យ​រុករក​រ៉ែ​ថៃថេនញៀម ក្នុង​តំបន់​អភិរក្ស​ព្រៃ​ភ្នំ​ក្រវាញ ​ក្នុង​ខេត្ត​កោះកុង ដើម្បី​ការពារ​បរិស្ថាន និង​ជីវៈចម្រុះ។

ក្រុមហ៊ុន United Khmer Group ត្រូវ​បាន​ផ្ដល់​សម្បទាន​ដី​សម្រាប់​រុក​រក​រ៉ែ​ប្រមាណ​ជិត ៥​ពាន់​ហិកតារ។ គម្រោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា គេ​អាច​នឹង​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ។ ចំនួន​នៃ​ចំណូល​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​ឃ្លាំមើល​បរិស្ថាន​បង្ហាញ​ ការ​មិន​ទុក​ចិត្ត​ថា ជា​ការ​ពិត។

មន្ត្រី​អង្គការ Wildlife Alliance ដែល​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន United Khmer Group បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ហើយ។

លោកស្រី អេនទ្រា កូហ្វស្មែន បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ចម្ការ​ចេក​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ជនជាតិ​អូស្រ្តាលី ឈ្មោះ ភីធឺរ កូស្តេឡូ (Peter Costello)។ ក្រុមហ៊ុន​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​របស់​សត្វ​ ដំរី​ពី​ផ្លូវ​ធម្មជាតិ​ទៅ​ដើរ​តាម​តំបន់​មាន​ប្រជាជន​ច្រើន​ទៅ​វិញ។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ Global Witness លោក ចច បូដិន (George Boden) កាល​ពី​ថ្ងៃ ទី​១៣ មេសា បាន​ស្វាគមន៍​ការ​សម្រេច​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រាវ​រក​រ៉ែ​ថៃថេនញៀម ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា​ផល​ប៉ះពាល់​ដល់​បរិស្ថាន មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ “ការ​សំខាន់​ដែល​ត្រូវ​បាន​លើក​ឡើង​ឲ្យ ​ដឹង គឺ​ថា តាម​ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា ការ​ពិត​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន ដូចជា​ព្រៃ​ឈើ ចម្ការ​ដំណាំ និង​រ៉ែ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ អ្វី​ដែល​យើង​រក​ឃើញ គឺ​ការ​ផ្តល់​សម្បទាន​ទាំង​នោះ​ធ្វើ​ឡើង ដោយ​គ្មាន​បាន​គិតគូរ​ទៅ​លើ​បរិស្ថាន និង​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​លក់ និង​ការ​ផ្តល់់​សម្បទាន និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដល់​គម្រោង​ទាំង​អស់​ជា​ការ​ចាំបាច់ មិន​មែន​ធ្វើ​លើ​គម្រោង​តែ​មួយ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សម្រាប់​គម្រោង​ទាំង​អស់”

របាយការណ៍​របស់​អង្គការ Global Witnessឈ្មោះ​ថា ប្រទេស​សម្រាប់​លក់ ជា​របាយការណ៍​ស៊ើប​អង្កេត​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ដក​ស្រង់​ធនធាន​រ៉ៃ​កម្ពុជា ផ្សាយ​កាល​ពី​កុម្ភៈ ឆ្នាំ​២០០៩ បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​សំខាន់​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​វិស័យ​ធនធាន​ធម្មជាតិ។ ការ​ស៊ើប​អង្កេត​របស់​អង្គការ Global Witness បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផ្នែក ​ធនធាន​រ៉ែ។

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន United Khmer Group ដោយសារ​ផល​ប៉ះពាល់​ធម្មជាតិ​វា​ធ្ងន់ធ្ងរ​ជាង​ផល​ចំណេញ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រុមហ៊ុន United Khmer Group មិន​ទាន់​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​រក​រ៉ែ​នៅ​ឡើយ​ទេ គ្រាន់​តែ​សិទ្ធិ​ដើម្បី​សិក្សា​រ៉ែ​តែប៉ុណ្ណោះ។

រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការ​ស្នើ​សុំ​មិន​ឲ្យ​ផ្ដល់ ​សិទ្ធិ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី ដាំ​ចេក​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​​ពុធ ទី​១៣ ខែ​មេសា​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s