ដោយ វោហារ ជាតិ
2011-04-16
បងប្អូនអតីតខ្មែរក្រហមនៅអន្លង់វែង បាននាំគ្នាទៅបួងសួងបន់ស្រន់នៅមុខផ្នូរ ប៉ុល ពត ដើម្បីរំលឹកគុណ និងសុំពរជ័យ សេចក្ដីសុខ សេចក្ដីចម្រើន នៅក្នុងឆ្នាំថ្មី។
រូបថតថ្ងៃទី១ មេសា ២០១១៖ ផ្នូរ ប៉ុល ពត នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
មន្ត្រី និងប្រជាជនរស់នៅស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ជាប់ព្រំដែនខ្មែរ-ថៃ ភាគឧត្តរនៃប្រទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៥ មេសា ថាក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ បងប្អូនប្រជាជននៅអន្លង់វែង និងបងប្អូនមកពីតំបន់ផ្សេងៗ ទៀត បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំ ដូចប្រជាជនខ្មែរនៅទូទាំងប្រទេសដែរ តែក្រៅពីនេះ ពួកគេមួយចំនួនបាននាំគ្នាយកនំចំណីទៅសែន និងបន់ស្រន់នៅមុខផ្នូរ ប៉ុល ពត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសេរីសួស្ដីនាឱកាសឆ្នាំថ្មីនេះ។
ប៉ុល ពត ក្លាយទៅជាអ្នកតា?
កញ្ញា ស្រី ម៉ៅ នៅជាំស្រងាំ ចម្ងាយប្រមាណ ២០០ម៉ែត្រពីផ្នូរ ប៉ុល ពត ក្បែរព្រំដែនខ្មែរ-ថៃ បញ្ជាក់ថា ខ្មោច ប៉ុល ពត សព្វថ្ងៃហាក់ដូចជាអ្នកតាព្រៃភ្នំមួយរូប កំពុងល្បីឈ្មោះនៅតំបន់អន្លង់វែង មិនចាញ់លោកតាព្រៃភ្នំក្រំថ្មល្បីល្បាញគឺលោកយាយ ម៉ៅ ដែលត្រូវបានគេគោរពបូជាជាយូរយារណាស់មកហើយនោះ ប៉ុន្មានទេ ៖ «សែនកន្លែងយាយម៉ៅ កន្លែង ប៉ុល ពត អ្នកមកពីចម្ងាយភាគច្រើនមកបីខេត្តសៀមរាប»។
អតីតកងទ័ពខ្មែរក្រហមវ័យក្មេង ឈ្មោះ អ៊ិន និល ម្នាក់ ដែលមើលការខុសត្រូវផ្នូរ ប៉ុល ពត នោះ អះអាងថា អ្នកភូមិអ្នកស្រុកជាអតីតខ្មែរក្រហមនៅតែគោរពស្រឡាញ់ ប៉ុល ពត ធម្មតាដូចកាលគាត់នៅរស់ដូច្នោះដែរ ហើយពេលនេះផ្នូរ ប៉ុល ពត បានក្លាយជាទីកន្លែងសក្ការមួយថ្មីទៀតបន្ថែមលើអ្នកតាថែរក្សា ព្រៃភ្នំក្រំថ្មចាស់ ដែលខ្មែរស្ទើរពេញនគរគោរពបូជា គឺលោកយាយ ម៉ៅ នេះឯង ៖ «សែនព្រេនហៅគាត់ហៅអី អ៊ីចឹងទៅ ឲ្យគាត់មកហូបចុក អ៊ីចឹងទៅ ដូចជាបងប្អូនមកនេះ ក៏គាត់មកសែនព្រេនគាត់ដែរ បន់ស្រន់ឲ្យមានសេចក្ដីសុខ អ៊ីចឹងទៅ បន់ស្រន់សែនព្រេនសុំសេចក្ដីសុខ មានបាយ មានចេកមានអីហ្នឹង»។

មន្ត្រីមូលដ្ឋាន និងប្រជាជននៅអន្លង់វែងអះអាងថា ក្នុងចំណោមប្រជាជនទាំងនោះ ក៏មានក្រុមគ្រួសារប្រពន្ធកូនរបស់ ប៉ុល ពត នាំគ្នាធ្វើដំណើរពីស្រុកសំឡូត ខេត្តបាត់ដំបង មកគោរព ដុតធូប ទាន សែនផ្នូរ ប៉ុល ពត ជារៀងរាល់ឆ្នាំដែរ។
លោក សៀង សុខហេង ប្រធានមន្ទីរទេសចរណ៍ស្រុកអន្លង់វែង មានប្រសាសន៍នៅថ្ងៃទី១៥ មេសា ថា មាស សន ប្រពន្ធក្រោយរបស់ ប៉ុល ពត រួមទាំងកូនស្រីប្រពន្ធក្រោយរបស់ ប៉ុល ពត តែងតែមកដុតធូបទាន គោរពបូជា សែនព្រេនឲ្យ ប៉ុល ពត ជាប្ដី ជារៀងរាល់ឆ្នាំ មិនដែលខាន ៖ «ថ្ងៃ នេះ គាត់មិនទាន់ឃើញមកអុជធូបអុចអីទេ ព្រោះរាល់ឆ្នាំគាត់មក គាត់មកជួបខ្ញុំ មកសុំអុចធូប ធ្វើបុណ្យធ្វើទានអី។ ប៉ុន្តែពេលនេះ ឆ្នាំនេះអត់ទាន់ឃើញមកទេ ពេលបុណ្យទានគឺគាត់មក»។
ប៉ុល ពត ជាអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានស្លាប់នៅទីនេះ គឺនៅអន្លង់វែង នៅខែមេសា ឆ្នាំ១៩៩៨ ដោយគាំងបេះដូង ក្នុងពេលដែលរូបគាត់ឈឺចាស់ជរា ហើយត្រូវគេសែងក្នុងអង្រឹងរត់គេចពីទាហានរដ្ឋាភិបាលវាយសម្រុកយក អន្លងវែង ដែលជាទីតាំងតស៊ូរបស់ខ្មែរក្រហមចុងក្រោយបង្អស់។
ប៉ុល ពត ត្រូវបានគេដុតនៅលើដីទួលក្បែរព្រៃល្បោះ។ ផ្នូរខ្មោចនេះត្រូវគេពូនដីធម្មតា មានសង់រោងសសរពីរ ទាបប្របដី ដំបូលប្រក់ស័ង្កសីចាស់ៗ និងព័ទ្ធដោយសំណាញ់ជុំវិញកម្ពស់ត្រឹមជង្គង់ ការពារកុំឲ្យសត្វ ឬមាន់ទាកាយផ្នូរ។ គេឃើញមានកំប៉ុងជើងធូបពីរ ចានជ័រទាបពីរ បី ដាក់រាត់រាយផ្ទាល់ដីនៅក្បែរផ្នូរ សម្រាប់គេដាក់នំចំណី សែនព្រេនដល់ព្រលឹង ប៉ុល ពត។ ផ្នូរ ប៉ុល ពត ត្រូវបានគេដាក់ជាតំបន់ប្រវត្តិសាស្ត្រសម្រាប់ទេសចរមកកម្សាន្ត។ ប៉ុល ពត រួមទាំងមេដឹកនាំខ្មែរក្រហមកំពូលៗ ដូចជាបងធំទី២ នួន ជា និង ខៀវ សំផន អៀង ធីរិទ្ធ អៀង សារី ត្រូវបានសាលាក្ដីខ្មែរក្រហមកំពុងរៀបចំកាត់ទោសពីបទប្រល័យពូជ សាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានធ្វើឲ្យប្រជាជនខ្មែរជិត ២លាននាក់ស្លាប់ក្នុងរបប ប៉ុល ពត កាន់អំណាច ពី ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕