ហ៊ុន​សែន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​ចំនួន​១២


ដោយ ដែន អយុធ្យា
2011-04-08

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដែល​មិន​គោរព​តាម​កិច្ច​សន្យា។

RFA/Hang Savyouth

១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​របស់​ក្រសួង​ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​ចំនួន ១២​ក្រុមហ៊ុន ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

លោក​ឲ្យ​ដឹង​ថា ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំង​១២ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​កិច្ច​សន្យា ដោយ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​កាប់​ឈើ​លក់​នោះ ៖ «បញ្ហា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច យក​ទៅ​ហើយ​មិន​អនុវត្ត ត្រូវ​ពង្រឹង​អា​ហ្នឹង​ដក​មក​វិញ។ ម្សិល​មិញ​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​ដក ១២​ក្រុមហ៊ុន។ អ្នក​ដែល​សុំ​បាន​ដី​យក​ដី​ទៅ​ទុក​មិន​ធ្វើ​ការ​ដាំ​ដុះ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មាន​ទុន​ពិត​ប្រាកដ​អត់​មាន​ដី​ដាំដុះ។ អ៊ីចឹង​ឥឡូវ​យើង​ជំរុញ​បន្ត ហើយ ១២​ក្រុមហ៊ុន​ហ្នឹង​ក្រែង​មាន​ប្រាក់​កក់ ស៊ី​ដាច់​បណ្ដោយ​អត់​មាន​ឲ្យ​វិញ​ទេ។ ហើយ​ខ្ញុំ​គិត​ថា ត្រូវ​ដំឡើង​ប្រាក់​កក់ បើ​មិន​ដូច្នេះ​សុំ​អាជ្ញាប័ណ្ណ សុំ​ហើយ​យក​ទៅ​ទុក​ចោល ទី​ចុង​បំផុត​ទៅ​ជា​ព្រៃ​ដែល​គេ​កាប់​អនាធិបតេយ្យ»

យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១២ ដែល​លោក​បាន​ដក​អាជ្ញាប័ណ្ណ​នោះ​មាន​ឈ្មោះ​អ្វី និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ក្រៅ​ពី​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ចាត់​វិធានការណ៍​ក្ដៅ ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​ជូន​ប៉ុន្តែ​មិន​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​ដក​យក​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ៖ «មិន​ត្រឹម​តែ​លុប​ប៉ុណ្ណឹង​ ទេ ត្រូវ​តែ​ធ្វើ​ពិនិត្យ​ជា​ទូ​ទៅ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​យក​ទៅ​លក់​ទៅ​ទៀត។ ជួល​ពី​រដ្ឋ​មិន​បង់​កម្រៃ​ឲ្យ​រដ្ឋ​ត្រឹម​ត្រូវ ហើយ​មិន​បាន​ធ្វើ​ដំណាំ​ផង ហើយ​លក់​បន្ត​ទៀត ដូច​ភស្តុតាង​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​លោក ហេង សំរិន កន្លង​ទៅ គឺ​បាន​បង្ហាញ​ការ​លក់​ដី​ដ៏​ធំ​នៅ​ខេត្ត​រតនគីរី​ចំនួន ៣​សែន ៥​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម​មួយ»

ចំណែក​លោក អ៊ូ ចន្ទ​ប្ញទ្ធិ សមាជិក​សភា​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នឹង​មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ដែរ។ ប៉ុន្តែ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា ដែល​មិន​គោរព​តាម​កិច្ច​សន្យា​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត ៖ «តាម​ខ្ញុំ​ ចាំ​ពី​ឆ្នាំ​មុន​នោះ មាន​ក្រុមហ៊ុន​ច្រើន​ណាស់​រហូត​ដល់​ជាង​៦០ ដែល​ទទួល​បាន​ដី​សម្បទាន ប៉ុន្តែ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​ចំនួន​៥០ ក្នុង​ចំណោម​ក្រុមហ៊ុន ៦០​ហ្នឹង គឺ​មិន​បាន​ធ្វើ​អី​ទេ គឺ​បាន​តែ​កាប់​ឈើ​ទៅ ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ។ មាន​ន័យ​ថា យើង​ឃើញ​ថា នេះ​ជា​ការ​កេង​ប្រវ័ញ្ច​មក​លើ​រដ្ឋ​ច្រើន»

រហូត​មក​ដល់​ពេល​នេះ មិន​មាន​ប្រភព​ពី​រដ្ឋាភិបាល ឬ​ក៏​មន្ត្រី​បក្ស​ប្រឆាំង​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នោះ​ទេ។

ប៉ុន្តែ​លោក សុន ឆ័យ សមាជិក​សភា​បក្ស​សម​រង្ស៊ី បាន​អះអាង​ថា ទំហំ​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​វិនិយោគ​មាន​ជាង ២​លាន​ហិកតារ​គិត​ត្រឹម​ដាច់​ឆ្នាំ​២០១០ កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា រូប​លោក​នឹង​បន្ត​លុប​ចោល​អាជ្ញាប័ណ្ណ​ទៅ​លើ​ក្រុមហ៊ុន​ច្រើន​ទៀត ជា​ប្រភេទ​ក្រុម​ហ៊ុន​ស៊ីឡាក ឬ​ជា​ឈ្មួញ​កណ្ដាល​ដែល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន ហើយ​មិន​អភិវឌ្ឍ ដោយ​ទុក​ពេល​លក់​អាជ្ញាប័ណ្ណ​នោះ​បន្ត ឬ​យក​មក​សម្រាប់​តែ​កាប់​ឈើ​លក់​ប៉ុណ្ណោះ។

វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ដី​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដីសម្បទាន​មួយ​ចំនួន​បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពល​រដ្ឋ​យ៉ាង​ អយុត្តិធម៌​បំផុត​កន្លង​មក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s