អតីត​ទាហាន​ខ្មែរ​ក្រហម​រំលឹក​គុណ ប៉ុល ពត


ដោយ វោហារ ជាតិ
2011-04-16

បង​ប្អូន​អតីត​ខ្មែរ​ក្រហម​នៅ​អន្លង់​វែង បាន​នាំ​គ្នា​ទៅ​បួង​សួង​បន់ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​រំលឹក​គុណ និង​សុំ​ពរ​ជ័យ សេចក្ដី​សុខ សេចក្ដី​ចម្រើន នៅ​ក្នុង​ឆ្នាំ​ថ្មី។

RFA/Vohar Cheath

រូប​ថត​ថ្ងៃ​ទី​១ មេសា ២០១១៖ ផ្នូរ ប៉ុល ពត នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ

មន្ត្រី និង​ប្រជា​ជន​រស់​នៅ​ស្រុក​អន្លង់​វែង ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ ជាប់​ព្រំដែន​ខ្មែរ-ថៃ ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ បង​ប្អូន​ប្រជា​ជន​នៅ​អន្លង់​វែង និង​បង​ប្អូន​មក​ពី​តំបន់​ផ្សេងៗ ទៀត បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដូច​ប្រជា​ជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែរ តែ​ក្រៅ​ពី​នេះ ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​យក​នំ​ចំណី​ទៅ​សែន និង​បន់​ស្រន់​នៅ​មុខ​ផ្នូរ ប៉ុល ពត ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​សេរី​សួស្ដី​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ។

ប៉ុល ពត ក្លាយ​ទៅជា​អ្នកតា?

កញ្ញា ស្រី ម៉ៅ នៅ​ជាំ​ស្រងាំ ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ផ្នូរ ប៉ុល ពត ក្បែរ​ព្រំដែន​ខ្មែរ-ថៃ បញ្ជាក់​ថា ខ្មោច ប៉ុល ពត សព្វ​ថ្ងៃ​ហាក់​ដូច​ជា​អ្នក​តា​ព្រៃ​ភ្នំ​មួយ​រូប កំពុង​ល្បី​ឈ្មោះ​នៅ​តំបន់​អន្លង់​វែង មិន​ចាញ់​លោក​តា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ល្បី​ល្បាញ​គឺ​លោក​យាយ ម៉ៅ ដែល​ត្រូវ​បាន​គេ​គោរព​បូជា​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ ប៉ុន្មាន​ទេ ៖ «សែន​កន្លែង​យាយ​ម៉ៅ កន្លែង ប៉ុល ពត អ្នក​មក​ពី​ចម្ងាយ​ភាគ​ច្រើន​មក​បី​ខេត្ត​សៀមរាប»

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​វ័យ​ក្មេង ឈ្មោះ អ៊ិន និល ម្នាក់ ដែល​មើល​ការ​ខុស​ត្រូវ​ផ្នូរ ប៉ុល ពត នោះ អះអាង​ថា អ្នក​ភូមិ​អ្នកស្រុក​ជា​អតីត​ខ្មែរ​ក្រហម​នៅ​តែ​គោរព​ស្រឡាញ់ ប៉ុល ពត ធម្មតា​ដូច​កាល​គាត់​នៅ​រស់​ដូច្នោះ​ដែរ ហើយ​ពេល​នេះ​ផ្នូរ ប៉ុល ពត បាន​ក្លាយ​ជា​ទី​កន្លែង​សក្ការ​មួយ​ថ្មី​ទៀត​បន្ថែម​លើ​អ្នក​តា​ថែ​រក្សា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ចាស់ ដែល​ខ្មែរ​ស្ទើរ​ពេញ​នគរ​គោរព​បូជា គឺ​លោក​យាយ ម៉ៅ នេះ​ឯង ៖ «សែនព្រេន​ហៅ​គាត់​ហៅ​អី អ៊ីចឹង​ទៅ ឲ្យ​គាត់​មក​ហូប​ចុក អ៊ីចឹង​ទៅ ដូច​ជា​បង​ប្អូន​មក​នេះ ក៏​គាត់​មក​សែនព្រេន​គាត់​ដែរ បន់​ស្រន់​ឲ្យ​មាន​សេចក្ដី​សុខ អ៊ីចឹង​ទៅ បន់ស្រន់​សែន​ព្រេន​សុំ​សេចក្ដី​សុខ មាន​បាយ មាន​ចេក​មាន​អី​ហ្នឹង»

ប៉ុលពត
រូបថត ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៨ (Source: Wikipedia.org)

មន្ត្រី​មូលដ្ឋាន និង​ប្រជា​ជន​នៅ​អន្លង់​វែង​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ជន​ទាំង​នោះ ក៏​មាន​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់ ប៉ុល ពត នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​គោរព ដុត​ធូប ទាន សែន​ផ្នូរ ប៉ុល ពត ជា​រៀង​រាល់​ឆ្នាំ​ដែរ។

លោក សៀង សុខ​ហេង ប្រធាន​មន្ទីរ​ទេសចរណ៍​ស្រុក​អន្លង់វែង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា មាស សន ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត រួម​ទាំង​កូន​ស្រី​ប្រពន្ធ​ក្រោយ​របស់ ប៉ុល ពត តែង​តែ​មក​ដុត​ធូប​ទាន គោរព​បូជា សែន​ព្រេន​ឲ្យ ប៉ុល ពត ជា​ប្ដី ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន ៖ «ថ្ងៃ ​នេះ គាត់​មិន​ទាន់​ឃើញ​មក​អុជ​ធូប​អុច​អី​ទេ ព្រោះ​រាល់​ឆ្នាំ​គាត់​មក គាត់​មក​ជួប​ខ្ញុំ មក​សុំ​អុច​ធូប ធ្វើ​បុណ្យ​ធ្វើ​ទាន​អី។ ប៉ុន្តែ​ពេល​នេះ ឆ្នាំ​នេះ​អត់​ទាន់​ឃើញ​មក​ទេ ពេល​បុណ្យ​ទាន​គឺ​គាត់​មក»

ប៉ុល ពត ជា​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​នៅ​ទីនេះ គឺ​នៅ​អន្លង់វែង នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ដោយ​គាំង​បេះ​ដូង ក្នុង​ពេល​ដែល​រូប​គាត់​ឈឺ​ចាស់​ជរា ហើយ​ត្រូវ​គេ​សែង​ក្នុង​អង្រឹង​រត់​គេច​ពី​ទាហាន​រដ្ឋាភិបាល​វាយ​សម្រុក​យក​ អន្លង​វែង ដែល​ជា​ទីតាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​ចុង​ក្រោយ​បង្អស់។

ប៉ុល ពត ត្រូវ​បាន​គេ​ដុត​នៅ​លើ​ដី​ទួល​ក្បែរ​ព្រៃ​ល្បោះ។ ផ្នូរ​ខ្មោច​នេះ​ត្រូវ​គេ​ពូន​ដី​ធម្មតា មាន​សង់​រោង​សសរ​ពីរ ទាប​ប្រប​ដី ដំបូល​ប្រក់​ស័ង្កសី​ចាស់ៗ និង​ព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​កម្ពស់​ត្រឹម​ជង្គង់ ការ​ពារ​កុំ​ឲ្យ​សត្វ ឬ​មាន់​ទា​កាយ​ផ្នូរ។ គេ​ឃើញ​មាន​កំប៉ុង​ជើង​ធូប​ពីរ ចាន​ជ័រ​ទាប​ពីរ បី ដាក់​រាត់រាយ​ផ្ទាល់​ដី​នៅ​ក្បែរ​ផ្នូរ សម្រាប់​គេ​ដាក់​នំ​ចំណី សែនព្រេន​ដល់​ព្រលឹង ប៉ុល ពត។ ផ្នូរ ប៉ុល ពត ត្រូវ​បាន​គេ​ដាក់​ជា​តំបន់​ប្រវត្តិសាស្ត្រ​សម្រាប់​ទេសចរ​មក​កម្សាន្ត។ ប៉ុល ពត រួម​ទាំង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ៗ ដូច​ជា​បងធំ​ទី​២ នួន ជា និង ខៀវ សំផន អៀង ធីរិទ្ធ អៀង សារី ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​ សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់​ក្នុង​របប ប៉ុល ពត កាន់​អំណាច ពី ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s