ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

ដោយ យន់ សាមៀន
2011-04-18

សៀវភៅ​មាន​ចំណង​ជើង “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។

Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។

សៀវភៅ
សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia’s Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​ អង្គរ ៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប ​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម”

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)។