ខ្ញុំបានប្រើយូនីកូដយូរណាស់ហើយមិនដែលមានបញ្ហាអីទេ ។ ស្រាប់តែពេលនេះ ខ្ញុំបានជួបប្រទះបញ្ហាវាយអក្សមិនចេញ ។ អក្សរនោះគឹស្រៈពេញតួ ( ឫ) ដែលខ្ញុំចាំបាច់ត្រូវចូលទៅក្នុងនិមិត្តសញ្ញារួចបញ្ចូលដោយដៃវិញ ។ ឆ្គួតមែន តើមាននរណាដឹងថាដោះស្រាយយ៉ាងម៉េចទេ? ខ្ញុំសួរក្រុមខ្មែរអូអេសគេថាអត់ដឹង សួរបងហុងគាត់ឲ្យទៅមើលវេបសាយថ៍ ខ្មែរអិលស៊ី តែគ្មានបានចម្លើយសោះ ។ អស់ក្បាច់ហើយខ្ញុំ បាក់ដូចគោដីឥដ្ឋចឹង!
Month: May 2011
មន្ត្រីខ្មែរ៖ សភាពការណ៍តានតឹងនៅតំបន់ព្រំដែនកើតឡើងជាថ្មី
ដោយ យន់ សាមៀន និង ជុន ច័ន្ទបុត្រ
2011-05-27
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថានការណ៍តានតឹងផ្នែកយោធាកើតឡើងសាជាថ្មីទៀត នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ បន្ទាប់ពីថៃបញ្ជូនអ្នកសង្កេតការណ៍ខ្លួនមកកម្ពុជា។

០៦-កុម្ភៈ-២០១០: ទាហានខ្មែរនៅខ្សែត្រៀមតាមកំពែងខាងមុខនៃប្រាសាទព្រះវិហារ ក្នុងខែត្រព្រះវិហារ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា បានឲ្យដឹងថា សភាពការណ៍តានតឹងផ្នែកយោធានៅតាមព្រំដែនខ្មែរ និងថៃ ក្បែរប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ បានកើតឡើងសាជាថ្មីម្ដងទៀត ក្រោយពេលថៃ បានបញ្ជូនអ្នកយកការណ៍សម្ងាត់យោធាខ្លួនមកយកព័ត៌មានសម្ងាត់យោធា ខ្មែរតាមព្រំដែន។
មន្ត្រីឲ្យដឹងថា ភាពតានតឹងយោធានេះកើតឡើងចំពេលកិច្ចប្រជុំត្រីភាគីនៅទីស្នាក់ការ យូណេស្កូ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង ស្ដីពីរបាយការណ៍ខូចខាតប្រាសាទព្រះវិហារ កាលថ្ងៃទី២៥ ឧសភា។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្តថា កងទ័ពកម្ពុជា កំពុងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ដោយសារតែថៃ បានបញ្ជូនអ្នកយកការណ៍សម្ងាត់ស៊ើបការណ៍កងទ័ពកម្ពុជា។ បច្ចុប្បន្ននេះអ្នកស៊ើបការណ៍ថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនបាន និងកំពុងឃុំឃាំង។
លោកបន្តថា ជាទូទៅនៅពេលដែលថៃ បញ្ជូនអ្នកស៊ើបការណ៍មកតំបន់ព្រំដែន បន្ទាប់មកនឹងមានការវាយប្រហារមកលើទឹកដីកម្ពុជា ៖ «នៅក្នុង ន័យហ្នឹងគឺជាយុទ្ធសាស្ត្រមួយដែលថៃចង់យកការប្រឌិតហ្នឹងដើម្បី ឲ្យមានឥទ្ធិពលជះទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ដែលនឹងធ្វើសវនាការផ្ទាល់មាត់នៅចុងខែ (ឧសភា) នេះ។ បំណងរបស់គេគឺថា មិនបាច់ភាគីទី៣ លូកដៃទេ…។ នេះគឺជាការពន្យារពេល»។
ក្រសួងការពារជាតិខ្មែរកាលពីយប់ថ្ងៃព្រហស្បតិ៍ ក៏បានបដិសេធព័ត៌មានរបស់រដ្ឋមន្រ្តីការពារជាតិថៃ ដែលលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាបន្តគោរពស្មារតីនៃកិច្ចព្រមព្រៀងជាកញ្ចប់ធ្វើឡើងក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីនៅប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែឧសភា។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនធ្វើអ្វីផ្ទុយទៅនឹងដំណោះស្រាយជាកញ្ចប់ នេះឡើយ។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា កម្ពុជានឹងជួយភាគីថៃ ជាលក្ខណៈទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយព្រំដែនទេ ដោយសារកិច្ចប្រជុំទ្វេភាគីគ្មានលទ្ធផល និងបរាជ័យជាច្រើនលើករួចមកហើយ។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋាភិបាលចាំផ្ទះថៃ ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំព្រំដែន ប៉ុន្តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទ។ មន្ត្រីបន្តថា ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នឹងចាប់ផ្ដើមសិក្សាតំបន់មួយចំនួនតាមបណ្ដោយព្រំដែនខ្មែរ និងថៃ ដើម្បីកំណត់ទីតាំងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។
ជម្លោះព្រំដែនខ្មែរ និងថៃ កំពុងឋិតក្នុងការដោះស្រាយជាលក្ខណៈអន្តរជាតិ។
តុលាការយុត្តិធម៌អន្តរជាតិគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៣០ និង ៣១ ឧសភា ដើម្បីពិភាក្សាលើវិធានការបន្ទាន់មួយដើម្បីការពារប្រាសាទព្រះវិហារ។ តុលាការក៏នឹងបើកសវនាការជាសាធារណៈស្ដីពីបណ្ដឹងកម្ពុជា ឲ្យមានការបកស្រាយសាលក្រមតុលាការឆ្នាំ១៩៦២ ដែលបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្នុងបូរណភាពកម្ពុជា។
ហ្វីលីពីនត្រៀមបញ្ជូនអ្នកសង្កេតការណ៍មកតំបន់ជម្លោះខ្មែរ-ថៃ
ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក បេនីងូ អាគីណូ (Benigno Aquino) មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការជួយដោះស្រាយជម្លោះ កម្ពុជា-ថៃ។
លោក អាគីណូ បានប្រាប់អ្នកកាសែតក្រោយពីលោកបានជួបមេដឹកនាំថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ថា ប្រទេសហ្វីលីពីន ត្រៀមខ្លួនបញ្ជូនអ្នកសង្កេតការណ៍ហ្វីលីពីនទៅកាន់តំបន់មានជម្លោះ នោះ ដើម្បីជួយស្ដារស្ថានការណ៍ឡើងវិញប្រសិនបើចាំបាច់៕
រដ្ឋាភិបាលកម្ពុជាត្រៀមទប់ទល់ការប្រែប្រួលធម្មជាតិ
ដោយ សេក បណ្ឌិត
2011-05-25
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ផែនការជាតិត្រៀមបម្រុងលើកទីមួយ ដើម្បីទប់ទល់គ្រោះមហន្តរាយ ដែលគេធ្វើការសិក្សាតាំងពីឆ្នាំ ២០១០ មក នឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខនេះ។

ព្យុះកេតសាណា បានជនលិចផលដំណាំ និងធ្វើឱ្យមនុស្សរាប់ពាន់គ្រួសារត្រូវជម្លៀស នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ ២០០៩។ ទូក គឺជាមធ្យោបាយធ្វើដំណើរចម្បងសម្រាប់អ្នកស្រុកធ្វើដំណើរទៅកាន់ តំបន់ ដែលលិចលង់។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក រស់ សុវណ្ណរេត មានប្រសាសន៍បញ្ជាក់ថា ផែនការនេះ ជាគម្រោងធំមួយ និងជាលើកដំបូងសម្រាប់ថ្នាក់ជាតិទាក់ទងនឹងគ្រោះមហន្តរាយ ហើយគេនឹងដាក់ឲ្យអនុវត្ត នៅឆ្នាំ ២០១១ និងឆ្នាំ ២០១២ ។
លោក រស់ សុវណ្ណរេត ៖ « បើសិនជាឆ្នាំ ២០១១ នេះ មានទឹកជំនន់រាំងស្ងួត យើងអាចធ្វើតេស្តសាកល្បងផែនការយើងបាន។ ឥឡូវផែនការថ្នាក់ជាតិនេះយើងឈានទៅដល៧០%ហើយ ឥឡូវនេះយើងកំពុងដំណើរការប្រមូលទិន្នន័យស្នូលពីថ្នាក់ខេត្ត និងក្រសួង ដើម្បីយកមកច្របាច់បញ្ចូល ដើម្បីធ្វើផែនការចង់និយាយថា បើមានហេតុការណ៍អីភ្លាមយើងអត់ត្រូវអង្គុយគិតថា ត្រូវធ្វើអីខ្លះទេ ព្រោះយើងមានមូលដ្ឋានហើយស្រេច គ្រាន់តែបើកសៀវភៅនោះឡើងមក យើងអនុវត្តតែម្ដងបាទ»។
លោកបន្តថា គម្រោងនេះ នឹងបង្ហាញជូនយ៉ាងពិស្ដារនូវផែនទីភូមិសាស្ត្រ និងធនធាន ដែលមានស្រាប់នៅក្នុងតំបន់ណាមួយ អំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យទាក់ទងព័ត៌មានតាមរយៈខ្សែបណ្ដោយ ខ្សែទទឹង ដើម្បីឲ្យដឹងទូលំទូលាយនូវមុខសញ្ញានៃគ្រោះថ្នាក់ កាត់បន្ថយគ្រោះថ្នាក់ និងត្រូវមានវិធានការចាំបាច់ក្នុងការជួយសង្គ្រោះបន្ទាន់។
លោក រស់ សុវណ្ណរេត ៖ «នៅក្នុងប្រតិបត្តិការឆ្លើយតបគ្រោះទឹក ជំនន់ បើសិនជាមានគ្រោះទឹកជំនន់ តើយើងត្រូវការស្អីខ្លះ? យើងត្រូវការខាងផ្នែកខាងសុខភាពសាធារណៈ នៅក្នុងនោះមានតាំងពីការព្យាបាល ការសង្គ្រោះ ការផ្សព្វផ្សាយអប់រំ។ យើងត្រូវការផ្នែកស្បៀង មានស្បៀងសង្គ្រោះបន្ទាន់ មានសន្តិសុខស្បៀង។ យើងត្រូវការខាងជម្រក បើសិនជាបងប្អូនត្រូវការជម្លៀសពីតំបន់ទទួលរងគ្រោះ ទៅតំបន់ទីទួលមានសុវត្ថិភាព យើងត្រូវការសន្តិសុខសណ្ដាប់ធ្នាប់។ល។ ទាំងអស់នឹងយើងបានយកវាមកចងក្រងជាប្រព័ន្ធ ហើយដាក់ចូលក្នុងផែនការគោលរបស់យើងតែម្ដង»។
កន្លងមកលោកទទួលស្គាល់ថា ការត្រៀមបម្រុងនៅមានការខ្វះខាតច្រើន ទាំងថវិកា និងបច្ចេកទេសផ្សេងៗ នៅក្នុងការជួយសង្គ្រោះ ពេលមានគ្រោះអាសន្នម្ដងៗ។
លោក រស់ សុវណ្ណរេត បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែរ ដូចជា ក្រសួងធនធានទឹក បរិស្ថាន កសិកម្ម ក្នុងការធ្វើផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ជាច្រើនទៀត ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយនេះ មានជាអាទិ៍ គឺគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាគម្រោងដ៏ធំមួយ ក្នុងឆ្នាំ ២០១១ នេះ ទាក់ទងនឹងការគ្រប់គ្រងការប្រែប្រួលធនធានទឹកទន្លេមេគង្គ។
លោក រស់ សុវណ្ណរេត ៖ «ក្នុងនោះខ្ញុំបានពិនិត្យមើលគម្រោងធំនោះ ឃើញថាវាជាគម្រោងធំមានលក្ខណៈល្អ ដោយសារ ក្រសួងធនធានទឹកគាត់បានត្រៀមលក្ខណៈជាច្រើន ត្រូវការកសាងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធជាច្រើនទាក់ទងនឹងការ គ្រប់គ្រងទឹក ដើម្បីបង្ការគ្រោះទឹកជំនន់ផង ក៏ដូចជាការពារគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះឯង»។
ទោះយ៉ាងនេះក្ដី លោកមិនទាន់បានបង្ហាញពីចំនួនថវិកា ដើម្បីអនុវត្តគម្រោងនីមួយៗ នៅឡើយទេថានឹងត្រូវការចំណាយអស់ទឹកប្រាក់ចំនួនប៉ុន្មាន ពីព្រោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពុំមានខ្ទង់ថវិកាខ្លួនឯង ផ្ទាល់ក្នុងការអនុវត្តគម្រោងនោះឡើយ គឺថវិកាដែលត្រូវចំណាយលើការអនុវត្តគម្រោង អាស្រ័យលើការឧបត្ថម្ភរបស់អង្គការមិនរដ្ឋាភិបាល អង្គការអន្តរជាតិ និង ក្រសួងជំនាញដែលមានការពាក់ព័ន្ធ។
ស្របពេលនេះដែរ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងផែនការរបស់ខ្លួនដែរ ដោយមានការឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតស្ដីពីឥរិយាបថនៃការយល់ដឹងពីការ ប្រែប្រួលអាកាសធាតុនៅកម្ពុជា កាលពីដើមខែឧសភា ឆ្នាំ ២០១១ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត មានប្រសាសន៍ឲ្យដឹងថា ធនាគារពិភពលោក បានជួយឧបត្ថម្ភទឹកប្រាក់ប្រមាណ ៥០ លានដុល្លារអាមេរិក ចូលរួមសកម្មភាព ទប់ទល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដូចជា ការកសាងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជួយទ្រទ្រង់លើវិស័យកសិកម្ម ដើម្បីឲ្យមានភាពសាំនឹងការប្រែប្រួលអាកាសធាតុ។
លោក ម៉ុក ម៉ារ៉េត ៖ «យើងកំពុងធ្វើគ្រប់កន្លែង ដាក់តាក់ទិចយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍធនធានទឹក ត្រូវធ្វើម៉េចឲ្យបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវទៅព្រមជាមួយគ្នា។ នៅក្នុងហ្នឹង យើងត្រូវធ្វើគ្រប់យ៉ាង តាំងពីប្រព័ន្ធធារាសាស្ត្រ ធ្វើទំនប់ទប់ទឹក ទប់អី ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងគិតគូពីបញ្ហារកពូជស្រូវណា ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់ថា គម្រោងនេះ ត្រូវការថវិកាច្រើនទៀត ដើម្បីអនុវត្តការងារនេះ និងត្រូវការចូលរួមពីប្រជាពលរដ្ឋ និងអ្នកជំនាញ និងមានបទពិសោធន៍លើបញ្ហានេះពីគ្រប់មជ្ឈដ្ឋាន។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក អេនឆា ស្រ៊ីនីវាសាន (Ancha Srinivasan) បានឲ្យដឹងកាលពីខែមីនា ឆ្នាំ ២០១១ ថា ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានឧបត្ថម្ភដល់ប្រទេសកម្ពុជានូវទឹកប្រាក់ចំនួន ១៥ លានដុល្លាររួចមកហើយដែរ សម្រាប់អភិវឌ្ឍគម្រោងទប់ស្កាត់បម្រែបម្រួលអាកាសធាតុនាពេលកន្លង មក។
មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីរូបនេះបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។
ប្រទេសកម្ពុជាបានចាប់ផ្ដើមអនុវត្តគម្រោងរៀបចំយុទ្ធសាស្ត្រ កម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុ ដែលកម្មវិធីនេះ គេសំដៅបញ្ជ្រាបនូវបញ្ហាបម្រែបម្រួលអាកាសធាតុចូលទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិ ដែលមានការជួយឧបត្ថម្ភគាំទ្រពីម្ចាស់ជំនួយធំៗ មួយចំនួន។
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាផលប៉ះពាល់មួយដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ដោយបង្កឲ្យមានទឹកជំនន់ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រជាដើម។ សេដ្ឋកិច្ចកម្ពុជាបានអាស្រ័យទៅលើអាកាសធាតុជាចម្បង ពិសេសវិស័យកសិកម្ម និងធនធានទឹកផងដែរ៕
កិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង
ដោយ អ៊ុក សាវបូរី
2011-05-25
មន្ត្រីកម្មវិធីស្បៀងអាហារសហភាពអឺរ៉ុប ( FAO EUROPEAN UNION FOOD FACILITY PROJECT) និងមន្ត្រីរដ្ឋាភិបាល ផ្នែកកសិកម្ម និងបរិស្ថាន បានជួបពិភាក្សាគ្នាអំពីផលវិបាកនានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីពេលថ្មីៗ នេះ។

ដីស្រែស្ងួតហួតហែងនៅរដូវប្រាំង នៅភូមិក្បាលរមាស ខេត្តរតនគិរី។
នៅថ្ងៃពុធ ទី ២៥ ខែឧសភា ក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការសហប្រជាជាតិ ជាង ៩០ នាក់ បានជួបពិភាក្សាគ្នាអំពីការប្រែប្រួលអាកាសធាតុ នៅពេលបច្ចុប្បន្ន និងស្ដីអំពីវិធានការនានា ដើម្បីការពារផលដំណាំ និងសត្វចិញ្ចឹម នៅពេលមានគ្រោះធម្មជាតិកើតឡើង និងវិធីបញ្ចៀស ព្រមទាំងការប្រកាសគ្រោះអាសន្ន មុនពេលកើតមានគ្រោះធម្មជាតិទាំងនោះ ដើម្បីឲ្យកសិករមានការប្រុងប្រយ័ត្ន និងចូលរួមការពារ។
អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក អ៊ិត ណូឌី មានប្រសាសន៍នៅថ្ងៃពុធ ទី ២៥ ខែឧសភាថា ប្រទេសជប៉ុន និងប្រទេសអាមេរិក ក្នុងឆ្នាំ ២០១១ រងនូវគ្រោះធម្មជាតិរលកយក្សស៊ូណាមិ ជំនន់ ខ្យល់ព្យុះ ដោយសារការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រែប្រួលអាកាសធាតុនេះ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បញ្ហាសន្តិសុខស្បៀង។
នៅកម្ពុជា ការកាប់បំផ្លាញព្រៃឈើជាង ៣ លានហិកតារ ការដុតកាកសំណល់ដំណាំ និងដុតព្រៃដំណាំកសិកម្ម និងការដាំដុះស្រូវប្រដេញទឹកជាប្រចាំ ក៏រួមចំណែកបង្កើនឧស្ម័នផ្ទះកញ្ចក់ភាយទៅលើបរិយាកាស ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដែរ។ ក្រសួងកសិកម្ម បានចុះពន្យល់ប្រជាកសិករ ឲ្យកែប្រែទម្លាប់ទាំងនោះ និងដាំកូនឈើ ដើម្បីការពារព្រៃឲ្យបាន ៦០% វិញ។
សំឡេង ៖ «អ្វីដែលយើងចង់បាន គឺធ្វើយ៉ាងណាឲ្យកសិករយើង ចេះបច្ចេកទេសដាំដុះ ម្ចាស់ការច្នៃប្រឌិត។ ២ ឆ្នាំហើយ យើងធ្វើសន្និបាតកសិករ ដើម្បីស្វែងរកនូវកសិករឆ្នើមៗ លើការងារឆ្នៃប្រឌិតគ្រប់វិស័យ»។
តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (FAO) លោក អែជេ មិខិនដេ (Ajay Markanday) ថ្លែងថាការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាការគំរាមកំហែងដ៏ធំមួយ ចំពោះការសម្រេចទៅលើលទ្ធផលនៃការខិតខំប្រឹងប្រែងឲ្យមានសន្តិសុខ ស្បៀង។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ហានិភ័យនេះ ទើបអង្គការ FAO ផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជានូវសមត្ថភាពបច្ចេកទេសកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះ គឺធ្វើយ៉ាងណា គ្របដណ្ដប់ឲ្យបានទៅលើជីវៈចម្រុះ និង ការកសាងសមត្ថភាព ដោយផ្ទេរបច្ចេកវិទ្យា ដើម្បីការស្ដារព្រៃស្រោងឡើងវិញ។
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI លោក អ៊ុក មករា មានប្រសាសន៍ថា កម្ពុជាត្រៀមពូជស្រូវប្រើទឹកតិច សម្រាប់ការពារគ្រោះរាំងស្ងួត និងស្រូវដែលធន់នឹងទឹកជំនន់។ ពូជស្រូវដាំសម្រាប់រាំងស្ងួត គឺ ខារ ៣ (CAR3) និងខារ ៤ (CAR4)។
ឯពូជស្រូវដែលធន់នឹងទឹកជំនន់ លោក អ៊ុក មករា ថ្លែងថា មានដូចជាពូជស្រូវ ៖ «ពូជ ផ្ការំដួល ពូជខារ ៩ ពូជផ្ការំដេង ពូជផ្ការមៀតជាដើមនេះ ដែលខ្ញុំមានបង្ហាញនេះ គឺវាធន់នឹងទឹកជំនន់។ ប៉ុន្តែ ទន្ទឹមនឹងយើងមិនទាន់ពេញចិត្តទេ យើងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្តថែមទៀត ដើម្បីពង្រឹងពូជអស់ហ្នឹង ឲ្យវាកាន់តែធន់ទ្រាំទៅនឹងទឹកជំនន់ ឬរាំងស្ងួតថែមទៀត»។
មន្ត្រីអង្គការ យូ.អិន.ឌី.ភី (UNDP) លោក ឃីម ឡាយ បានឲ្យដឹងថា ថវិកាចំនួន ២០ លានដុល្លារអាមេរិកសម្រាប់ផែនការ ៥ ឆ្នាំ គឺឆ្នាំ ២០១១ ឆ្នាំ ២០១៥ អង្គការនេះកំពុងធ្វើការងារគាំទ្រ ដើម្បីកសាងនូវភាពធន់ និងការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា ដោយធ្វើការអប់រំសហគមន៍តាមរយៈសិក្ខាសាលា និងកិច្ចប្រជុំជាដើម៕
សហគមន៍ព្រៃឡង់សុំឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃ
ដោយ ទីន ហ្សាការីយ៉ា
2011-05-26
ប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងខែត្រចំនួន ៤ បាននាំគ្នាឡើងមកទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ឧសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃ ឈើ។

ប្រជាសហគមន៍ការពារព្រៃឡង់ មកពីខែត្រចំនួន ៤ តវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឡង់ នាសួនសេរីភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១។
ការកាប់បំផ្លាញព្រៃឡង់ពីសំណាក់ក្រុមហ៊ុនមួយចំនួនដែលទទួលបាន អាជ្ញាប័ណ្ណពីរដ្ឋាភិបាលនៅក្នុងខែត្រចំនួន ៤ បានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅតំបន់ព្រៃឡង់ បានសម្ដែងក្ដីកង្វល់អំពីការប្រែប្រួលអាកាសធាតុ បញ្ហាជីវភាពប្រចាំថ្ងៃដែលពឹងអាស្រ័យលើអនុផលព្រៃឡង់។
ការលើកឡើងរបស់ជនជាតិដើមភាគតិចនេះ ដោយសារតែព្រៃឡង់មានតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សហគមន៍មូលដ្ឋាន ជាប្រភពទឹកហូរចូលបឹងទន្លេសាប រក្សាលំនឹងខាងបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងប្រទេស តំបន់ និងពិភពលោកដោយមានប្រសិទ្ធភាព។
សំឡេងច្រៀង ៖ «ឥឡូវរាស្ត្រខ្មែរអ្នកស្រែចម្ការ ចិញ្ចឹមអាត្មាដោយសារធម្មជាតិ ជានិច្ចរួមរស់មិនឲ្យឃ្លៀងឃ្លាត ពឹងលើធម្មជាតិ…»។
ប្រជាសហគមន៍ការពារព្រៃឡង់មកពី ៤ខែត្រនោះ រួមមានខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ ជិត ២០០នាក់ បានមកដង្ហែក្បួន ព្រមទាំងកាន់បដាសរសេរសុំឲ្យប្រមុខរដ្ឋាភិបាលជួយទប់ស្កាត់ ក្រុមហ៊ុនកុំឲ្យឈូសឆាយដី និងកាប់ព្រៃឡង់តទៅទៀត។
ស្ត្រីជនជាតិកួយ ឈ្មោះ តី សូ បានរៀបរាប់អំពីផលប៉ះពាល់ដូច្នេះ ៖ «មុខ របរយើងខ្ញុំដូចជាចៀរជ័រ វល្លិ រកអនុផល អត់បានពិបាក។ ផលអនុផលមានដូចជាជ័រទឹក ជ័រចុង មានវល្លិគ្រប់មុខ មានផ្ដៅ មានផ្លែឈើ មើមឈើ ឱសថបុរាណ មានឈើលំនៅឋាន»។

ឯកសារសិក្សាអំពីព្រៃឡង់បានសរសេរថា ព្រៃឡង់ជាព្រៃឈើធំជាងគេបង្អស់ ជាព្រៃស្រោង ហើយមានស្លឹកគ្រប់រដូវកាលដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន។ ព្រៃឡង់មានផ្ទៃដីទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា គ្របដណ្ដប់ព្រៃស្រោង និងតំបន់ស្នូលមានទំហំប្រមាណ ៨ម៉ឺនទៅ១សែនហិកតារ។ ព្រៃនេះរួមមានប្រព័ន្ធបរិស្ថានចំនួន ៧ ដោយឡែកពីគ្នា ព្រៃវាល ល្បាប់ ភក់ ដែលចាស់ជាងគេ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះជាដើម។
សហគមន៍ការពារព្រៃឡង់ដែលមកពីចំនួន ៤ខែត្រនេះ ក៏បានដាក់ញត្តិទៅស្ថាប័នដែលពាក់ព័ន្ធមួយចំនួន ដើម្បីសុំឲ្យបញ្ឈប់កាប់ព្រៃឡង់តទៅទៀត ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងថាមពល មន្ទីររដ្ឋសភាជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងញត្តិនោះ ពួកគេបានទាមទារចំនួន ៦ចំណុចសំខាន់ៗ មានដូចជាសុំបញ្ឈប់ការផ្ដល់ដីសម្បទាននានាក្នុងតំបន់ព្រៃឡង់ លុបអាជ្ញាប័ណ្ណគ្រប់វិស័យដែលបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់ព្រៃ ឡង់ លុបបំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងព្រៃឡង់ ទុកដីដែលបានឈូសឆាយឲ្យដុះឡើងវិញជាលក្ខណៈធម្មជាតិ សុំឲ្យរដ្ឋាភិបាលគាំទ្រ និងទទួលស្គាល់បណ្ដាញសហគមន៍ព្រៃឡង់ និងសុំឲ្យមានកិច្ចសហការរវាងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាមួយបណ្ដាញព្រៃឡង់ក្នុងកិច្ចការពារ និងថែរក្សាព្រៃឡង់ទាំងមូលឲ្យស្ថិតស្ថេរគង់វង្ស។
ឯកសារដែលទទួលបានពីសហគមន៍ការពារព្រៃឡង់បានបង្ហាញថា នៅក្នុងខែត្រកំពង់ធំ មានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ ក្រុមហ៊ុនចម្ការកៅស៊ូទំរីង ក្រុមហ៊ុន ភី.អិន.ធី (PNT) និងក្រុមហ៊ុនមួយចំនួនទៀតនៅក្នុងខែត្រក្រចេះ ខែត្រស្ទឹងត្រែង និងខែត្រព្រះវិហារ កំពុងកាប់ព្រៃឡង់នេះ ដែលជាក្ដីកង្វល់ពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃឡង់។
អភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន បានមានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដាំដើមកៅស៊ូនៅ ក្នុងខែត្រកំពង់ធំ នោះ គឺគណៈកម្មការខែត្រសហការនឹងក្រសួងកសិកម្ម បានចុះទៅសិក្សាអំពីផលប៉ះពាល់រួចរាល់ហើយ។
លោក អ៊ុត សំអន បានបញ្ជាក់ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាក្រុមហ៊ុនវៀតណាម បានទទួលផ្ទៃដីប្រមាណ ១ម៉ឺនហិកតារ ប៉ុន្តែក្រោយមកឃើញថា ប៉ះពាល់ដល់ព្រៃឈើព្រៃឡង់នេះ គឺរដ្ឋាភិបាលបានកាត់មកនៅជាង ៦ពាន់ហិកតារវិញ។
ទាក់ទងទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជននេះ ដែរ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ច័ន្ទ តុងអ៊ីវ មិនធ្វើការអធិប្បាយទេ ដោយលោកបង្វែរឲ្យសួរទៅលោក អ៊ិត ណូឌី វិញ។
នៅថ្ងៃទី២៥ ឧសភា វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ិត ណូឌី ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលបានមកដង្ហែក្បួននៅទីលានសេរីភាពនោះ គឺពួកគេបានពាក់អាវពណ៌បៃតងនៅលើផ្ទៃមុខ និងខ្នង គេបានគូររួបស្លឹកឈើ និងរូបដើមឈើ ដែលជាសារមួយផ្ញើទៅរដ្ឋាភិបាលកម្ពុជាថា ពួកគេត្រូវការដើមឈើនៅគង់វង្ស ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស ដូចជាធ្វើឲ្យមានបរិស្ថានយូរអង្វែង សន្តិសុខស្បៀង និងទឹក។
ព្រៃឡង់ក្រៅអំពីការផ្ដល់អនុផលដល់ប្រជាពលរដ្ឋក៏ផ្ដល់ប្រយោជន៍ ដល់មច្ឆាជាតិផងដែរ ព្រៃឡង់ គឺជាទីជម្រាលដ៏សំខាន់ដែលសម្រួលទឹក និងកាកសំណល់ដែលហូរចាក់ចូលទៅបឹងទន្លេសាប និងជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពង។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា ការកាប់ព្រៃឡង់ ក្រៅពីការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏វាប៉ះពាល់ដល់បរិស្ថានកម្ពុជាដែរ ៖ «ឃើញថា បរិស្ថានស្រុកខ្មែរប្រែប្រួលយ៉ាងខ្លាំង ត្រូវក្ដៅ គឺក្ដៅស្ទើរតែបែកក្បាល ពេលភ្លៀងមានរន្ទះបាញ់ អ៊ីចឹងយើងឃើញថា បញ្ហាគ្រោះធម្មជាតិកំពុងតែញាំញីនៅក្នុងប្រទេសកម្ពុជា»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ បានមានប្រសាសន៍ថា លោកនឹងធ្វើលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បីឲ្យមានវិធានការការពារព្រៃឡង់ ៖ «អារឿងដឹកឈើហ្នឹង គឺដឹករាល់តែយប់ សុំឲ្យរដ្ឋាភិបាលហ្នឹងគិតរឿងហ្នឹងមែនទែន! ឥឡូវលែងអារឈើនៅក្នុងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀតហើយ គឺគេដឹកយកទៅអារនៅខែត្រកំពង់ចាម ហើយគេយកទៅយួន»។
ប្រជាសហគមន៍ដែលមកទាំង ៤ខែត្រនេះ បានត្អូញត្អែរក្នុងទឹកមុខស្រពោនថា ប្រសិនបើព្រៃឡង់ត្រូវក្រុមហ៊ុននៅតែកាប់បំផ្លាញបន្តទៀតនោះ វាសនារបស់ពួកគាត់នៅតំបន់ព្រៃឡង់នឹងប្រឈមនឹងការលំបាកផ្នែក ជីវភាពជាងការរស់នៅសព្វថ្ងៃទៀត ៖ «ម្យ៉ាងទៀតយើងខ្ញុំមកទីនេះ គឺចង់ឲ្យរាជរដ្ឋាភិបាលហ្នឹងគាត់ទទួលស្គាល់ព្រៃឡង់ ដើម្បីរស់នៅបានស្រួលនៅតំបន់នោះ ព្រោះតំបន់ព្រៃឡង់ជាតំបន់ជនជាតិភាគតិច»។
ឯកសារសិក្សាអំពីព្រៃឡង់ដដែលបានសរសេរថា គិតមកទល់ឆ្នាំ២០១០ កន្លងទៅ រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុន ជិត ៣០ក្រុមហ៊ុន នៅក្នុងតំបន់ព្រៃឡង់ ដែលនៅចំនួន ៤ខែត្រ គឺខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ។
ប្រភពចំណូលដ៏សំខាន់របស់សហគមន៍ព្រៃឡង់ បានមកពីដើមច្បោះ ពីព្រោះថា ព្រៃឡង់មានដើមជ័រច្បោះពី ៧០% ទៅ ៧៥% ដែលសហគមន៍ព្រៃឡង់អាស្រ័យផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ គ្រប់រដូវកាល។
គិតពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ពេលនេះមានដើមច្បោះនៅក្នុងតំបន់ព្រៃឡង់មានជាង ២០ម៉ឺនដើម ដែលត្រូវបានក្រុមហ៊ុន និងអ្នកមានអំណាចកាប់បំផ្លាញ៕
កម្ពុជាបដិសេធការដកកងទ័ពចេញពីតំបន់ ព្រំដែន
ដោយ ទីន ហ្សាការីយ៉ា
2011-05-06
កម្ពុជាបានបដិសេធចំពោះការស្នើសុំរបស់ថៃ អំពីការដកទ័ពចេញពីតំបន់ព្រំដែន ដើម្បីទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកពិនិត្យមើលអំពីស្ថានការណ៍ជម្លោះខ្មែរ-ថៃ។

ទាហានខ្មែរត្រៀមប្រយុទ្ធនៅតំបន់ជិត ប្រាសាទព្រះវិហារ រូបថតថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៦ ឧសភា ថា កម្ពុជាមិនព្រមដកកងទ័ពចេញពីទឹកដីរបស់ខ្លួននៅតំបន់ប្រាសាទ ព្រះវិហារមុនពេលអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកកាន់តំបន់ព្រំដែន ដែលថៃអះអាងថា ជាតំបន់ជម្លោះនោះទេ។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កងទ័ពកម្ពុជា គឺឈរជើងនៅលើទឹកដីរបស់ខ្លួននៅតាមតំបន់ព្រំដែន ដូច្នេះថៃគ្មានភារកិច្ចណាមួយបង្គាប់ឲ្យកម្ពុជា ដកទ័ពចេញពីតំបន់ព្រំដែននោះទេ ហើយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី គ្រោងនឹងមកតំបន់ព្រំដែនដើម្បីត្រួតពិនិត្យបទឈប់បាញ់នោះជា ភារកិច្ចរបស់ឥណ្ឌូណេស៊ី។
ការបដិសេធរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរនេះ នៅបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃ៥ ឧសភា បានប្រកាសថា លោកនឹងមិនចុះហត្ថលេខាទទួលស្គាល់ឯកសារលក្ខខណ្ឌប្រតិបត្តិទេ ប្រសិនបើកម្ពុជា មិនដកកងទ័ព និងប្រជាពលរដ្ឋខ្លួនចេញពីតំបន់ដែលថៃអះអាងថា ជាជម្លោះជាមុន។
ដោយឡែកនៅរសៀលថ្ងៃទី៦ ឧសភា កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ បានស្រង់សម្ដីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង នៅឯទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី នៅបន្ទាប់ពីលោកបានជួបប្រជុំបន្ទាន់មួយរយៈ ៣០នាទីជាមួយប្រធានអាស៊ានលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ថា កម្ពុជាមិនព្រមដកទ័ពចេញពីទឹកដីរបស់ខ្លួននៅតំបន់ព្រំដែននោះ ដែរ ដោយរង់ចាំរហូតដល់ថៃ យល់ព្រមទទួលយកលក្ខខណ្ឌរបស់ឥណ្ឌូណេស៊ី (TOR) ក្នុងការដាក់អ្នកសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារនោះ។
ទោះជាយ៉ាងណា កាសែតបាងកក ប៉ុស្តិ៍ បានស្រង់សម្ដីរបស់ប្រធានអាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា បានឲ្យដឹងនៅថ្ងៃទី៦ ឧសភា បន្ទាប់ពីកិច្ចប្រជុំពិសេសសហរដ្ឋមន្ត្រីការបរទេសនៅប្រទេស ឥណ្ឌូណេស៊ី ថា ភាគីថៃបានទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកត្រួតពិនិត្យនៅតំបន់ជម្លោះហើយ ប៉ុន្តែលោក ម៉ាទី មិនបានបញ្ជាក់ច្បាស់នៅឡើយថា តើថៃយល់ព្រមទទួលអ្នកសង្កេតការណ៍នេះទាំងកម្ពុជាមិនព្រមដកទ័ព ចេញពីតំបន់ព្រំដែន ឬយ៉ាងណានោះទេ?
លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ក៏បានបញ្ជាក់យល់ព្រមទទួលយកលក្ខខណ្ឌប្រតិបត្តិរបស់ឥណ្ឌូណេស៊ី ផងដែរ នៅក្នុងកិច្ចប្រជុំពិសេសសហរដ្ឋមន្ត្រីការបរទេស ដែលគេធ្វើឡើងនៅទីក្រុងហ្សាកាតា នៅមុនពេលបើកកិច្ចប្រជុំកំពូលអាស៊ាននោះ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ជាអង្គការតំណាងឲ្យគណបក្សភាគច្រើននៃគណបក្សកាន់អំណាច គណបក្សប្រឆាំង និងគណបក្សឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៥ ឧសភា បន្ទាប់ពីបើកកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយអំពាវនាវឲ្យកម្ពុជា-ថៃ គោរពនូវសន្ធិសញ្ញាអន្តរជាតិ និងកតិកាសញ្ញានានាដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយបញ្ឈប់ស្ថានការណ៍ដ៏គ្រោះថ្នាក់ គឺវាយប្រហារគ្នារវាងកងទ័ពទាំងពីរ និងត្រូវជួយធានាឲ្យមានភាពប្រក្រតីឡើងវិញនៅតាមព្រំដែនកម្ពុជា- ថៃ៕
ឥណទានតម្លៃការប្រាក់ទាបជួយកសិករនៅប៉ៃលិន
ដោយ សួន សុផល មុន្នី
2011-05-06
មានសហគមន៍ចំនួន ៣៤ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់កសិករក្នុងការអភិវឌ្ឍន៍លើវិស័យកសិកម្មនៅក្នុងខេត្ត ប៉ៃលិន។
សហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន ៣៤ ត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ ២០០៦ ហើយបច្ចុប្បន្ន សហគមន៍ទាំងនោះ កំពុងធ្វើកិច្ចសហប្រតិបត្តិការសកម្មភាពលើអាជីវកម្ម ដែលបានគ្រោងទុក ដូចជា ការផ្ដល់ឥណទានសាច់ប្រាក់ទៅឲ្យសមាជិករបស់ខ្លួន ក្នុងតម្លៃការប្រាក់ទាប ដើម្បីឲ្យកសិករដែលជាសមាជិករបស់ខ្លួនទាំងនោះ ធ្វើជាដើមទុនប្រើប្រាស់ក្នុងការដាំដំណាំផ្សេងៗ។
ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន លោក ផាន់ ពេជ្រ មានប្រសាសន៍ថា ក្នុងខេត្តប៉ៃលិន មានសហគមន៍ចំនួន ៣៤ កំពុងធ្វើកិច្ចសហប្រតិបត្តិការណ៍ សកម្មភាពលើអាជីវកម្ម ដែលបានគ្រោងទុក ។ សហគមន៍នីមួយៗ បានផ្ដល់ឥណទានសាច់ប្រាក់ បណ្ដាក់ពូជ ឥណទានពូជ ទៅឲ្យសមាជិករបស់ខ្លួន និងមានការទទួលប្រាក់បញ្ញើផ្សេងៗ ពីសមាជិកដែលយកទៅផ្ញើក្នុងសហគមន៍។
លោក ផាន់ ពេជ្រ ៖ «នៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបាន លើកឡើងថា ដើម្បីឲ្យវិស័យកសិកម្មទៅជាកម្លាំងផលិតកម្ម លុះត្រាមានការចងក្រងប្រជាកសិករទាំងនោះ ឲ្យទៅជាសហគមន៍ធំៗ ដើម្បីបំពេញតម្រូវការរបស់ផែនការរបស់រដ្ឋាភិបាល និងក្រុមហ៊ុនផ្សេងៗ ដែលចង់បាន»។
ការចងក្រងបង្កើតសហគមន៍ គឺដើម្បីឲ្យប្រជាកសិករមានសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ប្រឹងដោយខ្លួនឯង និងថែរក្សាតម្លៃទីផ្សារលើផលដំណាំកសិកម្ម។ លោក ផាន់ ពេជ្រ បន្តថា ក្រោយពីការបង្កើតសហគមន៍ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន មានការរីករាយសប្បាយចិត្ត ដោយសារពួកគាត់ អាចប្រើប្រាស់ឥណទានសាច់ប្រាក់របស់សហគមន៍។
លោក ផាន់ ពេជ្រ ៖ «ក្នុងរយៈពេលជាងមួយឆ្នាំនេះ សហគមន៍ខ្លះកើនថវិកាពី ២៥% ទៅ ៥០%។ ថវិកាដែលកើនឡើងនេះ និងត្រូវប្រើប្រាស់ក្នុងការប្រកបអាជីវកម្មក្នុងការផ្ដល់ឥណទានទៅ ឲ្យកសិករជាសមាជិក »។
ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មទួលល្វាសាមគ្គីអមតៈ លោក ទិន សុភក្តិ មានប្រសាសន៍ថា ក្រោយពីការបង្កើតសហគមន៍ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៩ សមាជិកក្នុងសហគមន៍មានការកើនឡើងពី ៣០៥ នាក់ទៅ ១០១ នាក់។
លោកបន្តថា សហគមន៍លោកបានផ្ដល់ឥណទានសាច់ប្រាក់ទៅសមាជិករបស់ខ្លួនក្នុង ម្នាក់ៗ ចំនួន ៧០ ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់លើវិស័យកសិកម្ម ហើយសហគមន៍មានការដកការប្រាក់តែចំនួន ២% ប៉ុណ្ណោះ។
លោក ស្រី ជឹម យួម អាយុ ៣៤ ឆ្នាំ ជាសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មទួលល្វាសាមគ្គីអមតៈ បានឲ្យដឹងថា ឥណទានសាច់ប្រាក់របស់សហគមន៍ គឺបានជួយដល់ក្រុមគ្រួសារលោកស្រីបានមួយកម្រិតលើការដាំដុះផល ដំណាំផ្សេងៗ។
ចំណែកឯលោក ឃុន ធឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន មានប្រសាសន៍ថា បច្ចុប្បន្នសហគមន៍លោកស្រីមានសមាជិកចំនួន ៣២៥ នាក់។ សហគមន៍អភិវឌ្ឍន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន បានផ្ដល់ឥណទានសាច់ប្រាក់ និងបណ្ដាក់ពូជពោតទៅឲ្យសមាជិករបស់ខ្លួនជារៀងរាល់រដូវដាំដុះ។
ផ្ទៃដីកសិកម្មនៅក្នុងខេត្តប៉ៃលិន មានចំនួន ៤ ម៉ឺន ៩០០០ ហិកតារក្នុងនោះមានដីស្រែទំហំ ១ ម៉ឺន ១៥០០ ហិកតារ និងដីចម្ការទំហំ ៣ ម៉ឺន ៧៥០០ ហិកតារ។
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន លោក ផាន់ ពេជ្រ មានប្រសាសន៍ថា ក្នុងចំណោមសហគមន៍ចំនួន ៣៤ ដែលបានបង្កើតឡើង គឺមានសមាជិកសរុបប្រមាណជាង ១ ពាន់គ្រួសារប៉ុណ្ណោះ។ ចំណែកឯ ប្រជាកសិករជាច្រើនគ្រួសារទៀត នៅមិនចូលរួមនៅឡើយ។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានឲ្យដឹងថា រដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មដែរ មានផែនការយុទ្ធសាស្ត្រ បង្កើនសមត្ថភាព ធនធានមនុស្ស ដល់ថ្នាក់ដឹកនាំសហគមន៍ទាំងនោះថែមទៀត ដូចជា ការបង្រៀនបច្ចេកទេសកសិកម្មដល់កសិករ ផ្ដល់ពូជមានគុណភាពខ្ពស់ និងការរកទីផ្សារសម្រាប់ផលកសិកម្ម៕
ថៃព្រមទទួលយកលក្ខខណ្ឌដាក់អ្នកសង្កេត ការណ៍ឥណ្ឌូណេស៊ី
ដោយ ទីន ហ្សាការីយ៉ា
2011-05-06
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៦ ខែឧសភាថា កម្ពុជាមិនព្រមដកកងទ័ពចេញពីទឹកដីរបស់ខ្លួន នៅតំបន់ប្រាសាទព្រះវិហារមុនពេលអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់ តំបន់ព្រំដែន ដែលថៃអះអាងថា ជាតំបន់ជម្លោះ នោះទេ។
លោក ផៃ ស៊ីផាន មន្ត្រីនាំ ពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា កងទ័ពកម្ពុជា គឺឈរជើងនៅលើទឹកដីរបស់ខ្លួននៅតាមតំបន់ព្រំដែន។ ដូច្នេះថៃគ្មានភារកិច្ចណាមួយបង្គាប់ឲ្យកម្ពុជាដកទ័ពចេញពីតំបន់ ព្រំដែននោះទេ ហើយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីគ្រោងនឹងមកតំបន់ព្រំដែន ដើម្បីត្រួតពិនិត្យបទឈប់បាញ់នោះ ជាភារកិច្ចរបស់ឥណ្ឌូណេស៊ី។
ការបដិសេធរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរនេះ នៅបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វ៉ាតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃទី ៥ ខែឧសភា បានប្រកាសថា លោកនឹងមិនចុះហត្ថលេខាទទួលស្គាល់ឯកសារលក្ខណប្រតិបត្តិទេ ប្រសិនបើកម្ពុជាមិនដកកងទ័ព និងប្រជាពលរដ្ឋខ្លួនចេញពីតំបន់ ដែលថៃអះអាងថា ជាជម្លោះជាមុនសិន។
ដោយឡែក នៅរសៀលថ្ងៃទី ៦ ខែឧសភា កាសែតបាងកកប៉ុស្តិ៍ថៃ បានស្រង់សម្ដីលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង នៅឯទីក្រុង ហ្សាការតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីលោកបានជួបប្រជុំបន្ទាន់មួយរយៈ ៣០ នាទី ជាមួយប្រធានអាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ថា កម្ពុជាមិនព្រមដកទ័ពចេញពីទឹកដីរបស់ខ្លួននៅតំបន់ព្រំដែននោះដែរ ដោយរង់ចាំរហួតដល់ថៃយល់ព្រមទទួលយកលក្ខខណ្ឌ (Term of Reference) របស់ឥណ្ឌូណេស៊ី ក្នុងការដាក់អ្នកសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារនោះ។
ទោះជាយ៉ាងណាក្ដី កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី ៦ ឧសភា បានស្រង់សម្ដីរបស់ប្រធានអាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស នៅប្រទេសឥណ្ឌូណេស៊ីថា ភាគីថៃបានទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកត្រួតពិនិត្យនៅតំបន់ជម្លោះហើយ។ ប៉ុន្តែ លោក ម៉ាទី មិនបានបញ្ជាក់ច្បាស់នៅឡើយទេ ថាតើថៃយល់ព្រមទទួលអ្នកសង្កេតការណ៍នេះ ទាំងកម្ពុជាមិនព្រមដកទ័ពចេញពីតំបន់ព្រំដែន ឬយ៉ាងណានោះទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភិរម្យ ក៏បានបញ្ជាក់យល់ព្រមទទួលយកលក្ខខណ្ឌប្រតិបត្តិរបស់ឥណ្ឌូណេស៊ីផង ដែរ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបទេស ដែលគេធ្វើឡើងនៅទីក្រុង ហ្សាការតា នៅមុនពេលបើកកិច្ចប្រជុំកំពូលអាស៊ាននោះ៕
រដ្ឋាភិបាលមានវិធានការទប់ស្កាត់ ភាពរហោស្ថាន និងឱនភាពដី
កិច្ចប្រជុំសកម្មភាពជាតិ ដើម្បីទប់ស្កាត់ភាពរហោស្ថាន និងឱនភាពដី ក្នុងប្រទេសកម្ពុជា បានបង្ហាញថា ផ្ទៃដីក្នុងប្រទេសកម្ពុជា មិនមានភាពរហោស្ថាននៅឡើយទេ ប៉ុន្តែ បានរងនូវឱនភាពដីប្រមាណ ៤៤%។
មន្ត្រីបរិស្ថាន មន្ត្រីកសិកម្ម និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបង្ហាញថា ការរេចរឹលព្រៃឈើ ដីខ្សោះជីរជាតិ ឬហៅថា ឱនភាពដី នៅប្រទេសកម្ពុជា អាចប៉ះពាល់ផលិតភាពទាញយកផលពីដីនៃដំណាំកសិកម្ម ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រធានគម្រោងគ្រប់គ្រងបរិស្ថាន និងថាមពលនៃអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា យូ.អិន.ឌី.ភី (UNDP) លោក ឡាយ ឃីម មានប្រសាសន៍ថា ដីនៅប្រទេសកម្ពុជា មិនទាន់ក្លាយទៅជាដីរហោស្ថាននៅឡើយទេ តែដីនោះប្រមាណ ៤៤% រងនូវភាពងាយរងគ្រោះ ចំពោះឱនភាពដី និងភាពរេចរឹលបន្ថែមទៀត។
លោកថា ភាពរេចរឹលទាំងនេះបណ្ដាលមកពីកត្តាមនុស្សផងនិងកត្តាប្រែប្រួលនៃ អាកាសធាតុផង «ពីព្រោះមនុស្សជាអ្នកសម្រេចចិត្ត។ មនុស្សជាអ្នកធ្វើសកម្មភាព ដូចជា ការកាប់ព្រៃឈើនៅក្នុងទីខ្ពស់ នៅតំបន់ទីជម្រាលនៅតំបន់ខ្ពង់រាប វាមានឥទ្ធិពលមួយចំនួន ជះទៅលើការរេចរឹលនៃផ្ទៃដី ការហូរច្រោះនៃផ្ទៃដីមកតំបន់ខ្ពង់រាប»។
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងថ្នាក់ជាតិនៃគម្រោងពង្រឹងសមត្ថភាព និងធានាការគ្រប់គ្រងដីធ្លីដ៏ចិរភាពនៅកម្ពុជា លោក មាស ពិសិទ្ធ មានប្រសាសន៍នៅថ្ងៃសុក្រទី ៦ ខែឧសភា ឆ្នាំ ២០១១ ថា ដោយសារតែប្រទេសកម្ពុជាមានបញ្ហាឱនភាពដី ដូច្នេះកម្មវិធីសកម្មភាពជាតិ បានផ្ដោតទៅលើការដោះស្រាយឱនភាពដីវិញ។ វិធីដោះស្រាយនោះមាន ២ គឺការស្ដារគុណភាពដីកសិកម្ម មានន័យថាបង្កើនគុណភាពដីកសិកម្ម ផែនការទី ២ គឺការស្ដារគម្របព្រៃឈើរបស់យើងឡើងវិញ។
ទីប្រឹក្សាអមទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គុំ សារ៉ូន មានប្រសាសន៍ថា ផ្ទៃដីព្រៃនៅប្រទេសកម្ពុជា ត្រូវបានបំផ្លាញអស់ ៣ លានហិកតារ ទើបរដ្ឋាភិបាលសម្រេចផ្ដល់ដីឲ្យក្រុមហ៊ុនជាច្រើនវិនិយោគ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ ស្ដារគុណភាពដី និងស្ដារគម្របព្រៃឈើឡើងវិញ។ ប៉ុន្តែក្រុមហ៊ុនទាំងនោះបានឈូសឆាយដីអស់ច្រើនម៉ឺនហិកតារ ហើយដាំដំណាំកសិឧស្សាហកម្ម ដែលដាំដុះមិនបានពាក់កណ្ដាលដីឈូសឆាយនោះឡើយ ដែលជាហេតុនាំឲ្យដីរងនូវភាពហូរច្រោះ។
ជាមួយគ្នានេះ ការធ្វើកសិកម្មបែបពនេចរលើដីជម្រាល នាំឲ្យផ្ទៃដីខូចខាតអស់ ៣៤ ម៉ឺន ៩ ពាន់ ៦០០ ហិកតារ (៣៤៩,៦០០ ហិកតារ)។ ការទន្ទ្រានយកដីព្រៃយកជាឯកជនអស់ ៣០ ម៉ឺនហិកតារ។ ក្រៅពីព្រៃឈើក៏មានការបំផ្លាញព្រៃលិចទឹកដែរ។ គេយកតំបន់ព្រៃលិចទឹកជាសំបុកពងកូន ទៅធ្វើប្រឡាយទំនប់ និងសិប្បកម្មផ្សេងៗ នាំឲ្យព្រៃលិចទឹក បាត់បង់អស់ ៥១ ម៉ឺន ៨ ពាន់ហិកតារ។
លោក គុំ សារ៉ូន បន្តថា នៅឆ្នាំ ២០០៨ ឱនភាពដី មានចំនួន ៧ លាន ៧៩ ម៉ឺន ៦ ពាន់ហិកតារ។ ក្រសួងកសិកម្មកំពុងរៀបចំកម្មវិធីជាតិធំ ២ គឺគម្រោងបង្កើនគម្របព្រៃឈើឡើងវិញ និងគម្រោងកែប្រែគុណភាពដី ដែលនឹងដាក់ឆ្លងសុំការអនុមតិពីរដ្ឋាភិបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕