កម្ពុជា​បដិសេធ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ ព្រំដែន


ដោយ ទីន ហ្សាការីយ៉ា
2011-05-06

កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​របស់​ថៃ អំពី​ការ​ដកទ័ព​ចេញ​ពី​តំបន់​ព្រំដែន ដើម្បី​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​ជម្លោះ​ខ្មែរ-​ថៃ។

RFA/Hang Savyouth

ទាហាន​ខ្មែរ​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ជិត​ ប្រាសាទ​ព្រះវិហារ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ឧសភា ថា កម្ពុជា​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ​មុន​ពេល​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ព្រំដែន ដែល​ថៃ​អះអាង​ថា ជា​តំបន់​ជម្លោះ​នោះ​ទេ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា គឺ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ដូច្នេះ​ថៃ​គ្មាន​ភារកិច្ច​ណា​មួយ​បង្គាប់​ឲ្យ​កម្ពុជា ដកទ័ព​ចេញ​ពី​តំបន់​ព្រំដែន​នោះ​ទេ ហើយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី គ្រោង​នឹង​មក​តំបន់​ព្រំដែន​ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នោះ​ជា​ ភារកិច្ច​របស់​ឥណ្ឌូណេស៊ី។

ការ​បដិសេធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​នេះ នៅ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​៥ ឧសភា បាន​ប្រកាស​ថា លោក​នឹង​មិន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ​ទេ ប្រសិន​បើ​កម្ពុជា មិន​ដក​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្លួន​ចេញ​ពី​តំបន់​ដែល​ថៃ​អះ​អាង​ថា​ ជា​ជម្លោះ​ជា​មុន។

ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ទី​៦ ឧសភា កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ បាន​ស្រង់​សម្ដី​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង នៅ​ឯ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី នៅ​បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​បន្ទាន់​មួយ​រយៈ ៣០​នាទី​ជាមួយ​ប្រធាន​អាស៊ាន​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ថា កម្ពុជា​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ព្រំដែន​នោះ​ ដែរ ដោយ​រង់ចាំ​រហូត​ដល់​ថៃ យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​ឥណ្ឌូណេស៊ី (TOR) ក្នុង​ការ​ដាក់​អ្នក​សង្កេតការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

ទោះ​ជា​យ៉ាង​ណា កាសែត​បាងកក ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​របស់​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ឧសភា បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​សហ​រដ្ឋមន្ត្រី​ការបរទេស​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី ថា ភាគី​ថៃ​បាន​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​នៅ​តំបន់​ជម្លោះ​ហើយ ប៉ុន្តែ​លោក ម៉ាទី មិន​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា តើ​ថៃ​យល់​ព្រម​ទទួល​អ្នក​សង្កេតការណ៍​នេះ​ទាំង​កម្ពុជា​មិន​ព្រម​ដក​ទ័ព​ ចេញ​ពី​តំបន់​ព្រំដែន ឬ​យ៉ាង​ណា​នោះ​ទេ?

លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ក៏​បាន​បញ្ជាក់​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ឥណ្ឌូណេស៊ី ផង​ដែរ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​សហ​រដ្ឋមន្ត្រី​ការបរទេស ដែល​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ជា​អង្គការ​តំណាង​ឲ្យ​គណបក្ស​ភាគ​ច្រើន​នៃ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​គណបក្ស​ឯករាជ្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៥ ឧសភា បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​អំពាវនាវ​ឲ្យ​កម្ពុជា-​ថៃ  គោរព​នូវ​សន្ធិសញ្ញា​អន្តរជាតិ និង​កតិកា​សញ្ញា​នានា​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បញ្ឈប់​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់ គឺ​វាយ​ប្រហារ​គ្នា​រវាង​កងទ័ព​ទាំង​ពីរ និង​ត្រូវ​ជួយ​ធានា​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​តាម​ព្រំដែន​កម្ពុជា-​ ថៃ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s