រដ្ឋាភិបាល​មាន​វិធានការ​ទប់​ស្កាត់ ភាព​រហោស្ថាន និង​ឱន​ភាព​ដី


កិច្ច​ប្រជុំ​សកម្មភាព​ជាតិ ដើម្បី​ទប់​ស្កាត់​ភាព​រហោស្ថាន និង​ឱនភាព​ដី ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ផ្ទៃ​ដី​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ភាព​រហោស្ថាន​នៅ​ឡើយ​ទេ ប៉ុន្តែ បាន​រង​នូវ​ឱនភាព​ដី​ប្រមាណ ៤៤%។

មន្ត្រី​បរិស្ថាន មន្ត្រី​កសិកម្ម និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​ថា ការ​រេចរឹល​ព្រៃឈើ ដី​ខ្សោះ​ជីរ​ជាតិ ឬ​ហៅ​ថា ឱនភាព​ដី នៅ​ប្រទេស​កម្ពុជា អាច​ប៉ះពាល់​ផលិត​ភាព​ទាញ​យក​ផល​ពី​ដី​នៃ​ដំណាំ​កសិកម្ម ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

ប្រធាន​គម្រោង​គ្រប់គ្រង​បរិស្ថាន និង​ថាមពល​នៃ​អង្គការ​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់​ថា យូ.អិន.ឌី.ភី (UNDP) លោក ឡាយ ឃីម មាន​ប្រសាសន៍​ថា ដី​នៅ​ប្រទេស​កម្ពុជា មិន​ទាន់​ក្លាយ​ទៅ​ជា​ដី​រហោស្ថាន​នៅ​ឡើយ​ទេ តែ​ដី​នោះ​ប្រមាណ ៤៤% រង​នូវ​ភាព​ងាយ​រង​គ្រោះ ចំពោះ​ឱនភាព​ដី និង​ភាព​រេចរឹល​បន្ថែម​ទៀត។

លោក​ថា ភាព​រេចរឹល​ទាំង​នេះ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​ផង​និង​កត្តា​ប្រែប្រួល​នៃ​ អាកាស​ធាតុ​ផង «ពី​ព្រោះ​មនុស្ស​ជា​អ្នក​សម្រេច​ចិត្ត។ មនុស្ស​ជា​អ្នក​ធ្វើ​សកម្មភាព ដូច​ជា ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​ទី​ខ្ពស់ នៅ​តំបន់​ទី​ជម្រាល​នៅ​តំបន់​ខ្ពង់​រាប វា​មាន​ឥទ្ធិពល​មួយ​ចំនួន ជះ​ទៅ​លើ​ការ​រេចរឹល​នៃ​ផ្ទៃ​ដី ការ​ហូរ​ច្រោះ​នៃ​ផ្ទៃ​ដី​មក​តំបន់​ខ្ពង់​រាប»។

ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​នាយក​គ្រប់គ្រង​ថ្នាក់​ជាតិ​នៃ​គម្រោង​ពង្រឹង​សមត្ថភាព និង​ធានា​ការ​គ្រប់គ្រង​ដី​ធ្លី​ដ៏​ចិរភាព​នៅ​កម្ពុជា លោក មាស ពិសិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០១១ ថា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ឱនភាព​ដី ដូច្នេះ​កម្មវិធី​សកម្មភាព​ជាតិ បាន​ផ្ដោត​ទៅ​លើ​ការ​ដោះ​ស្រាយ​ឱនភាព​ដី​វិញ។ វិធី​ដោះស្រាយ​នោះ​មាន ២ គឺ​​ការ​ស្ដារ​គុណភាព​ដី​កសិកម្ម មាន​ន័យ​ថា​បង្កើន​គុណភាព​ដី​កសិកម្ម ផែន​ការ​ទី ២ គឺ​ការ​ស្ដារ​គម្រប​ព្រៃ​ឈើ​របស់​យើង​ឡើង​វិញ។

ទី​ប្រឹក្សា​អម​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គុំ សារ៉ូន មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ព្រៃ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​បំផ្លាញ​អស់ ៣ លាន​ហិកតារ ទើប​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​វិនិយោគ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ស្ដារ​គុណភាព​ដី និង​ស្ដារ​គម្រប​ព្រៃ​ឈើ​ឡើង​វិញ។ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ឈូស​ឆាយ​ដី​អស់​ច្រើន​ម៉ឺន​ហិកតារ ហើយ​ដាំ​ដំណាំ​កសិឧស្សាហកម្ម ដែល​ដាំ​ដុះ​មិន​បាន​ពាក់​កណ្ដាល​ដី​ឈូស​ឆាយ​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ដី​រង​នូវ​ភាព​ហូរ​ច្រោះ។

ជា​មួយ​គ្នា​នេះ ការ​ធ្វើ​កសិកម្ម​បែប​ពនេចរ​លើ​ដី​ជម្រាល នាំ​ឲ្យ​ផ្ទៃ​ដី​ខូច​ខាត​អស់ ៣៤ ម៉ឺន ៩ ពាន់ ៦០០ ហិកតារ (៣៤៩,៦០០ ហិកតារ)។ ការ​ទន្ទ្រាន​យក​ដី​ព្រៃ​យក​ជា​ឯកជន​អស់ ៣០ ម៉ឺន​ហិកតារ។ ក្រៅ​ពី​ព្រៃឈើ​ក៏​មាន​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែរ។ គេ​យក​តំបន់​ព្រៃ​លិច​ទឹក​ជា​សំបុក​ពង​កូន ទៅ​ធ្វើ​ប្រឡាយ​ទំនប់ និង​សិប្បកម្ម​ផ្សេងៗ នាំ​ឲ្យ​ព្រៃ​លិច​ទឹក បាត់បង់​អស់ ៥១ ម៉ឺន ៨ ពាន់​ហិកតារ។

លោក គុំ សារ៉ូន បន្ត​​ថា នៅ​ឆ្នាំ ២០០៨ ឱនភាព​ដី មាន​ចំនួន ៧ លាន ៧៩ ម៉ឺន ៦ ពាន់​ហិកតារ។ ក្រសួង​កសិកម្ម​កំពុង​រៀបចំ​កម្មវិធី​ជាតិ​ធំ ២ គឺ​គម្រោង​បង្កើន​គម្រប​ព្រៃ​ឈើ​ឡើង​វិញ និង​គម្រោង​កែប្រែ​គុណភាព​ដី ដែល​នឹង​ដាក់​ឆ្លង​សុំ​ការ​អនុមតិ​ពី​រដ្ឋាភិបាល​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s