ឥណទាន​តម្លៃ​ការ​ប្រាក់​ទាប​ជួយ​កសិករ​នៅ​ប៉ៃលិន


ដោយ សួន សុផល មុន្នី
2011-05-06

មាន​សហគមន៍​ចំនួន ៣៤ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត ​ប៉ៃលិន។

សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន ៣៤ ត្រូវ​បាន​គេ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្ន សហគមន៍​ទាំង​នោះ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ដូចជា ការ​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន ក្នុង​តម្លៃ​ការ​ប្រាក់​ទាប ដើម្បី​ឲ្យ​កសិករ​ដែល​ជា​សមាជិក​របស់​ខ្លួន​ទាំង​នោះ ធ្វើ​ជា​ដើម​ទុន​ប្រើ​ប្រាស់​ក្នុង​ការ​ដាំ​ដំណាំ​ផ្សេងៗ។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​ប៉ៃលិន មាន​សហគមន៍​ចំនួន ៣៤ កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការណ៍ សកម្ម​ភាព​លើ​អាជីវកម្ម ដែល​បាន​គ្រោង​ទុក ។ សហគមន៍​នីមួយៗ បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ បណ្ដាក់​ពូជ ឥណទាន​ពូជ ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន និង​មាន​ការ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងៗ ពី​សមាជិក​ដែល​យក​ទៅ​ផ្ញើ​ក្នុង​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​បាន​ លើក​ឡើង​ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​ទៅ​ជា​កម្លាំង​ផលិតកម្ម លុះត្រា​មាន​ការ​ចងក្រង​ប្រជា​កសិករ​ទាំង​នោះ ឲ្យ​ទៅ​ជា​សហគមន៍​ធំៗ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ផែន​ការ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្សេងៗ ដែល​ចង់​បាន»។

ការ​ចង​ក្រង​បង្កើត​សហគមន៍ គឺ​ដើម្បី​ឲ្យ​ប្រជា​កសិករ​មាន​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រឹង​ដោយ​ខ្លួន​ឯង និង​ថែ​រក្សា​តម្លៃ​ទីផ្សារ​លើ​ផល​ដំណាំ​កសិកម្ម។ លោក ផាន់ ពេជ្រ បន្ត​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ការ​រីករាយ​សប្បាយ​ចិត្ត ដោយសារ​ពួក​គាត់​ អាច​ប្រើប្រាស់​ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍។

លោក ផាន់ ពេជ្រ ៖ «ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ សហគមន៍​ខ្លះ​កើន​ថវិកា​ពី ២៥% ទៅ ៥០%។ ថវិកា​ដែល​កើន​ឡើង​នេះ និង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​ ឲ្យ​កសិករ​ជា​សមាជិក »។

ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ លោក ទិន សុភក្តិ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ការ​បង្កើត​សហគមន៍ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០០៩ សមាជិក​ក្នុង​សហគមន៍​មាន​ការ​កើន​ឡើង​ពី ៣០៥ នាក់​ទៅ ១០១ នាក់។

លោក​បន្ត​ថា សហគមន៍​លោក​បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់​ទៅ​សមាជិក​របស់​ខ្លួន​ក្នុង​ ម្នាក់ៗ ចំនួន ៧០ ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម ហើយ​សហគមន៍​មាន​ការ​ដក​ការ​ប្រាក់​តែ​ចំនួន ២% ប៉ុណ្ណោះ។

លោក ស្រី ជឹម យួម អាយុ ៣៤ ឆ្នាំ ជា​សមាជិក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ទួល​ល្វា​សាមគ្គី​អមតៈ បាន​ឲ្យ​ដឹង​ថា ឥណទាន​សាច់​ប្រាក់​របស់​សហគមន៍ គឺ​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​លោក​ស្រី​បាន​មួយ​កម្រិត​លើ​ការ​ដាំ​ដុះ​ផល​ ដំណាំ​ផ្សេងៗ។

ចំណែក​ឯ​លោក ឃុន ធឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហគមន៍​លោក​ស្រី​មាន​សមាជិក​ចំនួន ៣២៥ នាក់។ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ស្ទឹង​កាច់​ជឿន​លឿន បាន​ផ្ដល់​ឥណទាន​សាច់​ប្រាក់ និង​បណ្ដាក់​ពូជ​ពោត​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន​ជា​រៀង​រាល់​រដូវ​ដាំដុះ។

ផ្ទៃ​ដី​កសិកម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំនួន ៤ ម៉ឺន ៩០០០ ហិកតារ​ក្នុង​នោះ​មាន​ដី​ស្រែ​ទំហំ ១ ម៉ឺន ១៥០០ ហិកតារ និង​ដី​ចម្ការ​ទំហំ ៣ ម៉ឺន ៧៥០០ ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​សហគមន៍​ចំនួន ៣៤ ដែល​បាន​បង្កើត​ឡើង គឺ​មាន​សមាជិក​សរុប​ប្រមាណ​ជាង ១ ពាន់​គ្រួសារ​ប៉ុណ្ណោះ។ ចំណែក​ឯ​ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ទៀត នៅ​មិន​ចូលរួម​នៅ​ឡើយ។

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​កសិកម្ម​ដែរ មាន​ផែន​ការ​យុទ្ធសាស្ត្រ បង្កើន​សមត្ថភាព ធនធាន​មនុស្ស ដល់​ថ្នាក់​ដឹកនាំ​សហគមន៍​ទាំង​នោះ​ថែម​ទៀត ដូច​ជា ការ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ផ្ដល់​ពូជ​មាន​គុណភាព​ខ្ពស់ និង​ការ​រក​ទីផ្សារ​សម្រាប់​ផល​កសិកម្ម៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s