កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​សន្តិសុខ​ស្បៀង


ដោយ អ៊ុក សាវបូរី
2011-05-25

មន្ត្រី​កម្មវិធី​ស្បៀង​អាហារ​សហភាព​អឺរ៉ុប ( FAO EUROPEAN UNION FOOD FACILITY PROJECT) និង​មន្ត្រី​រដ្ឋាភិបាល ផ្នែក​កសិកម្ម និង​បរិស្ថាន បាន​ជួប​ពិភាក្សា​គ្នា​អំពី​ផល​វិបាក​នានា ដែល​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ។

Oxfam/Brett Eloff

ដី​ស្រែ​ស្ងួត​ហួតហែង​នៅ​រដូវ​ប្រាំង នៅ​ភូមិ​ក្បាល​រមាស ខេត្ត​រតនគិរី។

នៅ​ថ្ងៃ​ពុធ ទី ២៥ ខែ​ឧសភា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ជាង ៩០ នាក់ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ នៅ​ពេល​បច្ចុប្បន្ន និង​ស្ដី​អំពី​វិធានការ​នានា ដើម្បី​ការពារ​ផល​ដំណាំ និង​សត្វ​ចិញ្ចឹម នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង និង​វិធី​បញ្ចៀស ព្រម​ទាំង​ការ​ប្រកាស​គ្រោះ​អាសន្ន មុន​ពេល​កើត​មាន​គ្រោះ​ធម្មជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​កសិករ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​ការពារ។

អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក អ៊ិត ណូឌី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី ២៥ ខែ​ឧសភា​ថា ប្រទេស​ជប៉ុន និង​ប្រទេស​អាមេរិក ក្នុង​ឆ្នាំ ២០១១ រង​នូវ​គ្រោះ​ធម្មជាតិ​រលក​យក្ស​ស៊ូណាមិ ជំនន់ ខ្យល់​ព្យុះ ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​បញ្ហា​សន្តិសុខ​ស្បៀង។

នៅ​កម្ពុជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាង ៣ លាន​ហិកតារ ការ​ដុត​កាក​សំណល់​ដំណាំ និង​ដុត​ព្រៃ​ដំណាំ​កសិកម្ម និង​ការ​ដាំដុះ​ស្រូវ​ប្រដេញ​ទឹក​ជា​ប្រចាំ ក៏​រួម​ចំណែក​បង្កើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ភាយ​ទៅ​លើ​បរិយាកាស ដែល​ធ្វើ​ឲ្យ​អាកាស​ធាតុ​ប្រែប្រួល​ដែរ។ ក្រសួង​កសិកម្ម បាន​ចុះ​ពន្យល់​ប្រជា​កសិករ ឲ្យ​កែប្រែ​ទម្លាប់​ទាំង​នោះ និង​ដាំ​កូន​ឈើ ដើម្បី​ការពារ​ព្រៃ​ឲ្យ​បាន ៦០% វិញ។

សំឡេង ៖ «អ្វី​ដែល​យើង​ចង់​បាន គឺ​ធ្វើ​យ៉ាងណា​ឲ្យ​កសិករ​យើង ចេះ​បច្ចេកទេស​ដាំដុះ ម្ចាស់​ការ​ច្នៃ​ប្រឌិត។ ២ ឆ្នាំ​ហើយ យើង​ធ្វើ​សន្និបាត​កសិករ ដើម្បី​ស្វែងរក​នូវ​កសិករ​ឆ្នើមៗ លើ​ការងារ​ឆ្នៃ​ប្រឌិត​គ្រប់​វិស័យ»។

តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា (FAO) លោក អែជេ មិខិនដេ (Ajay Markanday) ថ្លែង​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ ចំពោះ​ការ​សម្រេច​ទៅ​លើ​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹងប្រែង​ឲ្យ​មាន​សន្តិសុខ​ ស្បៀង។

រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ហានិភ័យ​នេះ ទើប​អង្គការ FAO ផ្ដល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​សមត្ថភាព​បច្ចេកទេស​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ គឺ​ធ្វើ​យ៉ាង​ណា គ្រប​ដណ្ដប់​ឲ្យ​បាន​ទៅ​លើ​ជីវៈ​ចម្រុះ និង ការ​កសាង​សមត្ថភាព ដោយ​ផ្ទេរ​បច្ចេកវិទ្យា ដើម្បី​ការ​ស្ដារ​ព្រៃ​ស្រោង​ឡើង​វិញ។

នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CARDI លោក អ៊ុក មករា មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀម​ពូជ​ស្រូវ​ប្រើ​ទឹក​តិច សម្រាប់​ការពារ​គ្រោះ​រាំង​ស្ងួត និង​ស្រូវ​ដែល​ធន់​នឹង​ទឹក​ជំនន់។ ពូជ​ស្រូវ​ដាំ​សម្រាប់​រាំង​ស្ងួត គឺ ខារ ៣ (CAR3) និង​ខារ ៤ (CAR4)។

ឯ​ពូជ​ស្រូវ​ដែល​ធន់​នឹង​ទឹក​ជំនន់ លោក អ៊ុក មករា ថ្លែង​ថា មាន​ដូចជា​ពូជ​ស្រូវ ៖ «ពូជ ​ផ្កា​រំដួល ពូជ​ខារ ៩ ពូជ​ផ្កា​រំដេង ពូជ​ផ្កា​រមៀត​ជាដើម​នេះ ដែល​ខ្ញុំ​មាន​បង្ហាញ​នេះ គឺ​វា​ធន់​នឹង​ទឹក​ជំនន់។ ប៉ុន្តែ ទន្ទឹម​នឹង​យើង​មិន​ទាន់​ពេញ​ចិត្ត​ទេ យើង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ថែម​ទៀត ដើម្បី​ពង្រឹង​ពូជ​អស់​ហ្នឹង ឲ្យ​វា​កាន់​តែ​ធន់​ទ្រាំ​ទៅ​នឹង​ទឹក​ជំនន់ ឬ​រាំង​ស្ងួត​ថែម​ទៀត»។

មន្ត្រី​អង្គការ យូ.អិន.ឌី.ភី (UNDP) លោក ឃីម ឡាយ បាន​ឲ្យ​ដឹង​ថា ថវិកា​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផែនការ ៥ ឆ្នាំ គឺ​ឆ្នាំ ២០១១ ឆ្នាំ ២០១៥ អង្គការ​នេះ​កំពុង​ធ្វើ​ការងារ​គាំទ្រ ដើម្បី​កសាង​នូវ​ភាព​ធន់ និង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការ​អប់រំ​សហគមន៍​តាម​រយៈ​សិក្ខាសាលា និង​កិច្ច​ប្រជុំ​ជា​ដើម៕

Leave a comment