រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ទប់ទល់​ការ​ប្រែប្រួល​ធម្មជាតិ


ដោយ សេក បណ្ឌិត
2011-05-25

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ផែនការ​ជាតិ​ត្រៀម​បម្រុង​លើក​ទី​មួយ ដើម្បី​ទប់ទល់​គ្រោះ​មហន្តរាយ ដែល​គេ​ធ្វើ​ការ​សិក្សា​តាំង​ពី​ឆ្នាំ ២០១០ មក នឹង​បញ្ចប់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

Oxfam/Seang Sokleak

ព្យុះ​កេតសាណា បាន​ជន​លិច​ផល​ដំណាំ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​គ្រួសារ​ត្រូវ​ជម្លៀស នៅ​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ចុង​ឆ្នាំ ២០០៩។ ទូក គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ចម្បង​សម្រាប់​អ្នក​ស្រុក​ធ្វើ​ដំណើរ​ទៅ​កាន់​ តំបន់ ដែល​លិចលង់។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក រស់ សុវណ្ណរេត មាន​ប្រសាសន៍​បញ្ជាក់​ថា ផែនការ​នេះ ជា​គម្រោង​ធំ​មួយ និង​ជា​លើក​ដំបូង​សម្រាប់​ថ្នាក់​ជាតិ​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ ហើយ​គេ​នឹង​ដាក់​ឲ្យ​អនុវត្ត នៅ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១២ ។

លោក រស់ សុវណ្ណរេត ៖ « បើ​សិន​ជា​ឆ្នាំ ២០១១ នេះ មាន​ទឹក​ជំនន់​រាំង​ស្ងួត យើង​អាច​ធ្វើតេស្ត​សាក​ល្បង​ផែនការ​យើង​បាន។ ឥឡូវផែនការថ្នាក់ជាតិនេះយើងឈានទៅដល៧០%ហើយ ឥឡូវ​នេះ​យើង​កំពុង​ដំណើរ​ការ​ប្រមូល​ទិន្នន័យ​ស្នូល​ពី​ថ្នាក់​ខេត្ត និង​ក្រសួង ដើម្បី​យក​មក​ច្របាច់​បញ្ចូល ដើម្បី​ធ្វើ​ផែន​ការ​ចង់​និយាយ​ថា បើ​មាន​ហេតុការណ៍​អី​ភ្លាម​យើង​អត់​ត្រូវ​អង្គុយ​គិត​ថា ត្រូវ​ធ្វើ​អី​ខ្លះ​ទេ ព្រោះ​យើង​មាន​មូលដ្ឋាន​ហើយ​ស្រេច គ្រាន់​តែ​បើក​សៀវភៅ​នោះ​ឡើង​មក យើង​អនុវត្ត​តែ​ម្ដង​បាទ»។

លោក​បន្ត​ថា គម្រោង​នេះ នឹង​បង្ហាញ​ជូន​យ៉ាង​ពិស្ដារ​នូវ​ផែន​ទី​ភូមិ​សាស្ត្រ និង​ធនធាន ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ណា​មួយ អំពី​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ វិស័យ​ទាក់ទង​ព័ត៌មាន​តាម​រយៈ​ខ្សែ​បណ្ដោយ ខ្សែ​ទទឹង ដើម្បី​ឲ្យ​ដឹង​ទូលំទូលាយ​នូវ​មុខ​សញ្ញា​នៃ​គ្រោះថ្នាក់ កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ត្រូវ​មាន​វិធានការ​ចាំបាច់​ក្នុង​ការ​ជួយ​សង្គ្រោះ​បន្ទាន់។

លោក រស់ សុវណ្ណរេត ៖ «នៅ​ក្នុង​ប្រតិបត្តិការ​ឆ្លើយ​តប​គ្រោះ​ទឹក​ ជំនន់  បើ​សិន​ជា​មាន​គ្រោះ​ទឹក​ជំនន់ តើ​យើង​ត្រូវ​ការ​ស្អី​ខ្លះ? យើង​ត្រូវ​ការ​ខាង​ផ្នែក​ខាង​សុខភាព​សាធារណៈ នៅ​ក្នុង​នោះ​មាន​តាំង​ពី​ការ​ព្យាបាល ការ​សង្គ្រោះ ការ​ផ្សព្វផ្សាយ​អប់រំ។ យើង​ត្រូវ​ការ​ផ្នែក​ស្បៀង មាន​ស្បៀង​សង្គ្រោះ​បន្ទាន់ មាន​សន្តិសុខ​ស្បៀង។ យើង​ត្រូវ​ការ​ខាង​ជម្រក បើ​សិន​ជា​បង​ប្អូន​ត្រូវ​ការ​ជម្លៀស​ពី​តំបន់​ទទួល​រង​គ្រោះ ទៅ​តំបន់​ទី​ទួល​មាន​សុវត្ថិភាព យើង​ត្រូវ​ការ​សន្តិសុខ​សណ្ដាប់​ធ្នាប់។ល។ ទាំង​អស់​នឹង​យើង​បាន​យក​វា​មក​ចង​ក្រង​ជា​ប្រព័ន្ធ ហើយ​ដាក់​ចូល​ក្នុង​ផែន​ការ​គោល​របស់​យើង​តែ​ម្ដង»។

កន្លង​មក​លោក​ទទួល​ស្គាល់​ថា ការ​ត្រៀម​បម្រុង​នៅ​មាន​ការ​ខ្វះខាត​ច្រើន ទាំង​ថវិកា និង​បច្ចេកទេស​ផ្សេងៗ នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ ពេល​មាន​គ្រោះ​អាសន្ន​ម្ដងៗ។

លោក រស់ សុវណ្ណរេត បន្ត​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែរ ដូចជា ក្រសួង​ធនធាន​ទឹក បរិស្ថាន កសិកម្ម ក្នុង​ការ​ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ជា​ច្រើន​ទៀត ក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ មាន​ជា​អាទិ៍ គឺ​គម្រោង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​គម្រោង​ដ៏​ធំ​មួយ ក្នុង​ឆ្នាំ ២០១១ នេះ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ប្រែប្រួល​ធនធាន​ទឹក​ទន្លេ​មេគង្គ។

លោក រស់ សុវណ្ណរេត ៖ «ក្នុង​នោះ​ខ្ញុំ​បាន​ពិនិត្យ​មើល​គម្រោង​ធំ​នោះ ឃើញ​ថា​វា​ជា​គម្រោង​ធំ​មាន​លក្ខណៈ​ល្អ ដោយសារ ក្រសួង​ធនធាន​ទឹក​គាត់​បាន​ត្រៀម​លក្ខណៈ​ជា​ច្រើន ត្រូវ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ គ្រប់គ្រង​ទឹក ដើម្បី​បង្ការ​គ្រោះ​ទឹក​ជំនន់​ផង ក៏​ដូចជា​ការពារ​គ្រោះ​រាំង​ស្ងួត ដែល​កើត​ឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ឯង»។

ទោះ​យ៉ាង​នេះ​ក្ដី លោក​មិន​ទាន់​បាន​បង្ហាញ​ពី​ចំនួន​ថវិកា ដើម្បី​អនុវត្ត​គម្រោង​នីមួយៗ នៅ​ឡើយ​ទេ​ថា​នឹង​ត្រូវ​ការ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន ពី​ព្រោះ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពុំ​មាន​ខ្ទង់​ថវិកា​ខ្លួន​ឯង ​ផ្ទាល់​ក្នុង​ការ​អនុវត្ត​គម្រោង​នោះ​ឡើយ គឺ​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការ​អនុវត្ត​គម្រោង អាស្រ័យ​លើ​ការ​ឧបត្ថម្ភ​របស់​អង្គការ​មិន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង ក្រសួង​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ។

ស្រប​ពេល​នេះ​ដែរ ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាស​ធាតុ​នេះ​ដែរ ក្រសួង​បរិស្ថាន ក៏​មាន​គម្រោង​ផែនការ​របស់​ខ្លួន​ដែរ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី​ឥរិយាបថ​នៃ​ការ​យល់​ដឹង​ពី​ការ​ ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ ២០១១ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារ៉េត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ធនាគារ​ពិភព​លោក បាន​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ប្រមាណ ៥០ លាន​ដុល្លារ​អាមេរិក ចូល​រួម​សកម្មភាព​ ទប់ទល់​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ដូចជា ការ​កសាង​ធនធាន​មនុស្ស ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ជួយ​ទ្រទ្រង់​លើ​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​មាន​ភាព​សាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក ម៉ុក ម៉ារ៉េត ៖ «យើង​កំពុង​ធ្វើ​គ្រប់​កន្លែង ដាក់​តាក់ទិច​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​ទឹក ត្រូវ​ធ្វើ​ម៉េច​ឲ្យ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ត្រូវ​ទៅ​ព្រម​ជាមួយ​គ្នា។ នៅ​ក្នុង​ហ្នឹង យើង​ត្រូវ​ធ្វើ​គ្រប់​យ៉ាង តាំង​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ធ្វើ​ទំនប់​ទប់​ទឹក ទប់​អី ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ យើង​គិត​គូ​ពី​បញ្ហា​រក​ពូជ​ស្រូវ​ណា ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា គម្រោង​នេះ ត្រូវ​ការ​ថវិកា​ច្រើន​ទៀត ដើម្បី​អនុវត្ត​ការងារ​នេះ និង​ត្រូវ​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ និង​អ្នក​ជំនាញ និង​មាន​បទ​ពិសោធន៍​លើ​បញ្ហា​នេះ​ពី​គ្រប់​មជ្ឈដ្ឋាន។

តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក អេនឆា ស្រ៊ីនីវាសាន (Ancha Srinivasan) បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា ឆ្នាំ ២០១១ ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធ្លាប់​បាន​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​នូវ​ទឹក​ប្រាក់​ចំនួន ១៥ លាន​ដុល្លារ​រួច​មក​ហើយ​ដែរ សម្រាប់​អភិវឌ្ឍ​គម្រោង​ទប់​ស្កាត់​បម្រែបម្រួល​អាកាស​ធាតុ​នា​ពេល​កន្លង​ មក។

មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រូប​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ ដែល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​រៀបចំ​យុទ្ធសាស្ត្រ​ កម្មវិធី​សាក​ល្បង​សម្រាប់​ភាព​ធន់​នឹង​អាកាស​ធាតុ ដែល​កម្មវិធី​នេះ គេ​សំដៅ​បញ្ជ្រាប​នូវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ចូល​ទៅ​ក្នុង​គោល​នយោបាយ និង​ផែន​ការ​អភិវឌ្ឍន៍​ជាតិ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ធំៗ មួយ​ចំនួន។

ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​បញ្ហា​ផល​ប៉ះពាល់​មួយ​ដ៏​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា ដោយ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ការ​កើន​ឡើង​នៃ​កម្ពស់​ទឹក​សមុទ្រ​ជា​ដើម។ សេដ្ឋកិច្ច​កម្ពុជា​បាន​អាស្រ័យ​ទៅ​លើ​អាកាសធាតុ​ជា​ចម្បង ពិសេស​វិស័យ​កសិកម្ម និង​ធនធាន​ទឹក​ផង​ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s