សហគមន៍​ព្រៃ​ឡង់​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ


ដោយ ទីន ហ្សាការីយ៉ា
2011-05-26

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុង​ខែត្រ​ចំនួន ៤ បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ឧសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ ឈើ។

RFA/Tin Zakariya

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខែត្រ​ចំនួន ៤ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។

ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ខែត្រ​ចំនួន ៤ បាន​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​តំបន់​ព្រៃ​ឡង់ បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឡង់។

ការ​លើក​ឡើង​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ ដោយសារ​តែ​ព្រៃ​ឡង់​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ សហគមន៍​មូលដ្ឋាន ជា​ប្រភព​ទឹក​ហូរ​ចូល​បឹង​ទន្លេ​សាប រក្សា​លំនឹង​ខាង​បរិស្ថាន និង​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស តំបន់ និង​ពិភពលោក​ដោយ​មាន​ប្រសិទ្ធភាព។

សំឡេង​ច្រៀង ៖ «ឥឡូវ​រាស្ត្រ​ខ្មែរ​អ្នក​ស្រែ​ចម្ការ ចិញ្ចឹម​អាត្មា​ដោយសារ​ធម្មជាតិ ជានិច្ច​រួមរស់​មិន​ឲ្យ​ឃ្លៀងឃ្លាត ពឹង​លើ​ធម្មជាតិ…»

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​មក​ពី​ ៤​ខែត្រ​នោះ រួម​មាន​ខែត្រ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខែត្រ​ព្រះវិហារ ជិត ២០០​នាក់ បាន​មក​ដង្ហែ​ក្បួន ព្រម​ទាំង​កាន់​បដា​សរសេរ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​ ក្រុមហ៊ុន​កុំ​ឲ្យ​ឈូស​ឆាយ​ដី និង​កាប់​ព្រៃ​ឡង់​ត​ទៅ​ទៀត។

ស្ត្រី​ជន​ជាតិ​កួយ ឈ្មោះ តី សូ បាន​រៀបរាប់​អំពី​ផល​ប៉ះពាល់​ដូច្នេះ ៖ «មុខ ​របរ​យើង​ខ្ញុំ​ដូច​ជា​ចៀរ​ជ័រ វល្លិ រក​​អនុផល អត់​បាន​ពិបាក។ ផល​អនុផល​មាន​ដូច​ជា​ជ័រ​ទឹក ជ័រ​ចុង មាន​វល្លិ​គ្រប់​មុខ មាន​ផ្ដៅ មាន​ផ្លែ​ឈើ មើម​ឈើ ឱសថ​បុរាណ មាន​ឈើ​លំនៅឋាន»

ព្រៃ​ឡង់ កំពង់ធំ ៣០៥
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។ RFA/Tin Zakariya

ឯកសារ​សិក្សា​អំពី​ព្រៃ​ឡង់​បាន​សរសេរ​ថា ព្រៃ​ឡង់​ជា​ព្រៃ​ឈើ​ធំ​ជាង​គេ​បង្អស់ ជា​ព្រៃ​ស្រោង ហើយ​មាន​ស្លឹក​គ្រប់​រដូវ​កាល​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា និង​ឧបទ្វីប​ឥណ្ឌូចិន។ ព្រៃ​ឡង់​មាន​ផ្ទៃ​ដី​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា គ្រប​ដណ្ដប់​ព្រៃ​ស្រោង និង​តំបន់​ស្នូល​មាន​ទំហំ​ប្រមាណ ៨​ម៉ឺន​ទៅ​១​សែន​ហិកតារ។ ព្រៃ​នេះ​រួម​មាន​ប្រព័ន្ធ​បរិស្ថាន​ចំនួន ៧ ដោយ​ឡែក​ពី​គ្នា ព្រៃ​វាល ល្បាប់ ភក់ ដែល​ចាស់​ជាង​គេ ព្រៃ​ស្រោង ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​របោះ​ជាដើម។

សហគមន៍​ការពារ​ព្រៃ​ឡង់​ដែល​មក​ពី​ចំនួន ៤​ខែត្រ​នេះ ក៏​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​ឲ្យ​បញ្ឈប់​កាប់​ព្រៃ​ឡង់​ត​ទៅ​ទៀត ដូច​ជា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​ថាមពល មន្ទីរ​រដ្ឋ​សភា​ជាតិ និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​ញត្តិ​នោះ ពួកគេ​បាន​ទាមទារ​ចំនួន ៦​ចំណុច​សំខាន់ៗ មាន​ដូច​ជា​សុំ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃ​ឡង់ លុប​អាជ្ញាប័ណ្ណ​គ្រប់​វិស័យ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តំបន់​ព្រៃ ​ឡង់ លុប​បំបាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​អនាធិបតេយ្យ​ក្នុង​ព្រៃ​ឡង់ ទុក​ដី​ដែល​បាន​ឈូស​ឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជា​លក្ខណៈ​ធម្មជាតិ សុំ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ និង​ទទួល​ស្គាល់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​សុំ​ឲ្យ​មាន​កិច្ច​សហការ​រវាង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ជាមួយ​បណ្ដាញ​ព្រៃ​ឡង់​ក្នុង​កិច្ច​ការពារ និង​ថែរក្សា​ព្រៃ​ឡង់​ទាំង​មូល​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស។

ឯកសារ​ដែល​ទទួល​បាន​ពី​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​បង្ហាញ​ថា នៅ​ក្នុង​ខែត្រ​កំពង់ធំ មាន​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៩ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ទំរីង ក្រុមហ៊ុន ភី.អិន.ធី (PNT) និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខែត្រ​ក្រចេះ ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ព្រះវិហារ កំពុង​កាប់​ព្រៃ​ឡង់​នេះ ដែល​ជា​ក្ដី​កង្វល់​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ​នៅ ​ក្នុង​ខែត្រ​កំពង់ធំ នោះ គឺ​គណៈកម្មការ​ខែត្រ​សហការ​នឹង​ក្រសួង​កសិកម្ម បាន​ចុះ​ទៅ​សិក្សា​អំពី​ផល​ប៉ះពាល់​រួច​រាល់​ហើយ។

លោក អ៊ុត សំអន បាន​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជា​ក្រុមហ៊ុន​វៀតណាម បាន​ទទួល​ផ្ទៃ​ដី​ប្រមាណ ១​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រោយ​មក​ឃើញ​ថា ប៉ះពាល់​ដល់​ព្រៃ​ឈើ​ព្រៃ​ឡង់​នេះ គឺ​រដ្ឋាភិបាល​បាន​កាត់​មក​នៅ​ជាង ៦​ពាន់​ហិកតារ​វិញ។

ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ ដែរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ច័ន្ទ តុងអ៊ីវ មិន​ធ្វើការ​អធិប្បាយ​ទេ ដោយ​លោក​បង្វែរ​ឲ្យ​សួរ​ទៅ​លោក អ៊ិត ណូឌី វិញ។

នៅ​ថ្ងៃ​ទី​២៥ ឧសភា វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អ៊ិត ណូឌី ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ដង្ហែ​ក្បួន​នៅ​ទីលាន​សេរីភាព​នោះ គឺ​ពួកគេ​បាន​ពាក់​អាវ​ពណ៌​បៃតង​នៅ​លើ​ផ្ទៃ​មុខ និង​ខ្នង គេ​បាន​គូរ​រួប​ស្លឹក​ឈើ និង​រូប​ដើម​ឈើ ដែល​ជា​សារ​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ពួកគេ​ត្រូវការ​ដើម​ឈើ​នៅ​គង់វង្ស ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស ដូចជា​ធ្វើ​ឲ្យ​មាន​បរិស្ថាន​យូរ​អង្វែង សន្តិសុខ​ស្បៀង និង​ទឹក។

ព្រៃ​ឡង់​ក្រៅ​អំពី​ការ​ផ្ដល់​អនុផល​ដល់​ប្រជាពលរដ្ឋ​ក៏​ផ្ដល់​ប្រយោជន៍​ ដល់​មច្ឆា​ជាតិ​ផង​ដែរ ព្រៃ​ឡង់ គឺ​ជា​ទី​ជម្រាល​ដ៏​សំខាន់​ដែល​សម្រួល​ទឹក និង​កាក​សំណល់​ដែល​ហូរ​ចាក់​ចូល​ទៅ​បឹង​ទន្លេ​សាប និង​ជា​ទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ពង។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ បាន​លើក​ឡើង​ថា ការ​កាប់​ព្រៃ​ឡង់ ក្រៅ​ពី​ការ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏​វា​ប៉ះពាល់​ដល់​បរិស្ថាន​កម្ពុជា​ដែរ ៖ «ឃើញ​ថា បរិស្ថាន​ស្រុក​ខ្មែរ​ប្រែប្រួល​យ៉ាង​ខ្លាំង ត្រូវ​ក្ដៅ គឺ​ក្ដៅ​ស្ទើរ​តែ​បែក​ក្បាល ពេល​ភ្លៀង​មាន​រន្ទះ​បាញ់ អ៊ីចឹង​យើង​ឃើញ​ថា បញ្ហា​គ្រោះ​ធម្មជាតិ​កំពុង​តែ​ញាំញី​នៅ​ក្នុង​ប្រទេស​កម្ពុជា»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បី​ឲ្យ​មាន​វិធានការ​ការពារ​ព្រៃ​ឡង់ ៖ «អា​រឿង​ដឹក​ឈើ​ហ្នឹង គឺ​ដឹក​រាល់​តែ​យប់ សុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​គិត​រឿង​ហ្នឹង​មែន​ទែន! ឥឡូវ​លែង​អារ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀត​ហើយ គឺ​គេ​ដឹក​យក​ទៅ​អារ​នៅ​ខែត្រ​កំពង់ចាម ហើយ​គេ​យក​ទៅ​យួន»

ប្រជា​សហគមន៍​ដែល​មក​ទាំង ៤​ខែត្រ​នេះ បាន​ត្អូញត្អែរ​ក្នុង​ទឹក​មុខ​ស្រពោន​ថា ប្រសិន​បើ​ព្រៃ​ឡង់​ត្រូវ​ក្រុមហ៊ុន​នៅ​តែ​កាប់​បំផ្លាញ​បន្ត​ទៀត​នោះ វាសនា​របស់​ពួកគាត់​នៅ​តំបន់​ព្រៃ​ឡង់​នឹង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ ជីវភាព​ជាង​ការ​រស់​នៅ​សព្វថ្ងៃ​ទៀត ៖ «ម្យ៉ាង​ទៀត​យើង​ខ្ញុំ​មក​ទី​នេះ គឺ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​គាត់​ទទួល​ស្គាល់​ព្រៃ​ឡង់ ដើម្បី​រស់​នៅ​បាន​ស្រួល​នៅ​តំបន់​នោះ ព្រោះ​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ជន​ជាតិ​ភាគ​តិច»

ឯកសារ​សិក្សា​អំពី​ព្រៃ​ឡង់​ដដែល​បាន​សរសេរ​ថា គិត​មក​ទល់​ឆ្នាំ​២០១០ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ ជិត ៣០​ក្រុមហ៊ុន នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​នៅ​ចំនួន ៤​ខែត្រ គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខែត្រ​ព្រះវិហារ។

ប្រភព​ចំណូល​ដ៏​សំខាន់​របស់​សហគមន៍​ព្រៃ​ឡង់ បាន​មក​ពី​ដើម​​ច្បោះ ពីព្រោះ​ថា ព្រៃ​ឡង់​មាន​ដើម​ជ័រ​ច្បោះ​ពី ៧០% ទៅ ៧៥% ដែល​សហគមន៍​ព្រៃ​ឡង់​អាស្រ័យ​ផល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ គ្រប់​រដូវ​កាល។

គិត​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​ទល់​ពេល​នេះ​មាន​ដើម​ច្បោះ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​មាន​ជាង ២០​ម៉ឺន​ដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​កាប់​បំផ្លាញ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s