កំហុសឆ្គងអ្នកបញ្ចូលទិន្នន័យ

ជាយូយារណាស់មកហើយដែលខ្ញុំចេះតែសង្កេតឃើញតាមទូរទស្សន៍ក្នុងស្រុក និងលិខិតស្នាមមួយចំនួនពីស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា បានសរសេរខុសអក្ខរាវិរុទ្ធយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការប្រើវណ្ណយុត្តិ ។ ជាឧទាហរណ៍នៅក្នុងគេហទំព័ររបស់ទូរទស្សន៍បាយ័ន ខ្ញុំបានរកឃើញកំហុសមួយចំនួន តែសុំលើកយកត្រឹមមួយដែលជាកំហុសវណ្ណយុត្តិដូចក្នុងរូបខាងក្រោម ។

កំហុសនេះគឺកន្លែងប្រើ ទណ្ឌឃាត (៍) តែបែរជាប្រើ រេផៈ (៌) ទៅវិញ ។ នៅពេលខ្លះត្រង់កន្លែងដែលត្រូវដាក់ ទណ្ឌឃាត (៍) បែរជាយក អស្ដារ (៏) មកដាក់ទៅវិញនៅក្នុងលិខិតស្នាមមួយចំនួន ។ កំហុសនេះខ្ញុំគិតថាកើតចេញពីអ្នកបញ្ចូលទិន្នន័យ ព្រោះជាញឹកញាប់នៅកន្លែងធ្វើការរបស់ខ្ញុំ អ្នកបញ្ចូលទិន្នន័យពេលណាត្រូវគេបន្ទោសពីកំហុសទាំងនោះ គាត់ថាមិនដឹងជាសញ្ញាហ្នឹងនៅត្រង់ណា ហើយវាខុសគ្នាយ៉ាងម៉េច? ឲ្យតែស្រដៀងគឺដាក់យកតែម្ដងទៅ! នៅសកលវិទ្យាល័យមួយសុំមិនបញ្ចេញឈ្មោះ គាត់សរសេរយ៉ាងធំៗថា «ការិយាល័យព៌ត័មាន»។ គិតទៅមើល ប្រសិនជាសូម្បីតែសកលវិទ្យាល័យមួយចំនួន អ្នកច្បាប់មួយចំនួន សាស្ត្រាចារ្យមួយចំនួន មន្ត្រីមួយចំនួន ទូរទស្សន៍ ដែលជាគំរូបង្ហាញនិងបញ្ចាំងដល់គេគ្រប់គ្នាសរសេរខុសគ្មានទទួលខុសត្រូវផង ហ្នឹងមានអ្វីនឹងកើតឡើងចំពោះមនុស្សក្មេងបច្ចុប្បន្ន?