នឹក​ឃើញ​ល្បែង​លេង​បិទពួន​ពី​ក្មេង

អង្គុយៗ​លេង ស្រាប់តែ​នឹកដល់​កាល​ពី​ក្មេង​ៗ​ដែល​ធ្លាប់​លេង​ល្បែង​ជាច្រើន ហើយ​ក្មេង​បច្ចុប្បន្ន​មិន​លេង ហើយ​គេ​រើស​យក​ល្បែង​លើ​កុំព្យូទ័រ ។ល។ មក​ជំនួស​វិញ ។ ល្បែង​ដែល​ខ្ញុំ​លេង​​គឺ​​មាន​សូត្រ​ជា​បទ​ដូចជា៖ ត្រាយត្រកត្រាយត្រុំ ពុក​ធ្វើ​នំ​កូន​ធ្វើតំបែ ពុក​ធ្វើស្រែ កូន​កាប់ចម្ការ ពុក​បាញ់​ខ្លា​កូន​បាញ់​ដំរី ពុក​ទូលល្អី​កូន​ទូល​កញ្ជើ ពុក​ឡើង​ឈើ​កូន​ចាក់​ពី​ក្រោម ពុក​លេច​ផោម​បែកក្បាល​កូន​ភុស ។ 🙂 និង លេង​ពួនយួន​ចាប់ លេង​ចម្បាប់​ម៉ែ​វ៉ៃ លេង​កន្ត្រៃ​មុត​មាត់ លេង​រំពាត់​ឈើ​ខ្នង លេង​ដំបង​បែក​ក្បាល លេង​ផាល​មុត​ជើង លេង​កាំភ្លើង​តៃហោង ។ ថែម​ទាំង​មាន៖ ឡុកឡាក់​ស៊ី​បាយ​ឡុកឡាក់ ជក់​ថ្នាំ​ខ្លាំង​ណាំអេក​ណាំអក កូន​កញ្ចកវ៉ក​កន្ទ្រប់​បាយ​អ៊ុង ។ ហើយ​ក៏​មាន៖ ចាក់​ទឹក​ដូង​មីឡូងមីឡែ កន្ទុយ​មាន់​ចែ​ពាក់​អាវ​ក្រពើ ក្រពើ​ជិះសេះ​ខ្ញុំ​ជិះ​ដំរី ក្រពើ​កង​កី​ខ្ញុំ​កង​កាក់ ក្រពើ​ចាក់ច្រវាក់​ខ្ញុំ​ចាក់​ម្ចុល ក្រពើ​ទុលមុល ខ្ញុំ​ពង​ប្រិច ។ គួរ​ឲ្យ​អស់​សំណើច​កាល​សម័យ​នោះ ហើយ​ក៏​គិត​ថា​បន្តិច​ទៀត​លែង​មាន​ពាក្យ​ប្រដេញ​គ្នា​បែបនេះ​សម្រាប់​ក្មេង​លេង​ទៀត​ហើយ​មើល​ទៅ!

យុគ ចិន្ដា ពិធីការនី​ដែល​និយាយ​ត្រឡប់ត្រឡិន

បង​ប្អូន​ទាំងអស់​គ្នា​ពិត​ជា​ធ្លាប់​ស្គាល់​និង​បាន​ស្គាល់​ហើយ​ពិធីការនី​ដែល​លេចធ្លោរ​ជាងគេ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN នាង​ យុគ ចិន្ដា ។ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ទី​នេះ​មិនមែន​ស្អប់​ខ្ពើម​គាត់​ឬ​មើល​គាត់​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ​ឡើយ! ខ្ញុំ​គ្រាន់តែ​និយាយ​ក្នុង​ន័យ​ស្ថាបនា​តែ​ប៉ុណ្ណោះ! ជារៀងរាល់ពេល​ខ្ញុំ​បាន​ឃើញ​គាត់​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍ ខ្ញុំ​តែងតែ​សង្កេត​និង​ចាំ​ស្ដាប់​គាត់​និយាយ​ណែនាំ​ពី​កម្មវិធី​របស់ ហើយ​រាល់ពេល​ផងដែរ​ពេល​ដែល​គាត់​និយាយ​រៀបរាប់​ម្ដងៗ គឺ​ជា​ពេល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​វិល​ខួរ​ដែរ! មិនដឹង​ថា​គាត់​និយាយ​យ៉ាង​ម៉េច​បាន​ជា​ត្រឡប់ត្រឡិន ក្បាល​និង​កន្ទុយ​ចូល​គ្នា រក​យល់​តាម​សម្រួល​មិន​បាន​សោះ! ពិបាកអី​ពិបាក​យ៉ាង​នេះ! ស្ដាប់​ខ្មែរ​និយាយ​ដូច​ជា​ពិបាក​ជាង​បរទេស​និយាយ​ខ្មែរ​ទៅ​ទៀត ។ មិន​ដឹង​ថា​គាត់​ធ្លាប់​បាន​មើល​កម្មវិធី​របស់​គាត់​ឡើង​វិញ​ដែរ​ឬ​អត់ ថា​គាត់​និយាយ​យ៉ាង​ម៉េច មាន​កាយវិកា​រ​យ៉ាង​ម៉េច?

កម្មវិធី​ប៉ុស្តិ៍​លេខ​២១

Android អាច​ប្រើ​ភាសា​ខ្មែរ​បាន​ហើយ!

អ្នក​ប្រើ​ទូរស័ព្ទ Android ទាំងអស់​មិន​បាច់​បារម្ភ​ទៀត​ទេ ឥឡូវ​ប្រព័ន្ធ​ទូរស័ព្ទ​ប្រភេទ​នេះ​ក៏​អាច​ប្រើ​ភាសា​ខ្មែរ​បាន​មិន​ចាញ់ iPhone ដែរ ។ ជា​តួយ៉ាង ខ្ញុំ​ប្រើ​ទូរស័ព្ទ​ប្រភេទ Hauwei Google Ideos Android 2.2 ខ្ញុំ​អាច​ប្រើ​ភាសា​ខ្មែរ​បាន អាន​បាន និង​សរសេរ​បាន​យ៉ាង​ងាយ ។
សម្រាប់​ទូរស័ព្ទ​ប្រភេទ​ខ្ញុំ​​នេះ យើង​ប្រើ Z4root ដើម្បី​ root ហើយ​ប្រើ Root Explorer ដើម្បី​ចម្លង​ពុម្ព​អក្សរ​ទៅ​កាន់​កញ្ចប់ System => fonts និង​ចម្លងឯកសារ Libs ទៅ​ដាក់​ក្នុង​កញ្ចប់ System => Lib។ ចំណែក​ក្ដារ​ចុច​ក៏​មិន​ជា​ខុស​អី​ដែរ ។ ប្រសិនជា​មាន​ចំណាច់អារម្មណ៍ សូម​ចូល​ទៅ​កាន់​ក្រុម​អ្នក​ប្រើប្រាស់ អែនដ្រយ កម្ពុជា នៅ​លើ​ហ្វេសប៊ុក (CAUG) ។